ភ្នំពេញៈ ក្រសួង​អប់រំ​ យុវជន និង​កីឡា និង​មន្ទីរ​អប់រំ​រាជ​ធានី-​ខេត្ត​ បាន​បើក​កិច្ច​ប្រជុំ​រួមគ្នា​ ដើម្បី​ពិភាក្សា​ពី​យុទ្ធ​សាស្ត្រ​ការអប់រំ​ពី​ចម្ងាយ​កម្រិត​បឋម និង​មធ្យម​សិក្សា ​ខណៈ​សាលា​រៀន​ទូទាំង​ប្រទេស​ នៅ​មិន​ទាន់​បើក​ដំណើរ​ការ​ឡើង​វិញ​ ដោយ​សារ​បញ្ហា​ជំងឺ​កូ​វីដ ១៩​។

កិច្ច​ប្រជុំ​នេះ ​បា​ន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២៧ ​ឧសភា ​តាម​រយៈ​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ដោយ​មាន​ថ្នាក់​ដឹក​នាំ​ក្រសួង​អប់រំ យុវជន​ និង​កីឡា ​និង​មន្ទីរ​អប់រំ​ទូទាំង​ប្រទេស ​ដើម្បី​ផ្តោត​លើ​វឌ្ឍន​ភាព ​និង​ពិភាក្សា​បញ្ហា​ប្រឈម​លើ​ការងារ​ប្រព័ន្ធ​ព័ត៌មា​ន​គ្រ​ប់គ្រ​ង​អប់រំ​ គោល​នយោបា​យ​ ផែន​ការ​ និង​ការងារ​ពិនិត្យ​តាម​ដាន​ និង​វាយ​តម្លៃ​ ក្នុង​អំឡុង​ពេល​​ផ្អាក​សាលា​រៀន​ទូទាំង​ប្រ​ទេស​។​

ក្រសួង​អប់រំ​ បាន​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន​ នៅ​ថ្ងៃទី​ ២​៧​ ឧសភា​ថា ​កិច្ច​ពិភាក្សា​នេះ​ ក៏​នឹង​ពិភាក្សា ​ដើម្បី ស្វែង​រក​ដំណោះ​ស្រាយ​ និង​យុទ្ធ​សាស្ត្រ​បន្ត​សកម្ម​ភាព​ក្នុង​គន្លង​ថ្មី​ សម្រាប់​ផ្តល់​ការ​អប់រំ​ពី​ចម្ងាយ​ក្នុង​កម្រិត​បឋម​ និង​មធ្យម​សិក្សា​ផង​ដែរ​។​

លោក​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ ដោយ​បាន​ចែក​រំលែក​បទពិ​សោធ​ន៍​ល្អៗ​ និង​បាន​បង្ហាញ​អំពី​អាទិភាព​សំខាន់ៗ​ក្នុង​វិស័យ​អប់រំ​ ព្រម​ទាំង​បាន​ឆ្លុះ​បញ្ចាំង​ពី​គំនិត​ន​វាន​វត្ត​ន៍​ក្នុង​ការ​ធ្វើ​កំណែទ​ម្រង់​​ប្រព័ន្ធ​អប់រំ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​កាលៈ​ទេស​លំបា​ក​នេះ​។​

លោក​ បញ្ជាក់​ថា​៖ «​ជា​ពិសេស​ការ​ផ្តល់​សេវា​អប់រំ​ និង​ការ​កំណត់​សកម្មភាព​អាទិ​ភាព​សំខាន់ៗ​ក្នុង​វិស័យ​អប់រំ​ ក្នុង​ដំណាក់​កាល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​ ១៩​ ​ជា​ពិសេស​នោះ​ការ​រៀប​ចំ​គោល​នយោ​បាយ​ ប្រព័ន្ធ​ព័ត៌​មាន​គ្រប់គ្រង​អប់រំ​ ការ​រៀប​ចំ​ផែន​ការ​ និង​ការ​ពិនិត្យ​តាម​ដាន​ និង​វាយ​តម្លៃ​ត្រូវ​មាន​ការផ្សារ​ភ្ជាប់​គ្នា ​និង​ការ​អនុវត្ត​ជាក់​ស្តែង​»​។​

