កណ្តាលៈ ក្រុមមន្ត្រី​ជំនាញ​នៃ​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​ហៅ​កាត់​ថា ស៊ីម៉ាក់ បាន​ទៅ​ប្រមូលយក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ ៤៣​ គ្រាប់​ ពី​ទីតាំង​ការដ្ឋាន​ជីក​អាចម៍ដី​ ១ ​កន្លែង ស្ថិត​នៅ​ក្បែរ​វត្ត​ស្អាងភ្នំ ក្នុង​ភូមិ​ពាមសាលា ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង​ទៅ​រក្សាទុក​បន្ទាប់ពី​ក្រុម​អ្នកធ្វើ​អាជីវកម្ម​ជីក​អាចម៍ដី​បាន​ប្រទះឃើញ​ និង​រាយការណ៍​ដល់​មន្ត្រី​ជំនាញ​កាលពី​ព្រឹក​ថ្ងៃទី​ ២៧ ខែ​ មីនា ឆ្នាំ​ ២០២១​។

លោក​ អ៊ូច អូន ប្រធាន​ក្រុម​ការងារ​បោសសម្អាត​មីន​ចល័ត​នៃ​ស៊ីម៉ាក់​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា គ្រាប់​ដែល​ក្រុម​អ្នកធ្វើ​អាជីវកម្ម​ជីក​អាចម៍ដី​លក់​ប្រទះឃើញ​នោះ​មាន​ចំនួន​សរុប​ ៤៣ ​គ្រាប់​ ក្នុង​នោះ​ប្រភេទ​គ្រាប់ផ្លោង​ ១០៥ ​មិល្លីម៉ែត្រ​ចំនួន​ ១៤ ​គ្រាប់ ប្រភេទ​គ្រាប់កាំភ្លើង​មិន​ធាក់​ថយ​ ១០៦ ​មិល្លីម៉ែត្រ ចំនួន​ ៨ ​គ្រាប់ ប្រភេទ​គ្រាប់​កាំភ្លើងត្បាល់​ ៨១ ​មិល្លីម៉ែត្រ ចំនួន​ ១៣ ​គ្រាប់ និង​គ្រាប់ AN-M41 (​ប្រភេទ​គ្រាប់បែក​ខ្នាតតូច ទម្លាក់​ពីលើ​យន្តហោះ​ដែល​មាន​ទម្ងន់​ ២០ ​ផោន​ក្នុង​ ១ ​គ្រាប់​) ​ចំនួន​ ៨ ​គ្រាប់​។

លោក​បាន​បញ្ជាក់ថា​៖ «​គ្រាប់​ទាំងនោះ ងាយ​នឹង​ផ្ទុះ​នៅពេល​មាន​ការប៉ះទង្គិច​ខ្លាំង​ជាមួយ​នឹង​វត្ថុ​រឹង​»​។

លោក​បន្ថែមថា​៖ «​ពួកគេ​ [​ក្រុម​ធ្វើ​អាជីកម្ម​កាយ​អាចម៍ដី​លក់​] ​ពិតជា​សំណាង​ណាស់ ដែល​គ្រាប់​នោះ​មិន​ផ្ទុះ​នៅពេល​ដែល​ពួកគេ​ប្រើ​គ្រឿងចក្រ​កាយ​ដី​ប៉ះចំ​លើ​គ្រាប់​ទាំងនោះ​»​។

បើតាម​លោក​ អូន គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ​ទំនង​ជា​ត្រូវបាន​គេ​លាក់ទុក​តាំងពី​សម័យ​សង្គ្រាម រវាង​កងទ័ព​ព្រៃ​ខ្មែរក្រហម​ និង​កងទ័ព​របស់លោក​សេនាប្រមុខ​ លន់ ណុល​។ ទោះយ៉ាងណា នៅពេល​នេះ​គ្រាប់​ទាំងនោះ​ត្រូវ​បាន​ក្រុមការងារ​របស់​លោក​នាំ​យក​ទៅ​រក្សាទុក​នៅក្នុង​ឃ្លាំង​សុវត្ថិភាព​ហើយ ដើម្បី​រង់ចាំ​ដុត​កម្ទេចចោល​នៅពេល​ក្រោយ​៕