ភ្នំពេញៈ ​មន្ត្រី​ជំ​នាញ​សុខា​ភិបាល​ជាតិ​និង​អន្តរ​ជាតិ​កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​ចំ​ពោះ​ការ​គ្រប់​គ្រង​ជំ​ងឺ​មិន​ឆ្លង​ ដោយ​បាន​ចាប់​ផ្ដើម​ជា​លើក​ដំបូង​ដាក់​ឲ្យ​ដំ​ណើរ​ការ​ប​ណ្ដាញ​សម្ព័ន្ធ​ប្រ​យុទ្ធ​នឹង​ជំ​ងឺ​មិន​ឆ្លង​នៅ​កម្ពុជា​ ដែល​ជំងឺ​ប្រ​ភេទ​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​មាន​ ៦៤%​ នៃ​ការ​ស្លាប់​របស់​ប្រជាជន​កម្ពុជា​ទាំងអស់។

​យោង​តាម​រ​​បា​យការណ៍​របស់​អង្គ​ការ​សុខ​ភាព​ពិភព​លោក ​WHO ​ឆ្នាំ ២០១៨​ ដែល​បាន​បង្ហាញ​នៅ​ក្នុង​វេទិការ​នៃ​ការ​ចាប់​ផ្ដើម​ដំ​ណើរការ​បណ្ដាញ​សម្ព័ន្ធ​ប្រ​យុទ្ធ​នឹង​ជំ​ងឺមិន​ឆ្លង​​ នៅ​កម្ពុជា​ ​ដែល​មាន​មន្ត្រី​ក្រសួង​សុខាភិ​បាល​ អង្គការ​ជាតិ​ អន្តរ​ជាតិ​ធ្វើការ​លើ​បញ្ហា​សុខ​ភាព​ និង​ប្រ​ជា​សហ​គមន៍​ប្រមាណ​ជិត​ ១០០ ​នាក់​នៅ​សណ្ឋា​គារ​កាំបូ​ឌី​យ៉ា​ណា​បាន​ឲ្យ​ដឹង​ថា ​ក្នុ​ង​ចំ​ណោម​អត្រា​ស្លាប់​ចំ​នួន​ ៦៤​%​ នោះ​មាន​ដូច​ជា​ជំ​ងឺ​មិន​ឆ្លង​ដែល​បណ្ដាល​មកពី​​ជំងឺ​ស​រសៃ​ឈាម​បេះ​ដូង (២៤%)​ ជំងឺ​មហារីក​ (១៤%) ​ជំងឺ​ទឹក​នោម​ផ្អែម ​(២%) ​និង​ជំងឺ​ដទៃ​ទៀត​ (២០ %)​ រួម​មាន​ជំងឺ​​សរសៃ​ប្រសាទ​ និង​សុខភាព​ផ្លូវចិត្ត​ជា​ដើម ​ហើយ​ជំងឺ​នេះតែង​កើត​មាន​ឡើង​ក្នុង​ចំណោម​មនុស្ស​អាយុ​ចន្លោះ​ពី​ ៣០ ទៅ ៧០ ឆ្នាំ។​

​លោក​ស្រី ​ឱ​ វណ្ណឌី​ន​ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិ​បាល​ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌​មា​ន​ថា​៖​ «​វា​ពិបាក​ក្នុង​ការ​វាយ​តម្លៃ​ណាស់​អំ​ពី​តួ​លេខ​ ​តែ​វា​មាន​ច្រើន​។​ ​បណ្តាញ​សម្ព័ន្ធ​ប្រយុទ្ធ​នឹង​ជំងឺ​មិន​ឆ្លង​នេះ​ ​គឺ​យើង​ពិភា​ក្សា​រួម​គ្នា​ ​ដោយ​ចង​ក្រង​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ប្តេជ្ញា​ចិត្ត​ពី​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ ​​ក្នុង​ការ​ទទួល​ស្គាល់​ជំងឺ​មិន​ឆ្លង​នេះ​ ​ចាំ​បាច់​ត្រូវ​ធ្វើ​ទាំង​អស់​គ្នា​។​ រួ​ច​ហើយ​យើង​ផ្សព្វ​ផ្សាយ​ជូន​ប្រជា​ពល​រដ្ឋ​ ​និ​ងកៀរគរ​ថវិកា ​សម្រាប់​ធ្វើ​ការ​អភិ​វឌ្ឍ​នៅ​តាម​មន្ទីរពេទ្យ ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​មិន​ឆ្លង​នេះ»។​

