កោះកុងៈ មន្ត្រីអង្គការសង្គមស៊ីវិលអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ១៧ នាក់ត្រូវបានសមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួនរយៈពេលមួយថ្ងៃកាលពីម្សិលមិញខណៈប្រជាពលរដ្ឋធ្វើការទាមទារឲ្យមានការដោះលែងសកម្មជនបរិស្ថាន ៣ រូបដែលត្រូវបានអាជ្ញាធរឃាត់ខ្លួននៅក្នុងពន្ធនាគារស្របពេលមានក្រុមអ្នកតវ៉ាមួយក្រុមផ្សេងទៀតធ្វើការតវ៉ាប្រឆាំងនឹងក្រុមពលរដ្ឋឲ្យបញ្ឈប់ធ្វើការតវ៉ា។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិតជាសកម្មជនសិទ្ធិមនុស្សម្នាក់ក្នុងចំណោម ១៧ នាក់ដែលត្រូវបានឃាត់ខ្លួនកាលពីម៉ោង ១០ព្រឹកបានថ្លែងពីស្នងការដ្ឋាននគរបាលខេត្តកោះកុងបន្ទាប់ពីមន្ត្រីបានធ្វើការសាកសួរចប់ថាប្រជាពលរដ្ឋដែលតវ៉ានោះនៅស្ងៀមប៉ុន្តែមានក្រុមប្រជាពលរដ្ឋផ្សេងទៀតប្រមាណជា ១០០ នាក់បានមកធ្វើការតវ៉ាស្រែកឲ្យពលរដ្ឋដែលតវ៉ាទាមទារឲ្យដោះលែងសកម្មជន ៣ នាក់ដែលឃាត់ខ្លួនថាបញ្ឈប់ការតវ៉ា និងវិលត្រឡប់ទៅផ្ទះវិញដោយសារតែការតវ៉ាកន្លងមកបានធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេ។
លោកថា៖ «តាមពិតក្រុមទាំងនោះគឺគាំទ្រដោយអាជ្ញាធរដើម្បីមកបំបែកពលរដ្ឋដែលតវ៉ាហើយនេះក៏ជាការរំលោភយ៉ាងធ្ងន់ធ្ងរមកលើរូបខ្ញុំដែលធ្វើការខាងសិទ្ធិមនុស្សដែលទៅឃ្លាំមើលខ្លាចមានការប្រើហិង្សារវាងប្រជាពលរដ្ឋ និងពលរដ្ឋតែប៉ុណ្ណោះ។ ខ្ញុំគិតថាគេចង់បំបាក់ស្មារតីពួកយើងតែប៉ុណ្ណោះ»។
លោកបានថ្លែងថាមនុស្សចំនួន ១៧ នាក់ដែលត្រូវឃាត់ខ្លួននោះមានប្រជាសហគមន៍ចំនួន ៧ នាក់មន្ត្រីសិទ្ធិមនុស្ស ៦ នាក់ និងសិស្សនិស្សិតចំនួន ៤ នាក់ហើយទាំងរូបលោក និងជនដែលត្រូវឃាត់ខ្លួនទាំងអស់នោះត្រូវបាននាំយកមកសាកសួរនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុងដោយគេផ្តោតទៅលើអង្គការណាជាអ្នកដឹកនាំមកហើយក្នុងគោលបំណងអ្វី? ហើយក្រោយពីសាកសួរអស់រយៈពេញមួយថ្ងៃបានឲ្យត្រឡប់មកវិញដោយសន្យាពលរដ្ឋថ្ងៃក្រោយធ្វើអ្វីត្រូវប្រាប់អាជ្ញាធរចំណែកមន្ត្រីសិទ្ធិមនុស្សត្រូវធ្វើការកុំឲ្យហួសព្រំដែនរបស់ខ្លួន។
លោក វ៉ែន វ៉ន តំណាងប្រជាពលរដ្ឋមកពីអារ៉ែងដែលត្រូវបានឃាត់ខ្លួនដែរនោះថ្លែងថាពលរដ្ឋដែលធ្វើការទាមទារឲ្យដោះលែងសកម្មជនមាតាធម្មជាតិ ៣ នាក់នោះគឺពុំដែលបង្កឲ្យមានបញ្ហាអ្វីនោះទេប៉ុន្តែអាជ្ញាធរទេដែលជាអ្នកបង្កបញ្ហាគឺបង្កើតក្រុមពលរដ្ឋឲ្យចេញមកតវ៉ាប្រឆាំងជាមួយពួកលោក។
លោកថា៖ «គេចង់បំបែកពួកយើងកុំឲ្យតវ៉ាតែប៉ុណ្ណោះ»។
លោកថានៅក្នុងពេលដែលអាជ្ញាធរបង្ក្រាបចាប់ខ្លួនពលរដ្ឋដើម្បីបំបែកនោះក៏មានកើតហិង្សាផងដែរបណ្តាលឲ្យស្ត្រីម្នាក់សន្លប់ និងម្នាក់ទៀតរងរបួសហើយអ្នករបួសក៏ត្រូវបានចាប់ខ្លួនមកស្នងការផងដែរ។ លោកថា៖ «ពួកយើងគ្រាន់តែសុំឲ្យដោះលែងសកម្មជន ៣ នាក់ប៉ុណ្ណោះ»។
កញ្ញា អ៊ុត រីឌី ដែលបានរងរបួសបានថ្លែងថាអាជ្ញាធរបានព្យាយាមសួរថាតើអង្គការណាជាអ្នករៀបចំឲ្យមកធ្វើការតវ៉ាប៉ុន្តែនាងបានឆ្លើយថាមិនមានអ្នកណារៀបចំនោះទេគឺឡើងមកដោយខ្លួនឯងហើយថ្លៃហូបចុកក៏ចេញដោយខ្លួនឯងដែរ។
