ភ្នំពេញៈ ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​ គុជ គឹម​ឡុង​ ពី​ម្សិលមិញ ​បាន​សម្រេច​ចោទ​ប្រកាន់ ​និង​ឃុំខ្លួន​ប្រធាន ​អនុប្រធាន ​និង​មន្ត្រី​សុរិយោដី​ខេត្ត​ពោធិ៍​សាត់​ទាំង ៣ នាក់​ហើយ ​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ចំនួន​ ១០ ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការចេញ​ច្បាប់​ឲ្យសាងសង់​រោងចក្រ​ ដោយ​តុលាការ​បាន​ចោទ​ប្រកាន់​ចំនួន ៣ បទល្មើស។

លោក​ គុជ គឹម​ឡុង ​ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ ​និង​ជា​អ្នកនាំពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ថ្លែងថា ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ ទី ៣១​ ខែ កក្កដា​ ​បន្ទាប់ពី​បញ្ចប់​ការសួរនាំ​ជនជាប់ចោទ​ឈ្មោះ​ លៀម ប៊ុន​រឿន​ ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ ឈ្មោះ ​ជាង វុទ្ធី ​អនុប្រធាន​មន្ទីរ​ទទួល​ការងារ​សំណង់​ និង​ឈ្មោះ​ តែ ប៊ុន​ថេង ​មន្ត្រី​សុរិយោដី​ខេត្ត​ទទួ​ល​បន្ទុក​ច្រក ​តុលាការ​បាន​ចោទ​ពួកគេ​ហើយ ​ប៉ុន្ដែ​លោក​មិនបាន​បញ្ជាក់​មាត្រា​អ្វីខ្លះ​ទេ។

លោក​បញ្ជាក់ថា​៖ «តំណាង​អយ្យការ​បានសម្រេច​ចោទ​ប្រកាន់​បុគ្គល​ទាំង៣នាក់​នេះ​ចំនួន​៣​បទល្មើស ​រួមមាន​ទី១ បទ​វីតិ​ក្រម​ តាម​ក្រម​ព្រហ្មទណ្ឌ ​ទី២ ​បទ​រំលោភ​អំណាច​ តាមច្បាប់​ស្ដីពី​ការប្រឆាំង​អំពើ​ពុករលួយ ​និង​ទី៣​ បទ​សម្អាត​ប្រាក់​ តាមច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ ​និង​ហិរញ្ញវត្ថុ»។

លោក​ ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​(ACU) កាលពី​ម្សិលមិញ ​នៅតែ​មិនទាន់​អាចទាក់ទង​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណីនេះ​បាន​នៅ​ឡើយ​ទេ។

លោក ​សន ជ័យ ​នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណ​នេយ្យ​ភាព​សង្គម​កម្ពុ​ជា (ANSA)​ ថ្លែង​ថា ​វាសនា​មន្ត្រី​ទាំង ៣ នាក់​នេះ​ ប្រហែល​ជា​ពិបាក​នឹង​រួចខ្លួន ​ដោយសារ​មានការ​អន្តរាគមន៍ ​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ រួមផ្សំ​ នឹង​ភ័ស្ដុតាង​ដ៏​ជាក់លាក់​បំផុត​ថែមទៀត។ ម្យ៉ាងទៀត​ វា​ជា​រដូវ​កាល​អនុវត្ត​អភិក្រម​ទាំង ​៥ ​របស់​រដ្ឋាភិបាល​ចំពោះ​មន្ត្រី​ដែល​មិន​ព្រម​កែប្រែ​ឥរិយាបថ​អាក្រក់ៗ​ផងដែរ។

លោក​បញ្ជាក់ថា​៖ «វា​ជា​រឿង​ធម្មតា​ បើសិន​មានការ​បង្ក្រាប​សកម្មភាព​ទៅលើ​ជន​ប្រព្រឹត្ត​កំហុស​ណាមួយ ​គឺអាច​ចាត់​ទុក​ថា​ ជាការ​ព្រមាន​អ្នក​ដែល​កំពុង​មានចិត្ត​ស្ទាក់ស្ទើរ​ក្នុងការ​ប្រព្រឹត្ត​កំហុស​ ហើយ​ពួកគេ​ខ្លះ​ក៏​កំពុង​ភ័យ​ខ្លួន​ខ្លះ​ដែរ។ ម្យ៉ាង​ទៀត ​អ្នក​ដែល​កំពុង​មានគំនិត​នេះ​ អាច​ចាប់ពន្លឿន​ការងារ​របស់​ខ្លួន ​ដោយ​ឈប់​មានគំនិត​វៀចវេរ ​ព្រោះ​ពួកគាត់​បាន​ឃើញ​គំរូ​ជាក់ស្ដែង​ស្រាប់​ហើយ»។

