
លោក សម រង្ស៊ី នៅក្នុងពិធីមួយនៅក្រៅប្រទេសនាពេលកន្លងមក។ រូបថត ហ្វេសប៊ុក SR
ភ្នំពេញៈ ប៉ុន្មានថ្ងៃនេះប្រភពមួយចំនួនអះអាងថាលោក សម រង្ស៊ី ដែលត្រូវបានជ្រើសរើសជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិកាលពីដើមខែធ្នូនេះនៅសហរដ្ឋអាមេរិកនឹងវិលត្រឡប់ចូលស្រុកវិញ ក្រោយពីលោកបាននិរទេសខ្លួននៅក្រៅប្រទេស ដើម្បីគេចពីការចាប់ខ្លួនពាក់ព័ន្ធនឹងទោសកំហុសដែលតុលាការបានផ្តន្ទាទោសក្នុងសំណុំរឿងបរិហារកេរ្តិ៍ និងការចោទប្រកាន់ផ្សេងទៀតជាច្រើនករណីជាមួយមេដឹកនាំបក្សកាន់អំណាច។
តាមព័ត៌មានអះអាងថាការវិលត្រឡប់របស់លោក សម រង្ស៊ី ក៏មានអមដោយមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើនរូបផងដែរ ដែលពួកគេទាំងឡាយនោះកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេសផ្សេងៗ ក្រោយពីពួកគេត្រូវបានហាមធ្វើនយោបាយស្របពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧។
កាលពីសប្តាហ៍មុននៅលើបណ្តាញហ្វេសប៊ុកមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិឈ្មោះ Um Virakroath ជាមួយ Eng Chhai Eang បានបង្ហោះសារមួយដែលមានខ្លឹមសារថា «តោះយើងត្រឡប់ទៅផ្ទះយើងវិញ» ដែលទំនងជាយកតាមលំនាំលោកស្រី អ៊ុងសាន សូជី។
គណនីខាងលើសរសេរថា «លោកប្រធាន សម រង្ស៊ី នឹងដឹកនាំមន្ត្រីសង្គ្រោះជាតិទាំងអស់ដែលកំពុងរស់នៅបរទេស ដើម្បីវិលត្រឡប់មកកាន់មាតុភូមិវិញ ឲ្យបានមុនពេលចូលឆ្នាំប្រពៃណីជាតិយើងក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ពួកយើងខ្ញុំនឹងទៅទទួលលោកប្រធាន ហើយបើមានការចាប់ខ្លួន ពួកយើងខ្ញុំសុខចិត្តចូលខ្លួនជាមួយលោកប្រធាន សម រង្ស៊ី»។
ទោះជាយ៉ាងណាលោក សម រង្ស៊ី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមអំពីការវិលត្រឡប់របស់លោកបានឡើយកាលពីម្សិលមិញ។
អ្នកវិភាគនយោបាយលោក មាស នី ដែលតែងតែវិភាគទៅលើជំហរនយោបាយលោក សម រង្ស៊ី ក៏មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានដែរ។
អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ហាក់ស្ទាក់ស្ទើរក្នុងការជឿជាក់ទៅលើការវិលត្រឡប់ចូលស្រុកវិញរបស់លោក សម រង្ស៊ី ដោយលោករំឭកថាលោក សម រង្ស៊ី ធ្លាប់ប្រកាសអំពីការវិលចូលស្រុកវិញជាច្រើនលើកមកហើយ ប៉ុន្តែមិនមានការពិត។
ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញលោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា៖ «កន្លងមកឃើញការប្រកាសហ្នឹងញឹកញាប់លោកមិនឃើញត្រឡប់មកវិញ ដូច្នេះយើងមិនដឹងច្បាស់ថាជានយោបាយរបស់លោកគ្រាន់តែប្រកាសចោល ឬយ៉ាងម៉េចយើងអត់ទាន់ដឹង។ ប៉ុន្តែខ្ញុំមិនប្រាកដក្នុងចិត្ត ១០០ ភាគរយថាលោកនឹងត្រឡប់មកវិញទេ»។
