ពោធិ៍សាត់ៈ ប្រធាន ​អនុ​ប្រធាន ​និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ចំនួន ៣ រូប​ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​នឹង​កំពុង​ធ្វើ​ការ​សាកសួរ ​បន្ទាប់​ពី​អង្គភាព​នេះ​បាន​ឃាត់​ខ្លួន​ពួក​គេ ​កាល​ពី​ថ្ងៃ​ទី ​២៧ ខែ កក្កដា​ ដោយ​សង្ស័យ​ឃុបឃិត​​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​ទារ​លុយ​ពី​ពលរដ្ឋ​ម្ចាស់​ដី​ចំនួន ​១០ ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​​ការ​ចេញ​ច្បាប់​សាងសង់​សំណង់​អគារ។

លោក ​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​(ACU) ពី​ម្សិលមិញ ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ការ​ឃាត់​ខ្លួន​មន្ត្រី​ទាំង ៣ នាក់​នេះ​នៅ​ឡើយ​ទេ​ ដោយ​លោក​បាន​ព្យាយាម​ចុច​ផ្ដាច់​ទូរស័ព្ទ​ទៅ​វិញ។

ប៉ុន្ដែ​សារព័ត៌មាន ​Thmey Thmey បាន​ដក​ស្រង់​សម្ដី​លោក ​ឱម យ៉ិនទៀង​ ពី​ម្សិលមិញ​ថា​៖ «ខ្ញុំ​ឃើញ​មាន​ការ​ចុះ​ផ្សាយ​ហើយ វា​មាន​ច្រើន​ករណី ​ហើយ​ករណី​មួយ​ដែល​គេ​បាន​ផ្សាយ គឺ​ការ​ទារ​លុយ​ពី​ពលរដ្ឋ​ចំនួន ១០ ម៉ឺន​ដុល្លារ ​ប៉ុន្ដែ​រឿង​​លម្អិត​ជាង​នេះ យើង​មិន​ទាន់​អាច​និយាយ​បាន​ទេ​ព្រោះ​នីតិវិធី​កំពុង​សាកសួរ​គាត់»​​។

លោក​បន្ត​ថា​៖ «ពួក​គេ​បាន​ទាមទារ​លុយ​ពី​ពលរដ្ឋ​ជា​ថ្នូរ​បញ្ហា​ដីធ្លី ​និង​ច្បាប់​សំណង់​ យើង​បាន​នាំ​ខ្លួន​ពី​កន្លែង​ប្រព្រឹត្ត​ជាក់​ស្ដែង​មក ​យើង​បាន​សាកសួរ ​និង​ពិនិត្យ​ភ័ស្ដុតាង។ នៅ​រសៀល​ថ្ងៃទី ២៧ ​កក្កដា​​ យើង​បាន​ប្រកាស​ឃាត់​ខ្លួន ​ក្រោយ​ពី​ប្រកាស​ឃាត់​ខ្លួន​ហើយ ​យើង​ក៏​បាន​ជូន​ដំណឹង​ទៅ​ព្រះ​រាជអាជ្ញា​ថា​ យើង​បាន​ឃាត់​ខ្លួន។ យើង​កំពុង​បន្ត​នីតិវិធី ​៤៨ ​ម៉ោង ​ដើម្បី​បញ្ជូន​ទៅ​តុលាការ»។

ចំណែក​សារព័ត៌មាន ​Fresh News បាន​ចេញ​ផ្សាយ​ពី​ម្សិលមិញ​ថា ​ប្រធាន ​អនុប្រធាន ​និង​មន្ត្រី​មន្ទីរ​សុរិយោដី ខេត្ត​ពោធិ៍សាត់ ​ដែល​ត្រូវ​ចាប់​ខ្លួន​ ៣ នាក់ ​រួមមាន​ ទី១-​ឈ្មោះ​ លៀម ប៊ុនរឿន ​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ ទី២-ឈ្មោះ ​ជាង វុទ្ធី ​អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់ ​និង​ទី៣-​ឈ្មោះ​តែ ប៊ុន​ថេង ​មន្ត្រី​សុរិយោដី​ខេត្ត​ទទួល​បន្ទុក​ច្រក​។

