មណ្ឌលគិរីៈ ​ក្រុមមន្ត្រី​សុខាភិបាល​ដែល​ដឹកនាំ​ដោយ​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ និង​លោកស្រី Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ខេត្ត​ទេសចរណ៍​ដាច់ស្រយាល​ចំនួន​ ៣ ​ស្ថិត​នៅ​ភាគ​ឦសាន ដើម្បី​ជំរុញ​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ប្រឹងប្រែង​បន្ថែមទៀត​ក្នុង​ការទប់ស្កាត់​កុំ​ឲ្យ​មាន​រលក​ទី​ ២ ​នៃ​ជំងឺឆ្លង​កូវីដ​ ១៩​។

លោកស្រី ឱ វណ្ឌឌីន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃ​ម្សិលមិញ​ថា ការចុះទៅ​ទស្សនកិច្ច​នៅក្នុង​ខេត្ត​មណ្ឌលគិរី រតនគិរី និង​ខេត្តក្រចេះ ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃទី​ ៨ ដល់​ថ្ងៃទី​ ១២ ខែមិថុនា គឺ​ដើម្បី​ជំរុញ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​នៅ​តាម​ខេត្ត​ទាំងនោះ​ត្រៀម​លក្ខណៈ​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​ការឆ្លើយតប​ឱ្យ​បាន​ទាន់​ពេលវេលា​ក្នុង​ករណី​កើត​មាន​ជំងឺឆ្លង​កូវីដ ១៩ ខណៈ​ខេត្ត​ទាំង​ ៣ ​នេះ​មិន​ទាន់​មាន​បទពិសោធ​កើតមាន​អ្នក​ឈឺ​ដោយសារ​ជំងឺ​កូវីដ​នៅឡើយ​។ លោកស្រី​ថា​៖ «​យើង​ចុះមក​ទីនេះ​គឺ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ និង​ការពារ​កុំឱ្យ​មាន​រលក​ទី​ ២ ​នៃ​ជំងឺ​នេះ ដោយសារ​ខេត្ត​ទាំងនោះ​គឺជា​គោលដៅ​ទេសចរណ៍ ក្រៅពី​នោះ​យើង​ក៏​ធ្វើ​ការងារ​ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​ដែរ​»​។

លោកស្រី ឱ វណ្ឌឌីន និង​លោកស្រី Li Ailan បាន​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃទី ៨ ​ខែ​មិថុនា​ ដោយ​បាន​ជួប​ជាមួយ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​នេះ​ និង​នៅ​ថ្ងៃទី​ ៩ ​ខែ​មិថុនា​បាន​បន្ត​ជួបពិភាក្សា​ជាមួយ​លោក ស្វាយ សំអ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​មុន​បន្តដំណើរ​ទៅ​កាន់​ខេត្តរតនគិរី​។

លោកស្រី​បន្តថា បច្ចុប្បន្ន​នេះ​ពលរដ្ឋ​ចាប់ផ្ដើម​នាំគ្នា​សម្រុក​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ទេសចរណ៍​នានា ហើយ​ភ្លេច​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ ១៩ ជាក់ស្ដែង​ដូចជា​នៅតាម​ផ្ទះសំណាក់​ និង​សណ្ឋាគារ​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ចាប់ផ្ដើម​មាន​ភ្ញៀវ​ទៅ​ស្នាក់នៅ​ពេញៗ​បន្ទប់​ដែល​ទាមទារ​ឱ្យ​មន្ត្រី​ក្នុង​ខេត្ត​នេះ​ត្រៀម​លក្ខណៈ​ឱ្យបាន​មុន​ក្នុង​ករណី​កើតមាន​ជំងឺ​កូវីដ ​១៩​។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​មាន​ការចូលរួម​ពី​មន្ត្រី​នៅ​នាយកដ្ឋាន​មន្ទីរពេទ្យ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព និង​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ជួយ​សម្របសម្រួល និង​ណែនាំ​ទៅ​ដល់​មន្ត្រី​នៅតាម​បណ្ដា​ខេត្ត​ភូមិភាគ​ឦសាន​ទាំងនេះ​ឱ្យ​ត្រៀមលក្ខណៈ និង​ចេះ​នូវ​នីតិវិធី​ក្នុង​ការចាត់ចែង​អ្នកជំងឺ​។

លោកស្រី​ថា ទិសដៅ​ទី​ ១ គឺ​ដើម្បី​ពង្រឹង​ការងារ ថ្វី​ដ្បិត​នៅ​ភូមិភាគ​ឦសាន​រក​មិនឃើញ​មាន​ករណី​ជំងឺ​កូវីដ​១៩​ក្តី ប៉ុន្តែ​ដោយសារ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ទៅ​ទីនោះ​ច្រើន​មែនទែន​ទើប​ក្រសួង​សុខាភិបាល​ត្រូវ​ចាត់ចែង​ត្រៀមលក្ខណៈ​ឱ្យ​បាន​ជាមុន​ដោយសារ​គ្មាន​នរណាម្នាក់​ដឹងថា ជំងឺ​កូវីដ ​១៩​ នៅ​កន្លែង​ណា​ឡើយ ហើយ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​គឺ​កើតឡើង​នៅពេល​ពលរដ្ឋ​ធ្វើ​ដំណើរ​ចល័ត​ និង​មាន​ការជួបជុំ​គ្នាច្រើន​។

