
លោកពេជ្រ ស្រស់ ផ្តល់បទសម្ភាស កាលពីឆ្នាំ ២០១៧ នៅ គជប។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា បានសម្ដែងការសោកស្ដាយចំពោះសាធារណជន និងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមិនទុកចិត្ដសមត្ថកិច្ចចំពោះការអនុវត្ដសាលដីកាឃុំខ្លួនបណ្តោះអាសន្ន កញ្ញា យិន ឃុនម៉ី ហៅ ម៉ាណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ថាមានការដោះដូរ។
លោក នុត សវនា ដែលជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងសារសោកស្ដាយបែបនេះប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការគិតមិនល្អ ចំពោះអង្គភាពអគ្គនាយកដ្ឋានពន្ធនាគារ ព្រោះតែព័ត៌មានមិនពិត ប្រភពមិនច្បាស់លាស់បែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនផ្ដល់សេចក្ដីទុកចិត្ដដល់អង្គភាពរបស់លោក ។
លោកបន្ដថា៖ «ជារឿងអកុសលដែរ ដែលគាត់គិតមិនល្អពីអង្គភាពយើងខ្ញុំ។ ម្នាក់ៗចេះតែចោលពាក្យចចាមអារ៉ាម ចេះតែលើកឡើងអ៊ីចេះអ៊ីចុះតាមអារម្មណ៍របស់ខ្លួនហើយនាំគ្នាទៅឈូឆរ អត់ទុកចិត្ដសមត្ថកិច្ចតើវាយ៉ាងម៉េច?»។
លោកបន្ថែមថា៖ «អ្នកណាគេទៅលែងឆៅៗយ៉ាងម៉េច តុលាការបញ្ជាឲ្យឃុំ អាហ្នឹងគេឃុំហើយ។ គេអនុវត្ដតាមសាលដីកា តាមបញ្ជាពីតុលាការមកហើយ។ ដល់តែអ៊ីចឹង ខ្ញុំមិនដឹងនិយាយយ៉ាងម៉េចដែរ។ ប្រហែលជាគាត់ចង់យកប្រជាប្រិយភាពខ្លួនឯងទេអី? ព្រោះតែឃើញព្រឹត្ដិការណ៍នេះ មានចំណាប់អារម្មណ៍ខ្លាំងពីសាធារណជន។ យើងខ្ញុំខំបំភ្លឺហើយថា មិនមានអីកើតឡើងដូចពាក្យចចាមអារ៉ាមមួយចំនួននោះទេ»។
ទាក់ទងចំពោះការចុះទៅពិនិត្យស្ថានភាពនៅពន្ធនាគាររាជធានីភ្នំពេញរបស់លោក ពេជ្រ ស្រស់ នេះ លោក នុត សវនា ថ្លែងថា ក្នុងនាមមន្រ្ដីសាធារណៈ មិនគួរទៅទុកចិត្ដ ជឿលើពាក្យចចាមអារ៉ាមដែលប្រភពមិនច្បាស់លាស់ ហើយបែរជាមិនទុកចិត្ដសមត្ថកិច្ចបែបនេះទេ។
លោកបញ្ជាក់ថា៖ «សាធារណជន កុំចេះតែចាញ់បោកពាក្យចចាមអារ៉ាម ប្រភពមិនច្បាស់លាស់ ម្នាក់ៗចេះតែជឿ។ យើងបកស្រាយមានហេតុមានផលគាត់មិនស្ដាប់។ ខ្ញុំអស់តម្រិះដែរដល់ពេលអ៊ីចឹង។ យើងអនុញ្ញាត ទៅឲ្យថតរូបជនត្រូវចោទ នៅក្នុងពន្ធនាគារយកទៅបង្ហាញសាធារណជនយ៉ាងម៉េច។ យកមុខយកមាត់គ្នា អនាគតគ្នាទៅជាយ៉ាងម៉េចដែរ បើគ្នាមិនទាន់កាត់ទោសផង។ ម្នាក់ៗអត់គិតច្បាប់ទេអី? ខ្ញុំអត់យល់ទេ ដល់ពេលធ្វើអ៊ីចឹងពេកទៅ»។
