ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ជំងឺគ្រុនឈីកបានផ្ទុះរាលដាលដល់ ១៥ ខេត្ត នៅកម្ពុជាដែលទាមទារឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រូវលុបបំបាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត ខណៈអ្នកសង្ស័យឆ្លងជំងឺនេះបានកើនដល់ជិត ២ ០០០ នាក់។
លោកស្រី ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យក្រសួងសុខាភិបាលផងនោះបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីម្សិលមិញថា តាមរបាយការណ៍ស្រាវជ្រាវ និងតាមដានពីកម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បរាសិតសាស្ត្រ និងបាណកសាស្ត្រត្រឹមថ្ងៃទី ៥ ខែសីហា គឺមានករណីសង្ស័យជំងឺគ្រុនឈីកកើនដល់ ១ ៧០០ ករណី។
លោកស្រីបន្តថា ករណីជំងឺនេះគឺបានកើតឡើងក្នុងខេត្តចំនួន ១៥ ទូទាំងប្រទេសដោយខេត្តខ្លះមានច្រើនករណី ចំណែកខេត្តខ្លះមានត្រឹមតែពី ១ ទៅ ២ ករណីទៅតាមតំបន់នៃខេត្តនីមួយៗ។
លោកស្រីបញ្ជាក់ថា៖ «របាយការណ៍លើកមុននោះយើងមាន ១២ ខេត្តទេ តែលើកនេះថែមខេត្តចំនួន ៣ ទៀតគឺខេត្តកំពង់ធំ បាត់ដំបង និងខេត្តកណ្តាល។ ខ្ញុំសុំជូនឈ្មោះខេត្តទាំង ១៥ នេះគឺមានស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្តរមានជ័យ កំពតត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ ខេត្តកណ្តាល បន្ទាយមានជ័យ កំពង់ចាម និងខេត្តសៀមរាប»។
លោកស្រីបានបន្ថែមថា ចំពោះ ១ ៧០០ ករណីសង្ស័យនេះ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម កំពុងវិភាគដោយយកចិត្តទុកដាក់ ហើយតាមលទ្ធផលថា បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ព្រះវិហារ សៀមរាប ស្ទឹងត្រែង ព្រះសីហនុ និងបាត់ដំបងដែលធ្វើតេស្តលើអ្នកសង្ស័យទាំងនោះ បានរកឃើញអ្នកមានជំងឺគ្រុនឈីកដល់ទៅ ៧២,៤០ ភាគរយ។
លោកស្រីបានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមបញ្ជាក់ថា យើងរកឃើញ ៧២,៤០ ភាគរយដែលនេះជាចំនួនខ្ពស់ដែរ ហើយដែលបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីព្រោះយើងមានរដូវភ្លៀងធ្លាក់មកហើយ ដែលកកើតមូសក៏មានច្រើនផងដែរ»។
ទោះយ៉ាងណាក្ដីលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងចំនួននៃអ្នកសង្ស័យសរុបទាំង ១ ៧០០ ករណីនោះគឺភាគច្រើនបានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញហើយ ដោយនៅសល់តែមួយចំនួនប៉ុណ្ណោះដែលកំពុងទទួលការព្យាបាល ជាពិសេសករណីរកឃើញថ្មី។