កញ្ញាថា៖ «គេវាយខ្ញុំឲ្យរបួសហើយគេចាប់ខ្ញុំមកដាក់ស្នងការទៀតវាអយុត្តិធម៌ណាស់គេធ្វើអាងតែគេមានអំណាច»។
កញ្ញាបានឲ្យដឹងទៀតថាក្រោយពីឃាត់ខ្លួនអស់មួយថ្ងៃគេឲ្យពលរដ្ឋផ្តិតមេដៃថាថ្ងៃក្រោយបើចង់តវ៉ាត្រូវជូនដំណឹងគេជាមុន។
សាលាក្រុងខេមរភូមិន្ទបានហាមមិនឲ្យមានការជួបជុំតវ៉ាដោយចោទថាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងដាក់កំហិតដល់ក្រុមពលរដ្ឋឲ្យបញ្ឈប់រាល់សកម្មភាពតវ៉ានៅម៉ោង ៥ ល្ងាចថ្ងៃទី ២ ខែកញ្ញានេះដោយព្រមានថានឹងចាត់ការតាមវិធានការច្បាប់។
ទាក់ទិនទៅនឹងការចាប់ខ្លួននោះលោក ប៊ុន លើត អភិបាលខេត្តកោះកុងពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ប៉ុន្តែលោក សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុងបានថ្លែងថាការឃាត់ខ្លួននោះគឺដើម្បីមកសួរនាំជុំវិញការតវ៉ាកន្លងមកតែប៉ុណ្ណោះគឺពុំមានការឃាត់ខ្លួនអ្វីនោះទេ។
លោកបានថ្លែងថា៖ «យើងគ្រាន់តែសួរនាំប៉ុណ្ណោះ»។
យោងតាមសេចក្តីប្រកាសរបស់សាលាខេត្តកោះកុងចេញផ្សាយកាលពីថ្ងៃទី ១៨ ខែសីហាអះអាងថាការចាប់ខ្លួនរបស់សកម្មជនដែលជាសមាជិកអង្គការមាតាធម្មជាតិបីនាក់ដោយចោទពីបទធ្វើសកម្មភាពបំផុសបំផុលឱ្យមានការតវ៉ាប្រឆាំងនឹងការបូមខ្សាច់របស់ក្រុមហ៊ុន Direct Access ដែលអាជ្ញាធរអះអាងថាជាក្រុមហ៊ុនស្របច្បាប់ទទួលអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល។
ប៉ុន្តែសកម្មជនដែលនាំគ្នាតវ៉ាប្រឆាំងនឹងក្រុមបូមខ្សាច់របស់វៀតណាមនោះអះអាងថាពួកគេតវ៉ាដោយសារការបូមខ្សាច់នេះធ្វើឲ្យប៉ះពាល់លំនៅឋានប្រជាជនដែលរស់នៅក្បែរព្រែកព្រមទាំងធ្វើឲ្យប៉ះពាល់ជម្រកមច្ឆជាតិ និងការនេសាទត្រីរបស់ប្រជានេសាទនៅក្នុងតំបន់នោះ។
លោក ប៊ុន ស៊ីយុន ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តបានថ្លែងថាទាក់ទិនទៅនឹងបញ្ហាក្រុមហ៊ុននោះលោកពុំសូវដឹងច្បាស់នោះទេដោយសារនេះជាការសម្រេចរបស់ក្រសួង។ លោកថា៖ «ទាល់តែសួរក្រសួងបានដឹង»។
លោក ឌិត ទីណា អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានថ្លែងថាក្រុមហ៊ុន Direct Access បានសុំបន្តអាជ្ញាប័ណ្ណរបស់ខ្លួនហើយក្រុមហ៊ុនបានស្នើមុន និងជិតផុតអាជ្ញាប័ណ្ណ។ លោកបានថ្លែងថា៖ «ខ្ញុំមិនចាំថាពេលណាទេតែគេស្នើសុំមុនផុតកំណត់»។
កាលពីថ្ងៃម្សិលមិញនេះដែរ អង្គការការពារសិទ្ធិមនុស្ស លីកាដូ សមាគមការពារសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលច្បាប់សម្រាប់សហគមន៍បានចេញសេចក្តីថ្លែងកាណ៍រួមគ្នាដោយអំពាវនាវឲ្យមានការដោះលែងអ្នកទាំង ១៧ ដែលបានឃុំខ្លួននោះជាបន្ទាន់ដោយចាត់ទុកថានេះគឺជាវិធីសាស្ត្រគួរឲ្យព្រួយបារម្ភមួយផ្សេងទៀតដែលត្រូវបានប្រើប្រាស់ដោយអាជ្ញាធររដ្ឋក្នុងការបំភិតបំភ័យ និងគាបសង្កត់ទៅលើក្រុមប្រជាពលរដ្ឋមូលដ្ឋានដែលសម្តែងនូវការមិនពេញចិត្តដោយអហិង្សារបស់អ្នកទាំងនោះ៕