​លោក​ស្រី ​ឱ​ វណ្ណ​ឌី​ន​ អះអាង​នៅ​ក្នុង​ឱកាស​នោះ​ថា ​កន្លង​ទៅ​ បញ្ហា​ជំងឺ​មិន​ឆ្លង​ ហាក់​មិន​សូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ភាគី​ពាក់ព័ន្ធ​នោះ​ទេ​ ដែល​ហាក់​មើល​រំលង​ពី​ហា​និភ័យ​នៃ​ជំងឺ​នេះ ទើប​បណ្តា​ល​ឲ្យវា​ក្លាយ​ទៅ​ជា​មូល​ហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​ប្រជា​ជន​កម្ពុជា​ស្លាប់ ​និង​ខាត​បង់​ថវិកាជា​ច្រើន​ ដោយ​បាន​បំផ្លាញ​ទាំង​បុគ្គល​ ទាំង​សហ​គមន៍​ និង​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។

​លោក​ស្រី​បញ្ជាក់​ថា៖​ ​«​ភាព​រ៉ាំរ៉ៃ​នៃ​ជំងឺ​មិន​ឆ្លង​ មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​និង​សុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​អ្នក​មាន​ជំងឺ​មិន​ឆ្លង​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ ​ដោយ​សារតែ​ពួកគាត់​ ត្រូវ​ព្យាបាល​ និង​ថែ​ទាំ​ជំងឺ​រ៉ាំរ៉ៃ​នេះ​អស់​មួយ​ជីវិត»។​

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​បញ្ហា​នេះ​លោក​ស្រី​អំ​ពាវ​នាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ត្រូវ​មាន​ការ​ចូលរួម​ដោយ​​ខ្លួន​ឯង​ផ្ទាល់​ ព្រោះ​ការ​ចូល​រួម​របស់​ពួក​គាត់​ គឺ​ជា​រឿង​សំខាន់​ គឺ​កុំ​ឲ្យ​មាន​​ជាតិ​ស្ករ​ក្នុង​ឈាម​ច្រើន កុំ​ឲ្យ​មាន​ជំងឺ​ឡើងឈាម​ កុំ​ឲ្យ​មាន​ជាតិ​ខ្លាញ់​នៅ​ក្នុង​​ឈាម​ច្រើន​ ហើយ​កុំ​បរិ​ភោគ​ជាតិ​ប្រៃ​ខ្លាំង​ រួម​ជា​មួយ​នឹង​ការហាត់​ប្រាណ ​និង​ការ​ធ្វើ​ការ​តាម​ដាន​សុខភាព​ឲ្យ​បាន​ជា​ទៀងទាត់។

​យោង​តាម​សេច​ក្ដី​ប្រ​កាសព័ត៌​មាន​រួម​របស់​ក្រុម​ជំ​នាញ​សុខា​ភិបាល​ជាតិ​និង​អន្តរ​ជាតិ​បាន​ឲ្យ​ដឹង​ថា៖​ «ការ​ទទួល​ទាន​អាហារ​មាន​ជាតិ​ប្រៃ​ខ្លាំង​ ជាតិ​ស្ករ​ច្រើន​ និង​អា​ហារ​សម្បូរ​ជាតិ​ខ្លាញ់ ព្រម​ទាំង​ការ​ជក់​បារី​ ​និង​ពិសា​គ្រឿង​ស្រវឹង​ប្រ​កប​ដោយ​គ្រោះ​ថ្នាក់ ​គឺ​ការ​ផ្លាស់​ប្ដូរ​បែប​ផែន​នៃ​ជី​វិត​រស់​នៅ​ដែល​មាន​ការ​ប្រឈម​ទៅ​នឹង​ការ​កើត​ឡើង​ជំងឺ​មិន​ឆ្លង»។

​យោង​​តាម​ក្រុម​ជំនាញ​ខាង​សុខាភិ​បាល​ជាតិ​និង​អន្តរ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ជំងឺ​មិន​ឆ្លង​ គឺ​សំដៅ​លើ​ជំងឺ​រ៉ាំ​រ៉ៃ​ដែល​មាន​រយៈ​ពល​យូរ​ហើយ​វិវឌ្ឍលូត​លាស់​យឺតៗ​ និង​ បណ្តាល​ឱ្យ​មាន​ការ​ស្លាប់​យ៉ាង​ឆាប់​រហ័ស​ ដូច​ជា​ ជំងឺ​​បេះដូង​ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល (heart disease, stroke)​ ជំងឺ​មហារីក​ (cancer)​ ជំងឺ​ទឹក​នោម​ផ្អែម ​(diabetes) ​ជំងឺ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ (chronic respiratory disease)​ ជំងឺ​តម្រង​នោម​រ៉ាំ​រ៉ៃ ​(chronic kidney disease) ​ជំងឺ​ពុក​ឆ្អឹង​ (osteoporosis)​ ជំងឺ​វង្វេង​ (alzheimer''s disease)​ ជំងឺ​ភ្នែក​ឡើង​បាយ (cataracts)​ ជាដើម។​

​យោង​តាម​របាយ​ការណ៍ ​WHO ​ស្ដី​ពី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ស្លាប់​ដោយ​សារ​ជំ​ងឺ​មិន​ឆ្លង​ក្នុង​ឆ្នាំ​​ ២០១៦ ​មាន ៥៩ ៩០០​ នាក់​ ​ក្នុង​នោះ​មាន​ស្ត្រី​ ៣១ ៥០០​ នាក់​ និង​បុរស ២៨ ៣០០ នាក់។​