តាម ​Fresh News ចេញ​ផ្សាយ​​ពីថ្ងៃ​ទី ២៨ កក្កដា​ ថាពួក​គេ​ទាំង ៣ នាក់​ ត្រូវបាន​ឃាត់ខ្លួន​ដោយ​សង្ស័យ​ពាក់​ព័ន្ធ​ការ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទារលុយ​ពី​ប្រជា​ពលរដ្ឋ​ ជា​ម្ចាស់​គម្រោង​រោងចក្រ​ ដោយ​ខុសច្បាប់ ​ចំនួន ១០ ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការចេញ​ច្បាប់​សាង​សង់។ ការឃាត់​ខ្លួន​បុគ្គល​ទាំង ៣​ ធ្វើ​ឡើងនៅ​ភោជនីយដ្ឋាន​មហា​លាភ ​ក្រុង​ពោធិ៍សាត់​ នៅ​ថ្ងៃទី ២៧ ​កក្កដា ខណៈ​ពួកគេ ​និង​ម្ចាស់​ដី​ណាត់ជួប​គ្នា ​ដើម្បី​ប្រគល់​លុយ។

Fresh News បានបញ្ជាក់​ថា​៖ «ប្រភព​បាន​បង្ហើប​ថា ​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ បាន​ទារលុយ​ពី​គេ​ចំនួន ​៤ ម៉ឺន​ដុល្លារ ​គេ​មិន​ព្រម បង្ក​ការ​លំ​បាក​ទាល់តែ​គេ​មក​អង្វរ ក៏​ទារ​ពី​គេ​ដល់ ១០ ម៉ឺន​ដុល្លារ ​ទើប​ចេញ​ច្បាប់​សាង​សង់​ឲ្យ ហើយ​ត្រូវ​កក់​ភ្លាម ​៥០ ភាគរយ ​(៥ ម៉ឺន​ដុល្លារ)។ កាលពី​ថ្ងៃទី ២៦ ​ខែ កក្កដា​ ឆ្នាំ ២០១៩ ​គេ​កក់​ ៥ ពាន់​ដុល្លារ នៅ​បន្ទប់​ការិយាល័យ​ប្រធាន​មន្ទីរ​តែម្តង​ ហើយ​នៅ​ព្រឹក​ថ្ងៃទី ២៧ ​ខែ កក្កដា​ ឆ្នាំ​ ២០១៩ ​កក់​ឲ្យ ៤ ម៉ឺន​ ៥ ពាន់​ដុល្លារ​ទៀត​ បង្គ្រប់ ​៥០ ភាគរយ​ នៅ​ភោជ​​នីយដ្ឋាន​ មហាលាភ​ ទើប​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ​ឃាត់​នាំខ្លួន​ទាំងអស់​តែម្តង»។

គួររំឭក​ថា ​ប្រធាន​ អនុប្រធាន ​និង​មន្ត្រី​មន្ទីរ​សុរិយោដី​ខេត្ត​ពោធិ៍សាត់​ ត្រូវបាន​លោក​ ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រ​ឆាំង​អំពើ​ពុករលួយ ​(ACU) បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃទី ២៧ ​ខែ កក្កដា​ ​នៅ​ក្រុង/ខេត្ត​ពោធិ៍សាត់​ ដោយ​សង្ស័យ​ពួកគេ​ប្រព្រឹត្ត​អំពើ​ពុករលួយ ​ដោយ​ឃុបឃិត​គ្នា​ទារលុយ​ពី​ម្ចាស់​គម្រោង​រោង​ចក្រ​មួយ​ដោយ​ខុសច្បាប់​ចំនួន ១០ ម៉ឺន​ដុល្លារ​ ជា​ថ្នូរ​នឹង​ការចេញ​ច្បាប់​សាងសង់៕