The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - មន្ត្រី​សិទ្ធិ​មនុស្ស​​ ត្រូវ​បាន​ហាម​ចូលជួប​ពលរដ្ឋ​រងគ្រោះ​ជម្លោះ​ដីធ្លី

មន្ត្រី​សិទ្ធិ​មនុស្ស​​ ត្រូវ​បាន​ហាម​ចូលជួប​ពលរដ្ឋ​រងគ្រោះ​ជម្លោះ​ដីធ្លី

Content image - Phnom Penh Post
លោក​ អ៊ិន គង់ជិត មន្ត្រី​អង្គការ​សិទ្ធិមនុស្ស លីកាដូ​។ រូបថត ហ្វេសប៊ុក

មន្ត្រី​សិទ្ធិ​មនុស្ស​​ ត្រូវ​បាន​ហាម​ចូលជួប​ពលរដ្ឋ​រងគ្រោះ​ជម្លោះ​ដីធ្លី

ឧត្តរមានជ័យៈ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ (LICADHO) ​អះអាង​ថា អាជ្ញាធរ​ស្រុក​អន្លង់វែង​បាន​ហាមឃាត់​រូបលោក និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ (UN) ​ដែល​ចុះ​ស៊ើបអង្កេត​ជម្លោះដីធ្លី​ប្រជាពលរដ្ឋ​ ១២២ ​គ្រួសារ​រស់នៅ​ឃុំ​អន្លង់វែង ក្រោយពី​មាន​ការ​អះអាង​ថា​ដីធ្លី​របស់​ពួកគេ​ត្រូវ​បាន​រំលោភ​យក​ដោយ​មន្ត្រី​ជាន់ខ្ពស់​រដ្ឋបាល​ស្រុក​ឈ្មោះ​ ងួន លីន​។

លោក​ អ៊ិន គង់ជិត មន្ត្រី​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​រូប​លោក​ផ្ទាល់​ និង​មន្ត្រី​របស់​ UN២ ​នាក់​ទៀត​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​អន្លង់វែង​ហាមឃាត់​ពួកលោក​មិន​ឲ្យ​ចូល​ទៅ​ជួប​សាកសួរ​ព័ត៌មាន​មួយ​ចំនួន​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​មន្ត្រី​មាន​អំណាច​ក្នុង​ស្រុក​។ លោក​ថា​ក្រោយ​មក​ពួកលោក​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ទៅ​ជួប​លោក​អភិបាលស្រុក​អន្លង់វែង ឈ្មោះ​ ហោ ជិនវិរយុទ្ធ​។

លោក​ គង់ជិត បញ្ជាក់​ថា​៖ «​ពេល​ពួក​ខ្ញុំ​ចុះ​ទៅ​ជួប​ពលរដ្ឋ​ហ្នឹង គឺ​អាជ្ញាធរ​ចម្រុះ​មាន​ប៉ូលិស ទាហាន និង​កងរាជ​អាវុធហត្ថ​សរុប​ ១៥ ​នាក់​មក​ហាមឃាត់ ដោយ​ប្រាប់​ថា​ពួក​ខ្ញុំ​មក​មិន​បាន​ប្រកាស​ប្រាប់​គេ​ជាមុន​។ ក្រោយ​មក​គេ​ប្រាប់​ឲ្យ​ពួក​ខ្ញុំ​ទៅ​ជួប​លោក​អភិបាលស្រុក​អន្លង់វែង​។ ខ្ញុំ​ក៏​បាន​សួរ​នាំ​ពួកគាត់​អំពី​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​ទាំង​នេះ​ដែរ ប៉ុន្ដែ​គាត់​មិន​ប្រាប់​លម្អិត​ទេ ដោយ​គ្រាន់​តែ​ថា ពលរដ្ឋ​ទាំង​នេះ​មក​ទន្ទ្រាន​ដី​រដ្ឋ​»​។

លោក​បន្ត​ថា​សកម្មភាព​នេះ​គឺជា​ការរើសអើង និង​រារាំង​មន្ត្រី​សង្គម​ស៊ីវិល​ចុះ​បំពេញ​ភារកិច្ច ឬ​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​។ សង្គម​ស៊ីវិល​ក៏​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការងារ​នេះ​ដែរ ជាពិសេស​ពួកគេ​ត្រូវការ ការយកចិត្ត​ទុកដាក់​លើក​ទឹកចិត្ត​ និង​ជំរុញ​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​ឲ្យ​បាន​ឆាប់​។

