ភ្នំពេញៈ មន្ត្រី​សុខាភិបាល​បាន​ចាប់ផ្ដើម​បាញ់សម្លាប់​មេរោគ​នៅតាម​សាលារៀន​ដែល​ធ្លាប់ប្រើប្រាស់​ជា​មណ្ឌល​ធ្វើ​ចត្តាឡីស័ក ដើម្បី​ប្រគល់​សាលារៀន​ទាំងនោះ​ឱ្យ​ក្រសួង​អប់រំ​រៀបចំ​ត្រៀម​បើក​ដំណើរការ​សិក្សា​ឡើងវិញ​។ ការរៀបចំ​នេះ​បាន​ធ្វើឡើង​ស្របពេល​ក្រសួង​អប់រំ​បាន​ប្រកាស​បើក​ដំណើរការ​សាលារៀន​ដំណាក់កាល​ទី​ ២ ចាប់ពី​ថ្ងៃទី​ ១ ខែ​កញ្ញា ឆ្នាំ​ ២០២០​។

លោក ឡៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិលមិញ​ថា នៅក្នុង​ខេត្តកោះកុង​គឺមាន​សាលារៀន​ចំនួន​ ២ ធ្លាប់បាន​ប្រើប្រាស់​ជា​មណ្ឌល​ធ្វើ​ចត្តាឡីស័ក គឺ​វិទ្យាល័យ​កោះកុង​ស្ថិត​នៅ​ទី​រួម​ខេត្តកោះកុង និង​វិទ្យាល័យ ហ៊ុន សែន ចាំយាម ស្ថិត​នៅក្បែរ​ព្រំដែន​ក្នុង​ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា​។

លោក​បន្តថា សាលារៀន​ទាំង​ ២ ​នេះ​ត្រូវ​មន្ត្រី​សុខាភិបាល​បាញ់ថ្នាំ​សម្លាប់​មេរោគ​សម្អាត​រួចហើយ ដើម្បី​ប្រគល់​ទៅ​ឱ្យ​ក្រសួង​អប់រំ រៀបចំ​សម្រាប់​បើក​សាលារៀន​ឡើងវិញ​នៅក្នុង​ការបើក​សាលារៀន​ដំណាក់កាល​ទី​ ២ ខាង​មុខ​នេះ​។

លោក​ថា​៖ «​ខ្ញុំ​បាន​សម្អាត​អនាម័យ​ទៅតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។ យើង​បាន​ប្រគល់​ឱ្យ​គាត់​ក្រសួង​អប់រំ​អស់​វិញ​ហើយ ដោយសារ​ក្រសួង​អប់រំ​ហ្នឹង មាន​គោលបំណង និង​គោលការណ៍​គឺ​ពី​ថ្ងៃទី​ ១ ខែ​ ៩ ​ហ្នឹង រៀបចំ​បើក​សាលារៀន​ឡើងវិញ​ដែល​ក្នុង​ ១ ​ថ្នាក់​ដាក់​សិស្ស​តែ​ ២០ ​នាក់​»​។

លោក​បន្តថា បច្ចុប្បន្ន​ខេត្ត​កោះកុង​បាន​ជ្រើស​ទីតាំង​ថ្មី​សម្រាប់​ធ្វើជា​មណ្ឌល​ចត្តាឡីស័ក​គឺ​ទីតាំង​ស្ថិត​នៅក្នុង​សាលាខេត្ត​ចាស់​ដែល​មិន​ប្រើការ​។

លោក​បញ្ជាក់ថា កន្លង​មក​អ្នក​ធ្វើ​ចត្តាឡីស័ក​ភាគច្រើន​នៅ​ខេត្ត​កោះកុង គឺជា​ពលករ​មកពី​ប្រទេស​ថៃ និង​មួយចំនួន​មកពី​ប្រទេស​ម៉ាឡេស៊ី ដែល​សរុប​មាន​ចំនួន​ ៣១០ ​នាក់ ហើយ​ក្នុងនោះ​មាន​ចំនួន​ ២ ​នាក់​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺឆ្លង​កូវីដ​១៩​កាលពី​អំឡុង​ខែមីនា និង​ខែមេសា​។

លោក​បញ្ជាក់​ទៀត​ថា នៅពេល​នេះ​នៅ​សល់​អ្នកធ្វើ​ចត្តាឡីស័ក​តែ​ម្នាក់​ប៉ុណ្ណោះ​នៅក្នុង​ទីតាំង​សាលាខេត្ត​ចាស់​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​មិនបាន​បញ្ជាក់បន្ថែម​អំពី​ការឈប់​យក​ទីតាំង​សាលារៀន​ធ្វើជា​មណ្ឌល​ចត្តាឡីស័ក​នេះឡើយ ដោយសារ​ជាប់រវល់​ប្រជុំ​មិនទាន់​អាច​និយាយ​បាន​។ មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា មិន​បញ្ជាក់​អំពី​បញ្ហា​នេះដែរ ដោយ​លោក​លើកឡើង​ថា ក្រសួង​នឹង​ជូនដំណឹង​បន្ថែម​អំពី​ការបើក​សាលា​ដំណាក់កាល​ទី​ ២ ដែលមាន​សាលាមតេ្តយ្យ បឋម និង​មធ្យមសិក្សា​។

លោក​ថា​៖ «​នៅ​ចំពោះមុខ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​អំពាវនាវ​ដល់​គណៈគ្រប់គ្រង​គ្រឹះស្ថានសិក្សា​ដែល​ពាក់ព័ន្ធ​បន្ត​ត្រៀមខ្លួន​រៀបចំ​គ្រឹះស្ថានសិក្សា​តាម​គោលការណ៍​ប្រតិបត្តិ​ស្ដង់ដារ សម្រាប់​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុង​បរិបទ​កូវីដ​១៩»​។

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​បាន​លើកឡើង​ដែរ​ថា នៅក្នុង​ការបើក​សាលារៀន​ដំណាក់កាល​ទី​ ២ ​នេះ​គឺ​នៅ​រាជធានី​ភ្នំពេញ​បាន​ជ្រើសរើស​សាលារៀន​បាក់ទូក​ធ្វើ​ជា​គំរូ ដើម្បី​បើក​ដំណើរការ​សាកល្បង​ឡើងវិញ​មុនគេ​។ ចំពោះ​ការដក​យក​សាលារៀន​ចំនួន​ ៤ ​នៅ​ភ្នំពេញ​ដែល​កំពុង​ប្រើប្រាស់​ជា​មណ្ឌល​ចត្តាឡីស័ក​មក​ប្រើប្រាស់​សម្រាប់​ការបើក​សាលារៀន​ឡើងវិញ​នោះ គឺ​លោក​មិនទាន់​បាន​បញ្ជាក់​នៅពេល​នេះ​បាន​ទេ និង​ត្រូវ​រង់ចាំ​ការប្រជុំ​សម្រេច​រវាង​ប្រធាន​មន្ទីរអប់រំ​គ្រប់​រាជធានី-ខេត្ត​ ជាមួយ​លោក ហង់ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៕