ភ្នំពេញៈ មន្ត្រីរដ្ឋបាល​ស្រុក​ភ្នំស្រុក​ ៥ ​នាក់ ​ត្រូវបាន​កោះហៅ​ចូល​បំភ្លឺ​ជុំវិញ​ករណី​ការចោទប្រកាន់​លក់​ដី​រដ្ឋ​ក្នុង​តំបន់​អាង​ត្រពាំងថ្ម ដែល​ក្នុងនោះ​មាន​ទាំង​ដី​ទីស្នាក់ការ​សន្តិសុខ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ ៣ ​ប្រភេទ​នៃ​មូលដ្ឋាន​ស្រុក​ភ្នំស្រុក​ផងដែរ​។

លោក លី សារី អភិបាលរង​ និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ បាន​និយាយ​ថា មន្ត្រីរដ្ឋបាល​ស្រុក​ភ្នំស្រុក​ដែល​ត្រូវបាន​រដ្ឋបាលខេត្ត​កោះ​ហៅ​ឲ្យ​មក​ឆ្លើយបំភ្លឺ​នោះ រួមមាន លោក សុខ ឫទ្ធី​, លោក ធួន ឡាំហិញ​, លោក សៅ ឡែន (​អភិបាលរង​ស្រុក​ភ្នំស្រុក​) លោក តាំង ផាន ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ភ្នំស្រុក និង​លោក ឃុត ឃួន មេឃុំ​ប៉ោយចារ​។ លោក​បាន​បន្តថា ​ក្រៅពី​មន្ត្រី​ទាំង​ ៥ ​រូបនេះ រដ្ឋបាលខេត្ត​គ្រោង​នឹង​កោះហៅ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​មក​ឆ្លើយបំភ្លឺ​ផងដែរ​។ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ឲ្យ​ដឹងថា​អ្នក​ដែល​នឹងត្រូវ​កោះហៅ​​ជា​បន្ទាប់មក​ទៀត​នោះ​ជា​នរណា​នោះទេ​។

លោក​ថ្លែងថា​៖ «​ក្រោយ​ការសាកសួរ មន្ត្រី​ទាំង​ ៥ ​នោះ​ត្រូវ​បាន​រដ្ឋបាលខេត្ត​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ធ្វើការ​នៅ​មូលដ្ឋាន​របស់ខ្លួន​វិញ​»​។

លោក សារី បាន​ឲ្យ​ដឹងថា​ការកោះហៅ​មន្ត្រី​ទាំង​ ៥ ​រូបនោះ ​គឺ​ធ្វើ​ឡើង​បន្ទាប់ពី​ប្រធាន​អង្គភាព​នៃ​កងកម្លាំង​ប្រដាប់អាវុធ នគរបាល កងរាជ​អាវុធហត្ថ និង​យោធា​សឹក​រង​ស្រុក​ភ្នំស្រុក​បាន​ធ្វើ​របាយការណ៍​ដាក់​មក​ថ្នាក់​ខេត្ត​ថា លោក យឹម សំណាង អភិបាលស្រុក​ភ្នំស្រុក​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ក្រោម​ឱវាទ និង​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ព្រមទាំង​ឈ្មួញ​ដី​ពី​ខាងក្រៅ ចាក់ដី​លុប​ចំណី​បឹង​ត្រពាំងថ្ម ដើម្បី​យក​ដី​ចែកគ្នា និង​លក់​ទី​ស្នាក់ការ​សន្តិសុខ​របស់​កងកម្លាំង​ទាំងនោះ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក​ដែល​មាន​ទំហំ ៣៦ ​ម៉ែត្រ​គុណ​ ៩២ ​ម៉ែត្រ​ផងដែរ​។

លោក​ យឹម សំណាង អភិបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា គ្មាន​ករណី​លក់​ដី​ទីស្នាក់ការ​របស់​អង្គភាព​ប្រដាប់អាវុធ​ទាំង​នោះ​ទេ ហើយ​ក៏​គ្មាន​ករណី​រំលោភ​ចាក់​លុបដី​ចំណី​បឹង​អាង​ត្រពាំងថ្ម មក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​ដោយ​ខុសច្បាប់​នោះដែរ​។

