ភ្នំពេញៈ ​មន្ត្រី​អង្គការ​លីកាដូ និង​មន្ត្រី​សមាគម​ធាងត្នោត​ នឹង​ចូលរួម​កិច្ចពិភាក្សា​ចង្អៀត​នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​ តាម​ការអញ្ជើញ​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​ដើម្បី​ពន្យល់​ជុំវិញ​ការរកឃើញ​របស់​អង្គការ​ទាំង​ ២ ដែល​ថា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​ធ្វើឱ្យ​មាន​ការរំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​តាមរយៈ​បំណុល​។

លិខិត​ចំនួន​ ២ ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចេញ​កាលពី​ថ្ងៃទី ៣០ ខែ​សីហា បាន​អញ្ជើញ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ និង​លិខិត​មួយទៀត អញ្ជើញ​លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ចង្អៀត​មួយ​លើ​ប្រធានបទ​ «​មីក្រូហិរញ្ញវត្ថុ និង​ផលប៉ះពាល់​» ដែល​រៀបចំ​ឡើង​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​ ៤ ខែ​កញ្ញា​។

លោក អំ សំអាត ​ប្រធាន​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ថ្ងៃអាទិត្យ​ថា អង្គការ​លីកាដូ បាន​សម្រេច​ចិត្ត​រួចហើយ​ថា​នឹង​ទៅ​ចូលរួម ប៉ុន្តែ​លោក​មិនទាន់​ច្បាស់​ថា​លោកស្រី ពុង ឈីវកេក នឹង​អញ្ជើញ​ទៅ​ផ្ទាល់​ ឬ​ក៏​ចាត់​អ្នកតំណាង​លោកស្រី​ឲ្យ​ទៅ​ជំនួស​នោះ​ឡើយ​។

លោក​ថា​៖ «​គាត់​ (​លោកស្រី ពុង ឈីវកេក​) ​ទើប​តែ​អញ្ជើញ​ទៅ​ប្រទេស​បារាំង​ដែរ ហើយ​លិខិត​ទើប​នឹង​មក​តាម​ក្រោយ​។ អ៊ីចឹង​! មិនដឹង​ថា​គាត់​អញ្ជើញ​មកវិញ​ទាន់​ឬ​ក៏​អត់​។ ខ្ញុំ​មិនទាន់​ដឹង​ថា គាត់​មកវិញ​ថ្ងៃ​ណា​ដែរ​ ប៉ុន្តែ​គាត់​បានចេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ ហើយ​លិខិត​មកដល់​ល្ងាច​ថ្ងៃ​សុក្រ​»​។

លោក​ សំអាត ​បន្តថា កិច្ចពិភាក្សា​ចង្អៀត​នេះ​នឹង​ជួយ​ឱ្យ​ភាគី​រដ្ឋាភិបាល និង​អង្គការ​របស់​លោក​អាច​ស្វែងយល់​ពីគ្នា​បន្ថែម​ទៀត ពីព្រោះ​ការចេញ​របាយការណ៍​គឺ​ដើម្បី​ជំរុញ​កុំឱ្យ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អតិថិជន​ខ្ចីប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​ប៉ុណ្ណោះ​។

ចំណែក​លោក សឿង សារ៉ន នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​ទូរស័ព្ទ​ថា លោក​នឹង​បញ្ជាក់​ពី​ជំហរ​ចូលរួម​នេះ​តាម​អ៊ីមែល​។ ទោះជា​យ៉ាងណា​លោក​បាន​ប្រាប់​វិទ្យុ VOA កាលពី​ថ្ងៃទី​ ២៩ ខែ​សីហា​ថា លោក​នឹង​ចូលរួម​តាម​ការអញ្ជើញ​ដើម្បី​ពន្យល់​ឱ្យបាន​ច្បាស់​អំពី​ការសិក្សា​ដើម្បី​កុំឱ្យ​មាន​ការយល់​ច្រឡំ​។

ការចេញ​លិខិត​អញ្ជើញ​របស់​គណៈរដ្ឋមន្ត្រី​នេះ​ធ្វើឡើង​បន្ទាប់ពី​អង្គការ​ទាំង​ ២ ​នេះ​បានចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃ​ ៧ ​ខែ​សីហា​ដែល​រកឃើញ​ថា​នៅ​ដើមឆ្នាំ ២០១៩ នេះ​មាន​ពលរដ្ឋ​កម្ពុជា ២ លាន​ ៤ ​សែន​នាក់​បាន​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​សរុប​ចំនួន ៨ ​ពាន់​លាន​ដុល្លារ ហើយ​ភាគច្រើន​ត្រូវ​បាន​តម្រូវឱ្យ​ដាក់បញ្ចាំ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​អាច​បង្កឱ្យ​មាន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។

