ភ្នំពេញៈ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ជាង ២០ ភាគរយនៃជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាគឺជាកម្មករនិយោជិតនៅគ្រប់វិស័យហើយជនរងគ្រោះទាំងនោះភាគច្រើនគឺជាស្ត្រី។
ការថ្លែងរបស់លោកដូចនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់បុគ្គលិកសហភាពសហព័ន្ធ និងសហជីពកម្មករនិយោជិតចាប់ពីថ្ងៃទី ២៥ ដល់ ២៨ ខែមករា ក្នុងរាជធានីភ្នំពេញដែលជាផ្នែកដ៏សំខាន់មួយនៃកម្មវិធីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតនៅកម្ពុជា។
លោក គឹម បញ្ញា បានថ្លែងថា គិតជាមធ្យមក្នុង ១ ខែៗមានករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មករដែលជិះរួមគ្នាយ៉ាងតិចក៏ ១ ករណីដែរ។ គ្រោះថ្នាក់នេះបណ្តាលឱ្យកម្មករនិយោជិតរងរបួសធ្ងន់-ស្រាលរាប់សិបនាក់ ក្នុងករណីនីមួយៗ ហើយមានករណីខ្លះរហូតដល់ស្លាប់មនុស្សទៀតផង។
នាយកអង្គការរូបនេះបានឱ្យដឹងទៀតថា កម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលកំពុងធ្វើដំណើរទៅមក ដើម្បីបំពេញការងារក្នុងឆ្នាំ ២០១៩ គឺមានចំនួនច្រើនជាងចំនួនអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់ និងគ្រាប់មីនបូកបញ្ចូលគ្នាទៅទៀត។ ក៏ប៉ុន្តែនេះមិនទាន់រាប់បញ្ចូលករណីកម្មករនិយោជិតក្នុងវិស័យនេះដែលស្លាប់ក្នុងពេលធ្វើដំណើរជាឯកជនផ្ទាល់ខ្លួន ព្រមទាំងកម្មករនិយោជិតក្នុងវិស័យផ្សេងទៀតនោះទេ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាក្នុង ១ ឆ្នាំៗមានកម្មករដែលគាត់រងគ្រោះដោយការធ្វើដំណើរគឺមានប្រហែលជាង ២០ ភាគរយនៃជនរងគ្រោះសរុបដោយសារគ្រោះថ្នាក់ចរាចរណ៍ទាំងអស់នៅកម្ពុជា ដែលកម្មករនិយោជិតទាំងនោះមាននៅគ្រប់វិស័យទាំងអស់ ហើយគ្រោះថ្នាក់ទាំងនេះកើតឡើងទាំងក្នុងអំឡុងពេលបំពេញការងារទាំងទៅ និងមក និងការធ្វើដំណើរឯកជន»។

លោក គឹម បញ្ញា បានបន្ថែមថា៖ «ខ្ញុំយល់ថា ទោះបីជាគ្រោះថ្នាក់ចរាចរណ៍ដែលយើងចាត់ទុកថា ជាឃាតករលាក់មុខដ៏កាចសាហាវ និងឆក់យកជីវិតរបស់មនុស្សគ្រប់ពេលវេលា ដោយមិនរើសមុខ ពណ៌សម្បុរ អាយុ ឋានៈ និងតួនាទីនោះ ប៉ុន្តែយើងអាចបង្ការ និងកាត់បន្ថយគ្រោះថ្នាក់នេះបាន បើយើងទាំងអស់គ្នារួមសហការគ្នា»។
ស្រដៀងគ្នានេះដែរ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍បានថ្លែងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍មានស្លាប់ និងរបួសជារៀងរាល់ថ្ងៃនេះសាហាវជាងករណីជំងឺកូវីដ ១៩ ទៅទៀត។
លោកស្រីបានមានប្រសាសន៍ថា៖ «ថ្នាក់ដឹកនាំសហព័ន្ធ និងសហជីពកម្មករបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីហានិភ័យនៃឥរិយាបថក្នុងការប្រើប្រាស់ផ្លូវដែលគ្មានសុវត្ថិភាព និងការការពារកម្មករនិយោជិតតាមរយៈការស្វែងរកមតិគាំទ្រដើម្បីបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍ដែលមានប្រសិទ្ធភាពក្នុងកម្រិតរោងចក្រ»។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំនៅតែអំពាវនាវ និងស្នើសុំឱ្យអ្នកបើកបរដឹកកម្មករទាំងអស់ត្រូវចេះបើកបរស្ទាត់ជំនាញមានបណ្ណបើកបរត្រឹមត្រូវ កុំបើកហួសល្បឿនកំណត់ គោរពសញ្ញាចរាចរណ៍ កុំពិសាគ្រឿងស្រវឹងពេលបើកបរ និងមានកត្តាជាច្រើនទៀត»។
នាយករងកម្មវិធីនៃមជ្ឈមណ្ឌលសាមគ្គីភាពប្រចាំនៅប្រទេសកម្ពុជា លោកស្រី Pamela Wharton បានឱ្យដឹងថា ការធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងទៅ ទាំងមកពីកន្លែងធ្វើការគឺជាសិទ្ធិមួយរបស់កម្មករនិយោជិត។
លោកស្រីបន្តថា៖ «ការបង្កើនការយល់ដឹងអំពីបញ្ហានេះ និងការគូសបញ្ជាក់ចំណុចកែលម្អផ្នែកសុវត្ថិភាពដែលចាំបាច់ដើម្បីបង្ការគ្រោះថ្នាក់ពេលធ្វើដំណើរគឺជាផ្នែកមួយដ៏សំខាន់ដើម្បីធានាឱ្យបាននូវលក្ខខណ្ឌការងារសមស្របសម្រាប់កម្មករ-កម្មការិនីរោងចក្រនៅប្រទេសកម្ពុជា»។
ទន្ទឹមនឹងនេះ លោក គឹម បញ្ញា បានឱ្យដឹងផងដែរថា អង្គការមូលនិធិបង្ការរបួសអាស៊ីនឹងចុះសិក្សានៅខែកុម្ភៈខាងមុខនេះអំពីលទ្ធភាពឱ្យអ្នកបើកបរដែលប្រើរថយន្តដឹកទំនិញមកដឹកជញ្ជូនកម្មករនិយោជិតតាមរោងចក្រផ្លាស់ប្តូររថយន្តឱ្យមានស្តង់ដាត្រឹមត្រូវ។
លោក គឹម បញ្ញា បានបញ្ជាក់ដោយយោងតាមរបាយការណ៍របស់បេឡាជាតិរបបសន្តិសុខសង្គមថា កាលពីឆ្នាំ ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មកលើកម្មករនិយោជិតវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ដែលធ្វើដំណើរទៅមកបំពេញការងារចំនួន ៦៩៨ លើក (គិតជាមធ្យម ប្រមាណ ៥៨ លើក ក្នុង ១ ខែៗ) បណ្តាលឱ្យកម្មករនិយោជិតចំនួន ១៥ នាក់ស្លាប់ និងរងរបួសធ្ងន់-ស្រាលជាង ១ ពាន់នាក់ផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃចុងក្រោយនៃសិក្ខាសាលានេះ សិក្ខាកាមនឹងចុះអនុវត្តការបណ្តុះបណ្តាលនៅតាមរោងចក្រមួយចំនួនពីបញ្ហានៃការធ្វើចរាចរណ៍នេះផងដែរ៕
វីដេអូ៖