ភ្នំពេញៈ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​បដិសេធ និង​ថ្កោលទោស​ចំពោះ​ការផ្សព្វផ្សាយ​ដែលថា ក្រសួង​បាន​លួច​លក់​វ៉ាក់សាំង​កូវីដ ​១៩ ​ស៊ីណូហ្វាម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​ថា ការចាក់​វ៉ាក់សាំង​នេះ​ក៏​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ដែរ ខណៈ​ការចាក់​វ៉ាក់សាំង​ពីដំបូង គឺ​​ធ្វើឡើង​សម្រាប់តែ​ក្រុមមនុស្ស​ស្ម័គ្រចិត្ត​តាម​ការប្រកាស​ពី​​ក្រសួង​សុខាភិបាល​។

លោកស្រី​បាន​បញ្ជាក់ កាលពី​ម្សិលមិញ​ថា​៖ «​ខ្ញុំ​សុំ​ប្រកាស​ច្រានចោល​ទាំងស្រុង ហើយ​​ក៏​សូម​ថ្កោលទោស​ចំពោះ​ជន​ដែល​បំពុលសង្គម​ដែល​ប្រឌិត​បង្កើត​នូវ​ពាក្យ និង​ព័ត៌មាន​ដែល​មិន​ពិត​នេះ​ឡើង ដោយសារ​យើង​មិនមាន​ការចាក់​ដោយ​តម្រូវ​ឱ្យ​មាន​ការបង់ប្រាក់​ទេ ហើយ​បច្ចុប្បន្ននេះ​​ក៏​មិនមាន​វ៉ាក់សាំង​ណា​ដែល​ប្រកាស​ចាក់​ដោយ​មាន​ការបង់ថ្លៃ​ដែរ ពីព្រោះ​វ៉ាក់សាំង​យើង​មានកំណត់​»​។

ជាមួយ​គ្នា​នេះ លោកស្រី បាន​ស្នើឱ្យ​អាជ្ញាធរ​ចាត់​វិធានការ​ទៅលើ​ស្ថាប័ន​សារព័ត៌មាន​ដែល​បាន​ផ្សាយ​មិន​ពិត​ពី​រឿងនេះ​ផងដែរ​។

កាលពី​ម្សិលមិញ​នេះដែរ ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​​បានចេញ​សេចក្តី​ជូនដំណឹង​ជា​ភាសា​ចិន ដោយ​អំពាវនាវ​ដល់​ជនរួមជាតិ​របស់ខ្លួន​នៅ​កម្ពុជា​ឱ្យ​ប្រយ័ត្ន​ចំពោះ​ការលក់​វ៉ាក់សាំង​ខុសច្បាប់​។

តាម​សេចក្ដី​ជូនដំណឹង​នេះ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើងថា ថ្មីៗ​នេះ​ស្ថានទូត​បាន​ទទួល​របាយការណ៍​ពី​ពលរដ្ឋ​ចិន​មួយចំនួន​នៅ​កម្ពុជា​ថា មាន​អ្នកខ្លះ​បាន​ផ្ញើ​សារ​ជា​ភាសា​ចិន​តាម​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​ដោយ​អះអាង​ថា គ្រាន់តែ​ត្រូវ​បង់ថ្លៃ​សេវា​ចំនួន​ ១២០ ​ដុល្លារ​អាមេរិក​ ដល់​ពួកគេ​ក្នុង​ការណាត់ ដើម្បី​ចាក់​វ៉ាក់សាំងកូវីដ ១៩​។ ​មាន​មនុស្ស​មួយចំនួន​ទៀត​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ពី​ការលក់​វ៉ាក់សាំង​កូវីដ​របស់​ប្រទេស​ចិន​ក្នុង​តម្លៃ​ ៤៥០ ​ដុល្លារ ដែល​ធ្វើឱ្យ​ប្រជាជន​ចិន​ក្នុង​ប្រទេស​កម្ពុជា​មាន​ការសង្ស័យ​ជាខ្លាំង​។

ស្ថានទូត​ចិន​បាន​រំឭកថា​៖​ «​យោងតាម​ការយល់ដឹង​របស់​យើង​រដ្ឋាភិបាល និង​យោធា​កម្ពុជា​ទទួលខុសត្រូវ​ចំពោះ​ការរក្សា​ទុក និង​ចាក់​វ៉ាក់សាំង​ជំនួយ​របស់​ចិន​។ ពាក្យសុំ​ចាក់​វ៉ាក់សាំង​ត្រូវ​ស្ថិតក្រោម​នីតិវិធី​អនុម័ត​យ៉ាង​តឹងរ៉ឹង​បំផុត​។ មិន​អាចមាន​វ៉ាក់សាំង​នេះ​ចូលក្នុង​ទីផ្សារ​បានទេ​។ ​រាល់​ការផ្សាយ​ពាណិជ្ជកម្ម​នានា​ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​កូវីដ ​១៩​ របស់ ប្រទេស​ចិន​គឺជា​ការ​ក្លែងបន្លំ​ដូច្នេះ​សូមមេត្តា​ប្រុងប្រយ័ត្ន​»​។

