ភ្នំពេញៈ បន្ទាប់ពី​ទទួល​បាន​ការលើកលែង​ទោស​ថ្មីៗ​នេះ ​ទៅ​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​បក្សប្រឆាំង​បាន​ចាប់ផ្តើម​ធ្វើការ​រិះគន់​ជាថ្មី​ទៀត​មក​លើ​រដ្ឋាភិបាល​កម្ពុជា ខណៈ​ដែល​តំណាងរាស្ត្រ​អាមេរិក​បាន​ចាត់​ទុក​ពួកគេ​ថា​ជា​ «​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ដ៏អស្ចារ្យ​» ជា​អ្វី​ដែល​អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​ចាត់​ទុក​សកម្មភាព​ទាំងនោះ​ថា បង្ហាញ​ពី​ភាព​ជា​ «​អាយ៉ង​ដាច់​ថ្លៃ​» ​របស់​បរទេស​។

កាលពី​​ថ្ងៃ​សៅរ៍​ម៉ោង​នៅ​សហរដ្ឋអាមេរិក ឬ​ថ្ងៃ​អាទិត្យ​ម៉ោង​នៅ​កម្ពុជា ​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀបចំ​ពិធី​ជួបជុំ​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ជា​ «​វេទិកា​ខ្មែរ-សង្គ្រោះជាតិ​» ​ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា ដែល​មាន​ការចូលរួម​ពី​លោក Edward Royce តំណាងរាស្ដ្រ និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស​នៃ​សភា​អាមេរិក ព្រម​ទាំង​លោក Alan Lowenthal តំណាងរាស្ត្រ​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ​។

មន្ត្រី​អតីត​បក្សប្រឆាំង​ដែល​ពួកគេ​ចាត់ទុក​ថា​ជា​ «​សកម្មជន​ស្នេហា​ជាតិ​» ទាំងនោះ​រួមមាន​អតីត​តំណាងរាស្ត្រ​លោក​ អ៊ុំ សំអាន និង​លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​ត្រូវ​បាន​ទទួល​ការលើកលែង​ទោស​ពី​ព្រះមហាក្សត្រ នរោត្តម សីហមុនី តាម​សំណើ​របស់​លោក ហ៊ុន សែន ក្នុង​ពេល​ថ្មីៗ​នេះ​ព្រម​ទាំង​លោក​ ញ៉យ ចំរើន អតីត​តំណាងរាស្ត្រ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់​ដែល​ធ្លាប់​ទទួល​រង​ការវាយដំ​យ៉ាង​ដំណំ​ពី​កងអង្គរក្ស​របស់​លោក​នាយករដ្ឋមន្ត្រី​នៅ​ខាង​ក្រៅ​របង​រដ្ឋសភា​កាលពី​ឆ្នាំ ២០១៥​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ពួកគេ​ទាំង​ ៣ ​នាក់​ត្រូវ​បាន​លោក Edward Royce ប្រគល់​ប័ណ្ណសរសើរ ខណៈ​លោក Alan Lowenthal បាន​ហៅ​ពួកគេ​ថា​ជា​ «​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព​ដ៏អស្ចារ្យ​» ឬ «great freedom fighters»​។ លោក​​ មាជ សុវណ្ណារ៉ា ក៏​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​អន្ដរជាតិ​អញ្ជើញ​ឲ្យ​ទៅ​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ​នា​ថ្ងៃទី​ ២៤ ខែ​កញ្ញា​ផង​ដែរ​។

តាមរយៈ​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក មាជ សុវណ្ណារ៉ា ដែល​ធ្លាប់​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ​ពី​បទ​ដឹកនាំ និង​ចូលរួម​ចលនា​បាតុកម្ម​ហិង្សា​​តវ៉ា​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​ ២០១៤ ​នោះ​បាន​កោតសរសើរ​តំណាងរាស្ត្រ​អាមេរិក​លោក Alan Lowenthal លោក Dana Rohrabacher និង ​លោក Ed Royce ដែល​លោក​ថា បាន​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ខំ​តស៊ូ​តាម​បែប​អហិង្សា ដើម្បី​ទាមទារ​នូវ​សេរីភាព​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យល់​ដឹង​ពី​តម្លៃ​នៃ​មនុស្ស​ឲ្យ​យល់​អំពី​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​មនុស្ស​ទៅ​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ​។

