ភ្នំពេញៈ ​លោក​ស្រី ​មូរ​ ​សុខហួរ​ អតីតអនុ​ប្រធាន​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​តាមរយៈ​ហ្វេសប៊ុក​ឡាយ​ កាល​ពី​ថ្ងៃ​សៅរ៍​ថា ​លោក​ស្រី​និង​សហការី​ដែល​ជា​ថ្នាក់​ដឹកនាំ​អតីត​ CNRP​ ផ្សេង​ទៀត​នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ក្នុង​ខែ ៨ ​ឬ​ខែ ៩ ​ដើម្បី​មក​តស៊ូ​មតិ​ក្នុង​​វិស័យ​នយោបាយ​ក្នុង​ប្រទេស​​ និង​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ​កឹម​ សុខា។ ​ខណៈ​នគរ​បាល​ក៏បាន​អះអាង​ថា ​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ចាប់ ឬ​នាំ​ខ្លួន​តាម​ដី​កា​របស់​តុលាការ។​

​លោក​ស្រី​បញ្ជាក់​ថា ​ការ​វិល​ត្រឡប់​នេះ​នឹង​ធ្វើ​ឡើង​ដោយ​អហិង្សា​ សន្តិ​វិធី ​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​ដែល​ក្នុង​គោល​បំណង​រួម​គឺ​រក្សា​បាន​នូវ​ប្រព័ន្ធ​អ​នុ​គ្រោះ​ពន្ធ​ EBA​ របស់​សហ​ភាព​អឺរ៉ុប​ ​និង​ GSP​ ដែល​ផ្ដល់​ឲ្យ​ដោយ​សហរដ្ឋ​អាមេរិក។ ​លោក​ស្រី​ថា ​ការ​ស្ដារ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​ និង​ដោះ​លែង​លោក​ ​កឹម​ ​សុខា​ គឺ​ជាលក្ខ​ខណ្ឌ​តម្រូវ​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។​

​លោក​ស្រី​ថ្លែង​ថា៖​ «​ខ្ញុំ​សូម​បញ្ជាក់​ថា ​ក្បួន​ដំណើរ​មាតុ​ភូម​និវត្តន៍​នៃ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចាប់​ផ្ដើម​ដំណើរ​ការ ​ហើយ​នឹង​ទៅ​ដល់​មាតុ​ភូមិ​យើង​នៅ​ក្នុង​រយៈ​ពេល​ខែ​ ៨​ មិន​យូរ​ជាង​ខែ​៩​ទេ​បង​ប្អូន។ ​យើង​ខ្ញុំ​មិន​អាច​តស៊ូ​មតិ​​នៅក្រៅ​ប្រទេស​បន្ត​ទេ។​ យើង​ខ្ញុំ​យល់​ឃើញ​ថា​ដល់​ពេល​វេលា​គ្រប់គ្រាន់ ​​ត្រឡប់​ទៅ​ប្រទេស​ជាតិ​យើង​វិញ»។​

​ក្រៅ​ពី​មូល​ហេតុ​មក​សង្គ្រោះ​ EBA ​និង​ ​GSP ​លោក​ស្រី​ មូរ​ សុ​ខ​ហួរ​ ថ្លែង​ថា​ កម្ពុជា​ជា​មាតុ​ភូមិ​របស់​លោក​ស្រី ​ក៏​ដូច​ជា​ថ្នាក់​ដឹក​នាំ​ CNRP​ ផ្សេង​ទៀត​ដែល​ទាំង​អស់​គ្នា​មាន​សិទ្ធិ​វិល​ត្រឡប់​មក​វិញ​ ​ហើយ​ការ​វិល​ត្រឡប់​នេះ​មាន​ទាំង​លោក ​សម​ ​រង្ស៊ី​ ​ផងដែរ។​

​​លោក​ស្រី​ថ្លែង​បន្ត​ថា​៖​ ​«​​ខ្ញុំ​និយាយ​នេះ ​ប្រហែល​បង​ប្អូន​ថា​ ចុះ​ម្សិល​មិញ​ថា​អត់​មក​ទេ​ លុះ​ត្រា​តែ​នេះ​លុះ​ត្រា​តែ​នោះ ​ម៉េច​ថ្ងៃ​នេះ​ចង់​មក​វិញ? ​បង​ប្អូន​យើង​សូម​បញ្ជាក់​ថា ​នៅ​ឆ្នាំ​ ២០១៩​ អត់​ផុត​ ២០១៩​ ទេ ​យើង​ខ្ញុំ​ត្រឡប់​ទៅ​វិញ​ទៅ​ដល់​ទឹក​ដី​យើង»។​