ជាមួយ​គ្នា​នេះ​លោកស្រី ឱ វណ្ណឌីន ក៏បាន​សុំ​ការអធ្យាស្រ័យ​ចំពោះ​អ្នក​ដែលមាន​បំណង​ចង់​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ផង​ដែរ ដោយសារ​ចំនួន​វ៉ាក់សាំង​មាន​កម្រិត​ដែល​ត្រូវ​រក្សាទុក​សម្រាប់​ចាក់​លើក​ទី​២ ​ដល់​អ្នក​ដែល​បាន​ចាក់​លើក​ទី​១ ​រួចហើយ​។

លោកស្រី​បាន​បន្តថា អ្នកមិន​ស្ថិតក្នុង​ក្រុម​មនុស្ស​ដែល​មាន​ការប្រកាស​របស់​ក្រសួង សុខាភិបាល​សុំកុំ​ទាន់​មក​ចាក់​វ៉ាក់សាំង ដោយ​រង់ចាំ​មើល​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅពេល​ដែល​ទទួលបាន​វ៉ាក់សាំង​កូវីដ​ ១៩​ ជា​បន្តបន្ទាប់​ទៀត​។

រីឯ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​ក៏បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​របស់ខ្លួន​កាលពី​ម្សិលមិញ​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា ជនបរទេស​ទាំងអស់​ដែល​កំពុង​រស់នៅ​ ឬ​ធ្វើការ​នៅ​កម្ពុជា​នឹង​អាច​ទទួលបាន​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ស្របតាម​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ ​១៩ របស់​ប្រទេស​កម្ពុជា​។

ស្ថានទូត​បាន​បន្តថា៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់ថា ការចាក់​វ៉ាក់សាំង​នឹងត្រូវ​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ ហើយ​ព័ត៌មាន​លម្អិត​នៃ​កម្មវិធី​ចាក់វ៉ាក់សាំង​នេះ​នឹង​ត្រូវ​ផ្តល់ជូន​តាម​ពេលវេលា​កំណត់​។ ​យើង​នឹង​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​ទៀត នៅពេល​យើង​ទទួល​បាន​ព័ត៌មាន​បន្ថែម​»​។

យ៉ាងណាក៏ដោយ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​មិនបាន​បញ្ជាក់​ពី​ដំណើរការ​នៃ​ការចាក់វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​ជូន​ដល់​ជនបរទេស​នឹង​ចាប់ផ្តើម​នៅពេលណា​នោះទេ​។

ដោយឡែក​នៅ​ថ្ងៃទី​ ២៥ ខែកុម្ភៈ​នេះ មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​នឹង​អនុវត្ត​កម្មវិធី​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ លើក​ទី​១ ​ដល់​មន្ត្រីនគរបាល​ខេត្ត មន្ត្រីរាជការ​សុខាភិបាល​ទូទាំង​ខេត្ត និង​និស្សិត​សាលា​មធ្យមសិក្សា​សុខាភិបាល​ភូមិភាគ​បាត់ដំបង​។

តាម​ការឱ្យ​ដឹង​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ការចាក់​វ៉ាក់សាំង​នេះ​នឹង​ចាប់ផ្តើម​ពី​ម៉ោង​ ៨ ​ព្រឹក​ ដល់​ម៉ោង​ ១២ ​ថ្ងៃត្រង់ និង​ពី​ម៉ោង​ ២ ​ដល់​ម៉ោង​ ៥ ​រសៀល​។ ការចាក់​នេះ​នឹងធ្វើ​នៅក្នុង​ទីតាំង​ចំនួន​ ៦ ​គឺ មន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង​, មន្ទីរពេទ្យ​បង្អែក​មោងប្ញស្សី​, មន្ទីរពេទ្យ​បង្អែក​សំពៅ​លូន​, មន្ទីរពេទ្យ​បង្អែក​ថ្មគោល​, មន្ទីរពេទ្យបង្អែក​បវេល និង​មន្ទីរពេទ្យបង្អែក​ឯកភ្នំ​។

ចំណែក​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ បានចាប់ផ្តើម​ពីថ្ងៃ​ម្សិលមិញ​ដោយ​ក្នុងនោះ​មាន​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​បាន​ចូលរួម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​នេះ​ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបុរី​។

រីឯ​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ សម្រាប់​ខេត្ត​បន្ទាយមានជ័យ​គឺមាន​ចំនួន​ ៤ ​កន្លែង​គឺ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គលបុរី​, មន្ទីរពេទ្យបង្អែក ស្រុក​ថ្មពួក​, មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត និង​មន្ទីរពេទ្យបង្អែក ព្រះនេត្រព្រះ​៕

វីដេអូ៖