ភ្នំពេញៈ សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍ និង​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្ថិតនៅ​ក្នុង​ការហាមឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ​តាម​អំណាច​សាលដីកា​លេខ​ ៣៤០ របស់​តុលាការ​កំពូល​កាលពី​ម្សិលមិញ​បាន​ដាក់​លិខិត​ទៅ​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង ស្នើសុំ​ឲ្យ​លើក​បម្រាម​សិទ្ធិ​នយោបាយ ដើម្បី​ផ្តល់​នីតិសម្បទា​ឡើងវិញ​។

យោងតាម​លិខិត​ស្នើសុំ​របស់​លោក​ សុន ឆ័យ អតីត​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​លោក ភាវ គឹមឈន និង​លោក វ៉ា សាម៉ុន អតីត​សមាជិក​គណៈកម្មាធិការ​នាយក​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃទី ២៧ ​ខែ​សីហា បាន​សរសេរ​ថា​៖ «​សូម​គោរព​ជូន​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​សុំ​លើក​បម្រាម​សិទ្ធិ​នយោបាយ ដើម្បី​ផ្តល់​នីតិសម្បទា​ឡើងវិញ​»​។

លិខិត​ដដែល​បាន​លើកឡើង​ថា ពួកគេ​កំពុង​ស្ថិតនៅ​ក្នុង​ការហាមឃាត់​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល ៥ ​ឆ្នាំ​តាម​អំណាច​សាលដីកា​លេខ ៣៤០ (​ឆ​) ករណី​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃទី​ ១៦ ខែ វិច្ឆិកា ឆ្នាំ​ ២០១៧ របស់​តុលាការ​កំពូល​។ ការស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នេះ​ដោយ​ផ្អែក​តាម​មាត្រា ៤៥ ​ថ្មី​ (​ស្ទួន​ ១) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​បង្កលក្ខណៈ​ឱ្យ​អ្នក​ដែល​ត្រូវបាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​អាច​ទទួលបាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​។

លិខិត​ខាងលើ​នេះ​បញ្ជាក់ថា​៖ «​ខ្ញុំបាទ​សូម​ស្នើសុំ​សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី មេត្តា ពិនិត្យ តាម​នីតិវិធី ដើម្បី​ផ្តល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ​ដល់​រូបខ្ញុំ ដោយ​ក្តី​អនុគ្រោះ​។ សេចក្តី​ដូច​បាន​គោរព​ជម្រាបជូន​ខាងលើ សូម សម្តេច​ក្រឡាហោម មេត្តា ពិនិត្យ និង​សម្រេច​ដ៏ខ្ពង់ខ្ពស់​»​។

លោក សុន ឆ័យ មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការស្នើសុំ​នេះ​បាន​ទេ​កាលពី​ម្សិលមិញ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិន​បានឃើញ​លិខិត​ស្នើសុំ​របស់​មន្ដ្រីជាន់ខ្ពស់​ទាំង ៣ ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​នេះ​ទេ​។ ប៉ុន្ដែ​លោក​ថ្លែងថា ពិតជា​មាន​អ្នក​ចង់​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​មែន​។

លោក​បន្តថា​៖ «​ខ្ញុំ​គ្រាន់តែ​ដឹងថា ពួកគាត់​អាច​នឹងមាន​ការសម្រេច​ចិត្ដ​បែប​នេះ​។ ខ្ញុំ​យល់ថា​ការស្នើ​សិទ្ធិ​របស់​ពួកគាត់​នេះ វា​គឺជា​ជំហាន​ ១ ដើម្បី​យក​សិទ្ធិ​ក្នុងនាម​ជា​ពលរដ្ឋ​ធម្មតា​កុំឱ្យ​មាន​ការភ័យខ្លាច​ក្នុង​ការនិយាយស្ដី និង​ការទំនាក់ទំនង​ជាដើម​។ ព្រោះ​បើ​គ្មាន​សិទ្ធិ​នយោបាយ សូម្បីតែ​ការនិយាយ​គ្នា ក៏ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ដែរ​។ ដូច្នេះ​ការរស់នៅ​របស់​ពួកគាត់​គឺ​មាន​ការលំបាក​»​។

