ភ្នំពេញៈ មន្រ្តីយោធាជាន់ខ្ពស់របស់អូស្រ្តាលីម្នាក់ដែលទទួលបន្ទុកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងផ្តល់ការតាំងលំនៅដល់ជនភៀសខ្លួនជាមួយកម្ពុជាបានមកទស្សនកិច្ចនៅរាជធានីភ្នំពេញកាលពីចុងសប្តាហ៍មុនដើម្បីបញ្ចប់ការងាររៀបចំការផ្ទេរជនភៀសខ្លួនបួននាក់មកកម្ពុជា។ នេះបើតាមគណៈកម្មាធិការព្រឹទ្ធសភាដែលត្រូវបានគេប្រាប់នាសប្តាហ៍នេះ។
ឧត្តមសេនីយ៍ទោ Andrew Bottrell មេបញ្ជាការកងកម្លាំងទីភ្នាក់ងារចម្រុះសម្រាប់ប្រតិបត្តិការផ្នែកអធិបតេយ្យព្រំដែននិង «ទំនាក់ទំនងប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា» បានប្រាប់គណៈកម្មាធិការកិច្ចការច្បាប់ និងរដ្ឋធម្មនុញ្ញអូស្ត្រាលីកាលពីថ្ងៃចន្ទថា កាលបរិច្ឆេទចុងក្រោយសម្រាប់ការមកដល់របស់ពួកគេ នៅមិនទាន់ត្រូវបានព្រមព្រៀងនៅឡើយទេ។
លោកបន្តថា៖ «ខ្ញុំ មិនអាចផ្តល់កាលបរិច្ឆេទចុងក្រោយដល់អ្នកបានទេ ដោយសារយើងមិនទាន់បានបញ្ចប់ការព្រមព្រៀងគ្នាជាចុងក្រោយជាមួយរដ្ឋាភិបាលកម្ពុជា»។ លោកបញ្ជាក់ថា៖ «យើងបន្តធ្វើការងារជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីបញ្ចប់ការងាររៀបចំនេះ សម្រាប់ការបញ្ជូនអ្នកទាំងបួននាក់នោះ»។
ជនភៀសខ្លួនបួននាក់ ដែលមានជនជាតិអ៊ីរ៉ង់បីនាក់ និងមីយ៉ាន់ម៉ាម្នាក់ ត្រូវបានបញ្ជូនតាមយន្តហោះពីកោះណូរុទៅភាគខាងជើងអូស្រ្តាលីកាលពីដើមខែឧសភា ហើយត្រូវបានផ្តល់កន្លែងស្នាក់នៅនៅមន្ទីរអន្តោប្រវេសន៍មួយ នៅជិតព្រលានយន្តហោះចាប់តាំងពីពេលនោះមក ដោយរង់ចាំការអនុម័តសម្រាប់ការបញ្ជូនមកកម្ពុជា។ ចាប់តាំងពីគម្រោងផ្តល់ការតាំងលំនៅដែលចុះហត្ថលេខាកាលពីខែ កញ្ញា ត្រូវបានលើកឡើងដំបូង នៅក្នុងកិច្ចប្រជុំបិទទ្វារ រវាងរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី Julie Bishop និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែ កុម្ភៈ ឆ្នាំមុន វាត្រូវដំណើរការក្នុងលក្ខណៈសម្ងាត់។
លោក Bottrell បានថ្លែងបញ្ជាក់ថា៖ «ស្របជាមួយពិធីសារសម្រាប់ព័ត៌មានពាក់ព័ន្ធការចូលរួមជាអន្តរជាតិ សេចក្តីលម្អិតនៃការពិភាក្សាទ្វេភាគី ផ្លូវការ ឬការប្រាស្រ័យទាក់ទងរវាងទីភ្នាក់ងារប្រតិបត្តិ នឹងមិនត្រូវបានបង្ហាញជាសាធារណៈ»។
អូស្រ្តាលីយល់ព្រមផ្តល់ជំនួយបន្ថែមចំនួន ៤០ លានដុល្លារអូស្រ្តាលី (ប្រហែល ៣១ លានដុល្លារ) ដល់កម្ពុជាជាផ្នែកនៃការរៀបចំនេះ ហើយកាលពីដើមសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងចំណាយប្រមាណ ១៥,៥ លានដុល្លារអូស្រ្តាលី (ប្រហែល ១២ លានដុល្លារ) ទៀតដើម្បីផ្តល់ថវិកាដល់សេវាតាំងលំនៅនេះ។
លោក Bottrell បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាអូស្ត្រាលីថា គោលនយោបាយជនភៀសខ្លួនយោធារបស់ប្រទេសនេះ «អាចធ្វើឲ្យលោកអាចប្រើប្រាស់សមត្ថភាព សម្របសម្រួលជាមួយស្ថាប័នផ្សេងៗនៅក្នុងកម្លាំងការងារទីភ្នាក់ងារចម្រុះដើម្បីជួយក្នុងការអនុវត្តជម្រើសតាំងលំនៅ នៅប្រទេសទីបីរវាងអូស្រ្តាលី និងកម្ពុជា»។
