បន្ទាយមានជ័យៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក​ ឡេ ច័ន្ទសង្វាត និយាយ​ថា​ចំនួន​អ្នកស្លាប់​ដោយ​សង្ស័យ​ពុលស្រា​ថ្នាំ​ចិនសែ​នៅ​ខេត្ត​នេះ​បាន​កើនឡើង​ ២ ​នាក់​បន្ថែមទៀត​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ១១ ​មិថុនា​ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់​ ៦ ​នាក់​។

លោក​ ឡេ ច័ន្ទសង្វាត ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ ជនរងគ្រោះ​ឈ្មោះ វ៉ាន់ ឆៃ អាយុ ៣៣ ​ឆ្នាំ និង​មិត្ត​រួម​ការងារ​របស់គាត់​ម្នាក់​ទៀត​ឈ្មោះ​ ហួន ជាតិ អាយុ​ ៤៤ ​ឆ្នាំ​ ដែល​មាន​អាការ​ក្អួតចង្អោរ ឈឺក្បាល ចុកពោះ វិលមុខ និង​ថប់ដង្ហើម ក្រោយពី​ទទួលទាន​ស្រា​ថ្នាំចិនសែ​តាំងកួយ​កាលពី​ថ្ងៃទី​ ៩ ​មិថុនា ​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត​នៅ​ថ្ងៃទី​ ១០ ​មិថុនា​។

លោក​ប្រាប់ថា​៖ «​នៅ​ល្ងាច​ថ្ងៃ​ពុធ​ [​ទី​ ១០] ​ពួកគាត់​ទាំង​ ២ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន​មង្គលបុរី​ភ្លាមៗ បន្ទាប់ពី​ពិនិត្យឃើញ​ចង្វាក់​បេះដូង​របស់​ពួកគាត់ លោត​ញាប់​ខុស​ប្រក្រតី​។ ដោយ​អាការ​ធ្ងន់ធ្ងរ​ពេក ពួកគាត់​ទាំង​ ២ ​ក៏​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​ ១១ ខែ មិថុនា ឆ្នាំ​ ២០២០ ​នេះ​ទៅ​។ ការស្លាប់​របស់​ពួកគាត់​ទាំង​ ២ ធ្វើឲ្យ​ចំនួន​អ្នកស្លាប់​ដោយ​សង្ស័យ​ជា​ករណី​ពុល​ស្រាថ្នាំ​ខាងលើ​នេះ​កើន​ដល់​ ៦ ​នាក់ ខណៈ​ ២៧ ​នាក់​ផ្សេងទៀត កំពុង​ស្ថិត​ក្នុង​ការពិនិត្យ​ព្យាបាល ដោយ​ក្រុមគ្រូពេទ្យ​ជំនាញ​ខេត្ត​បន្ទាយមានជ័យ​នៅឡើយ​»​។

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ម្សិលមិញ​ចេញ​បម្រាម​ដល់​អាជីវករ ក៏ដូចជា​ពលរដ្ឋ​ដែល​ចូលចិត្ត​ទទួលទាន​ស្រា​ថ្នាំចិនសែ​តាំង​កួយ​បញ្ឈប់​សកម្មភាព​នៃ​ការទិញ​លក់ ចរាចរណ៍ និង​ទទួលទាន​ស្រាថ្នាំ​ចិនសែ​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​ផលប៉ះពាល់​ដល់​សុខភាព និង​អាយុជីវិត​។

ទន្ទឹមនឹងនេះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ប្រមូល​រឹបអូស​ស្រាថ្នាំ​ចិនសែ​តាំង​កួយ​នោះ​ពី​លើ​ទីផ្សារ​ទាំងអស់​នៅក្នុង​ខេត្ត​នេះ​មក​រក្សា​ទុក​ជា​បណ្ដោះអាសន្ន​នៅ​មន្ទីរពិសោធន៍​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ ដើម្បី​រង់ចាំ​ការធ្វើ​តេស្ត​រក​សារធាតុ​គីមី​ផ្សំ​ក្នុង​ស្រា​នេះ​ដែល​ត្រូវបាន​សង្ស័យថា​នាំ​ឲ្យ​ពុល​។

លោក​ សាន ​វិជ្ជាសារ៉ាវុធ ​ប្រធាន​សាខា​កាំកុងត្រូល ខេត្ត​បន្ទាយមានជ័យ ប្រាប់​ពី​ម្សិលមិញ​ថា​៖ «​គិត​ត្រឹម​ម៉ោង​ ១១ ​ព្រឹក​ថ្ងៃទី​ ១១ ខែ​មិថុនា ក្រុមការងារ​យើង​បាន​រឹបអូស​ស្រា​ថ្នាំ​ចិនសែ​តាំងកួយ​ពី​លើ​ទីផ្សារ​ក្នុង​ក្រុង​ប៉ោយប៉ែត​ចំនួន​ ៣៥០ ​យួរ​ដែល​ក្នុង​ ១ ​យួរ​មាន​ ១២ ​ដប និង​ក្នុង​ ១ ​ដប​ចំណុះ​ ០,៥ ​លីត្រ​»៕