ភ្នំពេញៈ មន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ សូមកុំ​ផ្លាស់ប្តូរ​ទីកន្លែង​ស្នាក់នៅ និង​វិល​ត្រឡប់​មក​ស្រុកកំណើត​វិញ បើ​មិន​មាន​ការចាំបាច់ ដោយ​ប្រាប់​ថា​ក្នុង​អំឡុង​ពេលដែល​ជំងឺ​កូវីដ ១៩ កំពុង​រីករាលដាល អាជ្ញាធរ​ថៃ មិន​ចាប់ខ្លួន​ពលករ​ខ្មែរ​នោះទេ បើទោះបី​ជា​កំពុង​ស្នាក់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់​ក៏ដោយ​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អំពាវនាវ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក​ថា ពលករ​ដែល​នៅ​ប្រទេស​ថៃ ទោះ​ខុស​ ឬ​ត្រូវ​ច្បាប់ សូមកុំ​ផ្លាស់ប្តូរ​ទីកន្លែង​ស្នាក់នៅ​ និង​ធ្វើការ​ហើយ​មិន​ចាំបាច់​វិល​មក​ស្រុកកំណើត​វិញ​ទេ បើ​គ្មាន​ធុរ:​ចាំបាច់​។

លោក​ថ្លែងថា៖ «​អាជ្ញាធរ​ថៃ​មិន​ចាប់ខ្លួន​ពលករ​ដែល​ស្នាក់នៅ​មួយ​កន្លែង​នោះទេ​។ សូម​បងប្អូន​រក្សា​ភាពនឹងនរ និង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​»​។

ចំណែក​លោក កឹម ចំរើន ទីប្រឹក្សា​ស្ថានទូត​កម្ពុជា​ទទួល​បន្ទុក​ពលករ​នៅ​ប្រទេស​ថៃ​បាន​ឱ្យ​ដឹងថា លោក​បាន​ជួបពិភាក្សា​ជាមួយ​លោក ស៊ូឆាត ឈុំគ្លីន រដ្ឋមន្ត្រី​ក្រសួង​ការងារ​ថៃ​ដើម្បី​ដោះស្រាយ​ និង​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។

លោក​ថ្លែងថា៖ «​យើង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ថៃ ដោយ​ភាគី​ថៃ​នឹង​ជូនដំណឹង​ផ្លូវការ បើ​មាន​ករណី​មាន​បងប្អូន​ខ្មែរ​មាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ព្រមទាំង​ទទួល​ព្យាបាល​ដូច​ជនជាតិ​ថៃ​ផងដែរ​»​។ លោក​អំពាវនាវ​សូម​ឱ្យ​ពលករ​ខ្មែរ រក្សា​ភាពនឹងនរ កុំ​ចល័ត​ ឬ​រត់គេច​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ក្នុងអំឡុង​មាន​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​ ថ្មីៗ​នេះ ដើម្បី​ទប់ស្កាត់​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩ ​ទាំងអស់​គ្នា​។

លោក​ ចំរើន បន្ត​ថា​៖ «​ក្នុងអំឡុង​ពេលនេះ មិនមាន​ការចុះ​ចាប់​ឃុំ​ខ្លួន​ (​ពលករ​) ​ឡើយ ហើយ​អាជ្ញាធរ​ថៃ​កំពុង​រៀបចំ​គោលនយោបាយ ដើម្បី​ជួយ​បងប្អូន​ពលករ​ដែល​មិនមាន​ឯកសារ​ស្នាក់នៅ និង​ធ្វើការ​អាច​បន្ត​ស្នាក់នៅ និង​ធ្វើការ​ជា​បណ្តោះអាសន្ន​បន្ត​ទៀត​បាន​នៅក្នុង​ប្រទេស​ថៃ​»​។

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​ បាន​ចែក​អំណោយ​ដល់​ពលករ​ខ្មែរ​នៅ​ជាយ​ទីក្រុង​បាងកក​ជាប់​ព្រំប្រទល់​ខេត្ត​សាមុតសាខន​កាលពី​ថ្ងៃទី​ ២៥ ខែ ធ្នូ ឆ្នាំ​ ២០២០ ប្រមាណ​ជា​ជិត​ ២០០ ​គ្រួសារ ដែល​កំពុង​រង​ផលប៉ះពាល់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ ក្រោយពី​អាជ្ញាធរ​ថៃ​បាន​រឹតបន្តឹង​ការចេញ-ចូល ក្នុង​តំបន់​មួយចំនួន​។ អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចែក​ជូន​ទៅ​ដល់​ពលករ​ទាំង​នោះ​មាន​អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ស្ករស អំបិល និង​ម៉ាស់​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២៥ ខែធ្នូ ក៏​បាន​ឱ្យដឹងថា ពលករ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ពលករ​ប្រមាណ​ ១០ ​នាក់ ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​កូវីដ​ ១៩​ កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ ប៉ុន្តែ​ពលករ​រូបនេះ​មិនមែន​មាន​កូវីដ​១៩​ពី​កម្ពុជា​រួចហើយ​ឆ្លង​ទៅ​ប្រទេស​ថៃ​នោះទេ​។