លោក Mike Pezzulo លេខានៃនាយកដ្ឋានកិច្ចការព្រំដែន និងអន្តោប្រវេសន៍អូស្រ្តាលី បានប្រាប់គណៈកម្មាធិការដដែលនេះ កាលពីថ្ងៃអង្គារថា ភាពសម្ងាត់នោះគឺដោយសារទីក្រុងកង់បេរ៉ា «មិនចង់ឲ្យជនភៀសខ្លួនក្លាយជាវត្ថុតាំងនៅក្នុងសួនសត្វ»។
«ពួកគេកំពុងត្រូវបានគ្រប់គ្រងក្នុងលក្ខណៈយកចិត្តទុកដាក់ ប៉ុន្តែមានលក្ខណៈរសើប។ មានអ្នកមើលថែទាំពួកគេ ខណៈពួកគេកំពុងស្ថិតនៅក្នុងការផ្ទេរ ហើយយើងកំពុងទន្ទឹងរង់ចាំជួយពួកគេដើម្បីទៅដល់ផ្លូវរបស់ពួកគេហើយតាំងលំនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលមិនយូរ នាពេលខាងមុខ»។
អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) ដែលកំពុងផ្តល់កន្លែងស្នាក់នៅដំបូងដល់ជនភៀសខ្លួន និងសេវាមួយចំនួនទៀត កាលពីថ្ងៃពុធបានលើកឡើងថា លទ្ធភាពផ្តល់ព័ត៌មាន ដល់ប្រព័ន្ធផ្សព្វផ្សាយអំពីជនភៀសខ្លួននឹងមិនទាន់មានទេ។
អ្នកនាំពាក្យ IOM ថ្លែងថា៖ «ការបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយអាចប៉ះពាល់ដល់តម្រូវការការពារជនភៀសខ្លួន និងធ្វើឲ្យពួកគេមានហានិភ័យខ្ពស់ចំពោះគ្រួសាររបស់ពួកគេ»។
ប៉ុន្តែ IOM ឲ្យដឹងកាលពីសប្តាហ៍មុនថា ខ្លួនមានកន្លែងស្នាក់នៅ «បែបវីឡា» ក្នុងរាជធានីភ្នំពេញ ដែលត្រៀមរួចហើយ សម្រាប់ការមកដល់របស់ជនភៀសខ្លួនទាំងបួននាក់នោះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ ហើយលោក កែម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួនបានបដិសេធធ្វើអត្ថាធិប្បាយ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានថ្លែងថា ឧត្តមសេនីយ៍ទោ General Bottrell នឹងបានជួបផ្ទាល់ជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គាត់ ខណៈក្រសួងការបរទេសមិនត្រូវបានជម្រាប»។
លោក Pezzulo បានថ្លែងថា អូស្រ្តាលីសង្ឃឹមថា កម្ពុជានឹងយកតាមគោលការណ៍ស្ម័គ្រចិត្ត «នូវជនភៀសខ្លួន» ច្រើនតាមដែលអាចធ្វើទៅបាន ខណៈកម្ពុជា ក៏មានឆន្ទៈទទួលយកផងដែរ ហើយនៅពេលមានជនភៀសខ្លួនច្រើនតាំងលំនៅនៅទីនេះ នោះជនភៀសខ្លួនកាន់តែច្រើននឹងដំណើរការនីតិវិធីទៅតាមនេះដែរ»។
លោក David Manne នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលផ្នែកច្បាប់សម្រាប់ជនភៀសខ្លួន និងអន្តោប្រវេសន៍ដែល មានមូលដ្ឋាននៅប្រទេសអូស្រ្តាលី ថ្លែងថា ភាពសម្ងាត់នោះបានយាយីដល់កិច្ចព្រមព្រៀងចាប់តាំងពីថ្ងៃដំបូង។
លោកថ្លែងថា ភាពសម្ងាត់នេះក៏ជាបញ្ហាស៊ីជម្រៅក្រោមគោលនយោបាយរយៈពេលខ្លី ដែលអូស្រ្តាលីកំពុងបន្ថែមដោយផ្តល់ថវិកាសម្រាប់ការបង្វែរការទទួលខុសត្រូវរបស់ខ្លួនទៅកម្ពុជា ដែលជាប្រទេសក្រីក្រ និងមានបញ្ហាសិទ្ធិមនុស្ស...និងជាកន្លែងយ៉ាងលំបាកសម្រាប់ការតាំងលំនៅរបស់ជនភៀសខ្លួន»៕ PS