លោក​ថ្លែង​ថា​៖ «​នោះ​ហើយ​ជា​តម្លៃ​នៃ​អ្នកតំណាងរាស្ត្រ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ប្រទេស​ដែល​យក​ច្បាប់​ជា​ធំ​គឺ​ផ្ទុយ​ពី​ប្រទេស​កម្ពុជា​ដែល​ខ្លួន​អាង​អំណាច​ពី​ប្រជាពលរដ្ឋ បែរ​ជា​ជាន់ឈ្លី​តម្លៃ​នៃ​ប្រជាពលរដ្ឋ​។ តើ​ឯណា​ទៅ​សេរីភាព​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅឯ​ប្រទេស​កម្ពុជា​។ យើង​ចង់​ឃើញ​អាហ្នឹង ដើម្បី​ភាព​ស្មើ​គ្នា​»​។

លោក​បន្ត​ថា​៖ «​បងប្អូន​នៅ​ក្រៅ​ប្រទេស​នេះ​ហើយ​ជា​ចលករ​មួយ​ដែល​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គេ​បិទ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​គេ​ជិះជាន់ ភាព​អយុត្តិធម៌​គឺថា​បាន​បងប្អូន​ខ្មែរ​នេះ​ហើយ​។ ដូចជា​ករណី​ខ្ញុំ​គឺ​ថា​ជាប់គុក​បាន​បងប្អូន​ទៅ​បាតុកម្ម​នៅ​វ៉ាស៊ីនតោន ឌីស៊ី ទៅ​ញូវយ៉ក​ទៅ​គ្រប់​ទីកន្លែង​ឲ្យ​មាន​ការដោះលែង​រូបខ្ញុំ មាជ សុវណ្ណារ៉ា ក៏​ដូចជា​អ្នក​ទោស​នយោបាយ​ផ្សេង​ទៀត​»​។

ជាមួយ​គ្នា​នេះ​លោក​ សុវណ្ណារ៉ា ក៏​មិន​ភ្លេច​បន្ត​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អតីត​មេបក្ស​ប្រឆាំង​លោក​ កឹម សុខា ​ដែល​កំពុង​បន្ត​ជាប់​ឃុំ​នៅក្នុង​ផ្ទះ​ផងដែរ​។

លោក​សង្កត់​​ធ្ងន់​ថា​៖ «​ហើយ​ចុង​ក្រោយ​នេះ យើង​ចង់​ឲ្យ​មាន​ការ​ដោះលែង​លោក​ប្រធាន កឹម សុខា ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ឃុំ​នៅ​ត្រពាំងផ្លុង ឥឡូវ​នេះ​គេ​ឃុំ​នៅក្នុង​ផ្ទះ​ទៀត​»​។

នៅក្នុង​ពិធី​នោះ​ដែរ​សមាជិក​សភា​អាមេរិក​លោក Alan Lowenthal ដែល​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​កន្លង​មក​នោះ​ថ្លែង​ថា​៖ «​លោក (​ហ៊ុន សែន​) បាន​យល់​ស្រប​ចំពោះ​ការធ្វើឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​តើ​គាត់​បាន​ធ្វើអ្វី​? គាត់​បាន​ព្យាយាម​កម្ទេច​គណបក្ស​ប្រឆាំង​ចាប់​ខ្លួន​សមាជិក​គណបក្ស​ប្រឆាំង ដូច្នេះ​ហើយ​សភា​​សហរដ្ឋអាមេរិក​នឹង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ​»​។

លោក​បញ្ជាក់​ថា​នៅ​ក្រោម​ការដឹកនាំ​របស់​លោក Royce ប្រធាន​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​រដ្ឋសភា​អាមេរិក និង​ទទួល​បាន​ការជួយ​ជ្រោមជ្រែង​ពី​សមាជិក​សភា​ផ្សេង​ទៀត និង​រូបលោក​ព្រម​ទាំង​សមាជិក​សភា​លោក Rohrabacher គឺ​បាន​រួម​គ្នា​ធ្វើការ​ប្រឆាំង​នឹង​លោក ហ៊ុន សែន​។