លោក អ៊ូ ច័ន្ទរ័ត្ន បន្តថា ការស្នើសុំ​នេះ​ក៏​ព្រោះ​មន្ដ្រីជាន់ខ្ពស់​អតីត​គណបក្សប្រឆាំង​ទាំងនេះ​នៅ​មិនទាន់​ទទួលបាន​ដំណោះស្រាយ​ណា​មួយ ពី​តុលាការ​កំពូល​ចំពោះ​បម្រាម​សិទ្ធិ​ធ្វើ​នយោបាយ​ស្របពេល​ដែល​រឿងនេះ​បាន​អូសបន្លាយ​យូរ​មកហើយ​។

លោក​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ការស្នើ​សិទ្ធិ​នេះ​មិន​មាន​អ្វី​ប្លែក​ទេ​វា​ជា​រឿង​ធម្មតា​សម្រាប់​ពួកគាត់ ព្រោះ​យើង​ដឹង​ហើយ ពួកគាត់​បាន​រងគ្រោះ​ដោយ​ការរំលាយ​គណបក្ស និង​បិទ​សិទ្ធិ​នយោបាយ​ច្រើន​ឆ្នាំ​ហើយ​។ ខ្ញុំ​មើល​ទៅ​ការសម្រេច​របស់​តុលាការ​កំពូល​កាលពី​ឆ្នាំ​ ២០១៧ ​នោះ​គឺ​មិនអាច​ថយក្រោយ​ទេ បើសិនជា​ថយក្រោយ គេ​មិនចាំបាច់​ទុក​រហូត​ដល់​ដាច់ EBA ទេ​»​។

លោក ខៀវ ​សុភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ថ្លែងថា ក្រសួងមហាផ្ទៃ បាន​ទទួល​លិខិត​របស់​មន្ដ្រីជាន់ខ្ពស់ អតីត​គណបក្ស​សង្គ្រោះជាតិ​ទាំង​ ៣ នាក់​នេះ​រួចហើយ​កាលពី​ម្សិលមិញ ហើយ​ត្រូវបាន​លោក ស ខេង ​ចាត់​ឱ្យ​មន្ដ្រី​ពាក់ព័ន្ធ​ពិនិត្យមើល​លើ​ការស្នើសុំ​នេះ​។

លោក​ថ្លែង​បន្ត​ថា​៖ «​សម្ដេច​ក្រឡាហោម​លោក​បាន​ចារ​លើ​លិខិត​នេះ ហើយ​ឱ្យ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រុមអ្នកច្បាប់​ក្រសួង​ពិនិត្យ ដើម្បី​លើក​ជា​យោបល់​មក​ជូន​លោក​វិញ​»​។

លោក​ថ្លែងថា ករណីនេះ​បើ​តាម​នីតិវិធី​គឺ​ក្រសួងមហាផ្ទៃ​ត្រូវ​ពិនិត្យ ទើប​ដាក់​ជូន​ទៅ​លោកនាយក​រដ្ឋមន្ដ្រី ដើម្បី​លោក​នាយករដ្ឋមន្ត្រី​ស្នើ​ទៅ​ព្រះមហាក្សត្រ​សុំ​ឲ្យ​ព្រះអង្គ​ឡាយព្រះហស្តលេខា​សម្រេច​ជា​ចុងក្រោយ​។

លោកប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លើក​ឡើង​ក្នុង​នាម​ជា​ពលរដ្ឋ​ និង​ជា​អ្នកធ្វើ​ការងារ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ម្នាក់​ថា អ្នកនយោបាយ​ខ្មែរ​គួរតែ​ដល់ពេល​ដាក់ចុះ​រឿង​ទំនាស់​ផ្ទាល់ខ្លួន​ ឬ​ទំនាស់​បក្សពួក​ដោយឡែក​សិន​ហើយ​ងាក​មករក​ការចរចា ដើម្បី​អាច​អង្គុយ​ធ្វើការ​ជាមួយ​គ្នា សម្រាប់​ឲ្យ​មាន​កម្លាំង​រឹងមាំ​បម្រើប្រជាជន និង​ដោះស្រាយ​បញ្ហា​ចម្បងៗ​របស់​ជាតិ​។

លោក​ថ្លែងថា​៖ «​ស្រុក​ខ្មែរ​យើង យើង​មើល​ប្រវត្ដិសាស្ដ្រ ៥០០ ​ឆ្នាំ​ទៅ​ក្រោយ គ្មាន​ពេលណា​ដែល​ខ្មែរ​យើង​មាន​សេចក្ដីសុខ សន្ដិភាព​ភាព​សុខដុម​រមនា​ជាមួយ​គ្នា​បានយូរ​ជាង ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​ ១៩៩៣ ​ដែល​កម្ពុជា​ដើរ​តាម​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​ទេ​»៕