កំពង់ធំៈ តុលាការខេត្ត​កំពង់ធំ​បាន​សម្រេច​ឃុំខ្លួន​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​បារាយណ៍​ចំនួន​ ៣ ​នាក់​ ជា​បន្តបន្ទាប់​នា​ដើមខែ​កញ្ញា​នេះ​ដោយ​ ២ ​នាក់​ ត្រូវបាន​ចោទប្រកាន់​ពី​បទ​ជេរប្រមាថ​នាយករដ្ឋមន្ត្រី​ និង​ឃោសនា​ឱ្យ​រង់ចាំ​ទទួល​ការវិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី ខណៈ​ម្នាក់​ទៀត​នៅ​មិនទាន់​ដឹង​ពីបទ​ចោទ​នៅ​ឡើយ​។

ការឃុំខ្លួន​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​នគរបាល​ខេត្ត​បាន​ចុះ​ចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៤ ​នាក់​ កាលពី​ថ្ងៃទី​ ៣១ ខែ​ សីហា​ ដល់​ថ្ងៃទី​ ១ ខែ​ កញ្ញា​។ ប៉ុន្តែ​សកម្មជន​ម្នាក់​ត្រូវ​ដោះលែង​វិញ និង​ ៣ ​នាក់​ទៀត​ត្រូវបាន​បញ្ជូន​បន្ត​ទៅកាន់​តុលាការ ហើយ​ក៏​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន​។

លោក​ ថៃ ធីម សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ខេត្ត​កំពង់ធំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុង​ចំណោម​អតីត​សកម្មជន​ទាំង​ ៤ ​នាក់​ គឺ​មាន​ឈ្មោះ​ រស់ គឹមសៀង ប្រធាន​យុវជន​អតីត​គណបក្ស​ខេត្ត​លោក​ ស៊ុន ប៊ុនថុន អតីត​សមាជិក​ក្រុមប្រឹក្សាឃុំ​បារាយណ៍ លោក​ នូ ភឿន ​សកម្មជន​ស្រុក​បារាយណ៍ និង​លោក មៀច វឿន សកម្មជន​នៅ​ឃុំ​ឈូកខ្សាច់ ស្រុក​បារាយណ៍​។

លោក​បន្តថា​លោក មៀច វឿន ត្រូវ​ចាប់ខ្លួន​នឹង​ដោះលែង​វិញ​នៅ​ថ្ងៃ​ជាមួយ​គ្នា​កាលពី​ថ្ងៃទី​ ៣១ ​សីហា ខណៈ​លោក​ ស៊ុន ប៊ុនថុន និង​លោក​ នូ ភឿន ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់ និង​បញ្ជូន​ទៅ​ឃុំឃាំង​បណ្ដោះអាសន្ន​កាលពី​វេលា​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃទី​ ២ ខែ​កញ្ញា​។ ឯ​លោក រស់ គឹមសៀង ក៏ត្រូវ​បាន​តុលាការ​ឃុំខ្លួន​បណ្ដោះអាសន្ន​ដែរ​កាលពី​ម៉ោង​ ៥ ​ល្ងាច​ថ្ងៃទី​ ៣ ខែ​កញ្ញា ប៉ុន្តែ​មិនដឹង​អំពី​បទ​ចោទ​នៅ​ឡើយ​ទេ​។

លោក​ ថៃ ធីម និយាយ​ថា​៖ «​លោក​​ ស៊ុន ប៊ុនថុន និង​លោក​ នូ ភឿន ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​មួយ​ចំនួន​ដូចជា​ករណី​និយាយ​ទូរស័ព្ទ​ឆ្លើយឆ្លង​គ្នា​ជេរ​នាយករដ្ឋមន្ត្រី​។ ករណី​ញុះញង់​ឱ្យមាន​ការ​រើសអើង​។ ករណី​ចែកចាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក​ដែល​មាន​លក្ខណៈ​ជេរប្រមាថ​ថ្នាក់ដឹកនាំ និង​ការឃោសនា​ឱ្យ​មាន​ការរង់ចាំ​ទទួល​លោក​ សម រង្ស៊ី វិល​ចូល​ស្រុក​»​។