អង្គការ​ទាំង​ ២ ​នេះ​បន្ត​ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​យាយី​លើ​អ្នក​ខ្ចីប្រាក់ ធ្វើឱ្យ​ពួកគេ​លក់​ដី​ទាំង​បង្ខំ ការប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ ការធ្វើ​ចំណាកស្រុក ការខ្វះ​ស្បៀង​អាហារ​ និង​ការធ្វើឱ្យ​ជាប់​បំណុល​រឹតតែ​ច្រើន​។ ការចេញ​របាយការណ៍​នេះ​គឺធ្វើ​ឡើង​ដោយ​ផ្អែក​តែ​លើ​ការសិក្សា​រយៈពេល ៣​ ​សប្ដាហ៍​ប៉ុណ្ណោះ​ គឺ​ពី​ខែ​ មីនា​ ដល់​ខែ​ ឧសភា​ ឆ្នាំ​ ២០១៩ ដោយបាន​សម្ភាស​ពលរដ្ឋ​ត្រឹមតែ ២៨ ​គ្រួសារ​ ដែល​ធ្លាប់​រងគ្រោះ​ពី​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដោយសារ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ឃុំ​ចំនួន ១០ ​នៃ​ខេត្ត​ចំនួន ៤ ​ដូចជា ខេត្ត​កំពង់ចាម កណ្ដាល ព្រៃវែង ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ​។

ក្នុងចំណោម​ពលរដ្ឋ​ទាំង ២៨ គ្រួសារ​ដែល​ផ្ដល់​សម្ភាស​គឺ​មាន​​ ២២ ​គ្រួសារ​បាន​ប្រាប់​ពី​ការបង្ខំ​ឱ្យ​លក់​ដីធ្លី​ ១៣ ​គ្រួសារ​មាន​ប្រើប្រាស់​ពលកម្ម​កុមារ ១៨ ​គ្រួសារ​មាន​សមាជិក​ចំណាកស្រុក​ ២៦ គ្រួសារ បរិភោគ​អាហារ​គ្មាន​គុណភាព និង​ ២២ ​គ្រួសារ ខ្ចីប្រាក់​ពី​អ្នក​ចងការ​ប្រាក់​ដើម្បី​ដោះ​បំណុល​មីក្រូហិរញ្ញវត្ថុ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​ដែល​ត្រូវ​ដឹកនាំ​កិច្ចពិភាក្សា​ចង្អៀត​នេះ​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​បញ្ហា​នេះ​បានទេ​កាលពី​ថ្ងៃ​អាទិត្យ​។ ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន​មួយ​ចំនួន​ដោយ​ចាត់ទុក​របាយការណ៍​របស់​អង្គការ​ទាំង​ ២ ​ថា​គ្រាន់តែ​ជា​ការ​បញ្ចេញយោបល់​ហើយ​ថា​ការអញ្ជើញ​ពួកគេ​មក​ពិភាក្សា​នេះ​គឺ​ដើម្បី​បង្ហាញ​អំពី​សុចរិតភាព​។

ជាមួយ​គ្នា​នេះ​ធនាគារជាតិ​នៃ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក៏​បាន​ចាត់ទុក​របាយការណ៍​នេះ​ថា មិន​ឆ្លុះបញ្ចាំង​អំពី​តថភាព​ជាក់ស្ដែង​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ​ផងដែរ ហើយ​ថា​ពួកគេ​នឹង​ស៊ើបអង្កេត​ករណី​នេះ​ថា តើ​មាន​មីក្រូហិរញ្ញវត្ថុ​រំលោភ​បទប្បញ្ញត្តិ​នេះ​ដែរ​ឬ​យ៉ាងណា​?

ទោះ​ជា​យ៉ាងណា​លោក អំ សំអាត បាន​បញ្ជាក់​ថា​អង្គការ​របស់លោក​គឺ​នៅតែ​រក្សា​ជំហរ​ចំពោះ​ការរកឃើញ​ដដែល​ពីព្រោះ​ក្នុង​របាយការណ៍​ពុំ​បាន​បញ្ជាក់ថា តំណាង​ឱ្យ​អ្នក​ខ្ចី​ប្រាក់​មីក្រូហរិញ្ញវត្ថុ​នៅ​ទូទាំង​ប្រទេស​ឡើយ​ ប៉ុន្តែ​ជា​ក្រុម​ពលរដ្ឋ​រស់នៅ​តំបន់​គោលដៅ​ស្រាវជ្រាវ​។

លោក​បន្ត​ថា​៖ «​គោលនយោបាយ​របស់​រដ្ឋាភិបាល និង​គោលនយោបាយ​របស់​មីក្រូហិរញ្ញវត្ថុ គឺ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ហើយ​កាលណា​ធ្វើឱ្យ​ប៉ះពាល់​សិទ្ធិ​ពួកគាត់​បាត់បង់​ដីធ្លី អាហ្នឹង​ម៉េច​ហៅថា លើកកម្ពស់​ជីវភាព​របស់​ពលរដ្ឋ ហើយ​វា​ក៏​ធ្វើឱ្យ​ប៉ះពាល់​មុខមាត់​រដ្ឋាភិបាល​ដែរ ហើយ​បើ​ថ្ងៃក្រោយ​ទៅ​បញ្ហា​ហ្នឹង​រាលដាល​ធំ​ទៅ វា​នឹង​ពិបាក​ទប់ស្កាត់​»៕