លោក​ ហោ ជិនវិរយុទ្ធ អភិបាលស្រុក​អន្លង់វែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​ពិត​ជា​បាន​អញ្ជើញ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​មន្ត្រី UN ​មែន​ដើម្បី​និយាយ​ប្រាប់​អំពី​ករណី​ជន​ខិលខូច​ទាំងនេះ​ដែល​ទន្ទ្រាន​ និង​កាន់កាប់​ដី​របស់​រដ្ឋ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ប៉ុន្ដែ​មន្ត្រី​ទាំង​នេះ​មិន​បាន​និយាយ ឬ​សួរ​នាំ​អ្វី​ទេ​។

លោក ជិនវិរយុទ្ធ បញ្ជាក់​ថា​៖ «​អាជ្ញាធរ​អត់​បាន​រារាំង​អ្វី​ពួកគាត់​ទេ គឺ​អញ្ជើញ​ពួកគាត់​មក​ជជែក​គ្នា​ពី​បញ្ហា​ផ្សេងៗ​ទៀត ហើយ​ពួកគាត់​ក៏​អញ្ជើញ​មក​ដែរ ហើយ​យើង​បាន​ជជែក​គ្នា​ពី​នេះ ពី​នោះ​អ៊ីចឹង ហើយ​អា​រឿង​ដីធ្លី​ហ្នឹង ខ្ញុំ​ប្រាប់​ពួកគាត់​ហើយ​គឺ​យើង​បាន​ផ្ដល់​សំណង​បាន​មួយ​ចំនួន តែ​មួយ​ចំនួន​ទៀត​មិន​ព្រម​ទទួល​យក​ទេ ហើយ​ពួកគាត់​គ្រាន់​តែ​ទន្ទ្រាន​ដី​រដ្ឋ​យក​សោះ​ឲ្យ​សំណង​ហើយ​នៅ​តែ​មិន​យក​»​។

លោក​បន្ដ​ថា​អាជ្ញាធរ​បាន​កាត់​ដី​ជូន​ពួកគាត់​នៅ​កន្លែង​ផ្សេង​រួចរាល់​ហើយ ប៉ុន្ដែ​ពួកគាត់​នៅ​តែ​បន្ត​ទាមទារ​កន្លែង​ដែល​ពួកគាត់​កាប់ឆ្ការ​ទន្ទ្រាន​នោះ បើ​ទោះបី​ជា​អាជ្ញាធរ​បាន​ប្រាប់​ ឬ​ពន្យល់​ពួកគាត់​យ៉ាង​ណា​ក៏ដោយ​។

លោក​ថា ទីតាំង​ដី​កន្លែង​នោះ​អាជ្ញាធរ​មិន​បាន​កាត់​ឲ្យ​ពលរដ្ឋ​ណា​នោះ​ទេ ដោយ​ទុក​ដី​តំបន់​នោះ​ជា​ទីទួល​មាន​សុវត្ថិភាព ខណៈ​មាន​ទឹកជំនន់​មក​ម្ដងៗ​នឹង​ជម្លៀស​ពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​នោះ​។

លោក​ ហឿ ហាក់ អាយុ​ ៣០ ​ឆ្នាំ​តំណាង​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​រំលោភ​ដីធ្លី​ចំនួន​ ១២២ ​គ្រួសារ​ដែល​ជា​ម្ចាស់​ដី​ទំហំ​ ៤០០ ​ហិកតា​រស់នៅ​ភូមិ​អូរតាម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​ថ្លែង​ថា​ពលរដ្ឋ​បាន​កាន់កាប់​ដី​នេះ​តាំង​ពី​ឆ្នាំ​ ២០០៦​។ ក្រោយ​មក​នៅ​ឆ្នាំ​ ២០១៣ ក៏​មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ឈូសឆាយ​ និង​បំផ្លាញ​ដំណាំ​របស់​ពួកគាត់​គ្មាន​សល់ ដោយ​អះអាង​ថា ដី​នេះ​សម្រាប់​ធ្វើ​ជា​កន្លែង​ទីទួល​មាន​សុវត្ថិភាព​ស្រុក​អន្លង់វែង​។