​ទោះ​យ៉ាង​ណាក៏ដោយ​ យោង​តាម​របាយ​ការណ៍​សន្និ​បាត​ប្រ​ចាំ​ឆ្នាំ ​២០១៨​ របស់​ក្រសួង​សុខា​ភិ​បាល​ឆ្នាំ​ ២០១៨​ បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​ ២០១៨ ​ប្រ​ជា​ជន​អាយុ​ពី​ ២៥-​៦៥​ ឆ្នាំ​​ មាន​ចំ​នួន​ប្រ​មាណ​ ៧ ៥១១ ២៨៩​ នាក់​ក្នុង​នោះ​ប្រ​ជា​ជន​ដែល​អាច​មាន​ជំងឺ​លើ​សសម្ពាធ​ឈាម​មាន​ចំ​នួន​ប្រ​មាណ​ ៨៤១ ២៦៤​ នា​ក់ ​និង​ប្រ​ជា​ជន​ដែល​អាច​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម​មាន​ចំ​នួន​ប្រមាណ​ ២១៧ ៨២៧ ​នាក់​។​ រី​ឯ​ស្ត្រី​អាយុ​ពី​ ៣០-៤៩ ​ឆ្នាំ​ មាន​ចំនួន​ប្រមាណ ២ ០៥៦ ៩៧១ នាក់​ ។​

របាយ​ការណ៍​ក្រសួង​សុខា​ភិបាល​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​ ២០១៨ ​ប្រ​ជា​ជន​ដែល​ស្លាប់​ដោយ​សារ​ជំ​ងឺ​មិន​ឆ្លង​មាន​ប្រមាណ​ជិត​ ១ ​ពាន់​នាក់​ ក្នុង​នោះ​ស្លាប់​ដោយ​សារជំងឺ​ទឹក​នោម​ផ្អែម ៥៦ នាក់​ ជំ​ងឺ​ឡើង​សម្ពាធ​ឈាម​ ៣៣ នាក់​ និង​ជំ​ងឺ​បេះ​ដូង​ សរសៃ​ឈាម​រួម​មាន​ ជំងឺ​ខ្សោយ​បេះដូង​ ចុក​ទ្រូង​ ស្លាប់សាច់​បេះ​ដូង​ស្រួច​ស្រាវ​ ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល​ ​សរុប​ទាំង​អស់​ស្លាប់​ ៧២៨ នាក់។​

​លោក​ស្រី ​Nargiza Khodjaeva ​ប្រធាន​ផ្នែក​ជំងឺ​មិន​ឆ្លង​នៃ​អង្គការ​សុខភាព​ពិភព​លោក បាន​ថ្លែង​ក្នុង​វេទិកានោះ​ដែរ​ថា៖ ​«យើង​មិនអាច​គ្រប់គ្រង​ជំងឺ​មិនឆ្លង​គឺ​នាំ​ឲ្យ​មាន​ផលប៉ះ​ពាល់ និង​បញ្ហា​ប្រឈម​ទៅ​នឹង​ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​មិនអាច​ផ្តល់​ការ​ការពារ​ចំពោះ​អ្នកមាន​ជំងឺ​មិន​ឆ្លង​ទាំង​នោះ»។​

​ខណៈ ​​លោក​ បាត​ ​ចា​កុប​ ​(Bart Jocobs) ​ទី​ប្រឹក្សា​គោល​នយោ​បាយ​នៃ​គម្រោងការ​​ការពារ​សុខ​ភាព​សង្គម​របស់​អង្គកា​រ​ GIZ​ បាន​អះអាង​​ថា គ្រប់​ភាគី​ពាក់​ព័ន្ធ​ត្រូវ​ធ្វើ​ការ​រួ​ម​គ្នា​ជាពិសេស​ពល​រដ្ឋ​ផ្ទាល់​ដើម្បី​ទប់​ស្កាត់​ជំងឺ​មិនឆ្លង​នេះ​ដែល​មាន​ការកើន​ឡើង​ជា​មួយ​នឹង​ពល​រដ្ឋ​មាន​អាយុ​ច្រើន ​ដូច​ជា​ ជំងឺ​ធាត់​ ជំងឺ​ទឹក​នោម​ផ្អែម​ សម្ពាធ​ឈាម​ខ្ពស់​ គឺ​មាន​ការ​កើន​ឡើង​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។

​លោក​ បាត​ ​ថ្លែង​ថា​៖​ «យើង​ត្រូវ​បដិភាគ​ថវិកា​បន្ថែម​ទៀត​ ជា​មួយ​វិស័យ​នេះ​ ដើម្បី​ឲ្យ​ការងារ​ទប់​ស្កាត់​ជំងឺ​មិន​ឆ្លង​នេះ​ នៅ​កម្ពុជា​ កាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត»៕