​​លោក​​ស្រី​ មូរ​ ​សុខ​ហួរ ​បាន​បដិសេធ​លើ​ការ​លើក​ឡើង​របស់​លោក ​សុខ​ ឥសាន ដែល​លោក​ស្រី​ថា ​លោក ​សុខ​ ​ឥសាន អះអាង​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​បំផុស​ឲ្យ​មាន​ការ​ដក​ EBA ​ឬ ​GSP។ ​លោក​ស្រី​ថា​ប្រទេស​នៅ​សហ​ភាព​អឺរ៉ុប​បាន​​ដឹង​ព័ត៌​មាន​ច្បាស់​ហើយ ​ដោយ​​ពួក​គេ​មិន​បាន​ជឿ​លើ​គណ​បក្ស​សង្គ្រោះ​ជា​តិ​ ​ឬ​លោក​ សម​ ​រង្ស៊ី​ ទេ។​

លោកស្រី​ ថ្លែង​ថា៖ ​«គេ​មិន​អាច​ជឿ​បាន​ទេ​ តែ​អ្វី​ដែល​គេ​ដឹង​ច្បាស់​តែ​អ្វី​ដែល ​គេ​ជឿ​គឺ​ប្រធាន​លោក​ កឹម​ សុខា នៅ​ ជាប់​ការ​ឃុំ​ឃាំង​អាហ្នឹង​មិន​បាច់​ប្រាប់គេ​ ទេ​គេ​ដឹង​ហ្មង ​ហើយ​គេ​ដាក់​លក្ខ​ខណ្ឌ​ ទៀត​ ដោះ​លែង​លោក​ប្រធាន​កឹម​ ​សុខា​ ​ជា​ប្រធាន​គ​ណបក្ស​សង្គ្រោះ​ជាតិ​ទៅ ​EBA​ រួច​ខ្លួន​»​។​ លោក​ស្រី​ថា ​កូន​សោ​នៃ ​EBA​ គឺ​នៅ​លើ​លោក ​ហ៊ុន​ ​សែន»។​

ទោះ​យ៉ាង​ណា​លោក ​សុ​ខ​ ឥសាន អ្នក​នាំ​ពាក្យ​គណ​បក្ស​កាន់​អំណាច​​បាន​ថ្លែង​តាម​ប្រព័ន្ធ​តេឡេក្រាម​​ថា​ ​ការ​លើក​ឡើង​ពី​ការ​វិល​ចូល​ស្រុក​ខែ​សីហា ​គឺ​ជា​​ល្បិច​ប្រមូល​លុយ​បន្ថែម​ប៉ុណ្ណោះ។​

​លោក​ថ្លែង​ថា​៖ ​«​អ្ន​ក​ណា​ទៅ​អង្វរ​បរទេស​ឲ្យ​កាត់​ផ្តាច់​ EBA​ និង​សុំ​ទៅ​សហរដ្ឋ​អាមេរិក​​បិទ GSP?​ មិន​គឺ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ទេ​ឬ?​ កុំ​ក្រឡាស់​​ពាក្យ​ សម្តីប្រជា​ជន​កម្ពុជា​បាន​ដឹង​អស់​ហើយ»។

​​លោក​ស្រី​ ​មូរ​ សុខ​ហួរ​ ​មិន​អាច​សុំការ​​បញ្ជាក់​បន្ថែម​បាន​ទេ​កាល​ពី​ម្សិលមិញ។

​លោក ​ឯក​ ​សុវណ្ណា​រ៉ា ​អ្នក​វិភាគ​នយោបាយ​បាន​យល់​ឃើញ​ថា​ ការ​លើកឡើង​របស់​លោក​ស្រី មូរ​ ​សុខ​ហួរ​ ​អាច​ជឿ​​ជាក់​បាន​តែ ៥០ ​ភាគ​រយ​ប៉ុណ្ណោះ។​

​លោ​ក​ថ្លែង​ថា​៖​ ​«​គាត់​និយាយ​អាច​ពិត​ដែរ​ តែ​បើ​តាម​ខ្ញុំ​គិត​ការ​លើក​ឡើង​របស់​គាត់​អាច​ជឿ​ជាក់​បាន​តែ​ពាក់​កណ្ដាល​ទេ​ ​ព្រោះ​ស្ថាន​ការ​ណ៍នយោ​បាយ​ ឬ​ឥរិយា​បថ​របស់​គណ​បក្ស​កាន់​អំណាច​អត់​ទាន់​មាន​ស្ថាន​ភាព​ណា​អំណោយ​ផល​សម្រាប់​គាត់​មក​ទេ។​ គាត់​លើក​ឡើង​នេះ​គឺ​ដើម្បី​រំឭក​ឬ​កៀរ​គរ ​អ្នក​គាំទ្រ​របស់​គាត់​តែ​ប៉ុណ្ណឹង​ទេ»។​ ​