លោក​បន្ត​ថា​ កាលពី​ពេល​ថ្មីៗ​នេះ ​សភា​អាមេរិក ​បាន​អនុម័ត​សេចក្តី​ស្នើ​ច្បាប់ ដើម្បី​លើកស្ទួយ សេរីភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា (Cambodian Democracy Acts) ដែល​ជា​លើក​ដំបូង ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា​។

«​ដូច្នេះ​ខ្ញុំ​ធ្វើ​ផ្នែក​របស់​ខ្ញុំ ដើម្បី​ដឹកនាំ និង​ជា​ផ្នែក​មួយ​នៃ​ការតស៊ូ​មតិ​នៅ​ក្នុង​សភា​អាមេរិក​ ប៉ុន្តែ​ប្រជាជន​គឺជា​ជើងឯក​ពិតប្រាកដ​។ ពួកគេ​គឺជា​អ្នក​ដែល​ក្រោក​ឡើង ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ ពួកគេ​គឺជា​អ្នក​ដែល​ក្រោក​ឡើង​តតាំង​នឹង​លោក​ ហ៊ុន សែន​។ ​ដូច្នេះ​ហើយ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា យើង​នឹង​មិន​ឈប់​ទេ យើង​ធ្វើ​រហូត​ទាល់​តែ​លទ្ធិប្រជាធិបតេយ្យ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​មាន​កិត្តិយស​ដែល​មាន​វត្តមាន​នៅ​ទី​នេះ ដើម្បី​ទទួល​ស្វាគមន៍​អ្នក​តស៊ូ​ដើម្បី​សេរីភាព​ដ៏អស្ទារ្យ​ទាំងនេះ​ដូចជា​លោក អ៊ុំ សំអាន ... នឹង​ទាំង​អ្នក​ផ្សេង​ទៀត​... ហើយ​សូម​កុំ​ភ្លេច​អ្នក​ដែល​ត្រូវ​បាន​គេ​ឃុំខ្លួន​នៅ​ក្នុង​ផ្ទះ​គឺ​លោក កឹម សុខា​។ គាត់​គឺជា​ផ្នែក​មួយ​នៃ​ជើងឯក​នៅក្នុង​ប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ​ក្រៅពី​ការដោះលែង​អ្នកទោស​នយោបាយ​នោះ​»​។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​យល់​ឃើញ​ថា​ពាក្យ​«great freedom fighters» ដែល​ចេញពី​មាត់​តំណាងរាស្ត្រ​អាមេរិក​គឺជា​ពាក្យ​ដែល​គេ​ធ្លាប់​ប្រើប្រាស់​នៅក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ដោយ​លោក​លើក​ឡើង​ថា សកម្មភាព​របស់​ក្រុមប្រឆាំង​ទាំង​នោះ​បង្ហាញ​ពី​ភាព​ជា​ «​អាយ៉ង​ដាច់​ថ្លៃ​»​ របស់​បរទេស​។

លោក​ថ្លែង​ថា​៖ «​ពួក freedom fighters ទាំងនោះ​បាន​រលាយ​អស់​ហើយ​វា​រត់​ចោល​ស្រុក​អស់​ហើយ​។ ឥឡូវ​នេះ​ពួកនេះ​គ្រាន់តែ​អ្នក freedom fighters ជំនាន់​ក្រោយ គ្រាន់តែ​ជា​កូនក្មេង​បាតជើង​ក្រហម​រងាល​ដែល​ចូល​ប្រឡូក​នៅ​ក្នុង​បញ្ហា​នេះ គឺ​មិន​មែន​មាន​ទិសដៅ​ពង្រឹង​សន្តិភាព ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ គ្រាន់តែ​ជា​អាយ៉ង​បរទេស​នៅក្នុង​និន្នាការ​អូសទាញ​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ក្នុង​អ្វី​ដែល​ហៅថា​ភូមិសាស្ត្រ​នយោបាយ​ប៉ុណ្ណោះ​»​។

