ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​ថ្លែង​ថា ​លេខា​ធិការ​ប្រតិ​បត្តិ​នៃ​គណៈ​កម្មការ​សេដ្ឋ​កិច្ច និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ ​(អសប) ​ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ ទទួល​ស្គាល់​ការ​រីក​ចម្រើ​នរបស់​កម្ពុជា ​ហើយ​ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹង​មាន​កិច្ចសន្ទនា​ជាមួយ​ក្រុម​ការងារ​អង្គការ​សហប្រជា​ជាតិ​នៅ​ថ្ងៃ​ទី ​៦​ ខែ​ ឧសភា ​ខាងមុខ។

លោក​ស្រី អាមីដា ​សាល់សៃ​ អាលីហ្សាបាណា ​(Armida Salsiah Alisjahbana)​ លេខា​ធិការ​ប្រតិ​បត្តិ​នៃ​គណៈ​កម្មការ​សេដ្ឋ​កិច្ចនិង​សង្គម​របស់​ អ.ស.ប​ ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ​ហៅ​កាត់​ថា​ UNESCAP បាន​ធ្វើទស្សន​កិច្ច​នៅ​កម្ពុជា​កាល​ពីថ្ងៃ​ម្សិល​មិញ ​ដោយ​បាន​ទទួល​ស្គាល់​ការ​រីក​ចម្រើន​ក្នុង​វិស័យ​នានា​នៅ​កម្ពុជា។ លោក​ស្រី​ថ្លែង​ដូច្នេះ​ ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​វិមាន​សន្តិភាព​ពី​ម្សិលមិញ។​

លោក​ អ៊ាង សុផល្លែត ​ជំនួយការ​លោក​ ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ក្រោយ​បញ្ចប់​ជំនួបកាល​ពី​ម្សិល​មិញ​ថា​៖ «លោក​ជំទាវ ​អាមីដា​ បាន​គោរព​ជម្រាប​ជូន​ សម្ដេច​តេជោ​ ថា ​UNESCAP ទទួល​ស្គាល់​នូវ​សុខសន្តិភាព ​ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា។ លោក​ជំទាវ​បាន​មាន​ប្រសាសន៍​ថា ​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ គឺ​មាន​សុខសន្តិភាព​ ស្ថិរភាព ​និង​សុវត្ថិភាព​ពេញ​លេញ។ ​ជាង​នេះ​ទៅ​ទៀត​កម្ពុជា​ក៏​បាន​ទទួល​នូវ​ការ​អភិវឌ្ឍ​នៅ​លើ​វិស័យ​យ៉ាង​ច្រើន»។

លោក​ថ្លែង​ថា​៖ «លោក​ជំទាវ ក៏​បាន​សម្ដែង​ការ​ថ្លែង​អំណរ​គុណ​ជូន​សម្ដេចតេជោផង​ដែរ ​ដែល​បាន​បង្កើត​គណៈ​កម្មការ​ជាតិ​សម្រាប់​ UNESCAP។ គណៈ​កម្មការ​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០០៨ ហើយ​បាន​សម្របសម្រួល​ និង​បាន​ជំរុញ​ការងារ​យ៉ាង​ជិត​ស្និទ្ធ​ យ៉ាង​ស្អិត​ល្មួត​ រវាង​អង្គការ​ UNESCAP និង​រាជរដ្ឋាភិបាល​កម្ពុជា។ លោក​ជំទាវ​បាន​ជម្រាប​ថា ​UNESCAP មាន​បំណង​ ពេញ​ចិត្ត​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា​ទៀតទាំង​ទ្វេភាគី​ ទាំង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ​ដើម្បី​ធ្វើ​យ៉ាង​ណា​រួម​គ្នា​ជំរុញ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​របស់​អង្គការ​សហ​ប្រជាជាតិ»។

លោកសុផល្លែត ​បន្ត​ថា​ លោក ​ហ៊ុន សែន ​បានថ្លែង​អំណរ​គុណ​ចំពោះ​ការ​លើក​ឡើង​របស់​លោកស្រី​ Armida និង​បាន​ប្រាប់​ទៅ​លោក​ស្រី​វិញថា​ មិន​មាន​ប្រទេស​ច្រើន​ទេ​ដែល​បង្កើត​គណៈ​កម្មការ​ជាតិ​សម្រាប់​ធ្វើ​ការ​សម្រប​សម្រួល​ជាមួយ​នឹង​ UNESCAP។

ប៉ុន្តែ​មិន​ត្រឹម​តែ​ UNESCAP ​ទេ​កម្ពុជាក៏​បាន​សហការ​យ៉ាង​ល្អ​ជាមួយ​នឹង​ភ្នាក់​ងារ ​UN ទាំង​អស់​នៅ​កម្ពុជា។ ​លោក​បន្ត​ថា ​កម្ពុជា​តែង​រៀប​ចំ​កិច្ច​ប្រជុំ​រវាង​ភ្នាក់​ងារ​ UN ​ទាំង​អស់​ ជាមួយ​នឹង​នាយក​រដ្ឋ​មន្ត្រីជា​រៀងរាល់​ឆ្នាំ ​ហើយ​កិច្ច​ប្រជុំ​នោះ​ត្រូវ​បាន​លើក​កម្ពស់​ដូចជា​វេទិកា​តែម្ដង។ ជំនួប​រវាង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ ​និង​លោក​ហ៊ុន សែន​ គឺ​ធ្វើ​យ៉ាង​ណា ​សហការ ​និង​ជំរុញ​នូវ​ប្រសិទ្ធភាព​ការងារ ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។

