ឧត្តរមានជ័យៈ ក្រុមមន្ត្រីស្រាវជ្រាវ និង កម្ទេចគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៃអង្គការ Hallo Trust នៅព្រឹកថ្ងៃព្រហស្បតិ៍នេះមិញបានចុះទៅកាន់ភូមិអូរតាម៉ែងឃុំ-ស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ ជាទីដែលមានបុរសម្នាក់បានស្លាប់ ក្រោយពីបើកត្រាក់ទ័រភ្ជួរដីប៉ះចំលើគ្រាប់មីនតោន ១ គ្រាប់ បណ្ដាលឲ្យផ្ទុះឡើងកាលពីរសៀលថ្ងៃពុធ។
លោក ឃិត សាគុំ ប្រធានក្រុមស្រាវជ្រាវនិងកម្ទេចសំណល់ជាតិផ្ទុះពីសង្គ្រាមនៃអង្គការ Hallo Trust បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា លោក យ៉ាង ចាន់ថុល អាយុ៣៤ឆ្នាំជាប្រជាកសិករនៅភូមិកើតហេតុខាងលើ ត្រូវបានអាជ្ញាធរមូលដ្ឋានរាយការណ៍ថាបានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយពីគាត់បានបើកត្រាក់ទ័រភ្ជួរដីទំនាបជាប់មាត់អូរព្រំចម្ការស្វាយចន្ទីរបស់គាត់ហើយប៉ះចំលើគ្រាប់មីនតោន១គ្រាប់បណ្ដាលឲ្យផ្ទុះឡើង កាលពីវេលាម៉ោង ២ រសៀលថ្ងៃពុធ។
លោក សាគុំ បានថ្លែងថា៖«នៅពេលនេះ ក្រុមការងាររបស់យើងកំពុងចុះពីនិត្យស្រាវជ្រាវនៅជុំវិញទីតាំងកើតហេតុ បន្ទាប់ពីអ្នកភូមិអះអាងថាដីស្រែក្នុងតំបន់នេះនៅមិនទាន់មានការរុករកនិងបោសសម្អាតគ្រាប់មីននិងសំណល់មិនទាន់ផ្ទុះពីសង្គ្រាមអស់នៅឡើយទេ»។
ជុំវិញករណីនេះលោក រុន្ធ រិទ្ធ មេភូមិអូរតាម៉ែង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កន្លងមកធ្លាប់មានអង្គការមួយចំនួន បានចុះជួយអន្តរាគមន៍ដោះមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងភូមិរបស់លោកម្ដងដែរ ដែលកាលនោះ ក្រុមមន្ត្រីជំនាញបានរកឃើញនិងបោសសម្អាតបានគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទជាច្រើនរយគ្រាប់។ ប៉ុន្តែយូរៗម្ដង ករណីផ្ទុះគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀត នៅតែបន្តកើតមាននៅក្នុងភូមិនេះ ដោយបង្កឲ្យអ្នកភូមិមួយចំនួនបានស្លាប់និងរងរបួស។
លោក រិទ្ធ បានថ្លែងថា៖ «កាលពីឆ្នាំមុនមានអ្នកភូមិម្នាក់ស្លាប់និង៣នាក់ទៀតបានរងរបួស ហើយកាលពីរសៀលថ្ងៃពុធទី ១៣ ខែឧសភា ឆ្នាំ ២០២០ នេះ មានករណីផ្ទុះគ្រាប់មីន១ករណីទៀត ដែលមានជនរងគ្រោះម្នាក់ស្លាប់ និងខូចខាតត្រាក់ទ័រភ្ជួរដី១គ្រឿង។ អ៊ីចឹងទេ គ្រាប់មីន និង គ្រាប់មិនទាន់ផ្ទុះអាចនៅមានសេសសល់ជាច្រើនទៀត កប់នៅក្នុងដីស្រែចម្ការរបស់បងប្អូនប្រជាពលរដ្ឋយើងខ្ញុំ»។
បើតាមការអះអាងរបស់អ្នកស្រី ហ៊ុយ ចាន់ណា ដែលជាបងថ្លៃស្រី របស់ជនរងគ្រោះឈ្មោះ យ៉ាង ចាន់ថុល បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍ថា ទីតាំងដីដែលលោក ចាន់ថុល បានទៅភ្ជួររាស់នោះ គឺជាដីទំនាបជាប់មាត់អូរ នៃចម្ការស្វាយចន្ទីរបស់គាត់ដែលបានដាំដុះអស់រយៈពេល ៥ ឆ្នាំមកហើយ។
អ្នកស្រីចាន់ណាថា៖ «មុនពេលដាំស្វាយចន្ទីពួកយើងបានដាំដុះដំឡូងមី ហើយពេលដាំស្វាយចន្ទីក្នុងរយៈពេល ៥ ឆ្នាំមកនេះ យើងក៏បានភ្ជួរដីតាមគន្លងស្វាយចន្ទី សម្រាប់ដាំដំឡូងមី សណ្ដែក និងពោតផងដែរ ដោយក្នុង ១ ឆ្នាំភ្ជួរដី ២-៣ ដង ប៉ុន្តែមិនដែលឃើញមានសំណល់គ្រាប់ផ្ទុះឬមីនអ្វីនោះទេ »។
អ្នកស្រីបាននិយាយទាំងខ្សឹកខ្សួលថា មុនពេលកើតហេតុ គឺនៅព្រឹកថ្ងៃពុធ លោក ចាន់ថុល បានភ្ជួរដីតាមគន្លងចម្ការស្វាយចន្ទីសម្រេចបានប្រមាណជាង ១ ហិកតា ហើយក៏បានឈប់សម្រាកដើម្បីហូបបាយថ្ងៃត្រង់។
លុះហូបបាយរួច គាត់ក៏ទៅបញ្ជាត្រាក់ទ័រដើម្បីភ្ជួរដីបន្ត។ប៉ុន្តែគាត់ភ្ជួរមិនទាន់បានប៉ុន្មានផងក៏ឮសំឡេងផ្ទុះកក្រើកឡើងហើយគាត់ក៏បានស្លាប់ រីឯត្រាក់ទ័រដែលគាត់បើកនោះក៏ត្រូវដាច់ជាច្រើនបំណែកខូចខាតអស់ទាំងស្រុងផងដែរ។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានបញ្ជូនទៅធ្វើបុណ្យនៅស្រុកកំណើតខាងម្ដាយរបស់គាត់ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