លោក​ ធីម ចាត់ទុក​ករណី​ឃាត់ខ្លួន​សកម្មជន​ទាំងនេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ដើម្បី​បំបាក់ស្មារតី​ចំពោះ​អ្នក​ដែល​ចង់​ទៅ​ទទួល​លោក​ សម រង្ស៊ី ដែល​ប្រកាស​សន្យា​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៩​។

បើតាម​លោក​ ថៃ ធីម គឺ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ នគរបាល​ខេត្ត​ក៏បាន​ចាប់ខ្លួន​បុរស​ម្នាក់​ទៀត​ដែល​ត្រូវជា​ប្អូនថ្លៃ​របស់​លោក​ រស់ គឹមសៀង បន្ទាប់ពី​បុរស​រូប​នោះ​បាន​ទៅ​មើល​លោក​ រស់ គឹម សៀង ដល់​ស្នងការ​ខេត្ត​។ ពេល​នោះ លោក​ក៏បាន​ថត និង​ចែកចាយ​រូបភាព​បងថ្លៃ​របស់​លោក​ជាប់​ខ្នោះដៃ អំឡុង​ពេល​សមត្ថកិច្ច​បញ្ជូន​ចេញពី​ស្នងការ​ខេត្ត​ទៅ​តុលាការ​។ លោក​ ធីម បាន​បញ្ជាក់​ទៀត​ថា​ ប្អូនថ្លៃ​របស់​លោក​ រស់ គឹមសៀន មិនមែន​ជា​សកម្មជន​អតីត​បក្សប្រឆាំង​ឡើយ​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ធំ​លោក​ វ៉ាន សេង ពី​ម្សិលមិញ​និយាយ​ថា លោក​មិនអាច​ឆ្លើយ​សំណួរ​ក្នុងករណី​ខាងលើ​នេះ​បាន​ទេ ដោយ​រុញ​ឱ្យទៅ​សួរ​ព្រះរាជអាជ្ញា លោក​អ៊ិត សុធា ដែល​ភ្នំពេញ-ប៉ុស្តិ៍​មិនអាច​ទាក់ទង​បាន​។

លោក​ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្តកំពង់ធំ​មិន​បាន​លើក​ទូរស័ព្ទ​ឡើយ ខណៈ​លោក​ សួន ថេន អធិការ​ស្រុក​បារាយណ៍​បាន​លើក​ទូរស័ព្ទ​តែ​បញ្ជាក់ថា​លោក​រវល់​ប្រជុំ​។

កាលពី​ថ្ងៃទី​ ២ ​កញ្ញា​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ការចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនេះ គឺ​ធ្វើ​ឡើង​តាមច្បាប់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មិន​ច្បាស់​ដែរ​បញ្ហា​ហ្នឹង ប៉ុន្តែ​សំខាន់​បើ​មាន​ការចាប់​ខ្លួន​គឺ​ដោយសារ​ពួកគាត់​ធ្វើ​ខុស​ហើយ​។ បើ​មិន​ធ្វើ​ខុស គេ​ក៏​មិន​ចាប់ខ្លួន​ដែរ ព្រោះ​ប្រទេស​យើង​មានច្បាប់ មិន​អាច​បណ្ដោយ​ឱ្យ​អ្នកណា​ធ្វើអី​ផ្ដេសផ្ដាស​បានទេ​។ ប្រទេស​មាន​ច្បាប់ អ្នកណា​ធ្វើ​ខុស​គឺ​មាន​ទោស បក្សប្រឆាំង​ ឬ​មិន​បក្សប្រឆាំង​ក៏ដោយ​»​។

លោក​ សុក រដ្ឋា មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹងថា ខាង​សមាគម​កំពុង​ស៊ើបអង្កេត​ពី​ករណី​នេះ ថា​តើ​មូលហេតុ​អ្វី​បាន​ជា​សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ទាំងនោះ បន្ទាប់ពី​មាន​សាច់ញាតិ​មក​ប្ដឹង​នៅ​សមាគម​អាដហុក​។

លោក​និយាយថា​៖ «​អ៊ីចឹង​យើង​អត់​ទាន់​បាន​ធ្វើការ​សន្និដ្ឋាន​ថា ការឃាត់ខ្លួន​ហ្នឹង​ដោយសារ​រឿង​អី​នៅ​ឡើយ​ទេ​»៕