ភ្នំពេញៈ ក្រសួងសុខាភិបាល​បាន​ពន្យល់​ពី​ការរកឃើញ​វីរុស​កូវីដ​ ១៩ ដែល​បំប្លែង​ខ្លួន​ថ្មី នៅ​ប្រទេស​អង់គ្លេស ដែល​អ្នក​វិទ្យាសាស្ត្រ​កំពុង​បន្ត​ធ្វើការ​សិក្សា​ពី​ភាពឆ្លងលឿន និង​ភាពធ្ងន់ធ្ងរ​នៃ​វីរុស​ថ្មី​នេះ​ ខណៈ​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ថៃ​ បាន​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ត្រូវគោរព​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល​ថៃ​ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​។

លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​លើកឡើង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា អ្នកវិទ្យាសាស្ត្រ​កំពុង​ធ្វើការ​សិក្សា​លើ​ប្រភេទ​វីរុស​កូវីដ​ ១៩ ​ប្រភេទ​ថ្មី (New Strain) ដែល​បាន​បំប្លែង​ខ្លួន​របស់​វា (Mutation) ដោយ​វីរុស​កូវីដ ១៩ ​នេះ​ មាន​ការផ្លាស់ប្តូរ​ជា​បន្តបន្ទាប់​ដែលនាំឱ្យ​មាន​ការលេចឡើង​នូវ​ការបំប្លែង​វីរុស​ ឬ​វ៉ារ្យ៉ង់​ថ្មី​។

វ៉ារ្យ៉ង់ SARS-Cov-2 ថ្មី​មួយ​ដែល​ត្រូវបាន​គេ​ហៅថា SARS-CoV-2 VUI 202012/01 មាន​ដើមកំណើត​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អង់គ្លេស​ក្នុង​ខែកញ្ញា ហើយ​ឥឡូវនេះ​កំពុង​រីករាលដាល​យ៉ាង​ឆាប់រហ័ស និង​មាន​ភាពលេចធ្លោ​នៅក្នុង​ចក្រភព​អង់គ្លេស ហើយ​ក៏​ត្រូវបាន​គេ​រកឃើញ​ផងដែរ នៅក្នុង​ប្រទេស​ដាណឺម៉ាក អូស្ត្រាលី និង​ហូឡង់​។

លទ្ធផល​សិក្សា​បឋម​នៅ​ចក្រភព​អង់គ្លេស​បង្ហាញថា ប្រភេទ​វ៉ារ្យ៉ង់​ថ្មី​នៃ​វីរុស​នេះ អាច​ឆ្លង​បាន​ច្រើនជាង​វ៉ារ្យ៉ង់​ដែល​បាន​ចរាចរ​ពី​ពេលមុនៗ ហើយ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មិនទាន់​មាន​ការបង្ហាញ​ពី​ការកើនឡើង​នៃ​ភាពធ្ងន់ធ្ងរ​នៃ​ការឆ្លង​នេះ​នៅឡើយ​។

លោកស្រី​ ឱ វណ្ណឌីន ថ្លែង​ថា​ការស៊ើបអង្កេត​កំពុង​បន្តធ្វើ​នៅ​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប សម្រាប់​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​ភាពធ្ងន់ធ្ងរ​នៃ​គ្លីនិក (​ធ្វើឱ្យមាន​អ្នក​ឈឺ​អ្នកស្លាប់​ច្រើន​) ការឆ្លង ការផ្លាស់ប្តូរ​អង់ទីគ័រ និង​ផលប៉ះពាល់​ដែល​អាច​នឹង​កើតមាន​លើ​ប្រសិទ្ធភាព​វ៉ាក់សាំង និង​ការតាមដាន​ករណី​ឆ្លង​ឡើងវិញ (re-infection) ​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​សុំ​បញ្ជាក់​ផងដែរ​ថា ការផ្លាស់ប្តូរ​នៃ​ប្រភេទ​វីរុស​លើ​វ៉ារ្យ៉ង់​នេះ មិន​ប៉ះពាល់​ដល់​តេស្ត​ធ្វើ​រោគវិនិច្ឆ័យ​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ​»​។

លោកស្រី​ថា អ្វីដែល​សំខាន់​នៅពេល​នេះ​គឺ​នៅពេលដែល​កម្ពុជា​កំពុង​រង់ចាំ​នូវ​លទ្ធផល​សម្រេច​នៃ​វ៉ាក់សាំង​កូវីដ​ ១៩ ​ដែល​នឹងត្រូវ​ចែកចាយ​មក​បណ្តា​ប្រទេស​ជា​សមាជិក ដោយ​មជ្ឈមណ្ឌល​កូវ៉ាក់ និង​ការវាយតម្លៃ​ជាមុន​នូវ​ប្រសិទ្ធភាព និង​គុណភាព​វ៉ាក់សាំង​មុន​ការប្រើប្រាស់​នៅ​កម្ពុជា​នោះ​ ដើម្បី​ការពារ​ខ្លួន​ពី​ការចម្លង​វីរុស​កូវីដ ​១៩ (​បំប្លែង​បែបណា​ក៏ដោយ​) ​គ្រប់គ្នា​ត្រូវ​នាំគ្នា​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ខ្លួន ដែល​បាន​ណែនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ដោយ​អនុវត្ត​វិធានការ ៣ ​ការពារ​ ៣ ​កុំ និង​បន្ត​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី​។