លោកស្រី​ថ្លែងថា៖ «​អ្វីដែល​ខ្ញុំ​ទទួល​បាន​ព័ត៌មាន គឺ​ពលករ​ទាំងនេះ​បាន​ចេញ​ពី​ខេត្ត​ឈុនបូរី​ទៅ​ទីក្រុង​បាងកក​នៅក្នុង​ពេល​ថ្មីៗ​នេះ ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​រកឃើញ​មាន​កូវីដ​ ១៩​ ម្នាក់​។ ដូច្នេះ​មិនមែន​គាត់​មាន​កូវីដ​១៩​ពី​កម្ពុជា រួច​បាន​ចូល​ប្រទេស​ថៃ​នោះទេ​»​។ ពួកគាត់​បាន​ចេញ​ទៅ​ថៃ​តាំងពី​មុន​មាន​ហេតុការណ៍​ផ្ទុះឡើង​នូវ​ការរកឃើញ​វីរុស​កូវីដ ១៩​ នៅ​ខេត្ត​សាមុតសាខន​។

ដោយ​មាន​បទបញ្ជា​ណែនាំ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​សុខាភិបាល​បានសម្រេច​អនុញ្ញាត​ឱ្យ​គ្រប់​ភោជនីយដ្ឋាន និង​ហាង​លក់ទំនិញ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា បើក​ដំណើរការ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​ ២៧ ខែធ្នូ​ ប៉ុន្តែ​កន្លែង​ទាំងនោះ​ត្រូវ​នៅ​បន្ត​អនុវត្តតាម​វិធាន​អនាម័យ​កូវីដ​របស់​ក្រសួង​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​។ បើតាម​ក្រសួង​សុខាភិបាល អ្នកជំងឺ​កូវីដ​ ១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២៨ ​វិច្ឆិកា​ចំនួន​ ៣៧ ​នាក់​ក្នុង​ចំណោម​អ្នកជំងឺ​សរុប​ចំនួន​ ៤១ ​នាក់​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ដែល​នៅ​សល់​តែ​អ្នកជំងឺ​ចំនួន​ ៤ ​នាក់​ទៀត​ប៉ុណ្ណោះ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី​ ឱ វណ្ណឌីន បានចេញ​សេចក្តី​ណែនាំ​ដល់​ម្ចាស់​សេវា​ពិនិត្យ​ព្យាបាល​ជំងឺ​ឯកជន​ទាំងអស់​ឱ្យ​សហការ​ទប់ស្កាត់ កុំ​ឱ្យ​មាន​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​ ទ្រង់ទ្រាយ​ធំ​ក្នុង​សហគមន៍​ដោយ​ត្រូវបញ្ជូន​អ្នក​សង្ស័យ​មាន​ជំងឺ​កូវីដ​ ១៩​ ពី​មូលដ្ឋាន​របស់ខ្លួន ទៅ​មន្ទីរពេទ្យបង្អែក​រដ្ឋ​នៅ​ទូទាំង​ខេត្ត និង​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ-សូវៀត​។ ក្រសួង​មិន​អនុញ្ញាត​ឱ្យ​ធ្វើការ​ពិនិត្យ​ និង​ព្យាបាល អ្នកជំងឺ​ដែល​សង្ស័យថា ជា​ជំងឺ​កូវីដ​ ១៩ នៅតាម​កន្លែង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ឯកជន​របស់ខ្លួន​ឡើយ​។

បើ​តាម​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​មាន​អ្នក​ជំងឺ​កូវីដ​ ១៩​ ម្នាក់ ដែលជា​អ្នក​ដំណើរ​បាន​ជា​សះស្បើយ និង​មាន​អ្នកដំណើរ​ម្នាក់​មាន​តេស្ត​វិជ្ជមាន​កូវីដ ​១៩​។ អ្នក​ដែល​ជា​សះស្បើយ​ជា​ស្ត្រី​ជនជាតិ​ខ្មែរ​អាមេរិក អាយុ​ ៦៦ ​ឆ្នាំ​ស្នាក់នៅ​សណ្ឋាគារ​ ១ ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើដំណើរ​មកពី​សហរដ្ឋ​អាមេរិក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ បាន​ព្យាបាល​ជាសះស្បើយ បន្ទាប់ពី​ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ​ ១៩​ ចំនួន​ ២ ​ដង និង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ផងដែរ​។

ចំណែក​បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​អាយុ​ ៤៣ ​ឆ្នាំ ​ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​សិង្ហបុរី​តាម​ជើង​ហោះហើរ​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​ ២៥ ខែធ្នូ និង​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូវីដ​ ១៩ ត្រូវ​បានដាក់​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង​ និង​ហង់សិន​។ អ្នកដំណើរ​ចំនួន​ ៥០ ​នា ក់​ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើងយន្តហោះ​ជាមួយ​អ្នកដំណើរ​រូបនេះ​ត្រូវ​បាន​ធ្វើតេស្ត​អវិជ្ជមាន​កូវីដ​១៩​ និង​បានដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​នៅ​សណ្ឋាគារ​ ២ ​ផ្សេង​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ កម្ពុជា​មាន​អ្នកមាន​វីរុស​កូរ៉ូណា​ចំនួន ៣៦៤ ​នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​ ៣៥៦ ​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​ ៨ ​នាក់​៕

វីដេអូ៖