សារព័ត៌មាន​ផ្សាយ​បន្ត​ថា ​ពួក​គេ​ទាំង ៣ នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សង្ស័យ​ពាក់​ព័ន្ធ​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ដោយ​ខុស​ច្បាប់​ចំនួន ​១០ ម៉ឺន​ដុល្លារ ​ជា​ថ្នូរ​ចេញ​ច្បាប់​សាងសង់។ ការ​ឃាត់​ខ្លួន​នេះ​ នៅ​ភោជនីយដ្ឋាន​មហា​លាភ ​ក្រុង​ពោធិ៍សាត់ ​នៅ​ថ្ងៃ​ទី ២៧ ​កក្កដា​ ​ខណៈ​ពួក​គេ ​និង​ម្ចាស់​ដី​ណាត់​ជួប​គ្នា​ ដើម្បី​ប្រគល់​លុយ។

Fresh News បញ្ជាក់​ថា​៖ «ប្រភព​បាន​បង្ហើប​ថា​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់ បាន​ទារលុយ​ពី​គេ​ចំនួន ​៤ ម៉ឺន​ដុល្លារ​ គេ​មិន​ព្រម បង្ក​ការ​លំបាក​ទាល់​តែ​គេ​មក​អង្វរ ក៏​ទារ​ពី​គេ​ដល់ ១០ ម៉ឺន​ដុល្លារ ​ទើប​ចេញ​ច្បាប់​សាងសង់​ឲ្យ ហើយ​ត្រូវ​កក់​ភ្លាម ​៥០ ភាគរយ ​(៥ ម៉ឺន​ដុល្លារ)។ កាល​ពី​ថ្ងៃទី ២៦ ​ខែ កក្កដា ​ឆ្នាំ ២០១៩ គេ​កក់ ៥ ពាន់​ដុល្លារ ​នៅ​បន្ទប់​ការិយាល័យ​ប្រធាន​មន្ទីរ​តែ​ម្តង ​ហើយ​នៅ​ព្រឹក​ថ្ងៃទី ២៧​ ខែ កក្កដា ​ឆ្នាំ ២០១៩ កក់​ឲ្យ​ ៤ ម៉ឺន ៥ ពាន់​ដុល្លារ​ទៀត ​បង្គ្រប់ ៥០ ​ភាគរយ ​នៅ​ភោជនីយដ្ឋាន ​មហាលាភ ​ទើប​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ឃាត់​នាំ​ខ្លួន​ទាំង​អស់​តែ​ម្តង»។

លោក​ ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​គាំទ្រ​ចំពោះ​សកម្មភាព​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ក៏​ដូចជា​គណៈកម្មការ​បង្ក្រាប ​និង​ទប់ស្កាត់ ​បទល្មើស​ធនធាន​ធម្មជាតិ ​ដែល​មាន​សកម្មភាព​ដ៏​ផុសផុល ក្នុង​កិច្ច​បង្ក្រាប​ភាព​មិន​ប្រក្រតី​ដែល​បំផ្លាញ​កិត្តិយស​រាជរដ្ឋាភិបាល។ លោក​ថា ​ជា​ពិសេស​ក្នុង​កិច្ច​ពង្រឹង​លក្ខណ​សម្បត្តិ​នៃ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​សាងសង់ ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ចាត់​វិធានការ​ ក្នុង​កិច្ច​ផ្តល់​សេវាកម្ម​របស់​រាជរដ្ឋាភិបាល​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​សំណង់​នេះ។

លោក ​ផៃ ស៊ីផាន ​បញ្ជាក់​ថា​៖ «យើង​ខ្ញុំ​នៅ​តែ​លើក​ទឹក​ចិត្ត​ដល់​មហាជន​គ្រប់​រូប​មេត្តា ចូលរួម​កិច្ច​សហការ​ជាមួយ​អង្គភាព ACU និង​គណៈកម្មការ​បង្ក្រាប ​និង​ទប់ស្កាត់​បទ​ល្មើស​ធនធាន​ធម្មជាតិ។ យើង​ទាំង​អស់​គ្នា​រួមគ្នា​ សម្រាប់​សេចក្តីសុខ និង​រុងរឿង​របស់​ប្រជាជាតិ​តាមរយៈ​សហការ ​និង​អនុវត្ត​គ្រប់​ជ្រុងជ្រោយ​នៃ​គោលការណ៍​អភិក្រម​របស់​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី»។