ជាមួយ​គ្នា​នេះ​ដែរ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​ បាន​ប្រកាស​ទៅដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​​ទាំងអស់​មិនត្រូវ​ចល័ត​ចេញ-ចូល​តំបន់​ដែល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ឡើយ ដើម្បី​គ្រប់គ្រង និង​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ​ ១៩​។ ស្ថានទូត​កម្ពុជា​បាន​លើកឡើងថា ក្រសួង​ការងារ​ថៃ​បាន​ចេញ​សេចក្តី​ប្រកាស​ស្នើសុំ​កិច្ចសហការ​ពី​និយោជក រោងចក្រ​សហគ្រាស និង​ក្រុមហ៊ុន​នានា​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​ថៃ​។

ក្រសួង​ការងារ​ថៃ​បានចេញ​នូវ​វិធានការ​ការពារ និង​ត្រួតពិនិត្យ​ទៅ​ដល់​រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​ទាំងអស់​នៅក្នុង​ប្រទេស​ថា​៖ «​ត្រូវ​វាស់​កម្ដៅ​ពលករ​បរទេស បើ​មាន​កម្ដៅ​លើស​ ឬ​មាន​អាការ​ខុស​ប្រក្រតី​ផ្សេងៗ រៀបចំ​អាល់កុល​សម្រាប់​លាងដៃ​នៅ​តាម​ទីកន្លែង​ធ្វើការ ច្រកចេញ-ចូល និង​តាម​បន្ទប់ទឹក ពលករ​បរទេស​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់ ពាក់​ស្រោមដៃ និង​រក្សា​គម្លាត​ពេល​បំពេញការងារ និង​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​ពលករ​បរទេស​ឱ្យ​យល់ដឹង​ពី​វិធី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​១៩​ដោយ​ខ្លួនឯង​»​។

ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​ថៃ​ បានស្នើ និង​អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​នៅ​ទីនោះ​បន្ត​ចូលរួម​សហការ​ និង​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ថៃ​ឱ្យបាន​ខ្ជាប់ខ្ជួន មាន​ប្រសិទ្ធភាព​ខ្ពស់ និង​រក្សា​សុខភាព​អនាម័យ​ដើម្បី​បង្ការ​ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ បន្តទៀត​។

ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​ថា ពុំមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩​ ថ្មី​ទៀត​ទេ និង​បាន​ព្យាបាល​ជាសះស្បើយ ចំនួន​ ២ ​នាក់​បន្ថែមទៀត ដែល​ធ្វើឱ្យ​អ្នកជំងឺ​នៅសល់​មាន​ចំនួន​ ១៤ ​នាក់​ទៀត​។

អ្នក​ដែល​បានជា​សះស្បើយ​នោះ មាន​ម្នាក់​ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា ​ដែល​ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​ ២១ ​ឆ្នាំ ​ស្នាក់នៅ​សង្កាត់​វាលស្បូវ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ធនាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ធ្វើតេស្ត​អវិជ្ជមាន​វីរុស​កូវីដ​ ១៩ ​ចំនួន​ ២ ​លើក និង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ផងដែរ​។

ចំណែក​អ្នកជា​សះស្បើយ​ ១ ​រូប​ទៀត ជា​បុរស​ជនជាតិខ្មែរ អាយុ​ ២៦ ​ឆ្នាំ ស្នាក់នៅ​ស្រុក​ដងទង់ ខេត្តកំពត ដែល​បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង និង​បានធ្វើ​តេស្ត​អវិជ្ជមាន​វីរុស​កូរ៉ូណា​ចំនួន​ ២ ​ដង​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​ ១៩​ ចំនួន​ ៣៦៣ ​នាក់ ក្នុងនោះ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​ ៣៤៩ ​នាក់​។

ទន្ទឹមនឹង​នេះដែរ លោកស្រី​ ឱ វណ្ណឌីន ​បាន​ធ្វើការ​ណែនាំ​ទាក់ទង​នឹង​ការបាញ់ទឹក​សម្លាប់​មេរោគ ឬ​សារធាតុ​សម្លាប់​មេរោគ​ ឬ​អាល់កុល​លើ​សរីរាង្គ​មនុស្ស​។

លោកស្រី​ថា ការលាងដៃ​ដោយ​អាល់កុល​ ឬ​ជែល​ដែល​ផលិត​ត្រឹមត្រូវ​តាម​បច្ចេកទេស មិន​ប៉ះពាល់​សុខភាព​ទេ ព្រោះ​វា​បាន​ជួយ​សម្អាត​បាតដៃ មិន​ដូចនឹង​ការបាញ់​លើ​ដងខ្លួន​ឡើយ​ហើយ​ការបាញ់​មួយ​ភ្លែត​លើ​ដងខ្លួន​នោះ ក៏​មិនបាន​ជួយ​អ្វី​ដែរ​។

លោកស្រី​ ឱ វណ្ណឌីន ​បាន​ពន្យល់ថា​៖ «​ការបាញ់​លើ​សម្លៀកបំពាក់​ ឬ​ស្បែកជើង​ ឬ​របស់​ប្រើប្រាស់​ដើម្បី​សម្លាប់​មេរោគ ជាការ​ល្អ មិនជា​បញ្ហា​អ្វី​ទេ សូម​ចៀសវាង​តែ​ការបាញ់​ផ្ទាល់​លើ​ខ្លួនប្រាណ និង​ការប៉ះពាល់​ដល់​ភ្នែក​ ឬ​អាច​ចូល​មាត់ និង​ការ​ស្រូប​ចូល​ផ្លូវដង្ហើម​ដោយ​ភ្លេចខ្លួន​ ឬ​ដោយ​ប្រការ​ណាមួយ ដែល​អាច​មាន​ផលប៉ះពាល់​ដល់​សុខភាព​»៕

វីដេអូ៖