ក្រចេះ: ក្រុម​អ្នក​អភិរក្ស​សត្វ​ផ្សោត និង​ប្រជា​សហគមន៍​នៅ​តំបន់​រមណីយដ្ឋាន​អន្លង់​កាំ​ពី និយាយថា​បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំពី​នៅ​តែ​បន្ត​កើតមាន​គួរឱ្យ​ព្រួយបារម្ភ​។ ការលើកឡើង​របស់​ពួកគេ ធ្វើឡើង​ក្រោយពី​ប្រទះឃើញ​ផ្សោត​ឈ្មោល​ពេញវ័យ​ ១ ​ក្បាល​ថ្មី​ទៀត ទម្ងន់​ជិត​ ១០០ ​គីឡូក្រាម​ ងាប់​ដោយ​ជាប់​មង​ក្នុង​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំពី កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។

លោក​ តាន់ សុមេធប៊ុនវឌ្ឍន៍ នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៧ មករាថា បើទោះ​ជា​មាន​ការផ្សព្វផ្សាយ​ហាមឃាត់​ការនេសាទ និង​ចុះ​ល្បាត​ជាប្រចាំ​យ៉ាងណា​ក៏ដោយ ក៏​បទល្មើស​នេសាទ​នៅ​តែ​បន្ត​កើតមាន​គួរឱ្យ​ព្រួយបារម្ភ​នៅក្នុង​តំបន់​អភិរក្ស​អន្លង់​ផ្សោត​កាំពី​។ ជាពិសេស ផ្សោត​ឈ្មោល​ពេញវ័យ​ ១ ​ក្បាល​​​ ដែល​ទើប​ប្រទះឃើញ​ងាប់​ក្នុង​ដង​ទន្លេមេគង្គ​នៃ​តំបន់​អន្លង់​ផ្សោត​កាំពី​ក្នុង​ភូមិសាស្ត្រ​ឃុំ​សំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ កាលពី​ពេល​ថ្មីៗ​នេះ គឺ​ដោយសារ​ជាប់​មង​។ បំណែក​មង​ដែល​ជាប់​នឹង​សព​ផ្សោត​ឈ្មោល​នោះ​មាន​ក្រឡា​ ១៥ ​សង់ទីម៉ែត្រ ធ្វើ​ពី​អំបោះ​នីឡុង​ទន់​ស្វិត និង​មិន​ងាយ​រលាយ​នៅក្នុង​ទឹក​។

លោក​ថ្លែងថា​៖ «​ឧបករណ៍​មង មាន​ហានិភ័យ​ខ្ពស់បំផុត​សម្រាប់​សត្វផ្សោត​។ សព​ផ្សោត​ឈ្មោល​ដែល​យើង​ប្រទះឃើញ​កាលពី​ល្ងាច​ថ្ងៃទី​ ១៤ ខែ មករា ឆ្នាំ​ ២០២១ នោះ​គឺ​មាន​ជាប់​មង​ផ្នែក​កន្ទុយ និង​ដងខ្លួន​។ នេះ​ជា​ក្ដី​ព្រួយ​កង្វល់​ដ៏ធំ​បំផុត​របស់​យើង​»​។

បើតាម​លោក​ ប៊ុនវឌ្ឍន៍ សព​ផ្សោត​ឈ្មោល​នោះ​មាន​ប្រវែង​ ១៩៨ ​សង់ទីម៉ែត្រ ទម្ងន់​ ៨៥ ​គីឡូក្រាម និង​មាន​អាយុ​ចន្លោះ​ពី​ ១២ ​ទៅ​ ១៥ ​ឆ្នាំ ជា​វ័យ​កំពុង​ពេញ​បន្ត​ពូជ​។ វា​ទំនង​ជា​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​មកហើយ ព្រោះ​សព​របស់​វា​មាន​សភាព​ហើម​ស្អុយ​។ បច្ចុប្បន្ន​សាកសព​របស់​វា​ត្រូវបាន​ក្រុម​ការងារ​រក្សា​ទុក​ក្នុង​ទូក្លាស្សេ​ការិយាល័យ​អង្គការ WWF ប្រចាំខេត្ត​ក្រចេះ ក្រោយពី​វះកាត់​យក​សំណាក​គំរូ​វិភាគ​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ថ្ងៃទី​ ១៥ ខែ មករា ឆ្នាំ​ ២០២១​។

ក្រោយពី​មាន​ករណី​នេះ​កើតឡើង​ក្រុម​ឆ្មាំ​ទន្លេ​បាននាំគ្នា​បង្កើន ការងារ​ចុះ​ល្បាត​ស្រាវជ្រាវ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​បាន​លួច​ដាក់មង​នៅក្នុង​តំបន់​នោះ​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​។

ករណីនេះ​លោក​ ញ៉ែម យ៉ុន អ្នកប្រកប​មុខរបរ​សេវាកម្ម​ទូក​ទេសចរណ៍​ក្នុង​តំបន់​រមណីយដ្ឋាន​អន្លង់​កាំពី​សម្ដែង​ការសោកស្ដាយ​ជាខ្លាំង​ចំពោះ​ការបាត់បង់​ផ្សោត​ឈ្មោល​ពេញវ័យ​ ១ ​ក្បាល​នេះ​។ លោក​ យ៉ុន ដែល​រស់នៅ​ពឹង​ផ្អែកលើ​ការដឹក​ភ្ញៀវទេសចរ​តាម​ទូក​សម្រាប់​ការទស្សនា​កម្សាន្ត​សត្វផ្សោត​ក្នុង​តំបន់​រមណីយដ្ឋាន​អន្លង់​កាំពី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ មករា ថា​៖ «​មាន​ផ្សោត​មាន​ទេសចរ​មាន​ប្រាក់ចំណូល មាន​ជីវភាព​ល្អប្រសើរ​»​។

លោក​បាន​បន្តថា ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​របស់គាត់​តែងតែ​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ផ្សោត ដោយ​នាំគ្នា​ចុះល្បាត បង្ក្រាប​បទល្មើស និង​ផ្សព្វផ្សាយ​ពី​ផលប្រយោជន៍​នៃ​សត្វ​ផ្សោត ទន្លេមេគង្គ​នៅ​រៀងរាល់​ ១ ​សប្ដាហ៍​ម្ដង​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ភូមិ​ផ្សេងៗ និង​សិស្សសាលា​។

បើតាម​លោក​ ញ៉ែម យ៉ុន ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​ទំនង​ជា​មកពី​តំបន់​ផ្សេងៗ ហើយ​លួច​ឆ្មក់​នៅពេល​យប់​៕