លោក​ថា​កម្ពុជា​គឺជា​ប្រទេសមួយ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​អព្យាក្រឹត និង​មិន​ឈរ​នៅ​ខាង​ប្រទេស​ណា​ឡើយ ឬ​ការពារ​ផលប្រយោជន៍​បរទេស​នោះ​ទេ​។ «​ក្រុម​អាយ៉ង​បរទេស​ដែល​បម្រើ​បរទេស​ដាច់​ថ្លៃ ដែល​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​តែ​ប៉ុណ្ណោះ មិនមែន​ជា​អ្នក​ស្វែងរក​ទិសដៅ​ក្នុង​កិច្ចពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​របស់​មហាជន​នោះ​ទេ​»​។

លោក​បញ្ជាក់​ថា​ការសរសើរ​របស់​តំណាងរាស្ត្រ​អាមេរិក​ដល់​អតីត​សមាជិក​បក្ស​ប្រឆាំង​គឺ​គ្រាន់តែ​គេ​បោក​ទឹកចិត្ត ពួក​នោះ​ឲ្យ​ឆ្កួត​វង្វេង​តាម​គេ​ប៉ុណ្ណោះ ដូចជា​ការផ្តល់​ពាន​ណូបែល​ដែល​គេ​ឲ្យ​ទៅ​លោកស្រី អ៊ុងសាន ស៊ូជី នៅ​មីយ៉ាន់ម៉ា​បើ​មិន​បាន​បម្រើ​បរទេស គេ​ដក​ពាន​ទៅវិញ​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​គុណធម៌​របស់​សម្ដេច​ (​ហ៊ុន សែន​) ​ហើយ​នឹង​អ្វី​ដែល​ជា​លក្ខណៈ​បិសាច​របស់​ពួក​នោះ​មិន​អាច​យក​មក​ប្រៀបធៀប​គ្នា​បាន​ទេ​។ សម្ដេច និង​រាជរដ្ឋាភិបាល​អត់​មាន​បំណង​ចង់​បាន​គុណ ឬ​សេចក្ដី​កោតសរសើរ​ពី​ក្រុម​ដែល​ជា​អាយ៉ង​បរទេស​ទេ​។ យើង​ធ្វើ​ទៅ​តាម​គុណធម៌​របស់​យើង​រីឯ​ពួក​អាយ៉ង​បរទេស​ដែល​ដាក់​ឲ្យ​ខ្លួន​គេ​ឃ្លាតឆ្ងាយ​ពី​មាតុភូមិ​...»​។

លោក​ ហង្ស វិទូ អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​វា​ជា​ការធម្មតា​ដែល​អតីត​សមាជិក​បក្សប្រឆាំង​ទាំង​នោះ​បញ្ចេញ​សំឡេង​រិះគន់​ជាថ្មី ក្រោយពី​ទទួល​បាន​ការលើកលែង​ទោស ហើយ​ការរិះគន់​របស់​ពួកគាត់​ត្រឹមត្រូវ​ឬ​យ៉ាង​ណា ពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ​។ «​ខ្ញុំ​យល់​ថា ការរិះគន់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ វា​គឺជា​រឿង​ដ៏សាមញ្ញ ជាពិសេស​គឺ​អ្នក​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ដោយសារ​តែ​បាន​ប្រព្រឹត្ត​កំហុស​ដែល​ចោទ​ដោយ​រដ្ឋាភិបាល​។ ការរិះគន់​នេះ​វា​ជា​ការ​រិះគន់​មួយ​ដែល​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ពិត​នៅ​កម្ពុជា ដែល​ថា​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រទេស​មួយ​ដែល​មិន​បាន​គោរព និង​ប្រកាន់ខ្ជាប់​ទៅ​តាម​លទ្ធិប្រជាធិបតេយ្យ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​នេះ​គឺជា​តួនាទី​របស់​ពួកគាត់​ក្នុង​ការ​ធ្វើការ​រិះគន់​ក្នុង​នាម​ជា​គណបក្ស​ប្រឆាំង ឬ​ក៏​ជា​អតីត​នៃ​សមាជិក​បក្សប្រឆាំង​គឺ​គាត់​ត្រូវតែ​ធ្វើការ​បញ្ចេញមតិ​រិះគន់​ទៅ​តាម​អ្វី​ដែល​គាត់​យល់​ឃើញ​»៕ NS