ភ្នំពេញៈ មន្ត្រី​អភិរក្ស​បរិស្ថាន​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​អះអាងថា ដើមឈើ​ធំៗ​ដែល​មាន​អាយុកាល​រាប់រយឆ្នាំ​ដែលមាន​នៅ​តំបន់​ដែន​ជម្រក​សត្វព្រៃ​កែវសីមា​ក្នុង​ខេត្ត​មណ្ឌលគិរី​ កំពុង​ត្រូវបាន​ការពារ​យ៉ាង​យកចិត្ត​ទុកដាក់​។

លោក ព្រំ វិបុលរតនៈ ប្រធាន​ដែនជម្រក​សត្វព្រៃ​កែវសីមា​បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា បច្ចុប្បន្ន​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​ក្នុង​ខេត្តមណ្ឌលគិរី​មាន​ដើមឈើ​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​ដូចជា​ដើម​ត្រាច ដើមឈើ​ទាល ដើម​គគី មាន​ដើម​ស្ពុង​ជាដើម​។

លោក​ថ្លែងថា​៖ «​ដើមឈើ​ធំៗ​ទាំងនោះ​យើង​ដើរល្បាត​ឃើញ​រាល់ថ្ងៃ មិនមែន​ទើបតែ​រកឃើញ​ទេ​។ វា​ជា​ប្រភេទ​ដើមឈើ​ស្ថិតនៅ​ក្នុងព្រៃ​ចាស់​ដែល​មន្ត្រី​យើង​ដើរល្បាត​រាល់ថ្ងៃ​ហើយ​តំបន់​នោះ​មិនមែន​ជា​តំបន់​សាធារណៈ​តែ​ជា​តំបន់​អភិរក្ស​ដែល​ក្នុង​ច្បាប់​ចំពោះ​ប្រជាពលរដ្ឋ​ ឬ​អ្នក​ដែល​គ្មាន​ការអនុញ្ញត​ក្រៅពី​មន្ត្រី​ឧទ្យានុរក្ស គឺ​មិនអាច​ចូលទៅ​បានទេ​ដែល​ការងារ​នេះ​មន្ត្រី​យើង​បាន​ល្បាត​រាល់ថ្ងៃ រាល់​ម៉ោង​»​។

លោក វិបុលរតនៈ ប្រាប់ថា​ចំពោះ​ដើមឈើ​ ១ ​ដើម​ដែល​បាន​បង្ហោះ​នៅក្នុង​បណ្តាញសង្គម​ហ្វេសប៊ុក​នោះ​គឺជា​ដើម​ស្ពុង ហើយ​ដើម​ស្ពុង ១ ​ដើម​នេះ ក៏​លោក​មិនអាច​ប៉ាន់ស្មាន​ឱ្យ​ប្រាកដថា មាន​អាយុកាល​ប៉ុន្មាន​ឆ្នាំ​ដែរ តែ​អាយុកាល​របស់​វា​រាប់​ពី​ ១០០ ​ឆ្នាំ​ឡើង​ហើយ​។

ចំណែកឯ​កម្ពស់​របស់​វា​វិញ គឺអាច​ប្រហែល​ជា​មិន​ក្រោម​ ៤០ ​ម៉ែត្រ​ទេ​ព្រោះ​បើ​មើល​ពីក្រោម​ទៅ វា​មាន​លក្ខណៈ​ខ្ពស់សន្លឹម​ដោយ​ការប៉ាន់ស្មាន​នេះ​គឺ​ដោយសារ​លោក​មើល​ពី​សំណុំ​ស្លឹក​របស់​ដើម​ស្ពុង​នោះ​ផងដែរ​។ ឯថា​ដើមឈើ​ធំៗ​ទាំងនោះ​មាន​មុខ​កាត់​ប៉ុន្មាន​យ៉ាងណា​នោះ​ទាល់តែ​ផ្នែក​ជំនាញ​ចុះ​សិក្សា​ទើប​ដឹង​។

លោក​បញ្ជាក់​ប្រាប់ថា បច្ចុប្បន្ន​នេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ គឺ​គ្មានទេ ប៉ុន្តែ​អាចមាន​នៅសល់​បទល្មើស​តូចៗ​ខ្លះៗ​ដែល​ប្រជាពលរដ្ឋ​ដឹក​តាម​ម៉ូតូ តែ​មន្ត្រី​ខំប្រឹង​ទប់ស្កាត់ និង​តែងតែ​បង្ក្រាប​។ ​សកម្មភាព​បទល្មើស​កើតមាន​ទៅតាម​ខែ តែ​ខែ​ខ្លះ​ប្រជាពលរដ្ឋ​រវល់​ធ្វើ​ចម្ការ​ក៏​មិនសូវ​កើតមាន​បទល្មើស​ដែរ​។ រាល់​បទល្មើស​កើតឡើង​គឺ​ភាគច្រើន​បង្កឡើង​ដោយ​បងប្អូន​ជនជាតិ​ភាគតិច​ព្រោះ​ពួកគាត់​រស់នៅ​តំបន់​ព្រៃ​ក្បែរៗ​នោះ​។

លោក​ថ្លែងថា​៖ «​បទល្មើស​មាន​ខ្លះ​ដែរ តែ​យើង​ខំប្រឹង​ទប់​ជា​អតិបរមា​។ នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា​នោះ​យើង​មាន​ដាក់​ស្លាក​សញ្ញា​តាំងពី​ផ្លូវ​ចូល​។ ​ដោយ​យើង​មាន​ការបែងចែក​ជា​តំបន់​គ្រប់គ្រង អភិរក្ស តំបន់​ស្នូល និង​តំបន់​ការពារ​ធម្មជាតិ​»​។

លោក ព្រំ វិបុលរតនៈ បាន​បញ្ជាក់ថា នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា មិនទាន់​បាន​សិក្សា​ស្រាវជ្រាវ​ពី​ធម្មជាតិ​ទេ តែ​បាន​សិក្សា​ស្រាវជ្រាវ​ទៅលើ​សត្វព្រៃ​។ ប៉ុន្តែ​បើ​រុក្ខជាតិ​អ្វី​ប្លែកៗ​គឺ​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​មាន​ការចាប់អារម្មណ៍​ដូចជា​ដើមឈើ​មាន​ផ្កា​ ឬ​ក៏​រុក្ខជាតិ​អី​ដែល​ដុះ​ប្លែកៗ ចម្លែកៗ​ទាក់ទាញ​សោភណភាព​នោះ​គឺ​លោក​ឱ្យ​ការពារ​តាម​ឃ្លាំមើល​ការពារ​យ៉ាង​ហ្មត់ចត់​បំផុត​។

លោក នេត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

លោក កែវ សុជាតិ ប្រធាន​អង្គការ​សន្សំ​ម្លប់​ព្រៃ ថ្លែងថា ដើមឈើ​រាប់ពាន់​ឆ្នាំ​មាន​នៅ​សេសសល់​តិចតួច​ទេ ដូចជា​ដើម​កកោះ គគីរ បេង ធ្នង់ ជាដើម​។ អង្គការ​ធ្វើការ​រួមសហការ​ជាមួយ​ក្រសួងបរិស្ថាន​ឈរជើង​នៅ​តំបន់​ណា​សម្បូរ​ទៅដោយ​ព្រៃឈើ​ក្រាស់ៗ​មាន​នៅ​ដូចជា​ខេត្តមណ្ឌលគិរី​ខេត្តរតនគិរី​ជាដើម​៕