ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន កាលពី​ថ្ងៃទី​ ១២ មករា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូចជា កងកម្លាំង​ប្រដាប់អាវុធ​បង្កើន​ការយកចិត្តទុកដាក់​ថែទាំ​សុខភាព​ឲ្យ​បានល្អ ជាពិសេស​នៅពេល​អាកាសធាតុ​កាន់តែ​ចុះ​ត្រជាក់​ខ្លាំង ព្រោះ​វា​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​។

សេចក្ដី​អំពាវនាវ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ផ្សព្វផ្សាយ​ថា​ចាប់ពី​ថ្ងៃទី​ ១៣ ដល់ ១៩ ខែមករា អាកាសធាតុ​ត្រជាក់​នឹង​ធ្លាក់ចុះ​ក្នុង​រង្វង់​ពី​ ១១-១៤ ​អង្សាសេ សម្រាប់​បណ្ដា​ខេត្ត​ដែល​នៅជាប់​តំបន់​ជួរ​ភ្នំ​ដងរែក​ និង​ខ្ពង់រាប​ឦសាន​នៃ​ប្រទេស​កម្ពុជា និង​ក្នុង​ចន្លោះ​ពី​ ១៣-១៦ ​អង្សាសេ សម្រាប់​បណ្ដា​ខេត្ត​ដែល​ស្ថិតនៅក្នុង​តំបន់​វាល​ទំនាប​កណ្ដាល​។ ដោយឡែក​ខេត្ត​ជាប់មាត់​សមុទ្រ សីតុណ្ហភាព​នឹង​ធ្លាក់ចុះ​ក្នុង​ចន្លោះ​ពី​ ១៩-២២ ​អង្សាសេ​។

លោកស្រី ឱ វណ្ណឌីន ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា អាកាសធាតុ​ត្រជាក់​នឹង​បង្ក​ឲ្យ​កើតមាន​ជំងឺ​គ្រុនផ្ដាសាយ រលាក​បំពង់ក ឬ ផ្លូវដង្ហើម និង​ជំងឺ​គាំងបេះដូង ដែល​អាច​បណ្ដាល​ឲ្យ​ស្លាប់​។ ដើម្បី​បង្ការ​គ្រោះថ្នាក់​ដែល​បង្កឡើង​ពី​អាកាសធាតុ​ត្រជាក់ ចាំបាច់​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ក្រាស់ៗ ដែល​អាច​រក្សា​កម្ដៅ​ក្នុង​រាងកាយ និង​ត្រូវ​បរិភោគ​ទឹក​ក្ដៅ​ឧណ្ហៗ ជាពិសេស​ត្រូវអនុវត្ត​វិធាន​អនាម័យ​ឲ្យ​បាន​ល្អ​ជាប់​ជាប្រចាំ​។

លោកស្រី​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន យើង​កំពុង​ប្រយុទ្ធប្រឆាំង​ចំពោះ​ជំងឺឆ្លង​កូវីដ​ ១៩​។ ដូច្នេះ​ប្រសិន​បើ​មាន​ពលរដ្ឋ​យើង​កើតមាន​ជំងឺ​គ្រុនផ្ដាសាយ ឬ​ជំងឺ​រលាក​ផ្លូវដង្ហើម ដែល​បង្កឡើង​ពី​អាកាសធាតុ​ត្រជាក់​នេះ​ទៀត​នោះ វា​នឹង​បង្ក​ឲ្យ​មាន​ក្ដីព្រួយបារម្ភ​កាន់តែខ្លាំង​។ ពិសេស​យើង​បារម្ភ​ពី​មនុស្ស​ចាស់ជរា កុមារ​តូចៗ ដែល​ងាយ​នឹង​កើត​មាន​ជំងឺ​ទាំងនេះ​»​។

បើតាម​លោកស្រី វណ្ណឌីន អាកាសធាតុ​ត្រជាក់​ក៏​នឹង​បង្ក​ឲ្យ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​ច្រើន​ផងដែរ ដូច្នេះ​ត្រូវ​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហៗ​ឲ្យ​បាន​ច្រើន ចៀសវាង​ការបរិភោគ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ជាតិ​ស្ករ​ច្រើនពេក​។ ក្រៅពី​នេះ​មិន​ចាំបាច់​ត្រូវ​នាំគ្នា​អង្គុយលេង​នៅ​ទីវាល​ក្រៅ​ផ្ទះ​ ឬ​ដើរ​កម្សាន្ត​ពេលយប់​នោះទេ​។

