ព្រះសីហនុៈ មន្ត្រី​អង្គការ​មួយ​​បាន​អះអាង​កាលពី​ម្សិលមិញ​​ថា ករណី​ចាក់ដី​រំលោភ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ដ​ព្រះសីហនុ​នៅ​​តែ​កើត​មាន ខណៈ​វិធានការ​របស់​​អាជ្ញាធរ​មាន​ត្រឹម​ធ្វើ​កិច្ចសន្យា​ហាមឃាត់ បើ​ទោះបី​លោក​នាយក​រដ្ឋមន្ដ្រី​ធ្លាប់​បាន​បញ្ជា​ឲ្យ​ចាត់​វិធានការ​ករណី​នេះ​ និង​បាន​ឲ្យ​អភិបាលខេត្ដ​នេះ​ស្ដារ​មុខមាត់​ខេត្ដ​ឡើង​វិញ​ក៏ដោយ​។

ដោយ​ផ្អែក​លើ​របាយការណ៍​​ដែល​ទទួល​បាន​លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​ដែល​ធ្លាប់​​ចុះ​ទៅ​ពិនិត្យ​ជាមួយ​អាជ្ញាធរ​​ខេត្ត​ពាក់ព័ន្ធ​លើ​ករណី​ចាក់ដី​លុប​ឆ្នេរសមុទ្រ​នៅ​ចំណុច អ៊ូទូក ក្នុង​ឃុំ​ទំនប់​រលក ស្រុក ស្ទឹងហាវ កាលពី​ខែ​វិច្ឆិកា​បាន​សម្ដែង​ការសោកស្ដាយ​បន្ទាប់ពី​លោក​បាន​ដឹង​ពី​ប្រជាពលរដ្ឋ​ថា នៅ​តែ​មាន​ករណី​ចាក់ដី​លុប​ចូល​ឆ្នេរ​កើត​ឡើង​ជា​បន្តបន្ទាប់​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ថា​លោក​មិន​ទាន់​បាន​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​នៅ​ឡើយ​ទេ​។

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ទទួល​​បាន​របាយការណ៍​ជុំវិញ​ការចាក់ដី​លុប​ឆ្នេរ​នេះ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​ប្រហែល​ថ្ងៃ​សុក្រ​ស្អែក​នេះ​ខ្ញុំ​នឹង​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​បន្ថែម​ទៀត​ជុំវិញ​ករណី​នេះ​»​។

លោក សុខុម បាន​ឲ្យ​ដឹង​ថា​ករណី​ចាក់ដី​លុប​ឆ្នេរ​នៅ​ចំណុច​អ៊ូទូក​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​នេះ​ម្ចាស់​បាន​សុំ​​ច្បាប់​ទៅ​ខាង​ស្រុក​ត្រឹម​ជួសជុល​​អ៊ូទូក​ប៉ុណ្ណោះ ប៉ុន្ដែ​បែរ​ជា​​ទៅ​ចាក់ដី​រំលោភ​ចូល​ឆ្នេរ​ក្នុង​ជម្រៅ​ទឹកសមុទ្រ​ជាង ៣ ម៉ែត្រ ទទឹង ​៥០ ម៉ែត្រ និង​បណ្ដោយ​ជាង​ ៦០ ​ម៉ែត្រ​ថែម​ទៀត​។

តាម​កំណត់ហេតុ​របស់​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​ដែល​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ចាក់ដី​លុប​ឆ្នេរ​ក្នុង​ស្រុក​ស្ទឹងហាវ​កាលពី​ថ្ងៃទី​ ២១ ខែ​វិច្ឆិកា​បង្ហាញ​ថា​​ម្ចាស់​ទីតាំង​អ៊ូទូក​នៅ​ពុំទាន់​មាន​ច្បាប់​អនុញ្ញាត​សាងសង់​នោះ​នៅ​ឡើយ​ទេ​។

លោក ឈិន សេងងួន អភិបាលរង​ខេត្ត​ព្រះសីហនុ​ដែល​ធ្លាប់​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​​ឲ្យ​ចុះ​ទៅ​ឃាត់​ការចាក់ដី​ចូល​សមុទ្រ​ក្នុង​តំបន់​អ៊ូទូក​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​​បន្ទាប់ពី​អាជ្ញាធរ​ខេត្ដ​បាន​ចុះ​​ទៅ​ផ្អាក​ទីតាំង​នោះ​ក៏​បាន​ប្រាប់​​ម្ចាស់​ឲ្យ​ស្នើសុំ​ទៅ​ខេត្ដ ហើយ​​ខេត្ដ​បាន​ប្រជុំ​ធ្វើ​របាយការណ៍​ជូន​លោក​អភិបាលខេត្ដ​ដើម្បី​សម្រេច​រួច​ហើយ​។

