ព្រះសីហនុៈ មន្ត្រី​កង​រាជ​អាវុធ​​ហត្ថ​ខេត្ត​ព្រះ​សី​ហនុ​ម្នាក់​ត្រូវ​បញ្ឈប់ពីការ​ងារ​បណ្តោះ​អា​សន្ន​ ដោយដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ ខណៈ​គណៈ​កម្ម​ការ​ចំពោះ​កិច្ចកំពុង​បន្ត​នីតិវិធី​ស្វែងរក​គ្រាប់​កាំភ្លើង​ដែល​បាញ់​ចេញ​បណ្តាល​ឲ្យ​ពលរដ្ឋ​ម្នាក់​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​អាជ្ញាធរ​ចម្រុះ​ចុះ​អនុវត្ត​សាល​ដីកា​ក្នុងស្រុក​ព្រៃ​នប់ ​កាលពី​ថ្ងៃទី ២៤ ខែមករា។

រយៈ​ពេល​ ១ ​សប្តាហ៍​ហើយ​ដែល​គណៈ​កម្មការ​ចំពោះ​កិច្ច ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ចុះ​ធ្វើ​អធិការ​កិច្ច​ការ​ប៉ះទង្គិច​មួយ​នៅ​ខេត្ត​ព្រះ​សី​ហនុ ក្រោយ​បែកធ្លាយ​វីដេអូ​ឃ្លីប​​លើ​បណ្តាញ​សង្គម​​បង្ក​ឲ្យ​មាន​ការ​រិះគន់និង​ទាម​ទារ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​លើ​អំពើ​ហិង្សា​នេះ។

លោក​សៅ សុខា ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ​ការចុះ​ធ្វើ​អធិ​ការ​កិច្ច​នេះ​ មិន​ទាន់​​បិទ​បញ្ចប់​នៅ​ឡើយ​ទេ ប៉ុ​ន្តែ​ការ​ងារ​ចំពោះ​មុខ គឺ​គណៈ​កម្មការ​បាន​សម្រេច​បញ្ឈប់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នា​ក់ប​ណ្តោះ​អាសន្ន​ ប៉ុន្តែ​លោក​ពុំបាន​បញ្ជាក់​ថា ​មន្ត្រី​ម្នាក់​នោះ ​មាន​ឈ្មោះ​អ្វី​នោះ​ទេ។

លោក​បញ្ជាក់​ថា​៖ «ការ​បាន​ប្រព្រឹត្ត​ជា​រូបភាព​ចង​មនុស្ស​ហើយ​យក​ជើង​ទៅ​ធាក់​មនុស្ស​ដែល​បាន​ចង​ដេក​នៅ​លើដី​ហ្នឹង​ គឺ​ពិត​ប្រាកដ ​យើង​បាន​រក​ឃើញ​មនុស្ស​ហើយ។ បច្ចុប្បន្ន​ យើង​ផ្អាក​ការងារ​គាត់ ឲ្យ​នៅ​នឹង​កន្លែង ​ដើម្បី​យើង​ធ្វើការ​ត្រួត​ពិនិត្យ​បន្ត​ព្រោះ​រឿង​លើសពី​បញ្ហា​ដែល​ប្រើ​ហិ​ង្សា ដោយ​ការ​វាយដំ​ច្រំធាក់​ហ្នឹង ដែល​យើង​ឃើញ​គឺមាន​របួស​មនុ​ស្ស ​ដោយ​សារ​តែ​គ្រាប់​កាំ​ភ្លើង​ទៀត អ៊ី​ចឹ​ង​មាន​រឿង​ហួស​ខ្ពស់​ជាង​ហ្នឹង​ទៀត»។

បន្ថែម​ពីនេះ ​លោក ​សៅ សុខា ​បញ្ជាក់​ដែរ​ថា​ គណៈ​កម្មការ​ក៏បាន​ដក​ហូត​អាវុធ​ចំនួន ៦ ដើម ​ដែល​អាជ្ញាធរ​ចម្រុះ​បាន​ប្រើ​ក្នុង​ហេតុ​ការណ៍ប៉ះទង្គិច​នោះដើម្បី​យក​មក​ធ្វើការ​វិនិច្ឆ័យ​រក​កាំភ្លើង​ពិត​ដែល​បាញ់​ចេញ​បណ្តាល​ឲ្យ​ពល​រដ្ឋ​ម្នាក់​រង​គ្រោះ​ផង​ដែរ។ តែ​លោក​អះ​អាង​ថា ​ជំ​ហាន​ដំបូង គឺ​អនុវត្ត​ចំពោះ​តែ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ប៉ុ​ណ្ណោះ​ ដោយ​ឡែក​មន្ត្រី​ដែល​ល្មើស​ក្នុង​អង្គភាព​ផ្សេង ​អាស្រ័យ​លើ​ចំ​ណាត់​ការ​របស់​តុលា​ការ។

លោក​បន្តថា​៖ «យើង​កំពុង​ស្រាវជ្រាវ​បញ្ហា​ទាក់ទង​របួស​មនុស្ស​ដែល​ត្រូវបាន​វះកាត់​យក​ក្បាល​គ្រាប់ ដូច្នេះ​យើង​ប្រមូល​កាំ​ភ្លើង​ទាំង​អស់។ ជំហាន​ទី ១ ដោយ​សារ​តែ​កម្លាំង​ប្រដាប់​អាវុធ​ដែល​អនុវត្តតាម​ស្មារតី​សាល​ដីកា​នេះ មាន​ដល់​ទៅ ៣ អង្គភាព​ខុសៗ​គ្នា ​គឺ​មាន​អាវុធ​ហត្ថ មាន​កង​យោធា​ខេត្ត និង​មន្ត្រី​នគរ​បាល ​ដូច្នេះ​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើខ្ញុំ​គឺជា​មេបញ្ជា​ការ​កង​រាជអាវុធ​ហត្ថ ខ្ញុំ​ត្រូវ​ត្រួ​ត​ពិនិត្យ​កម្លាំង​នៅក្រោម​ឱវាទ​របស់​ខ្ញុំ ចំណែក​អង្គភាព​ផ្សេង មាន​គេ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឲ្យ​មាន​ចំណាត់​ការ​ផ្សេង»។

