
លោក កែ គឹមយ៉ាន ពេលឡើងថ្លែងក្នុងសន្និបាតនៅក្រសួងមហាផ្ទៃកាលពីម្សិលមិញ។ រូបថត ក្រសួងមហាផ្ទៃ ហេង ជីវ័ន
ភ្នំពេញៈ លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានស្នើឱ្យមានការតាមដាន ការអនុវត្តច្បាប់ ចំពោះក្រុមឧក្រិដ្ឋជនគ្រឿងញៀនធំៗដែលមានឥទ្ធិពល បន្ទាប់ពីមានការចាប់ខ្លួន ខណៈដែលលោកសង្ស័យថា អាចមិនទាន់មានការអនុវត្តបានត្រឹមត្រូវតាមច្បាប់នៅឡើយ។
នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃម្សិលមិញនៅក្រសួងមហាផ្ទៃលោក កែ កឹមយ៉ាន បានលើកឡើងថា ការសម្រេចផ្ដន្ទាទោសតាមច្បាប់លើជនពាក់ព័ន្ធនឹងគ្រឿងញៀននៅតែមានបញ្ហា និងត្រូវមានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ ជាពិសេសទៅលើករណីធំៗដែលជាឧក្រិដ្ឋជនគ្រឿងញៀនដែលមានឥទ្ធិពលនៅក្នុងសង្គម និងទ្រព្យសម្បត្តិដែលកើតចេញពីមុខរបរគ្រឿងញៀនរបស់ពួកគេ។
លោកបន្តថា៖ «ភាគច្រើនករណីធំៗដែលយើងបានចេញនូវលទ្ធផលកន្លងមកនេះ ប៉ុន្តែការកាត់ទោសខ្លះនៅតែមានការសង្ស័យ។ ខ្ញុំនិយាយដូច្នេះយើងអាចដឹងនូវករណីណាខ្លះដែលជាករណីធំៗមួយចំនួន។ អ៊ីចឹង! សូមពិនិត្យបញ្ហាហ្នឹង និងសុំឱ្យប្រុងប្រយ័ត្នបំផុត»។ លោកបានស្នើឱ្យនាយកដ្ឋានអនុវត្តច្បាប់របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនត្រូវតែតាមដាននូវករណីធំៗទាំងនោះដោយមិនមានការលើកលែង ហើយបើតុលាការកាត់ទោសមិនត្រឹមត្រូវតាមច្បាប់ត្រូវតែតវ៉ា និងទាមទារឱ្យកាត់ទោសឡើងវិញ។
ការលើកឡើងរបស់លោក កែ គឹមយ៉ាន នេះធ្វើឡើង ខណៈដែលរបាយការណ៍ប្រចាំឆ្នាំបានបង្ហាញថាក្នុងឆ្នាំ ២០១៩ បទល្មើសគ្រឿងញៀនសរុបដែលត្រូវបានបង្ក្រាបមានចំនួន ៩៨០៦ ករណីកើនឡើងជាង ២២% ក្នុងនោះឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២០៤៩០ នាក់កើនឡើង ២៤% គ្រឿងញៀនចាប់បានមានចំនួន ៧៥០ គីឡូក្រាមកើនឡើងជិត ៣៤% បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។
របាយការណ៍ដដែលបន្តថាក្នុងនោះសមត្ថកិច្ចបានបង្ក្រាបចាប់ខ្លួនមេខ្លោង និងកាត់ផ្ដាច់ខ្សែរយៈបណ្ដាញជួញដូរគ្រឿងញៀនធំៗមានចំនួន ៦១ ករណីដោយបានចាប់ខ្លួនជនសង្ស័យចំនួន ១៤០ នាក់។
ចំពោះបទល្មើសគ្រឿងញៀនតាមក្លិបកម្សាន្តវិញត្រូវបានបង្ក្រាបមានចំនួន ១២ ទីតាំងក្នុងនោះ ៧ ទីតាំងត្រូវបានបិទជាស្ថាពរដែលប្រតិបត្តិការទាំងនេះបានបង្រួមទីផ្សារជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងជះឥទ្ធិពលជាវិជ្ជមានធ្វើឱ្យប្រភេទបទល្មើសព្រហ្មទណ្ឌមួយចំនួនដូចជា ប្លន់ប្រដាប់អាវុធ រំលោភសម្លាប់ និងឆក់តាមទីសាធារណៈជាដើមមានការថយចុះ។
លោក មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានថ្លែងដែរថា ចាប់តាំងពីចាប់ផ្ដើមអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី ១ មកលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់ហើយថា វិធានការច្បាប់គឺត្រូវតែអនុវត្តដោយស្មើភាពគ្នាទៅលើអ្នកពាក់ព័ន្ធបទល្មើសគ្រឿងញៀនទាំងអស់។