ទោះជា​បែបនេះ​ក្ដី កងកម្លាំង​ប្រដាប់​អាវុធ​ដែល​ឈរជើង​នៅតាម​ជួរ​បន្ទាត់​ព្រំដែន រួមទាំង​មន្ត្រី​ឧទ្យានុរក្ស​បាន​លើកឡើង​ថា អាកាសធាតុ​ត្រជាក់​គឺ​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ពួកគាត់​​ឡើយ​។ ពួកគាត់​នៅតែ​បន្ត​ការចុះល្បាត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ និង​តាម​ជួរ​បន្ទាត់​ព្រំដែន​។

លោក បួនសេង សុពិសិដ្ឋ ប្រធាន​វរ​ការពារ​ព្រំដែន​លេខ​ ៦២៣ នៃ​ខេត្តរតនគិរី ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ ថា ការចុះ​ល្បាត​រក្សា​សុវត្ថិភាព សន្តិសុខ​នៅតាម​ជួរ​បន្ទាត់​ព្រំដែន នឹង​មិន​មាន​ការប្រែប្រួល​នោះទេ បើទោះ​ជា​អាកាសធាតុ​ចុះ​ត្រជាក់​ដល់​កម្រិត​ ១១ ​អង្សាសេ ឬ​ក្រោម​នេះ​ក៏ដោយ​។

លោក​ថ្លែងថា​៖ «៣-៤ ​យប់​មកហើយ នៅ​តំបន់​កន្ទុយ​នាគ អាកាសធាតុ​ត្រជាក់​បាន​ធ្លាក់​ចុះក្រោម ១១ ​អង្សាសេ​។ ប៉ុន្តែ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​យើង​មិន​រាថយ ឬ​ស្ពឹកស្រពន់ ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​នេះ​ទេ​។ យើង​នៅតែ ចុះ​ល្បាត​តាម​ដងព្រៃ​នៃ​ជួរ​បន្ទាត់​ព្រំដែន​របស់​យើង ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ​នៅតាម​បន្ទាត់​ព្រំដែន​»​។

បើ​តាម​លោក សុពិសិដ្ឋ កម្លាំង​របស់លោក​បាន​ទទួល​អាវ​រងា និង​គ្រឿង​សម្ភារ​បំពាក់​ជាប់​ខ្លួន ពេល​ចុះ​ល្បាត​គ្រប់គ្រាន់​តាំងពី​ដើម​ខែធ្នូ ឆ្នាំ​ ២០២០ ​មក​ម្ល៉េះ ហេតុនេះ​ទើប​កម្លាំង​របស់លោក​មិន​បារម្ភ​ចំពោះ​អាកាសធាតុត្រជាក់​នេះឡើយ​។

ស្រដៀង​គ្នា​នេះ​លោក ខាង សឿង មន្ត្រី​ឧទ្យានុរក្ស​ស្នាក់ការ​រកា​ថ្មី​នៃ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា ដែល​មាន​ទីតាំង​នៅក្នុង​ភូមិ​ពូហ្យាម ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរីប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ ថា អាកាសធាតុ​ត្រជាក់​វា​មិនមែន​ជា​ឧបសគ្គ​របស់​មន្ត្រី​ឧទ្យានុរក្ស​ដែល​មាន​តួនាទី និង​ភារកិច្ច ថែរក្សា​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នោះឡើយ​។

លោក​និយាយថា​៖ «​យើង​មិន​អាច​ព្រោះតែ​អាកាសធាតុ​ត្រជាក់ លួច​ខ្ជិលច្រអូស មិន​ចុះល្បាត​ព្រៃ ទុក​ឲ្យ​បទល្មើស​កើតឡើង​នោះទេ​»​។

លោក​បាន​បន្តថា កាលពី​យប់​ថ្ងៃ​ចន្ទ សីតុណ្ហភាព​នៅក្នុង​តំបន់​ទីស្នាក់ការ​រកា​ថ្មី​បាន​ធ្លាក់​ចុះមក​នៅក្នុង​កម្រិត​ ១៤ ​អង្សាសេ​។ ក្រុមមន្ត្រី​ឧទ្យានុរក្ស​ដែល​ប្រចាំការ​នៅ​ទីនោះ បាន​នាំគ្នា​ជីកដី​ធ្វើ​ជា​គុក​ចង្ក្រាន ដើម្បី​ដុត​កម្ដៅ​ខ្លួន ប៉ុន្តែ នៅពេល​ថ្ងៃ​សីតុណ្ហភាព​បាន​កើនឡើង​ដល់​កម្រិត​ ២២ ​អង្សាសេ​វិញ​។

បើតាម​សម្ដី​លោក​ សឿង បច្ចុប្បន្ន​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា គ្មាន​បទល្មើស​កើតឡើង​នោះ​ទេ ព្រោះ​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស​បាន​ពង្រឹង​ការចុះ​ល្បាត​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ជាប់​ជាប្រចាំ​ទាំងយប់ ទាំង​ថ្ងៃ ដោយ​មាន​ការចូលរួម​ពី​ប្រជាសហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​៕