ភ្នំពេញៈ មន្ត្រី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ឈ្មោះ ឈុន សុមេធា នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​ម្នាក់​ និង​ស្ត្រី​ជា​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ កេន ចាន់រី ពី​បទ​ជួញដូរ​គ្រឿងញៀន ហើយ​គ្រោង​នឹង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ​។

លោក អ៊ិន សុង នាយករង​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ២ ​នាក់ ​ត្រូវបាន​សមត្ថកិច្ច​​ជំនាញ​បញ្ចប់​ការសាកសួរ និង​រៀបចំ​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​នៅ​ថ្ងៃទី​ ៨ ខែ មិថុនា ២០២០​។

លោក សុង ថ្លែងថា​៖ «​ខ្ញុំ​បញ្ជូន​ពួកគេ​បន្តទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​»​។

លោក សុង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ឈុន សុមេធា និង កេន ចាន់រី ត្រូវបាន​ចាប់ខ្លួន​កាលពី​ពី​រសៀល​ថ្ងៃទី​ ៤ ខែ​ មិថុនា ឆ្នាំ​ ២០២០ នៅ​ចំណុច​ស្ថានីយ​សាំង​សូគីម៉ិច សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សមត្ថកិច្ច​ដកហូត​បាន​ជាក់ស្តែង​មាន​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ ២ ​គីឡូក្រាម​នៅក្នុង​រថយន្ត​។

លោក សុង ថ្លែងថា​ក្រោយពី​ការចាប់ខ្លួន​សមត្ថកិច្ច​បាន​បន្តទៅ​ឆែកឆេរ​នៅផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ​ ឈុន សុមេធា ​នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ហើយ​ក៏​មាន​ការសម្របសម្រួល​ផ្នែក​ផ្លូវច្បាប់​ពី​លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​តាកែវ​ក្នុង​ការឆែកឆេរ​លំនៅឋាន​។

លោក សុង ថ្លែងថា ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ឈុន សុមេធា មាន​អាវុធខ្លី​ចំនួន​ ២ ​ដើម (​ប្រើ​ហ្គាស​) និង​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​ ១ ​គ្រឿង​ព្រមទាំង​កញ្ឆា​ក្រៀម​ចំនួន​ ២ ​ស្បោង​ស្មើ​ ៨ ​គីឡូក្រាម​។ បន្ទាប់មក​សមត្ថកិច្ច​បាន​បន្តទៅ​ឆែកឆេរ​នៅ​បន្ទប់​ជួល​របស់​ជនសង្ស័យ​មា្នក់​ទៀត​ឈ្មោះ កេន ចាន់រី នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដោយ​ដកហូត​វត្ថុតាង​បាន​ម៉ាស៊ីន​កាមេរ៉ា​សុវត្ថិភាព​ចំនួន​ ១ ​គ្រឿង ស្លាក​លេខ​ម៉ូតូ​ចំនួន​​ ៣ ​បន្ទះ និង​កាតគ្រី​ម៉ូតូ​ចំនួន​ ២ ​សន្លឹក​ទៀត​។

លោក សុង ថ្លែង​ថា​៖ «​ខ្ញុំ​មិនអាច​បង្ហាញ​ពី​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ​បាន​ទេ ព្រោះ​វា​ជា​ជំនាញ​របស់​សមត្ថកិច្ច​»​។

លោក សុង បាន​ឲ្យ​ដឹងផង​ដែរ​ពី​ករណី​បង្ក្រាប​គ្រឿងញៀន​ដោយ​មួយទៀត ទៅលើ​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​ក៏ត្រូវ​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៨ ​មិថុនា​ដែរ​។ ប៉ុន្តែ​ជនសង្ស័យ​គ្រាន់​តែមាន​ឧបករណ៍​សម្រាប់​កែច្នៃ​គ្រឿងញៀន​ប៉ុណ្ណោះ​មិនទាន់​ដំឡើង​ទេ​។

ជនសង្ស័យ​ឈ្មោះ​ ហ៊ី យីរី (HE YIRI) ភេទ​ប្រុស អាយុ​ ៥៦ ​ឆ្នាំ​ព្រមទាំង​ដកហូត​វត្ថុតាង​បទល្មើស​ដែល​ជនសង្ស័យ​បាន​រក្សាទុក​នៅក្នុង​បន្ទប់ដោយ​បិទ​ប្លុមបេ​។ ការបង្ក្រាប​នេះ​ធ្វើ​កាលពី​ថ្ងៃទី​ ៦ ខែ​មិថុនា នៅ​ខុនដូ​ឈ្មោះ​ «​សោភា​» សង្កាត់​បឹងកេងកង​ទី​ ១ ខណ្ឌ​បឹងកេងកង យក​ធ្វើ​ជា​ទីតាំង​កែច្នៃ​គ្រឿងញៀន​៕