ភ្នំពេញៈ ខណៈ​មាន​ការស្នើសុំ​ពី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ទៅ​លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ឲ្យ​បើក​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ឡើងវិញ មន្ត្រី​ក្រសួង​អប់រំ​បាន​ឆ្លើយតប​ថា ការសិក្សា​ពី​ចម្ងាយ​របស់​ក្រសួង​កំពុង​ទទួល​បាន​ការគាំទ្រ​ពី​សិស្ស និង​ឪពុក​​ម្ដាយ​សិស្ស​នៅឡើយ​។

កាលពី​ថ្ងៃទី​ ៥ ឧសភា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ផ្ញើ​លិខិត​ទៅ លោក​ ហង់ជួន ណារ៉ុន ដោយ​បញ្ជាក់ថា ក្រសួង​អប់រំ​គួរតែ​បើក​សាលារៀន​ឡើងវិញ​ស្របពេល​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បង្ហាញ​ថា ក្នុង​រយៈពេល​ជាង​ ៣ ​សប្ដាហ៍​ចុងក្រោយ​នេះ កម្ពុជា​មិន​មាន​ករណី​ថ្មី​នៃ​អ្នកជំងឺ​កូវីដ​១៩ ហើយ​អ្នកឆ្លង​ទាំងអស់​ ១២២ ​នាក់​ត្រូវ​បាន​ព្យាបាល​សះស្បើយ​ ១២០ និង​នៅ​សល់​តែ​ ២ ​នាក់​។

លិខិត​បាន​សរសេរ​ថា​៖ «​ដូចនេះ​ស្ថានភាព​ប្រសើរ​ដែល​រក​មិនឃើញ​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ ឬ​កូវីដ​ ១៩ ជាង​ ៣ ​សប្ដាហ៍​ហើយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ត្រូវ​ពិនិត្យ​មើល​លទ្ធភាព​តំបន់​មួយចំនួន​អាច​ឱ្យ​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​បើក​ដំណើរការ ដើម្បី​ឱ្យ​សិស្សានុសិស្ស​បាន​ចូលរៀន​ឡើងវិញ​»​។

លិខិត​បន្តថា ចំពោះ​ការសិក្សា​ពី​ចម្ងាយ​របស់​ក្រសួង​អាច​ទៅ​ដល់​សិស្ស​ដែល​ឪពុកម្ដាយ​ពួកគេ​មាន​លទ្ធភាព តែ​ចំពោះ​សិស្ស​ក្រីក្រ​ពិបាក​នឹង​ទទួល​បាន​ពី​កម្មវិធីសិក្សា​ពី​ចម្ងាយ​នេះ​ដោយសារ​ឪពុកម្ដាយ​គ្មាន​លទ្ធភាព​។ លើស​ពីនេះ​ឪពុកម្ដាយ​ភាគច្រើន​ក៏​ពុំ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការជួយ​មើល​ការរៀន​របស់​កូនៗ​ដោយសារ​រវល់​ធ្វើ​ការងារ និង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​។

ប៉ុន្តែ​លោក រស់ សុវាចា មន្ត្រី​នាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ការប្រកាស​របស់​ក្រសួង​ឱ្យ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​បន្ត​អនុវត្ត​តាម​លិខិត​លេខ​ ២២ ​និង​លេខ​ ២៣ ​គឺ​នៅតែ​មាន​សុពលភាព​នៅឡើយ​។

លោក​បន្ត​ថា ឪពុកម្ដាយ និង​សិស្សានុសិស​រួមទាំង​ភាគី​ពាក់ព័ន្ធ​នៅ​តែ​ស្វាគមន៍ និង​គាំទ្រ​សេវា​សិក្សា​ពី​ចម្ងាយ ជាពិសេស​តាមរយៈ​ការផ្សាយ​តាមរយៈ​ទូរទស្សន៍​ (​ទទក​ ២) ​ដែល​អាច​បន្ត​បង្រៀន​សិស្ស​នៅ​ទីក្រុង​ និង​ជនបទ​គ្រប់​ ២៥ ​ខេត្ត និង​ក្រុង​។

លោក​ថា​៖ «​ចំពោះមុខ​នេះ​សូម​យោង​សេចក្ដី​ណែនាំ​លេខ​ ២៣ អយក.សណន ចុះ​ថ្ងៃទី​ ២៤ ​ខែ​មេសា​ឆ្នាំ​ ២០២០ ស្ដីពី​ការសិក្សា​ពី​ចម្ងាយ​ និង​ការសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រនិក​សម្រាប់​សិស្សានុសិស្ស​កម្រិត​មត្តេយ្យ បឋមសិក្សា និង​មធ្យមសិក្សា​»​។

