កំពង់​ចាមៈ ​មន្ត្រី​សុខា​ភិ​បាល​បាន​បញ្ជាក់​ថា​ ​ស្ដ្រី​ខ្មែរ-អាមេរិកកាំង​ម្នាក់ ​ដែល​បាន​រត់​ចេញ​ពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​ ១៧​ កក្កដា​ គឺ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​សាច់​ញាតិ​នៅ​ក្រុង​កំពង់​ចាម​ ​ក្រោយ​ពី​ស្ដ្រី​រូប​នេះ បាន​ធ្វើ​តេស្ដ​លើក​ទី​ ៣​ គ្មាន​វីរុស​កូ​វីដ​ ១៩​។​

លោក​វេជ្ជ​បណ្ឌិត​ ​គឹម​ សួរ​ភិ​រុណ ​ប្រ​ធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត​កំពង់​ចាម​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃនេះ​ថា​ ស្ដ្រី​រូប​នេះ​ត្រូវ​អនុ​ញ្ញាត​ឲ្យ​ទៅ​ផ្ទះ​ បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្នុង​សណ្ឋាន​គារ​រយៈ​ពេល​ ១៤ ​ថ្ងៃ ​និង​បន្ទាប់​ការ​ធ្វើ​តេស្ដ​ជា​លើក​ទី​៣ ​នៅ​ថ្ងៃទី ​​២៩​ កក្កដា​ មាន​លទ្ធ​ផល​អវិជ្ជ​មាន​។

លោក​ថ្លែង​​ថា​៖ «​យើង​ឱ្យ​គាត់​ទៅ​នៅ​ផ្ទះ​ ប៉ុន្តែ​ឱ្យ​គាត់​រក្សា​គោល​ការណ៍​របស់​ក្រ​សួង​សុខា​ភិ​បាល ​និង​មាន​មន្ត្រី​យើង​តាម​ដាន​សុខ​ភាព​គាត់​។​ គាត់​បាន​លិខិត​ឱ្យ​ទៅ​ផ្ទះ​ ប៉ុន្តែ​អត់​អាច​ដើរ​ហើរ​បាន​នៅ​ឡើយ​ទេ​ គឺ​គាត់​ត្រូវ​ស្នាក់​នៅ​ក្នុង​ផ្ទះ​រយៈ​ពេល ​១៤ ​ថ្ងៃ​ទៀត​»​។

ស្ដ្រី​ខ្មែរ​នេះ ​គឺ​បាន​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ដែល​ដឹក​អ្នក​​ដំណើរ​សរុប​ ៩១ ​នាក់ ​មក​ពី​សហ​រដ្ឋ​អាមេ​រិក​ ​និង​បាន​ត​ជើង​ហោះ​ហើរ​ពី​ប្រទេស​កូរ៉េខាង​ត្បូង​ មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ ១៥ ​កក្កដា​ ហើយ​ក្នុង​ចំ​ណោម​អ្នក​ដំណើរ​ទាំង​នេះ​គឺ​មាន​ពីរ​នាក់​បាន​ឆ្លង​ជំងឺ​កូ​វីដ​ ១៩ ​ដែល​ជា​មន្ត្រី​ទូត​ជាន់​ខ្ពស់​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេរិក​ប្រចាំ​នៅ​កម្ពុ​ជា​។​​ នាង​ត្រូវ​បាន​ដាក់​នៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សណ្ឋាន​គារ​មួយ​នៅ​ភ្នំពេញ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​ទី​ ១៧​ កក្កដា​ ​គឺ​បាន​លួច​រត់​និង​ជិះ​តាក់​ស៊ី​ទៅ​ខេត្ត​កំពង់​ចាម និង​ត្រូវ​អាជ្ញា​ធរ​ខេត្ត​នេះ​រក​ឃើញ ​​ក្នុង​ផ្ទះ​សំ​ណាក់​នៅ​ថ្ងៃ​ទី​ ១៨​ កក្កដា​​។​

នៅ​ថ្ងៃនេះ​ ​ក្រ​សួង​សុខា​ភិបាល​បាន​រាយ​ការណ៍​ករណី​ជំងឺ​កូ​វីដ​ ១៩​ ម្នាក់​ទៀត​ ​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេរិក ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​នៅ​កម្ពុជា​កើន​ដល់​ ២៣៤​ នាក់​ និង​ករណី​ជា​សះ​ស្បើយ​ចំនួន​ ៨​ នាក់​បន្ថែម​ទៀត​ ដែល​ធ្វើ​ចំនួន​ជា​សះ​ស្បើ​យ​កើន​ដល់​ ៧០ ​នាក់​។​ ​

​​ក្រ​សួង​សុខា​ភិ​បាល​បញ្ជា​ក់​ថា​ ​មន្ត្រី​ជាន់​ខ្ពស់​ស្ថាន​ទូត​សហ​រដ្ឋ​អា​មេរិក​នេះ​ គឺ​ត្រូវ​បាន​ធ្វើ​តេស្ដ​រ​ក​ឃើញ​ជំងឺ​កូ​វីដ​ ១៤​ នៅ​ថ្ងៃ​ទី ​២៩​ កក្កដា​ បន្ទាប់​ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ ១៣​ ថ្ងៃ​។ ​អ្នក​ជំងឺ​នេះ ​គឺ​ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​មួយ​នៅ​ក្នុង​ស្ថាន​ទូត ដើ​ម្បី​ទទួល​ការ​ព្យា​បាល​ពី​មន្ត្រី​ពេទ្យ​ប្រចាំ​ស្ថាន​ទូត​៕​

​​