The Phnom Penh Post Search

Search form

មន្ត្រី​អាវុធហត្ថ​ម្នាក់ សង្ស័យ​គេ​ប៉ុន​ប៉ង​សម្លាប់ ​លោត​ទម្លាក់​ខ្លួន​ចេញ​ពីឡាន​របួស​ធ្ងន់

Content image - Phnom Penh Post
លោក ញា វិសិទ្ធ កំពុង​សម្រាក​ព្យា​បាលមុខ​​របួស​ នៅ​មន្ទីរ​ពេទ្យ​។ រូប​ថត សហការី​

មន្ត្រី​អាវុធហត្ថ​ម្នាក់ សង្ស័យ​គេ​ប៉ុន​ប៉ង​សម្លាប់ ​លោត​ទម្លាក់​ខ្លួន​ចេញ​ពីឡាន​របួស​ធ្ងន់

ព្រះសីហនុៈ មន្ត្រី​ជាន់​ខ្ពស់ ​នៃ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ កងរាជអាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុម្នាក់ ត្រូវបាន​ក្រុម​ជនសង្ស័យ​មួយក្រុម ​មាន​គ្នា​បី​នាក់ រៀប​ចំ​គម្រោង​ប៉ុនប៉ង​​សម្លាប់​ ខណៈ​មន្ត្រី​រូប​នេះ ​បាន​ដឹក​នាំកម្លាំង​មួយ​ក្រុម​ ចុះពិនិត្យ​អង្កេត​ករណី​​កាប់​ទន្ទ្រាន​ដី​គម្រប​ព្រៃ​ឈើ​ ក្នុង​តំបន់​ពយ​ម៉ា​ចូវ ដែល​ស្ថិត​ ក្នុង​ភូមិ​ គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ កាលពី​​ថ្ងៃ​ទី ៩ ខែ​មិថុនា​។

លោក កែវ សុផល មេបញ្ជាការ​រង​កងរាជអាវុធ​ហត្ថ ខេត្ត​ព្រះ​សីហនុ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​​ថា លោកញា វិសិទ្ធ អនុ​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​ យុត្តិធម៌​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ បាន​រង​របួស​ធ្ងន់​ធ្ងរ និងកំពុង​សម្រាក​​ព្យា​បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយក្នុង​ក្រុង​ព្រះ​សីហនុ បន្ទាប់​ពី​គាត់ បាន​បង្ខំចិត្ត​លោត​ចុះ​ពី​លើ​រថយន្ត​ទំនើប​មួយ​គ្រឿង ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ការ​ប៉ុន​ប៉ង​មនុស្ស​ឃាត ពី​សំណាក់​ស្ត្រី​ឈ្មោះ មឿង ​ស្រី​ទូច និង​បុរស​២​នាក់​ទៀត ​ដែល​ជា​គូកន​​​របស់​នាង។

លោក សុផល ​បាន​ថ្លែង​ថា៖«នៅ​ពេល​នេះ ​អាការៈ​មុខ​របួស​របស់​គាត់ [លោក ញា វិសិទ្ធ] នៅ​មិន​ទាន់​ជាសះ​ស្បើយ​ទេ ហើយ​គាត់​ កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​នៅ​ឡើយ»។​

បើ​តាម​មន្ត្រី​អាវុធហត្ថ កាលពី​ថ្ងៃ​ទី​ ៩ ខែ​មិថុនា ឆ្នាំ ​២០១៨ បន្ទាប់​ពី​ចុះ​ត្រួត​ពិនិត្យស្រាវជ្រាវ​ បង្ក្រាបនិង​ទប់​ស្កាត់​​បទល្មើស​គ្រឿង​ញៀន​នៅ​ស្រុក​ព្រៃ​នុប លោក ញា វិ​​សិទ្ធ អនុ​ប្រធានមន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌ កង​រាជអាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រ​ពលរដ្ឋ​មួយ​ចំនួន​ថា មាន​មនុស្ស​មួយ​ក្រុម ដឹក​នាំ​ដោយ​ស្ដ្រី​ឈ្មោះ មឿង ស្រី​ទូច បាន​ធ្វើ​សកម្ម​ភាព វាយ​បំផ្លាញ​ផ្ទះ​សំបែង​ប្រជា​ពលរដ្ឋ​ចំនួន ៥​ ខ្នង នៅ​ចំណុច​ពយ​ម៉ាចូ​វ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ និង​បា​នវាយ​ដំ​ប្រជា​ពលរដ្ឋ​ជាម្ចាស់​ផ្ទះ ៤​ នាក់ឲ្យ​រង​របួស ព្រម​ទាំង​ដុត​ម៉ូតូ ជន​រង​គ្រោះ ១​គ្រឿង​ទៀត។

ក្រោយ​ពី​ទទួល​បាន​បណ្ដឹង​នេះ លោក ញា វិសិទ្ធ ក៏បាន​ដឹក​នាំ​កម្លាំង​ចុះត្រួត​ពិនិត្យ​ ក្នុង​តំបន់​ខាង​លើ ហើយ​ក៏បាន​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ ​កំពុង​កែន​ប្រជាពលរដ្ឋ​មក​ទន្ទ្រាន​យក​ដី​គម្រប​ព្រៃឈើ​រដ្ឋ​ ដោយ​ខុសច្បាប់ ​នៅ​ក្នុង​តំបន់​នោះ។

បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ កងរាជ​អាវុធ​ហត្ថ​​ទៅ​ដល់​ភ្លាម ឈ្មោះ មឿង ស្រី​ទូច បាន​លើក​ទូរស័ព្ទ​​និយាយ​​ដែល​​ទំនង​ជា​រក​ការជួយ​អន្តរាគ​មន៍ ខណៈ​នោះ លោក ញា វិសិទ្ធ បាន​អញ្ជើញ មឿង ស្រី​ទូច និង​បក្ខពួក​ ដែល​គេ​អះអាងថា​ ជា​អង្គរក្ស​ឱ្យ​មក​កាន់​ទី​បញ្ជាកា​រដ្ឋាន​ ដើម្បី​សួរ​នាំ​ទៅ​តាម​នីតិវិធី​។​

កាលពី​ម្សិលមិញ លោក ញា វិសិទ្ធ បាន​ថ្លែង​បញ្ជាក់​ថា នៅ​ពេល​នោះ ស្ត្រីសង្ស័យ​​ឈ្មោះ មឿង ស្រី​ទូច បានហៅ​លោក​ឲ្យឡើង​ជិះ​នៅ​ក្នុង​រថយន្ត​របស់​នាង ហើយ​លោក​ក៏បានយល់​ព្រម ដោយ​យល់​ថា​ ស្ត្រី​រូប​នេះ នឹង​មិន​បង្ក​នូវ​បញ្ហា​អ្វី​ដែល​នាំ​ឲ្យ​​មាន​កំហុស​ឆ្គង​ផ្នែក​ច្បាប់​បន្ថែម​ទៀត​ទេ។

លោក​បា​នថ្លែង​ថា​៖«នៅ​ពេល​ខ្ញុំ​ឡើង​ជិះលើរថយន្ត​របស់​នាង នាង​បាន​ឡើង​ទៅ​កាន់ចង្កូត​បើកបរ និង​ប្តូរ​ឱ្យ​អង្គរក្ស​របស់​នាង​​ មក​អង្គុយ​ជិតខ្ញុំ​វិញ ហើយ​ពួកគេ​ បានប្រាប់​ឲ្យ​ខ្ញុំ ​បិទ​ទូរស័ព្ទ​មិនឱ្យ​ធ្វើ​ការទាក់​ទង​ជាមួយ​អ្នក​ណា​ទាំង​អស់។ បន្ទាប់​មក​ នាង​​បាន​បើក​រថ​យន្ត ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ សំដៅ​ទៅ​រាជ​ធានី​ភ្នំ​ពេញ»។

លោក​បញ្ជាក់​ទៀត​ថា៖«​​ពេល​នោះហើយ ​ដែលខ្ញុំយល់​ថា​ ​ពួក​គេមាន​ចេតនា​អាក្រក់​អ្វី​ម្យ៉ាង​មក​លើ​ខ្ញុំ។ បន្ទាប់​មក​ខ្ញុំក៏​បាន​សម្រេច​ចិត្ត​បើកទ្វារ​រថយន្ត រួច​លោត​ចុះ​ទាំង​បង្ខំ​ទៅ​ខាង​ឆ្វេង​ដៃ បណ្តាលឲ្យ​រងរបួ​ស​ស្លឹកត្រចៀក​ខាងស្តាំ​ស្ទើរ​ដាច់​បាត់​​ពីគុម្ព​ត្រចៀក​ទាំង​ស្រុង និង​មាន​ស្នាម​ជាំ​ឈឺ​ចុក​ចាប់​ពេញ​រាងកាយ​។ ភ្លាម​នោះដែរ ​រថយន្ត​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ ដែល​បើក​ប្រដេញ​តាម​ពីក្រោយ​ បាន​ដឹក​ខ្ញុំ​មក​កាន់​គ្លីនិក​ពេទ្យ​មិត្តភាព​ឃ្លាំង​លើ ដើម្បី​ព្យាបាល​របួស​»។

​លោក​វិសិទ្ធ បាន​បន្តថា ក្រោយ​ករណី​នេះ​កើត​ឡើង លោក​បាន​រាយ​ការណ៍​ប្រាប់​ដល់​អង្គភាពកង​រាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ ឲ្យ​ជួយ​អន្តរា​គមន៍​ដាក់​ពាក្យ​បណ្ដឹងប្រឆាំងស្ត្រី​ឈ្មោះ មឿង​ ស្រី​ទូច និង​បក្ខពួក​២​នាក់​ទៀត ដោយ​ចោទ​ប្រកាន់​ពួកគេ​ពី​បទ «ប៉ុន​ប៉ង​មនុស្ស​ឃាត​ ដោយ​រៀប​ចំ​គម្រោង​គិត​ទុក​ជាមុន»។

យ៉ាង​ណា​ក្ដី​ គិត​ត្រឹម​ថ្ងៃ​​ទី ១២ ខែ​មិថុនា​ ក្រុម​សមត្ថកិច្ច​បានធ្វើ​ការ​ស្រាវជ្រាវ ​រក​ឃើញ​​រថយន្តរបស់​ក្រុម​ជនសង្ស័យ​ នៅ​ផ្ទះ​បុរស​ម្នាក់ ឈ្មោះ ណុប ភាន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហនុ។ ជា​មួយគ្នា​នេះ ក្រុម​សមត្ថ​កិច្ច​ ក៏បាន​ឃាត់​ខ្លួន បុរស​ម្ចាស់​ផ្ទះ​ខាង​លើ​នេះ មកទី​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ដើ​ម្បី​សួរនាំ​៕

អត្ថបទគួរចាប់អារម្មណ៍