កាល​ពី​ថ្ងៃទី ២៤ ​មករា ​មានការប៉ះទង្គិច​គ្នា​ក្នុង​ជម្លោះ​ដីធ្លី​​ ក្នុង​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ ​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​ដោយ​គ្រាប់​កាំភ្លើង ​និង​ម្នាក់ទៀត​របួស​ស្រាល​ ហើយ​ ៤ នាក់​ត្រូវបាន​ឃាត់ខ្លួន​តែ​ដោះលែង​វិញ​នៅ​ថ្ងៃ​ដដែល​នោះ។

ភ្នំពេញ​ប៉ុស្តិ៍ មិន​អាច​ទាក់​ទង លោក​យន្ត មីន ​អភិបាល​ខេត្ត​ព្រះ​សីហនុ​បានទេ ​ពី​ម្សិលមិញ​។ តែ​បើ​តាម​របាយ​ការណ៍​របស់លោក​អះអាងថា​ ការចុះអនុវត្ត​សាលដីកា​របស់​តុលា​ការ​កំពូល​លើដី​មាន​ទំនាស់​ ស្ថិត​ក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ មាន​កម្លាំង​ចម្រុះ​ប្រមាណ​ជាង​ ៣០០ នាក់​ ក្នុងនោះ​កម្លាំង​អាវុធ​ហត្ថ ​​១០០ ​នាក់ ​កម្លាំង​យោធា ​​១០០ ​នាក់ ​កម្លាំង​នគរ​បាល​ចំនួន ១០០ នាក់ ​មន្ត្រី​រដ្ឋបាល​ខេត្ត​ស្រុកនិង​មន្ទីរ​អង្គ​ភាព​ពាក់ព័ន្ធ​ចំនួន ២០ នាក់។

​ហេតុការ​ណ៍នោះ​លោក​យន្ត មីន ​អះអាងថា ​ការផ្ទុះ​អាវុធ​ គឺ​ជា​ការ​អនុវត្ត​ខុសពី​បទ​បញ្ជា​របស់​គណៈ​បញ្ជា​ការ​ឯក​ភាព​ដែល​បាន​ណែនាំ​ក្នុង​ពេល​ប្រជុំ និង​មុន​ចុះអនុវត្ត​តែ​ដោយសារ​សភាព​ការណ៍​ពិបាក​ទប់​ទល់ មាន​ភាពតានតឹង​ខ្លាំងនិង​​មាន​ការ​ប្តេជ្ញា​ចិត្តរបស់​ព្រះ​រាជ​អាជ្ញា ក៏ដូចជា​ក្រុម​ការងារ ​និង​កងកម្លាំង​ទាំងអស់​ថា ត្រូវតែ​អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​ឲ្យ​បាន ទើប​មាន​កម្លាំង​ខ្លះ បាន​បាញ់​ឡើងលើ​ជាការ​គំរាម តែ​មិន​មែន​ជា​ការ​បាញ់​ដោយ​ចេតនា ឬ​មាន​ការ​បញ្ជា​ឲ្យ​ធ្វើដូច្នេះ​ឡើយ។

លោក​ថា​៖ «ចំពោះ​ជន​រងគ្រោះ​ដោយ​គ្រាប់​កាំភ្លើង ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនបង្ក ​ព្រោះ​សង្ស័យថា​ មាន​ជន​ទី ៣ បង្កប់​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ»។

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ​លោក ​ហួត វិចិត្រ ​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ម្សិលមិញ ថា​ ​លោកពុំ​បានទទួល​ពាក្យបណ្តឹង​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​នេះ​នៅឡើយ​ទេ ​ហើយថា​លោក ​ក៏​មិនទាន់​បាន​របាយ​ការណ៍​ណាមួយ​ជុំវិញ​បញ្ហា​នេះ​ដែរ។

លោក​បញ្ជាក់ថា​៖ «ខ្ញុំ​អត់​ទាន់​ដឹង ចំពោះ​ចំណាត់ការ​នេះ ​ចាំតែ​របាយការណ៍​របស់​សមត្ថកិច្ច ​ជំនាញ ​ហើយក៏​អត់ដឹង​ខាង​ណា​ប្រព្រឹត្តដែរ​ ខាង​រាជ​អាវុធហត្ថ​អីហ្នឹង ​ខ្ញុំ​អត់​ដឹង​ទេ»។

លោក​អេង ហ៊ី ​អ្នកនាំពាក្យ ​កងរាជ​អាវុធហត្ថ ​លើ​ផ្ទៃ​ប្រទេស​ អះអាង​ម្សិលមិញថា​៖ «យើង​បាន​ដកហូត​អាវុធ​ទាំងអស់ ​ពាក់ព័ន្ធ​ហ្នឹង​ការប្រើប្រាស់​នៅ​ពេល​ហ្នឹង ធ្វើ​កោសល្យ​​វិច័យ ហើយ​យើង​កំពុងធ្វើការ​ហើយ។ ដូច​ខ្ញុំ​ជំរាប​អ៊ី​ចឹ​ងខ្ញុំ​មិនអាច​ជំរាប​លើសពី​ហ្នឹង​​ទេ ការ​ស៊ើប​អង្ក​ត​ចប់ ​នឹង​មាន​​ការធ្វើ​ស​ន្និសីទ​កាសែត»៕