លោកបញ្ជាក់ថា៖ «អ៊ីចឹង! តើស្អីទៅជាការអនុវត្តដោយស្មើភាពគ្នាចំពោះមុខច្បាប់។ ពាក្យស្មើគ្នា គឺអនុវត្តឱ្យបានត្រឹមត្រូវ មិនប្រកាន់វណ្ណៈ មិនប្រកាន់និន្នាការឱ្យតែប្រព្រឹត្តបទល្មើសគឺជាជនល្មើសហើយជនល្មើសត្រូវតែរ៉ាប់រងក្នុងការទទួលទោសស្របទៅតាមអ្វីដែលច្បាប់បានបញ្ញត្តិ និងស្របតាមការសម្រេចរបស់ចៅក្រម ឬតុលាការបានសម្រេច។ ការផ្ដន្ទាទោសឱ្យបានត្រឹមត្រូវនេះយើងមិនមែនទៅរំលោភដែនសមត្ថកិច្ចរបស់តុលាការទេ គឺឱ្យបន្តតាមដាន ថាតើការអនុវត្តច្បាប់ហ្នឹង ឬការកាត់ក្ដីហ្នឹងត្រឹមត្រូវ ឬក៏អត់»។
ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា ការសម្រេចកាត់ក្ដីរបស់តុលាការមិនអាស្រ័យទៅលើអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀន ជាអ្នកតូច ឬអ្នកធំឡើយគឺតែងធ្វើឡើងដោយស្មើភាពគ្នា។
លោកបញ្ជាក់ថា៖ «ជាទូទៅតុលាការធ្វើការសម្រេចសេចក្ដីដោយផ្អែកទៅលើមូលដ្ឋានភ័ស្ដុតាង និងលទ្ធផលនៃការស៊ើបអង្កេត។ អ៊ីចឹង! មិនថា (បទល្មើស) គ្រឿងញៀនតូច គ្រឿងញៀនធំទេ ឬក៏អ្នកពាក់ព័ន្ធជាអ្នកណាទេសំខាន់ឱ្យតែមានមូលដ្ឋានច្បាស់លាស់ និងមានភ័ស្ដុតាងដែលបញ្ជាក់ពីពិរុទ្ធភាពគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា»។
លោកបញ្ជាក់ថា៖ «ប្រសិនបើតុលាការកាត់ក្ដីមិនត្រឹមត្រូវ និងមានភាពមិនប្រក្រតី យើងមានវិធានការ និងយន្តការច្បាប់សម្រាប់មន្ត្រីដែលប្រព្រឹត្តភាពមិនប្រក្រតីទាំងអស់នោះដូចមានជាហូរហែនាពេលកន្លងមក»។
ទោះយ៉ាងណាលោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលើកឡើងថា កន្លងមកមានការសង្ស័យថា អ្នកពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនមួយចំនួនគឺជាប់ពន្ធនាគារតែឈ្មោះ ហើយអ្នកខ្លះទៀតគឺត្រូវបានបញ្ជូនមកឃុំខ្លួននៅក្នុងមន្ទីរពេទ្យ។
លោកថា៖ «យើងសង្កេតឃើញជនសង្ស័យ ឬជនដែលត្រូវចោទករណីគ្រឿងញៀនគឺអនុវត្តមានច្បាប់ស្ដង់ដា២ ដោយសារតែឧក្រិដ្ឋជនខ្លះ យើងសង្ស័យជាប់គុកតែឈ្មោះ ហើយសូម្បីដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្នក៏ពួកគេមានឱកាសទទួលបានលក្ខណៈងាយស្រួលក្នុងការឃុំខ្លួនដែរដូចជាការឃុំខ្លួននៅមន្ទីរពេទ្យជាដើមហ្នឹង»។
លោក ស ខេង ធ្លាប់បានលើកឡើងកាលពីដើមឆ្នាំ ២០១៩ ថា គ្រឿងញៀនគឺជាបញ្ហាដ៏ក្ដៅគគុកមួយដែលបានរាលដាលពីរាជធានីភ្នំពេញទៅដល់តាមបណ្ដាខេត្តមួយចំនួនហើយបានចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាភារកិច្ចយុទ្ធសាស្ដ្ររបស់សមត្ថកិច្ច ដើម្បីអាចឈានទៅដល់ការកាត់បន្ថយជាអតិបរមា និងលុបបំបាត់ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេស៕
វីដេអូ៖