កាលពី​ថ្ងៃទី​ ២៤ មេសា​ក្រសួង​អប់រំ​បាន​ប្រកាស​ឱ្យ​សិស្សានុសិស្ស​បន្ត​រៀន​ពី​ចម្ងាយ​នៅ​តាម​ផ្ទះ​ដែល​ក្រសួង​បាន​រៀបចំ​ឱ្យមាន​កម្មវិធី​បង្រៀន​នៅតាម​ទូរទស្សន៍​មួយ​ចំនួន យូធូប ហ្វេសប៊ុក និង​ App ​រហូត​ទាល់​តែ​មាន​សេចក្ដី​ជូនដំណឹង​ជាថ្មី​។

លោក ខៀវ សំអ៊ុល ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ស្វាយរៀង​បាន​ថ្លែងថា សិស្ស​នៅក្នុង​ខេត្ត​របស់​លោក​ដែល​អាចមាន​លទ្ធភាព​រៀន​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​មាន​ចំនួន​តិចតួច ហើយ​ភាគច្រើន​គឺ​រៀន​តាម​ទូរទស្សន៍​ទទក​ ២ ប៉ុន្តែ​ប៉ុស្ដិ៍​ទូរទស្សន៍​នេះ​នៅ​តំបន់​ខ្លះ​ត្រូវបាន​គេ​រាយការណ៍​មិន​អាច​មើលឃើញ​ច្បាស់​។

លោក​បន្តថា​ការរៀន​ពី​ចម្ងាយ​នៅ​តាម​ផ្ទះ​គឺ​កើត​មាន​បញ្ហា​មួយចំនួន​ដូចជា ការខ្វះខាត​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​មេរៀន​ទៅដល់​សិស្ស​មិន​អាច​គ្រប់គ្រង​ការសិក្សា​របស់​សិស្ស និង​មិន​មាន​ការបង្រៀន​គ្រប់មុខ​វិជ្ជា​ទៅ​ដល់​សិស្ស ដែល​ធ្វើឱ្យ​សិស្ស​មិន​អាច​សិក្សា​ទាន់​តាម​កម្មវិធីសិក្សា​។

លោក​ថា​៖ «​ក្រសួង​អប់រំ​បាន​ចេញ​គោលការណ៍​មកហើយ ប្រសិន​បើ​សិស្ស​មិន​ងាយ​បាន​ចូលរៀន​វិញ គឺ​គេ​នឹង​បន្ថយ​វិស្សមកាល​ធំ​ឱ្យ​មក​នៅ​តូច​ដើម្បី​ឱ្យ​សិស្ស​រៀន​បាន​គ្រប់​តាម​កម្មវិធីសិក្សា​វិញ នេះ​ជា​ព័ត៌មាន​មួយចំនួន​ដែល​យើង​ដឹង​»​។

ក្រសួង​អប់រំ​បាន​ប្រកាស​បិទ​សាលារៀន​តាំងពី​ថ្ងៃទី​ ១៦ ​​ខែ​មីនា​ ដែល​បូករួម​ការឈប់​វិស្សមកាល​តូច​ផង​គឺ​មាន​រយៈពេល​ជាង​ ១ ​ខែ​មក​ហើយ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ​១៩​។

លោក ខៀវ សំអ៊ុល ហាក់​គាំទ្រ​ប្រសិន​បើ​ក្រសួង​ប្រកាស​ឱ្យ​បើក​សាលារៀន​វិញ​នាពេល​នេះ​ដោយ​លោក​បាន​អះអាង​ថា នៅក្នុង​ខេត្តស្វាយរៀង​បច្ចុប្បន្ន​ដូចជា​មិន​មាន​បញ្ហា​ដោយសារ​តែ​ការកើតឡើង​ជំងឺ​កូវីដ​១៩​។

កាលពី​ថ្ងៃទី​ ៤ ឧសភា លោក​ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ក្រសួង​សុខាភិបាល​មិនបាន​ស្នើ​ទៅ​ក្រសួង​អប់រំ​ឱ្យ​បើក​សាលា​វិញ​ទេ ហើយ​ការបើក​សាលារៀន​វិញ​គឺជា​សមត្ថកិច្ច​ក្រសួង​អប់រំ​៕

វីដេអូ៖