លោកបញ្ជាក់ថា៖ «មូលហេតុដែលយើងមិនឆ្លើយតបអារឿងពាក្យចចាមអារ៉ាម តាមរយៈការប្រកាសរូបភាព ដោយសារយើងត្រូវគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់ជនត្រូវចោទ ដែលមិនទាន់ត្រូវបានតុលាការកាត់ទោស។ វាស្ថិតនៅក្នុងដំណាក់កាល អនុវត្ដនីតិវិធី ស្រាវជ្រាវនីតិវិធីតុលាការនៅឡើយទេ។ ការឃុំនេះជាការឃុំបណ្ដោះអាសន្នប៉ុណ្ណោះ»។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោកប៊ុន ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ សម្រេចឲ្យឃុំខ្លួនកញ្ញា យិន ឃុនម៉ី ហៅ ម៉ាណា អាយុ ១៦ ឆ្នាំ ស្នាក់នៅភូមិ ១ សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដែលត្រូវបានចោទប្រកាន់ពីបទ «បើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឲ្យស្លាប់អ្នកដទៃ» តាមមាត្រា ៨៥ កថាខណ្ឌទី១ នៃច្បាប់ចរាចរណ៍ផ្លូវគោក។
លោក ពេជ្រ ស្រស់ ដែលបានទៅពិនិត្យនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីម្សិលមិញ ថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្រោយពីទៅដល់ពន្ធនាគារ លោកពិតជាបានឃើញជនត្រូវចោទស្ថិតនៅក្នុងពន្ធនាគារមែន ដែលកំពុងស្ថិតក្នុងស្ថានភាពមានជំងឺថែមទៀត ដោយស្ថានភាពសុខភាពមានការធ្លាក់ចុះ។
លោកនិយាយថា៖ «ប្រជាពលរដ្ឋគាត់ឃើញរូបភាពមួយផ្សេង ហើយខ្ញុំចង់ដឹងការពិតដែរ ទើបខ្ញុំចុះទៅដល់ គឺពិតជាបានឃើញ ជនត្រូវចោទ យិន ម៉ាណា ស្ថិតនៅពន្ធនាគារ PJ ពិតប្រាកដ។ ខ្ញុំបានសួរនាំគាត់ សោកស្ដាយចំពោះគាត់។ សមត្ថកិច្ចពិតជាបានអនុវត្ដច្បាប់ត្រឹមត្រូវតាមអំណាច ដីការបស់ចៅក្រុមស៊ើបសួរពិតប្រាកដមែន»។
លោកបន្ដថា៖ «គាត់ធ្លាប់នៅស្រួល គេងបន្ទប់ម៉ាស៊ីនត្រជាក់ ពេលនៅក្នុងពន្ធនាគារនេះ ត្រូវគេងត្រឹមកង្ហារ ហើយមានគ្នាច្រើននៅក្នុងពន្ធនាគារទៀត អ៊ីចឹងសុខភាពគាត់រាងធ្លាក់។ ឃើញគាត់ (បិទ) បង់ក្បាល ឈឺក្ដៅខ្លួន។ ប្រធានពន្ធនាគារក៏បានប្រាប់ថា គាត់ឈឺដែរ ព្រោះគាត់ផ្លាស់ប្ដូរបរិយាកាសលឿនពេក។ ខ្ញុំក៏បាននាំគាត់ ឲ្យគាត់មានការលត់ដំចិត្ដ កុំឲ្យមានការធ្វេសប្រហែសអ៊ីចឹងទៀត»។
គួររំឭថាកាលពីថ្ងៃទី ២៦ ខែ មីនា មានករណីគ្រោះថ្នាក់ចរាចរណ៏នៅលើចំណុចផ្លូវលេខ ៥២៨ ប្រសព្វផ្លូវលេខ ៣១៧ ក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះ ត្រូវគេដឹងថាបង្កឡើងដោយអ្នកបើកបររថយន្តស៊េរីទំនើបម៉ាក Range Rover ពាក់ស្លាកលេខភ្នំពេញ 2AF-7777 ឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា បានបុកម៉ូតូ ១ គ្រឿងបើកបរដោយកញ្ញាឌុំ រីដា និស្សិតស្រីឆ្នើមម្នាក់នៅសាកលវិទ្យាល័យ ផារ៉ាហ្គន បណ្ដាលឲ្យស្លាប់ភ្លាម៕