លោក សំណាង បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​ហួសចិត្ត​ណាស់ នៅ​ពេលឮ​ពី​ដំណឹង​នោះ​។ ដី​ក្នុង​តំបន់​ដែល​ខាង​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣ ​ប្រភេទ​បាន​រាយការណ៍​ទៅ​ថ្នាក់​ខេត្ត​នោះ គឺជា​ដីស្រែ​របស់​ប្រជាពលរដ្ឋ​មិនមែន​ជា​ដី​ស្នាក់ការ​សន្តិសុខ​នោះទេ ហើយ​ក៏​មិនមែន​ជា​ដី​ចំណី​មាត់បឹង​អាង​ត្រពាំងថ្ម​នោះដែរ​»​។

លោក ឃុត ឃួន មេឃុំ​ប៉ោយចារ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ការកសាង​របាយការណ៍​របស់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងនោះ​ទៅ​ថ្នាក់​ខេត្ត​គឺជា​រឿង​មិន​ពិត​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​បាន​ទៅ​បំភ្លឺ​ដល់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​រួចហើយ និង​បាន​ផ្ដល់នូវ​របាយការណ៍ និង​ឯកសារ​ជាច្រើន​ទៀត ដែល​ពាក់ព័ន្ធ​ការងារ​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​រួមទាំង​ឯកសារ​ដោះដូរ​​ទីតាំង​មណ្ឌល​សុខភាព​ប៉ោយចារ​ដល់​រដ្ឋបាលខេត្ត​ផងដែរ​។ ប្រសិន​បើ​អង្គភាព​កងកម្លាំង​ប្រដាប់​អាវុធ​ទាំង​ ៣ ​ប្រភេទ​អះអាង​ថា មាន​ដី​ទីស្នាក់ការ​ទំហំ​ ៣៦ ​ម៉ែត្រ​គុណ​ ៩២ ​ម៉ែត្រ​នៅក្នុង​តំបន់​នោះ​មែន​សូម​បង្ហាញ​នូវ​លិខិត​ឧតូបករណ៍​គតិយុត្តិ​ទៅ​គណៈកម្មការ​ជំនាញ ដើម្បី​ត្រួតពិនិត្យ​»​។

លោក ឃួន បាន​អះអាង​ថា​ចាប់តាំងពី​តំបន់​អាង​ត្រពាំងថ្ម​បាន​ក្លាយ​ទៅជា​កន្លែង​លម្ហែកាយ​ដ៏ពេញនិយម​សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ​នោះ ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ហើយ​ពួកគេ​បាន​ធ្វើការ​អភិវឌ្ឍ​លំនៅឋាន របស់​ពួកគេ​ឲ្យ​បាន​សមរម្យ​ដោយ​អ្នកខ្លះ​បាន​ចាក់ដី​លើក​ទីទួល​ផ្ទះ​របស់​ពួកគេ​ឲ្យ​ខ្ពស់​។

លោក ស៊ិន ដៀប មេបញ្ជាការ​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​ដែរ​ថា ទីតាំង​ដី​នោះ​ត្រូវ​បាន​អតីត​អភិបាលស្រុក​ភ្នំស្រុក​គឺ លោក សេង ទី ផ្ដល់​ជូន​សមត្ថកិច្ច​កងកម្លាំង​ទាំង​ ៣ ​ប្រភេទ​ក្នុង​អំឡុង​ឆ្នាំ​ ២០១២ ទុក​សម្រាប់​ធ្វើ​ទីស្នាក់ការ​ការពារ​សន្តិសុខ​ក្នុង​រដូវ​បុណ្យចូលឆ្នាំ ភ្ជុំ និង​បុណ្យ​ផ្សេងទៀត ពេល​ដែល​មាន​មនុស្ស​ច្រើន​មក​លម្ហែកាយ​។

ប៉ុន្តែ​ក្នុង​ឆ្នាំ​ ២០១៩ ស្រាប់​តែមាន​គេ​មកចាក់​ដី​លុប លុះ​សាកសួរ​ទៅ អ្នក​ដែល​បានមក​ចាក់ដី​លុប​ទីតាំង​នោះ​ថា គេ​បាន​ទិញ និង​មាន​ការទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ-ឃុំ ស្រុក និង​ភូមិបាល​ស្រុក​ត្រឹមត្រូវ​ទើប​ដឹងថា ដី​នោះ​ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​លួច​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​មកពី​ក្រៅ​៕