លោក​ សេង ឡូត​ អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយកម្ម ​និង​សំណង់ ​ពី​ម្សិលមិញ​ថ្លែង​ថា ​លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​អ្វី​ថ្មី​បន្ថែម​ទៀត​ទេ ​ដោយ​លោក​ថា ​គ្រាន់​តែ​ដឹង​មន្ត្រី​ទាំង ​៣ នាក់​នេះ​ ត្រូវ​បាន​ ACU ចាប់​ខ្លួន​ពាក់ព័ន្ធ​បទ​ល្មើស​អំពើ​ពុករលួយ។

លោក ​ម៉ៅ ធនិន្ទ ​អភិបាល​ខេត្ត​ពោធិ៍សាត់ ​បាន​ថ្លែង​យ៉ាង​ខ្លី​កាល​ពី​ម្សិលមិញ​ថា​៖ «ខ្ញុំ​ដឹង​ដែរ​ហើយ ​ហើយ​វា​ជា​ការ​អនុវត្ត​ច្បាប់​ ខ្ញុំ​អត់​មាន​ព័ត៌មាន​អ្វី​ទេ​ បើ​ចង់​ដឹង​ច្បាស់​ទៅ​សួរ​អ្នក​ចាប់​ហ្នឹង​ទៅ»។

លោក ​សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា ​(ANSA​) ថ្លែង​ថា​ ករណី​នេះ​មិន​ថា​តែ​លុយ​រហូត​ដល់ ​១០ ម៉ឺន​ដុល្លារ​ សូម្បី​តែ​លុយ​លើស​តម្លៃ​សេវា​រដ្ឋបាល​កំណត់​ ក៏​គេ​ចាត់​ទុក​ជា​ប្រភេទ​អំពើ​ពុក​រលួយ​ដែរ។ រាល់​ការ​ទារ​ទាំង​ឡាយ​ណា​ដែល​លើស​ពី​តម្លៃ​សេវា​សាធារណៈ​ វា​សុទ្ធ​តែ​ទង្វើ​ខុស​ច្បាប់​ទាំង​អស់។

លោក​បន្ត​ថា​៖ «ខ្ញុំ​គិត​ថា​ នីតិវិធី​នៅ​ស្មុគស្មាញ​នៅ​ឡើយ​ពាក់ព័ន្ធ​ការ​សុំ​ច្បាប់​សាងសង់​នេះ ​សូម្បីតែ​ពលរដ្ឋ​សុំ​ច្បាប់​ធ្វើ​ផ្ទះ ​ឬ​ផ្ទះ​ល្វែង​តិចតួច​ហ្នឹង ​ក៏​មាន​ភាព​ស្មុគស្មាញ​ដែរ។ ច្បាប់​បាន​កំណត់​ហើយថា ​តម្លៃ​សេវា​ហ្នឹង​ប៉ុណ្ណឹង​ ប៉ុន្ដែ​នីតិវិធី​នៅ​ស្មុគស្មាញ​ គឺ​ពលរដ្ឋ​ខ្លះ​គាត់​មិន​បាន​​ដឹង​ថា​ កម្រិត​ផ្ទះ​គាត់​ហ្នឹង ​ត្រូវ​សុំច្បាប់​ត្រឹមណា​ ឬ​នៅ​កន្លែង​ណា​ទេ ​ហើយ​ពាក្យ​បំពេញ​សំណុំ​បែបបទ​ហ្នឹង ​ក៏​ពិបាក​បំពេញ​ដែរ ​ដូច្នេះ​វា​ជា​ឱកាស​សម្រាប់​មន្រ្តី​រក​លុយ​កាក់​ទៅ​តាម​ហ្នឹង​ដែរ»។

លោក ​គឹម ស្រ៊ន់ ​មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​ពោធិ៍សាត់​ថ្លែង​ថា​៖ «​ខ្ញុំ​ក៏​គាំទ្រ​ដែរ វា​ជា​ការ​ក្រើន​រំឭក​មន្ត្រី​ដទៃ​ទៀត​ឲ្យ​​បញ្ឈប់​សកម្មភាព​ពុក​រលួយ​របស់​ខ្លួន ​ដើម្បី​ប្រទេស​យើង​គ្មាន​អំពើ​ពុក​រលួយ។ យើង​ជំរុញ​ឲ្យ​មានការ​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់ ​ព្រោះ​ពេល​ខ្លះ​វា​អាច​ជា​អំពើ​ប៉ែង​ជើង​គ្នា ​ដើម្បី​យក​អំណាច​ ឬ​មុខ​តំណែង​ណា​មួយ»៕