ភ្នំពេញៈ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានអំពាវនាវដល់សាធារណជននៅទូទាំងប្រទេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការធ្វើដំណើរទៅកាន់តំបន់កម្សាន្តនានាក្នុងអំឡុងពេលឈប់សម្រាក ដើម្បីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់នៅលើដងផ្លូវ ដែលបណ្ដាលមកពីការបើកបរមិនគោរពច្បាប់ ប្រមាថ និងស្ថិតក្នុងស្ថានភាពស្រវឹង។
រាជរដ្ឋាភិបាលបានសម្រេចឲ្យពលរដ្ឋនៅទូទាំងប្រទេសបានឈប់សម្រាកចាប់ពីថ្ងៃទី ១៧-២១ ខែសីហា នេះ ដែលជាការសងជំនួសមកវិញនូវថ្ងៃសម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីខែមេសា ព្រោះរាជរដ្ឋាភិបាលបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ដែលបណ្ដាលឲ្យមនុស្សជាច្រើននៅក្នុងប្រទេសនានានៅក្នុងពិភពលោកឆ្លង និងស្លាប់។
គណៈកម្មាធិការជាតិនេះបានបញ្ជាក់ថា៖ «សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់បន្ថែមពីលើការអនុវត្តគ្រប់វិធានការ ការពារការឆ្លងជំងឺកូវីដ ១៩ សូមមេត្តាបន្តការយកចិត្តទុកដាក់ ការប្រុងប្រយ័ត្ន និងការចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោករាល់ពេលធ្វើដំណើរនៅលើដងផ្លូវជានិច្ច»។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងទៀតថា៖ «អ្នកប្រើប្រាស់ផ្លូវត្រូវអនុវត្តតាមវិធានការច្បាប់មួយចំនួនដូចជា ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្តទោះជិត ឬឆ្ងាយគ្រប់ពេលវេលា។ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។ ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។ មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនងជាដើម។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងកុំដំឡើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ»។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូននិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងកាលពីម្សិលមិញថា ក្នុងការបង្ការ ទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនាថ្ងៃឈប់សម្រាកខាងមុខនេះ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចនៅតាមបណ្ដារាជធានី ខេត្ដ នឹងបន្តអនុវត្ដការរឹតបន្តឹងច្បាប់ចរាចរណ៍តាមគោលដៅនានាដែលមន្ត្រីជំនាញបានកំណត់ទុក។
លោកស្រីថ្លែងថា៖ «សមត្ថកិច្ចយើងមិនបានសម្រាកទេ ពួកគាត់នៅតែបន្តធ្វើ ប្រុងប្រយ័ត្នជានិច្ច ជាពិសេសពេលឈប់សម្រាកនេះ គឺពួកគាត់នៅតែបន្តធ្វើការអនុវត្ដរឹតបន្តឹងច្បាប់ចរាចរណ៍ដដែលនៅគ្រប់ទីកន្លែងទាំងអស់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ»។
លោកស្រី មាណវី បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវដែលបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសមានការថយចុះខ្លះ ក្រោយពីសមត្ថកិច្ចបានរឹតបន្តឹងការអនុវត្តច្បាប់។
លោកស្រីបញ្ជាក់ថា៖ «កាលពីឆ្នាំមុនក្នុង ១ ថ្ងៃ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងរង្វង់ពី ៥ ទៅ ៦ នាក់ ប៉ុន្ដែបច្ចុប្បន្នមានអ្នកស្លាប់មិនដល់ ៥ នាក់ទេ»។
លោក គឹម បញ្ញា នាយកអង្គការបង្ការរបួសអាស៊ី (AIP Foundation) ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា ស្របពេលដែលសមត្ថកិច្ច និងអ្នកពាក់ព័ន្ធកំពុងបង្កើនការអប់រំផ្សព្វផ្សាយ និងជំរុញការអនុវត្ដច្បាប់ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នាពេលនេះ បើប្រៀបធៀបជាមួយពេលមុនៗមិនមានសម្ទុះខ្លាំងទេ។
លោកបន្ថែមថា៖ «បើតាមតែការអំពាវនាវ ការអប់រំ ផ្សព្វផ្សាយ ពលរដ្ឋរបស់យើងគាត់នឹងមិនចូលរួមខ្លាំងទេ។ មានតែការអនុវត្ដច្បាប់ឱ្យបានទូលំទូលាយ ម៉ឺងម៉ាត់ និងជាប់លាប់ធ្វើទាំងថ្ងៃទាំងយប់ ប្រកបដោយតម្លាភាព និងស្មើភាពទើបអាចទាញឱ្យគ្រោះថ្នាក់ចរាចរណ៍ចំនួនអ្នកស្លាប់ និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍អាចធ្លាក់ចុះមកនៅកម្រិតទាបបាន»។
បើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈបានឲ្យដឹងថាក្នុងឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤ ១២១ លើក បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១ ៩៨១ នាក់ និងរងរបួសចំនួន ៦ ១៤១ នាក់។ នៅក្នុងរយៈពេលជិត ៦ ខែឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១ ៥៩៦ លើក មានអ្នកស្លាប់ ៨៥៣ នាក់ រងរបួសធ្ងន់ ១ ៥០១ នាក់ រងរបួសស្រាល ៩២៣ នាក់។
ក៏ប៉ុន្តែបើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ២៦ ភាគរយ ស្លាប់ថយចុះ ១៦ ភាគរយ របួសធ្ងន់ថយចុះ ២៨ ភាគរយ និងរបួសស្រាលថយចុះ ១៧ ភាគរយ៕