ទោះ​ជា​យ៉ាង​ណា​ពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ដី​នោះ​មក​វិញ ប៉ុន្ដែ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​គ្មាន​នរណា​អើពើ​ជួយ​ដោះស្រាយ​ទេ​។

លោក​ហាក់​បញ្ជាក់​ថា​៖ «​សព្វថ្ងៃ​នេះ ពួក​ខ្ញុំ​ទាំង​ ១២២ ​គ្រួសារ កំពុង​រស់នៅ​ដោយ​ភាព​ភ័យខ្លាច និង​កំពុង​បាត់បង់​ដីចម្ការ ដី​លំនៅឋាន​ជា​បន្ដបន្ទាប់ ហើយ​អាច​នឹង​ឈាន​ទៅ​រក​ការបាត់បង់​ទាំង​ស្រុង បើ​មន្ត្រី​ជាន់ខ្ពស់​មិន​មាន​ការអន្តរាគមន៍​ជួយ​ពលរដ្ឋ​ទេ ហើយ​ក៏​ធ្វើឲ្យ​ពលរដ្ឋ​ធ្លាក់​ខ្លួន​ក្រីក្រ​ថែម​ទៀត​។ ដូច្នេះ ឯកឧត្តម ជា សុផារ៉ា ជួយ​អន្តរាគមន៍​ដល់​យើង​ខ្ញុំ​ផង​»​។

លោក​បន្ត​ថា​នៅ​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៧ លោក​ ងួន លីន នាយក​រដ្ឋបាល​ស្រុក​អន្លង់វែង​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ប្រដាប់អាវុធ​ចុះ​មក​ឈូសឆាយដី និង​ផល​ដំណាំ​ពលរដ្ឋ​ផ្សេងៗ​ទៀត​គ្មាន​ខ្វល់​អ្វី​ទាំងអស់ ព្រម​ទាំង​បាន​យក​ដី​របស់​ពួកគាត់​ទៅ​ចែក​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៅវិញ ដោយ​ឃើញ​សកម្មភាព​បែប​នេះ ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​ឈប់​ឈូសឆាយ ប៉ុន្ដែ​ត្រូវ​បាន​មន្ត្រី​អាជ្ញាធរ​ទាំង​នោះ បាន​ស្រែក​គំរាម​ចាប់​ដាក់គុក​ និង​ប្រើ​ហិង្សា​លើ​ស្ដ្រី​ម្នាក់​រងរបួស​ស្រាល​ផង​ដែរ​។

លោក​ ងួន លីន នាយក​រដ្ឋបាល​ស្រុក​អន្លង់វែង​កាលពី​ថ្ងៃ​ម្សិលមិញ​មិន​ទាន់​អាច​ទាក់ទង ដើម្បី​សុំ​ការបញ្ជាក់​ជុំវិញ​​ការចោទប្រកាន់​នេះ​បាន​នៅ​ឡើយ​ទេ​។

តាម​បញ្ញត្តិ​របស់​ប្រជាពលរដ្ឋ​ទាំង​ ១២២ ​គ្រួសារ​ដែល​បាន​ដាក់​ទៅ​កាន់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ថ្ងៃទី​ ២២ ខែ​ឧសភា ឆ្នាំ​ ២០១៧ បាន​បង្ហាញ​ថា​៖ «​យើង​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ចំនួន​ ១២២ ​គ្រួសារ រស់នៅ​ចំណុច​ជប់​ត្រកួន ភូមិ​អូរតាម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ សូម​ស្នើសុំ​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​ទីតាំង​ខាង​លើ​ចំនួន​ ៤០០ ​ហិកតា​ដែល​ត្រូវ​បាន​លោក​ ងួន លីន មាន​មុខរបរ​ជា​នាយករដ្ឋបាល​ស្រុក​អន្លង់វែង​បាន​រំលោភ​យក​»៕

អត្ថបទគួរចាប់អារម្មណ៍