បន្ទាប់​ពី​ជួប​សំណេះ​សំណាល​ជាមួយ​លោក ហ៊ុន សែន លោកស្រី Armida បាន​ជួប​​ជាមួយ​លោក​ ប្រាក់​ សុខុន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៅ​ក្រសួង​ការបរទេស។

លោក​ កេត សោផាន់​ អ្នក​នាំពាក្យ​ក្រសួង​ការ​ប​រទេស​ ​ប្រាប់​សារព័ត៌មាន​ Fresh News ​​ពី​ម្សិល​មិញ​នៅ​ក្រោយ​ជំនួប​នោះ​ថា ​លោក ​​ហ៊ុន សែន​ សម្រេច​កំណត់​យក​ថ្ងៃ​ទី ​៦ ​ឧសភា ​ខាងមុខ​នេះ​ ដើម្បី​រៀប​ចំ​កិច្ច​សន្ទនា​ប្រចាំ​ឆ្នាំ​រវាង​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​ការងារ​ អ.ស.ប.។

លោក​ថ្លែង​ថា ​កិច្ចសន្ទនា​ប្រចាំ​ឆ្នាំ​ខាង​មុខ​ នឹង​លើក​ឡើង​នូវ​ប្រធាន​បទ​ចំនួន​ ៣ ដើម្បី​ស្នើសុំ​ឲ្យ​​ក្រុម​ការងារ UN ជួយ​សហការ ​ដែល​ប្រធាន​បទ​ទាំងនោះ​រួម​មាន​ ការការពារ​សង្គម ​ទិន្នន័យ​សម្រាប់​ការ​អភិវឌ្ឍ​និង​របាយការណ៍​ប្រចាំ​​ឆ្នាំ​មួយ​របស់​ប្រទេស​ កម្ពុជា ​​ដែល​នឹង​ត្រូវ​ដាក់ជូន​ទៅ​ UN ​នៅ​ទីក្រុង​ញូវយ៉ក​នា​ខែ ​កក្កដា ​ខាងមុខ។

លោក​ សោផាន់​ ថ្លែង​ថា​៖ «ឧបនា​យក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​តាម​ការ​ស្នើ​សុំ​របស់​លោក​ស្រី ​Armida Salsiah Alisjahbana ក្នុង​ការ​គាំទ្រ​ដើម្បី​ជាកិច្ច​សហ​ប្រតិ​បត្តិ​ការ​ត្បូងត្បូង និង​ដំណើរ​ការ​កំណែ​ទម្រង់​ក្នុង​កម្មវិធី​អភិវឌ្ឍន៍​របស់​ UN ទាំង​ក្នុង​ប្រទេស​កម្ពុជា ​ក៏ដូច​ជា​នៅ​ក្នុង​តំបន់។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​បញ្ជាក់​នូវ​ការ​គាំទ្រ​យ៉ាង​រឹង​មាំ​ថា ​នឹង​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​នេះ​ដល់​ពេល​អនា​គត​ ហើយ​ជា​ពិសេស​នៅ​ថ្ងៃ​ទី ៦ ខែ​ ឧសភា ​នេះ ជា​កិច្ច​សន្ទនា​ប្រចាំ​ឆ្នាំ​រវាង​សម្តេច​​តេជោ​នាយក​រដ្ឋ​មន្ត្រី និង​ក្រុម​ការងារ UN»។

​អ.ស.ប.ប្រចាំ​កម្ពុជា កាល​ពី​ថ្ងៃ​​ចន្ទ​​ឲ្យ​ដឹង​ថា​លោក​ស្រី​ Armida ក៏​ជួប​ជាមួយ​លោកអូន ព័ន្ធ​មុនីរ័ត្ន​ រដ្ឋមន្ត្រី​​​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ ​លោក ចម ប្រសិទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម ​និង​លោក​ ឆាយ ថន ​រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ​ផងដែរ។

អ.ស.ប.ប្រចាំ​កម្ពុជា​​ថ្លែង​ថា​៖ «​ទស្សនកិច្ច​របស់​លេខាធិការ​​ប្រតិ​​បត្តិ​រូប​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​របស់​លោក​ស្រី​ក្នុង​ការ​ជួប​ជាមួយ​មេដឹកនាំ​ពីតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ដោយ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​តំបន់​អាស៊ាន ​ដែល​ស្ថិត​នៅ​ក្រោម​អាណត្តិ​របស់​ UNESCAP សម្រាប់​ការ​អភិវឌ្ឍ​សង្គម ​និង​សេដ្ឋកិច្ច។ នេះ​ជា​ទស្សនកិច្ច​លើក​ទី​ ១​ របស់​លោក​ស្រី​មក​កាន់​ប្រទេស​កម្ពុជា»៕