កំពង់ឆ្នាំងៈ មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ចំនួន​ ៦០ ​នាក់ ​បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​បោសសម្អាត​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​សកម្មភាព​កំចាត់មីន​ស៊ីម៉ាក់​ខេត្តកំពង់ឆ្នាំង ក្រោយពី​ហ្វឹកហ្វឺន​ទាំង​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​ចំនួន​ ៤ ​ខែ ដោយ​សិក្ខាកាម​ប្ដេជ្ញា​បំពេញការងារ​ក្នុង​វិស័យ​ដោះមីន​ឱ្យបាន​ល្អ​។

លោក​ ហេង រតនា អគ្គនាយក CMAC ថ្លែង​ពី​ម្សិលមិញ​ថា សិក្ខាកាម CMAC ចំនួន​ ៦០ ​នាក់​ នៅ​ថ្ងៃទី​ ២០ តុលា បាន​បញ្ចប់​វគ្គហ្វឹកហ្វឺន​អ្នកជំនាញ​បោសសម្អាត គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​ស៊ីម៉ាក់​ខេត្ត​កំពង់ឆ្នាំង​។ វគ្គ​ហ្វឹកហ្វឺន​ទាំង​ទ្រឹស្តី​ និង​ការអនុវត្ត​ជាក់ស្តែង​នេះ​មាន​រយៈពេល​ ៤ ​ខែ​ពី​ថ្ងៃទី​ ២០ មិថុនា-២០ តុលា​។

បើ​តាម​លោក​ ហេង រតនា សិក្ខាកាម​ទាំង​ ៦០ ​នាក់​ ជា​អ្នកបន្តវេន ឬ​ជា​អ្នកទទួល​បន្ទុក​ការងារ​បន្ត​ពី​មន្ត្រី​ចាស់ៗ​ដែល​បាន​ចូលនិវត្តន៍​នាពេល​កន្លងមក​។ អ្នក​បន្តវេន​ទាំងនេះ សុទ្ធតែ​កូនៗ​បង្កើត​របស់​មន្ត្រី​របស់​ស៊ីម៉ាក់​ដែល​បាន​ចូលនិវត្តន៍ ដើម្បី​ផ្ដល់ឱកាស​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​អាច​បន្តការងារ​ពី​ឪពុកម្ដាយ​ពួកគាត់​។

លោក​បញ្ជាក់ថា​៖ «​យើង​ផ្ដល់ឱកាស​ឱ្យ​កូនចៅ​មន្ត្រី​ចាស់ៗ​របស់ យើង​ដែល​គាត់​បាន​ចូលនិវត្តន៍ ហើយ​គាត់​មានកូន​កំពុងមាន​សមត្ថភាព និង​ទេពកោសល្យ​អាចបំពេញ​ការងារ​នេះ​បាន ទើប​យើង​ជ្រើសរើស​គាត់​តាមរយៈ​ការប្រឡង​យ៉ាង​តឹងរ៉ឹង​។ បើសិន​ពួកគាត់​ប្រឡង​ជាប់​ទើប​យើង​ជ្រើសរើស​គាត់​យក​មក​បណ្ដុះបណ្ដាល និង​ចូលរួម​ហ្វឹកហ្វឺន​ក្នុង​វគ្គ​នេះ​»​។

លោក​ សុខ កក្កដា សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម ៦០ ​នាក់​ថ្លែងថា លោក​បាន​ចូលរួម​ក្នុង​វគ្គ​ហ្វឹកហ្វឺន​របស់​អង្គភាព​ស៊ីម៉ាក់​រយៈពេល​ ៤ ​ខែ​ដោយ​ទទួលបាន​ចំណេះដឹង និង​ជំនាញ​ពី​គ្រូ​បង្គោល​របស់​អង្គភាព​ជាច្រើន​ចំណុច​។ លោក​ថា​នឹង​យក​ចំណេះ​ជំនាញ​នេះ​ទៅ​បម្រើ​ការងារ​ក្នុង​វិស័យ​បោសសម្អាត​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ឱ្យបាន​ល្អប្រសើរ​។

លោក​ថា​៖ «​មុនពេល​បាន​ចូលសិក្សា​ក្នុង​វគ្គ​ហ្វឹកហ្វឺន​នេះ គឺ​ខ្ញុំ​បាន​ប្រឡង​ចូល​យ៉ាង​ហ្មត់ចត់ ដោយ​មិនមាន​ការស៊ីសំណូក​អ្វី​ទេ បើទោះបី​ជា​ឪពុក​ខ្ញុំ​ជា​អតីតមន្ត្រី​ស៊ីម៉ាក់​ក៏ដោយ​។ វគ្គ​នេះ​គឺមាន​ចំណុច​ពិបាក​ច្រើនជាង​ចំណុច​មិន​ពិបាក តែ​យ៉ាងណា ខ្ញុំ​បាន​តាំងចិត្ត​ព្យាយាម​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ ហើយ​ខ្ញុំ​នឹង​យក​ចំណេះ​ជំនាញ​ទាំងអស់​ទៅ​បម្រើ​កិច្ចការ​សង្គមជាតិ​»​។

តាម​របាយការណ៍​របស់​ស៊ីម៉ាក់​ពី​ម្សិលមិញ មន្ត្រី​ចូលនិវត្តន៍ និង​ពិការភាព​ដែលជា​អតីតមន្ត្រី​របស់​ស៊ីម៉ាក់​ ១ ០១៣ ​នាក់​ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ និង​ផ្តល់​ឋានន្តរស័ក្តិ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ​ដើម្បី​ទទួល​បាន​របប​យោធិន​ពេល​ចូលនិវត្តន៍​។

របាយការណ៍​បន្តថា គិត​ត្រឹម​ដើមខែ​តុលា​នេះ​អតីតមន្ត្រី​ជំនាញ​ស៊ីម៉ាក់​ ៤ ​វគ្គ​ ហើយ​ដែល​ត្រូវបាន​កាត់ឈ្មោះ​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ និង​ផ្តល់​ឋានន្តរស័ក្តិ​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួង​ការពារជាតិ​៕