លោកបន្ថែមថា៖ «បើសិនជាមានការត្រឡប់មកវិញខ្ញុំជឿថាអាជ្ញាធរប្រហែលជាគេអាចនឹងចាត់វិធានការដោយសារតែជាប់បណ្តឹងច្រើន ហើយមិនដឹងថា មានការចាប់ខ្លួន ឬឃាត់ខ្លួនយ៉ាងម៉េចណា។ ប៉ុន្តែឲ្យមានការប៉ះពាល់ដល់លោកប្រធាន កឹម សុខា ដូចមិនមានប៉ះពាល់អីទេ។ ការដណ្តើមគ្នាដើម្បីយកតួនាទីប្រធានអីហ្នឹង ខ្ញុំមើលទៅដូចមិនមានសារសំខាន់អីដល់ប៉ុណ្ណឹងពេកទេ។ ប៉ុន្តែកន្លងមកមានសកម្មជនខ្លះមន្ត្រីខ្លះហាក់ដូចជាចាត់ទុករឿងដណ្តើមយកតួនាទីប្រធានមិនប្រធានសំខាន់»។
លោកបន្តថាការវិលត្រឡប់របស់លោក សម រង្ស៊ី លោកមិនដឹងថាអ្នកដែលទៅទទួលគាំទ្រលោក សម រង្ស៊ី នោះអាចនឹងមានចំនួនច្រើនឬអត់ បើសិនជាគាត់ប្រាកដជាមកមែន។ ប៉ុន្តែថាមានសកម្មជនមួយចំនួនអាចនឹងចូលរួមទៅទទួលលោក រង្ស៊ី ហើយមិនដឹងថាអាជ្ញាធរអាចនឹងអនុញ្ញាតឲ្យអ្នកគាំទ្រទៅចូលរួមឬយ៉ាងណាទេ។
ជាមួយគ្នានេះលោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិដែលក៏ជាអតីតប្រធានគណបក្សសម រង្ស៊ីផងដែរនោះថ្លែងថា ការប្រកាសវិលចូលស្រុកពីមន្ត្រីរបស់លោក សម រង្ស៊ី ឬក៏លោក សម រង្ស៊ី ផ្ទាល់ក៏ដោយលោក គង់ គាំ នៅតែមិនមានជំនឿថាវាអាចក្លាយជាការពិតនោះឡើយ។ លោកមានប្រសាសន៍ថាព័ត៌មាននៃការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី គឺគ្រាន់តែជាចិត្តសាស្ត្រ ដើម្បីពង្រឹងស្មារតីអ្នកគាំទ្រគាត់តែប៉ុណ្ណោះ។
លោក គង់ គាំ ប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា៖ «ខ្ញុំឃើញថាខ្លួនគាត់ផ្ទាល់មានបណ្តឹង និងសាលក្រមជាច្រើនមិនទាន់រួចផុតនៅឡើយ។ ខ្ញុំធ្លាប់ស្គាល់គាត់មិនចង់ប្រឈមនឹងបញ្ហាអស់ហ្នឹងទេ។ កន្លងមកធ្លាប់មានអ៊ីចឹងដែរ តែទាល់តែមានការលើកលែងទោស ឬទម្លាក់ចោលគ្រប់ការចោទប្រកាន់បានមានការវិលត្រឡប់»។
លោកបញ្ជាក់ថា៖ «ខ្ញុំថាជាចិត្តសាស្ត្រដែលគាត់ធ្លាប់ធ្វើ ដើម្បីឲ្យអ្នកគាំទ្រគាត់កុំឲ្យបាក់ស្មារតី និងកុំឲ្យអស់ជំនឿ»។
អុ្នកនាំពាក្យក្រសួងមហាផ្ទៃនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថាលោកមិនជឿអំពីការហ៊ានវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី នោះទេ ខណៈដែលមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះកំពុងមានក្តីក្តាំជាច្រើននៅក្នុងតុលាការនោះ។ មិនតែប៉ុណ្ណោះមន្ត្រីជាន់ខ្ពស់រូបនេះក៏បានបបួលលោក សម រង្ស៊ី ភ្នាល់គ្នាទៀតផងទៅលើការប្រកាសវិលចូលស្រុកវិញនោះដោយបញ្ជាក់ថាលោកមិនជឿថាលោក សម រង្ស៊ី ហ៊ានចូលស្រុកវិញឡើយ។
លោក ខៀវ សុភ័គ ថ្លែងថា៖ «វាយឲ្យងាប់មិនមកផង ហ៊ានភ្នាល់ក៏ហ៊ាន។ បើ រង្ស៊ី ភ្នាល់ខ្ញុំហ៊ានភ្នាល់ជាមួយគាត់ទៀត»៕