បើតាមលោកស្រី ឱ វណ្ណឌីន ករណីសង្ស័យនៃជំងឺគ្រុនឈីកនេះមានការកើនឡើងជាពិសេសនៅខេត្តសៀមរាបកើនពី ៤៦៧ ករណី ដល់ ៦៧៤ ករណី,ខេត្តកំពង់ចាមកើនពី ១៤៦ ករណីដល់ ២៨០ ករណី,ខេត្តកណ្តាលកើនពី ១៤២ ករណី ដល់ ១៦៤ ករណី និងខេត្តបន្ទាយមានជ័យកើនពី ២១១ ករណី ដល់ ២២៧ ករណី។ ចំណែកខេត្តមួយចំនួនទៀតមានការកើនឡើងតិចតួចបំផុត ខណៈខេត្តខ្លះមិនទាន់មានការកើនឡើងករណីសង្ស័យនេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី ២៣ កក្កដា បានឲ្យដឹងថា ជំងឺគ្រុនឈីកបានកើតឡើងដំបូងបំផុតនៅក្នុងឆ្នាំ ១៩៥៣ នៅទ្វីបអាហ្វ្រិក និងធ្លាប់បានរកឃើញដំបូងនៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាកាលពីឆ្នាំ ១៩៦១ និងនៅឆ្នាំ ២០១១។
ក្រសួងសុខាភិបាលបានដឹងទៀតថា ជំងឺគ្រុនឈីកគឺជាជំងឺបង្កឡើងដោយវីរុសឈីក ហើយចម្លងតាមរយៈមូសខ្លាញីខាំ ជាពិសេសខាំនៅពេលថ្ងៃ។ រោគសញ្ញាជំងឺនេះស្រដៀងនឹងជំងឺគ្រុនឈាមដែរ ដោយគ្រាន់តែអ្នកផ្ទុកជំងឺគ្រុនឈីក មានអាការក្តៅខ្លួន ឡើងកន្ទួលក្រហម និងឈឺសន្លាក់រាងកាយ។
ជំងឺគ្រុនឈីកមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ ដោយវានឹងជាសះស្បើយក្នុងអំឡុងពេល ១ សប្តាហ៍ ឬយូរជាងនេះដោយគ្រាន់តែធ្វើឲ្យអ្នកជំងឺមានអាការឈឺសន្លាក់ដៃជើងយូរឆ្នាំ។ ប៉ុន្តែប្រសិនបើអ្នកជំងឺឈីកកើតក្នុងអំឡុងពេលមានជំងឺផ្សេងទៀតដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ នឹងអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតបាន។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ការបាញ់ថ្នាំសម្លាប់មូស និងដាក់ថ្នាំអាបែតគឺអាចការពារពីការចម្លងជំងឺឈីកបានតែជាង ៣៣ ភាគរយប៉ុណ្ណោះ ខណៈវិធានការបំបាត់ជម្រកមូសខ្លា និងការគេងក្នុងមុង គឺអាចការពារពីជំងឺនេះរហូតដល់ទៅ ៦៦ ភាគរយ។
លោក បូ សាវី ពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញដែរថា កូនរបស់លោក ៣ នាក់ក្នុងចំណោមកូន ៥ នាក់បានឆ្លងជំងឺគ្រុនឈីកក្នុងពេលតែមួយខណៈលោកកំពុងបារម្ភពីការឆ្លងទៅសមាជិកគ្រួសារបន្តទៀត ព្រោះជំងឺនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស។
លោក សាវី ដែលបាននាំកូនទៅពិនិត្យព្យាបាលជំងឺឈីកនៅពេទ្យឯកជនបានបញ្ជាក់ថា៖ «កូនក្មេងមិនដឹងវាទៅលេងនៅណា នៅឯណីទេ ព្រោះមានភ្លៀងធ្លាក់ ដីក៏សើម ហើយជុំវិញផ្ទះក៏មានព្រៃ មានស្មៅអី។ មានអ្នកមកពេទ្យច្រើនដែរ ថាឈឺឈីកដូចគ្នា ហើយជុំវិញផ្ទះរបស់ខ្ញុំក៏មានអ្នកឈឺឈីកដែរ។ អាជំងឺនេះវាឆ្លងលឿនមែន ដូច្នេះយើងត្រូវរក្សាអនាម័យ និងសម្អាតផ្ទះសំបែង ព្រោះការបាញ់ថ្នាំមូស មិនមានប្រសិទ្ធភាពបានយូរទេ»៕
វីដេអូ៖