
មន្ត្រីសាលាឧទ្ធរណ៍លោក ទេព ធីរិទ្ធ ដែលត្រូវបានបណ្តេញពីក្របខ័ណ្ឌ។ រូបថត ក្រសួងយុត្តិធម៌
ភ្នំពេញៈ ក្រសួងយុត្តិធម៌បានបណ្ដេញក្រឡាបញ្ជីសាលាឧទ្ធរណ៍ម្នាក់ចេញពីក្របខ័ណ្ឌមន្ត្រីរាជការ បន្ទាប់ពីមន្ត្រីរូបនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ធ្វើការឃាត់ខ្លួនពីបទពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ប៉ុន្តែមន្ត្រីមិនអាចបញ្ជាក់ឱ្យជាក់ច្បាស់អំពីទោសកំហុសអ្វីខ្លះដែលមន្ត្រីតុលាការរូបនេះបានប្រព្រឹត្តអំឡុងពេលបំពេញតួនាទីនោះទេ។
ការប្រកាសរបស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា លោក ទេព ធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញត្រូវបណ្ដេញចេញពីមុខតំណែងរាជការក្របខ័ណ្ឌក្រសួងចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៩ នេះទៅ។
លោក ជិន ម៉ាលីន មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ភ្នំពេញប៉ុស្ដិ៍យ៉ាងខ្លីនៅម្សិលមិញថា ការបណ្ដេញមន្ត្រីនេះចេញពីក្របខ័ណ្ឌរាជការដោយសារបានប្រព្រឹត្តអំពើខុសឆ្គងមិនអាចលើកលែងបាន។
លោកបញ្ជាក់ថា៖ «គាត់មានកំហុសខាងវិន័យធ្ងន់ធ្ងរ គឺពាក់ព័ន្ធទៅនឹងការបំពេញវិជ្ជាជីវៈការងាររបស់គាត់។ អ៊ីចឹងហើយបានជាក្រុមប្រឹក្សាវិន័យនៃក្រសួងយុត្តិធម៌សម្រេចដាក់ពិន័យគាត់ ដោយបញ្ឈប់ការងាររបស់គាត់ និងលុបឈ្មោះចេញពីក្របខ័ណ្ឌ ហើយថាកំហុសគាត់បានប្រព្រឹត្តអីខ្លះ អាហ្នឹង ជាការងារផ្ទៃក្នុងរបស់មន្ត្រីរាជការដែលយើងមិនអាចបញ្ចេញជាសាធារណៈបានទេ»។
ជាមួយគ្នានេះលោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍និយាយយ៉ាងខ្លីដែរថាលោកមិនចង់លើកឡើងជាថ្មីអំពីមូលហេតុដែលដកលោក ទេព ធីរិទ្ធ ចេញពីតួនាទីឡើយ ព្រោះលោកថាមូលហេតុនោះត្រូវបានសារព័ត៌មានផ្សព្វផ្សាយអស់ហើយ។
លោកថ្លែងថា៖ «ព័ត៌មានគេបានចុះព្រោងព្រាតអស់ហើយហ្នឹង បន្ទាប់ពី ACU គេបានហៅ (ទេព ធីរិទ្ធ) ទៅ»។
កាលពីថ្ងៃទី ៥ កក្កដាអ្នកនាំពាក្យសាលាឧទ្ធរណ៍បានចេញសេចក្ដីប្រកាសព័ត៌មានថា លោក ទេព ធីរិទ្ធ ត្រូវបានបញ្ឈប់ពីការងារជាក្រឡាបញ្ជីកាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០១៩។ ក្រោយមកមន្ត្រីរូបនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយកាលពីថ្ងៃទី ៥ កក្កដា ដោយសារនៅតែអាចឆ្លៀតយកតួនាទីជាក្រឡាបញ្ជីទៅប្រព្រឹត្តអំពើខុសឆ្គង ថ្វីដ្បិតបានបញ្ឈប់ពីតួនាទីហើយក្ដី។
ការប្រកាសបញ្ជាក់ថា៖ «មន្ត្រីរូបនេះធ្លាប់បានទទួលការអប់រំ ណែនាំជារឿយៗពីអគ្គលេខាធិការពីចៅក្រមផង និងពីប្រធានសាលាឧទ្ធរណ៍ផងក៏ដោយ ប៉ុន្តែឈ្មោះនេះនៅតែមិនទទួលយកនូវការអប់រំ ការណែនាំឡើយ។ មូលហេតុនេះហើយទើបសាលាឧទ្ធរណ៍បញ្ឈប់ការងារមន្ត្រីរូបនេះ និងបានធ្វើលិខិតជូនទៅក្រសួងយុត្តិធម៌ ដើម្បីឱ្យក្រុមប្រឹក្សាវិន័យក្រសួងយុត្តិធម៌សម្រេចពីទោសកំហុសរបស់គាត់ទៅតាមច្បាប់»។
ក្រោយពីបញ្ចប់ការសាកសួរ ACU បានបញ្ជូនលោក ទេព ធីរិទ្ធ ទៅឱ្យតុលាការសាកសួរបន្តហើយក្រោយមកសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ពីបទវីតិក្រមដែលសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែដាក់ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់របស់តុលាការ។
លោក អំ សំអាត ប្រធានផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា នៅក្នុងប្រព័ន្ធតុលាការដែលមានមន្ត្រីប្រព្រឹត្តពុករលួយ គឺធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការស្វែងរកយុត្តិធម៌។ លោកគាំទ្រឱ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីពុករលួយក្នុងតុលាការដោយមិនត្រឹមតែបណ្ដេញចេញពីក្របខ័ណ្ឌនោះទេ។
លោកថា៖ «អ៊ីចឹងហើយបានជាខាងសង្គមស៊ីវិលជាតិ សហគមន៍អន្តរជាតិ ក៏ដូចជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានជំរុញធ្វើយ៉ាងណាឱ្យកម្ពុជា ធ្វើការកែទម្រង់ប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌ហ្នឹងទៅជាប្រព័ន្ធមួយ...ជឿទុកចិត្តបាន»។
កាលពីដើមខែកញ្ញានេះមន្ត្រីក្រសួង យុត្តិធម៌បានលើកឡើងថា ក្រសួងកំពុងធ្វើការងារជាមួយស្ថាប័នពាក់ព័ន្ធដូចជាអង្គភាពប្រឆាំងអំពើពុករលួយ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើតយន្តការប្រឆាំងអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ដែលប្រព្រឹត្តឡើងដោយមន្ត្រីតុលាការ និងមេធាវី៕