លោក​បាន​បន្ដ​ថា​៖ «​កាលពី​​មុន​មាន​ចាក់ដី​ដល់​ពេល​យើង​ប្រាប់​ឲ្យ​ស្រុក​ចុះទៅ​ហាមឃាត់​គាត់​ឈប់​...​ប៉ុន្ដែ​បើ​ថា​ឥឡូវ​មាន​ការ​ចាក់ដី​ថែម​ទៀត​ទាល់តែ​យើង​ទៅ​មើល​ឲ្យ​ច្បាស់​សិន ព្រោះ​ស្រុក​បាន​ហាមឃាត់​លែង​ឲ្យ​មាន​សកម្មភាព​ហើយ​ទាល់តែ​មាន​​ការអនុញ្ញាត​ពី​រដ្ឋអំណាច​​ និង​មាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​យ៉ាង​ម៉េចៗ អាហ្នឹង​គឺ​អនុវត្ដ​តាម​ហ្នឹង​ទៅ​»​។

លោក​បន្ថែម​ថា​៖ «​ករណី​ដែល​ថា​មាន​ចាក់ដី​ថ្មី​នេះ ខ្ញុំ​ដូច​អត់​ដឹង​ទេ ប៉ុន្ដែ​កាលពី​មុន​ឆ្លង​ឆ្នាំ ខ្ញុំ​បាន​សួរ​គាត់​ថា​ឮ​គេ​ថា​មាន​កាយ​ដី​ទៀត គាត់​ប្រាប់​ថា​មិនមែន​កាយ​ទេ អាហ្នឹង​គាត់​គ្រាន់តែ​កាយ​កម្ទេច​ឈើ​ដែល​ធ្លាក់​ចូល​ដី​គាត់​នៅ​កន្លែង​អ៊ូ​ទូក​ចាស់​​ដែល​ត្រូវ​កាយ​ដី​ស្អុយ​នោះ​ដឹក​ចេញ ហើយ​ចាក់ដី​ថ្មី​ជំនួស​វិញ ប៉ុន្ដែ​បើ​ថា​មាន​គេ​ចាក់ដី​ថ្មី​ចាំ​មើល​ខ្ញុំ​ឲ្យ​គេ​សួរ​មើល​។ សំខាន់​អត់​ឃើញ​រាយការណ៍​មក​តាម​ធម្មតា​សកម្មភាព​អ៊ីចឹង​ខាង​ឃុំ ខាង​ស្រុក គេ​រាយការណ៍​មក​អភិបាលខេត្ដ​ហើយ​តែ​អត់​ឃើញ​រាយការណ៍​មក​»​។

លោក ឆាយ សុគន្ធដា អភិបាល​ស្រុក​ស្ទឹងហាវ​បដិសេធ​​បកស្រាយ​ដោយ​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ម្សិលមិញ​ថា កំពុង​បើក​រថយន្ត និង​ស្ទះចរាចរណ៍​។

គួរ​បញ្ជាក់​ថា​កាលពី​ពាក់កណ្ដាល​ខែ​ធ្នូ​ថ្មីៗ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​បញ្ជា​ឲ្យ​លោក យន្ដ មីន អភិបាលខេត្ដ​ព្រះសីហនុ​ស្ដារ​មុខមាត់​ឡើង​វិញ បន្ទាប់ពី​ខេត្ដ​នេះ​កើត​មាន​រឿង​មិន​ល្អ​ជា​បន្ដបន្ទាប់ ហើយ​កាលពី​ថ្ងៃទី​ ១៨ ខែ​កញ្ញា​ឆ្នាំ​មុន​លោក​នាយក​រដ្ឋមន្ត្រី​ក៏​​ធ្លាប់​បាន​បញ្ជា​ឲ្យ​លោក ជាសុផារ៉ា រដ្ឋមន្ដ្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ប្រាប់​ឲ្យ​ក្រុមហ៊ុន​មួយ​​កាយ​ដី​ចេញ​ពី​ឆ្នេរ​នៅ​ភូមិ ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​ផង​ដែរ បន្ទាប់ពី​រកឃើញ​ថា ក្រុមហ៊ុន​នោះ​បាន​ចាក់ដី​លុប​ឆ្នេរសមុទ្រ​​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​មាន​ការកាយ​ចេញ​វិញ​នៅ​ឡើយ​ទេ​៕