
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាននាពេលកន្លងមក។ ហ៊ាន រង្សី
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា៖ «មានសមត្ថភាពអច្ឆរិយ» ក្នុងការដឹកនាំ ទើបធ្វើឱ្យកម្ពុជាបានឆ្លងផុតនូវដំណាក់កាលស្មុគស្មាញដែលមានហានិភ័យខ្ពស់នៃការចម្លងជំងឺកូវីដ១៩ ខណៈលោក ហ៊ុន សែន បានថ្លែងអំណរគុណដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលក្នុងការធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩។
យោងតាមអត្ថបទមួយដែលសរសេរដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា កម្ពុជាពិតជាមានសំណាងដ៏ធំធេងមិនអាចវាស់វែងបានឡើយ ដែលមានប្រមុខដឹកនាំប្រទេសដែល «មានសមត្ថភាពអច្ឆរិយ ប្រកបដោយបេះដូងមនុស្សធម៌ពិតៗ មានទស្សនវិស័យត្រឹមត្រូវ ភាពម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃព្រមទាំងការគោរពស្រឡាញ់ និងការយកចិត្តទុកដាក់ជាទីបំផុតលើសុខភាពប្រជាជនទូទៅដែលធ្វើឱ្យប្រទេសកម្ពុជា មិនទាន់មានការចម្លងវីរុសកូរ៉ូណាចូលក្នុងសហគមន៍ និងមិនទាន់មានអ្នកស្លាប់ ដោយសារជំងឺមួយនេះនៅឡើយ រហូតមកទល់ពេលនេះ»។
លោកស្រីបានបន្តថាកម្ពុជាបានឆ្លងកាត់នូវវិញ្ញាសា ឬព្រឹត្តិការណ៍ធំៗចំនួន ៤ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងសភាពការណ៍បានល្អប្រសើរ។ វិញ្ញាសាទាំងនោះមានព្រឹត្តិការណ៍នៃការវិលត្រឡប់របស់ពលករកម្ពុជាចូលមកក្នុងប្រទេសនៅពេលដែលកំពុងតែមានការរាតត្បាតខ្លាំងនៅបណ្ដាប្រទេសក្នុងតំបន់ និងនៅលើសកលលោក។
លោកស្រី ឱ វណ្ណឌីន បន្ថែមថា៖ «ទី២ គឺព្រឹត្តិការណ៍នាវាខ្នាតយក្ស MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ ការគ្រប់គ្រងអ្នកដំណើរមកពីក្រៅប្រទេសក្នុងពេលដែលមានការគិតគូរ ដោយយកចិត្តទុកដាក់ក្នុងការសម្រួលឱ្យបងប្អូនខ្មែរ ដែលជាប់គាំងនៅក្រៅប្រទេសអាចបានវិលត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញ និងតម្រូវការនៃអ្នកដំណើរផ្សេងៗទៀត ចូលមកកាន់កម្ពុជា និងវិញ្ញាសាទី ៤ គឺព្រឹត្តិការណ៍ ៣ វិច្ឆិកា ដែលទើបតែកន្លងទៅថ្មីៗនេះ»។
លោកស្រីថា ហេតុការណ៍ទាំងនេះបានឆ្លុះបញ្ចាំងច្បាស់ណាស់ថា «លោក ហ៊ុន សែន ពិតជាកុលបុត្រខ្មែរដ៏ឆ្នើម និងពិតជាប្រមុខដឹកនាំដ៏ខ្លាំងក្លាដែលមិនអាចខ្វះបានរបស់កម្ពុជាជារៀងរហូត»។
ជាមួយគ្នានេះដែរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានប្រកាសបិទព្រឹត្តិការណ៍ ៣ វិច្ឆិកាកាលពីថ្ងៃទី ១៨ ខែវិច្ឆិកាមក លោកក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចរៀបចំនូវពិធីរៀបអាពាហ៍ពិពាហ៍បានដោយប្រកាន់ខ្ជាប់ខ្ជួននូវអនាម័យល្អតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោក ហ៊ុន សែន បានលើកឡើងតាមរយៈសារសំឡេងមួយនាយប់ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០ ថា៖ «ខ្ញុំសូមស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមានការរៀបអាពាហ៍ពិពាហ៍ គឺអនុញ្ញាតឱ្យបងប្អូនរៀបការទៅ។ ជាទម្លាប់ប្រពៃណីខ្មែររបស់យើងចាប់ពីខែនេះរហូតដល់ចូលវស្សា ជាពិសេសរដូវរំហើយនេះ មានរៀបអាពាហ៍ពិពាហ៍។ ដូច្នេះសូមសម្រួលឱ្យមានការរៀបអាពាហ៍ពិពាហ៍ គ្រាន់តែឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងនឹងការរក្សាអនាម័យ ទាក់ទងនឹងអ្វីជាតម្រូវការការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ»។