​លោក ​សុវណ្ណា​រ៉ា ​ថ្លែ​ង​ថា​៖​​ «គណបក្ស​នោះ​ តែ​ប៉ុណ្ណឹង​ឯង​ មក​ឬ​មិន​មក​ក៏​អត់​ មាន​អី​បាត់​បង់​ប្រជា​ប្រិយភាព​ដែរ»។​

​ចំ​ណែក​លោក ​ឡៅ ​ម៉ុងហៃ​ អ្នក​វិភាគ​នយោ​បាយ​ថ្លែង​ថា​ គេ​អាច​ជឿ​ទុក​ចិត្ត​បាន​នៅ​ពេល​ដែល​ពួក​គាត់​ត្រឡប់​មក​ជាក់​ស្ដែង។​ លោក​ថា បើ​សិន​ពួក​គាត់​ត្រឡប់​មក ​គាត់​មក​ហើយ ដូច្នេះ​ទៅតាមនោះ​ចុះ​ ហើយ​បើ​មកពួក​គេ​នឹង​ត្រូវ​បាន ​ទទួល​ស្វា​គមន៍​ត្រឡប់​មក​ផ្ទះ​វិញ។​

​លោក​ថ្លែង​ថា​៖​ ​«​វា​មិន​ល្អ​ទេ​ដែល​យើង​ធ្វើ​ការ​គិត​ទុក​មុន​នៅ​ក្នុង​វប្ប​ធម៌​នៃ​​ប្រទេស​មួយ​ដែល​សីល​ធម៌​នយោបាយ​គឺ​ជា​ធន​ធាន​កម្រ​ ហើយ​ជា​ទី​ដែល​ការ​ស្រេក​ឃ្លាន​អំណាច​និង​ទ្រព្យ​សម្បត្តិ​មិន​មាន​កម្រិត​។​ ​ប្រសិន​បើ ឬ​នៅ​ពេល​ពួក​គេ​ត្រឡប់​មក​វិញ​ ​ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​ ​ហិង្សា​ផ្លូវ​កាយ ​ឬ​រង​របួស​ ឬ​អាច​ថែម​ទាំង​ធ្វើ​ឃាត​ ​ដោយ​អ្វី​ដែល​គេ​ហៅ​ថា​ បាត​ដៃ​ទី៣»។​ ​​

លោក​ ​ឆាយ​ គឹម​ខឿន ​អ្នកនាំពាក្យ​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិ​បាន​ថ្លែង​កាល​ពី​ម្សិល​​មិញ​ថា ជំហរ​របស់​រាជ​រដ្ឋាភិ​បាល​ ​និង​សមត្ថ​កិច្ច​មាន​ស្រាប់​ហើយ​ក្នុង​ការ​អនុ​វត្ត​ចាប់​ខ្លួន ឬ​នាំ​ខ្លួន​តាម​​ដីកា​របស់​តុលាការ។​ ​

លោក​ថ្លែង​ថា​៖ ​​«គាត់​មក​ប៉ុន្មាន​នាក់​មិន​សំខាន់​ទេ ​សំខា​ន់​ដី​កា​មាន​ប៉ុន្មាន​ ​យើង​អនុ​វត្ត​តាម​ដីកា​ប៉ុណ្ណឹង ​សមត្ថ​កិច្ច​បាន​ត្រៀម​លក្ខណ​សម្បត្តិ​រួច​ហើយ​សម្រាប់​ពួកគាត់»។​ ​

លោក​ ​សម​ រង្ស៊ី​ ត្រូវ​កាត់​ទោស​ក្នុង​ករណី​ជា​ច្រើន​ ​និង​រង​នូវ​ការ​ចាប់​ខ្លួន។​ ​កាល​ពី​ខែ​មីនា ​មន្ត្រី​ជាន់ខ្ពស់​ ៧ ​រូប​​ទៀត​មាន​លោក ​ឡុង​ រី​ លោក​ ​ម៉ែន​ ​សុថា​វរិន្ទ​ លោក​ អេង​ ឆៃអ៊ា​ង​ លោក​ស្រី​ ​មូរ​ ​សុខ​ហួរ ​លោក​ ​អ៊ូ ​ច័ន្ទ​ឫទ្ធិ ​លោក ​តុ​ វ៉ាន់​ចាន់ ​និង​លោក​ ​ហូរ​ វ៉ាន់​ ត្រូវ​បាន​តុលា​ការ​ចេញ​ដីកា​ចាប់ខ្លួន​ ​ពី​​បទ​ «​រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់​​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍»៕​​