លោកស្រី​បន្តថា​៖ «​យើង​ត្រូវតែ​គិតគូរ​ឱ្យ​បាន​មុន ដើម្បី​កុំឱ្យ​ដើរ​តាម​ក្រោយ​សភាពការណ៍ ដើម្បី​ឱ្យ​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត​ឱ្យ​ចេះ​គ្រប់គ្រង និង​នីតិវិធី ដើម្បី​ជួយ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ករណី​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ នៅពេល​ខាងមុខ​ដើម្បី​ឱ្យ​ការឆ្លើយតប​បាន​លឿន​ និង​បាន​ទាន់ពេលវេលា​គឺ​កាលណា​យើង​បាន​រកឃើញ​ភ្លាម​យើង​យក​មក​ព្យាបាល​ភ្លាម គឺ​មានន័យថា យើង​ទប់ស្កាត់​បាន​ការចម្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ​»​។

បើ​តាម​លោកស្រី វណ្ណឌីន ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​ចុះ​ទៅ​សិក្សា​ស្វែងយល់​អំពី​ការចាត់ចែង​ប្រតិបត្តិការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩​នៅ​ខេត្ត​ទាំង​ ៣ ​នេះ​ហើយ​ក្រុមការងារ​ក៏​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​តាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព និង​ការចុះ​ជំរុញ​ការងារ​ដល់​មន្ត្រី​ភូមិ​ឃុំ​ និង​អ្នកស្ម័គ្រចិត្ត​នៅតាម​ភូមិ​ឃុំ​ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​ឱ្យ​បាន​កាន់តែ​សកម្ម​ជាង​មុន​ក្នុង​ការផ្សព្វផ្សាយ​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ឱ្យ​អនុវត្ត​នូវ​វិធានការ​ការពារ​វីរុស​កូរ៉ូណា​។

លោក ប៊ុន សួរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មណ្ឌលគិរី​ថ្លែង​ពី​ម្សិលមិញ​ដែរ​ថា គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​១៩ នៅ​ខេត្ត​មណ្ឌលគិរី​គឺ​នៅតែ​បំពេញ​ការងារ​នៅតាម​មុខសញ្ញា​ និង​ភារកិច្ច​រៀងៗ​ខ្លួន​ជាប្រចាំ ដូចជា​ចុះទៅ​ពិនិត្យ​នៅ​តាម​ផ្ទះសំណាក់ សណ្ឋាគារ​ និង​ភោជនីយដ្ឋាន ដើម្បី​អប់រំ​អំពី​សុខភាព និង​ណែនាំ​ឱ្យ​ដាក់​អាល់កុល​ និង​ត្រូវ​ប្រើ​ម៉ាស៊ីន​បាញ់​វាស់​កម្ដៅ​ភ្ញៀវ​ និង​ការចុះ​ទៅ​ផ្សព្វផ្សាយ​ទៅ​ដល់​សហគមន៍​ជនជាតិ​ដើម​ជាដើម​។ លោក​បន្តថា​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ក៏​បាន​បង្កើត​ឱ្យ​មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ​សុខភាព និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​កង់ឡាន​របស់​អ្នកដំណើរ​ដែល​ធ្វើដំណើរ​ឆ្លង​ចូល​មក​កាន់​ខេត្តមណ្ឌលគិរី​ចំនួន​ ២ ​កន្លែង​គឺ​នៅ​ព្រំប្រទល់​រវាង​ខេត្តមណ្ឌលគិរី​ជាមួយ​ខេត្តក្រចេះ និង​មណ្ឌលគិរី​ជាមួយ​ខេត្តរតនគិរី​។

លោក​ថា​៖ «​ការងារ​ទាំងអស់​គឺ​បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ គឺ​ទាំង​អាជ្ញាធរ​ដែនដី​នៅ​តាម​ភូមិ​ និង​នៅតាម​ឃុំ​ដែល​សហការ​ជាមួយ​ក្រុមការងារ​កាកបាទ​ក្រហម និង​ក្រុមយុវជន​។ និយាយ​ឱ្យ​ចំ​ទៅ​គឺ​ធ្វើ​សកម្មភាព​ទាំងអស់​ហ្នឹង តាំងពី​កម្ពុជា​យើង​ចាប់ផ្ដើម​មាន​ជំងឺ​កូវីដ​ ១៩»៕