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​កាល​ពី​ពេល​ថ្មី​នេះ ​បាន​ប្រកាស​ថា​ សាលា​ទូទាំង​ប្រទេស​ គឺ​នៅ​តែ​បន្ត​ផ្អាក​ និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ​រហូត​ដល់​រដ្ឋាភិ​បាល​ ប្រកា​ស​បិទ​ព្រឹត្តិ​ការណ៍​សហ​គមន៍​ ២០​ កុម្ភៈ​ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូ​វីដ​ ​១៩​។​

លោក​ រស់ សុ​វាចា ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ បាន​​លើក​ឡើង​ថា ​បន្ទាប់​ពី​កិច្ច​ប្រជុំ​នេះ​ចប់​ ក្រសួង​អប់រំ​ យុវ​ជន​ និង​កីឡា នឹង​ចេញ​សេច​ក្តី​ណែ​នាំ​មួយ​ ពាក់​ព័ន្ធ​នឹង​ការ​ពង្រឹង​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​រៀន​ និង​បង្រៀន​តាម​គន្លង​ជីវិត​ថ្មី​។​

លោក​បញ្ចា​ក់​ថា​៖​ «​យុទ្ធ​សាស្ត្រ​រៀន​ និង​បង្រៀន​តាម​គន្លង​ជីវិត​ថ្មី នៃ​វិស័យ​អប់រំ​នេះ​ ដោយ​បន្ត​ផ្តោត​លើ​គោល​ការ​សុវត្ថិ​ភាព​សុខ​ភាព។​ ​ទន្ទឹម​នឹង​នេះ​ ការបន្ត​តាម​ដាន​ និង​វាយ​តម្លៃ​កម្រិត​ហានិ​ភ័យ ​និង​ស្ថាន​ភាព​របស់​កូ​វីដ ១៩​ ដែ​ល​មាន​ផល​ជះ​លើ​ការ​អប់រំ​ ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​»​។​

លោក​ ​សន​ ​ជ័យ​ ​ប្រធាន​អង្គការ​សម្ព័ន្ធ​​គណ​នេយ្យ​ភាព​សង្គម​កម្ពុជា ​បាន​លើក​ឡើង​ថា​ អ្វីទាំង​អស់​ ដែល​ក្រសួង​បាន​ធ្វើ​កន្លង​មក​នេះ​ ​គឺ​ជា​ជម្រើស​មួយ​ក្នុង​បរិ​បថ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩​ ដែល​ការ​សិក្សា​ទាំ​ង​នោះ​ គឺ​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​នោះ​ទេ​។​

លោក​បន្ត​ថា​ បន្ថែម​ពី​ការ​រៀន​តាម​អន​ឡាញ​នេះ​ គ្រប់​ស្ថាប័​ន​ទាំង​អស់ ​គួរតែ​មាន​ការ​ចូលរួម​គាំ​ទ្រឲ្យ​​បាន​ខ្លាំង​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ ​និង​ជំ​រុញ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សហ​គមន៍​ ដោយ​ធ្វើ​យ៉ាង​ណាឲ្យ​កុមារ​ដែល​មាន​ឱកាស​តិច​តួច ទទួល​បាន​ការ​សិក្សា​តាម​អន​ឡាញ​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖​ «​បន្ថែម​ពី​លើនេះ​ មិន​ថា ​តែ​កុមារ​នោះ​ទេ​ ចំពោះ​មនុស្ស​ពេញ​វ័យក៏​​ដោយ​ ដែល​គាត់​នៅ​តំបន់​ដាច់​ស្រយា​ល​នោះ​ ​ឱកាស​នៃ​ការ​ទទួល​បាន​ការ​រៀន​សូត្រ​ក្នុង​ពេល​នេះ​ គឺ​គួរ​តែ​ផ្តោត​សំខាន់​លើពួ​ក​គាត់​»​៕​