លោក ហ៊ុន សែន ពីថ្ងៃម្សិលមិញបានសរសេរលិខិតថ្លែងអំណរគុណចំពោះលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល ប្រធានវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមការងារសម្រាប់ជំនួយដ៏ប្រពៃដែលពួកគាត់បានផ្តល់ជូនដើម្បីគាំទ្រដល់ការធ្វើតេស្តរកកូវីដ១៩លើមន្ត្រីរដ្ឋាភិបាលកម្ពុជារួមទាំងរូបលោកផ្ទាល់ ព្រមទាំងមនុស្សទាំងអស់ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលនៅក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា ដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល។
លោក ហ៊ុន សែន បានលើកឡើងថា៖ «កាយវិការនេះពិតជាបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់លោកស្រីក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះវិបត្តិសកលដែលពុំធ្លាប់មានពីមុននេះ»។
លោកបន្តថា ទោះបីជាករណីកូវីដ ១៩ កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងតំបន់ និងពិភពលោកក៏ដោយ ក៏លោកជឿជាក់ថា ដោយមានការគាំទ្រយ៉ាងខ្លាំងពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកស្រី ឡូរ៉ង់ បារីល ប្រទេសកម្ពុជានឹងអាចឆ្លងផុតពីការគំរាមកំហែងរួមជាសកលនេះ។
បន្ទាប់ពីលោក ហ៊ុន សែន ផ្ញើលិខិតថ្លែងអំណរគុណដល់វិទ្យាស្ថានប៉ាស្ទ័ររួចមក លេខាធិការដ្ឋាននៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាះសារលើបណ្តាញសង្គមរបស់ខ្លួនថា មន្ទីរពិសោធន៍វីរុសសាស្ត្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ និងសម្ពោធនៅឆ្នាំ ១៩៩៦ ដោយលោក ហ៊ុន សែន ហើយវិទ្យាស្ថាននេះមានកិត្តិយសដែលបានបម្រើការដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា។
លេខាធិការដ្ឋានបានលើកឡើងថា ៖ «វិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការរួមគ្នាជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការការពារជំងឺកូវីដ ១៩ និងជំងឺឆ្លងផ្សេងៗទៀត ដែលកំពុងកើតឡើងតាមរយៈការស្រាវជ្រាវ ការគាំទ្រនូវសុខភាពសាធារណៈ និងការអប់រំ»។
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក៏បានថ្លែងអំណរគុណផងដែរដល់បុគ្គលិកទាំងអស់ដែលខិតខំប្រឹងប្រែងធ្វើការដែលបានផ្តល់ការឆ្លើយតបទាន់ពេលវេលាទៅនឹងជំងឺកូវីដ ១៩។
កាលពីថ្ងៃម្សិលមិញក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងស្តីពីការបើកដំណើរការសាលាបណ្តុះបណ្តាលឡើងវិញនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ដោយគ្រឹះស្ថានទាំងអស់ត្រូវគោរពតាមគោលការណ៍ស្តង់ដាការពារការចម្លងជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាលបានណែនាំ។
ជាមួយគ្នានេះដែរលោក ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវរោងភាពយន្ត និងសារមន្ទីរនានានៅទូទាំងប្រទេសចាប់ពីពេលនេះតទៅ ដោយត្រូវគោរពតាមគោលការណ៍ប្រតិបត្តិស្តង់ដា ការពារការចម្លងជំងឺកូវីដ ១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានមួយកាលពីថ្ងៃម្សិលមិញថា អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកាផ្ទាល់ និងប្រយោលសរុបចំនួន ១ ៤២២ នាក់ ទទួលបានលទ្ធផលតេស្តពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូរ៉ូណាទាំងអស់សម្រាប់ការធ្វើតេស្តលើកទី៤ នាថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០។
បើតាមក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី ១៩ ខែវិច្ឆិកា កម្ពុជាមានអ្នកធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ សរុបចំនួន ៣០៤ នាក់ (ស្ត្រី ៦២ នាក់) ក្នុងនោះត្រូវបានព្យាបាលជាសះស្បើយសរុបចំនួន ២៩១ នាក់ ឯអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានចំនួនសរុប ១៣ នាក់៕