ភ្នំពេញៈ មន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាអំពាវនាវដល់ជនមានពិការភាពឱ្យទៅចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់ ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួនដែលអាចនឹងទទួលបានអត្ថប្រយោជន៍ប្រកបដោយសមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ខណៈជនមានពិការភាពជាង ១ ម៉ឺននាក់បានចុះឈ្មោះរួច។
ការថ្លែងអំពាវនាវនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបណ្តាញអង្គការតំណាងជនមានពិការភាពថ្នាក់ជាតិស្តីពីការអនុវត្តបរិយាបន្នការងារសម្រាប់ជនមានពិការភាពកាលពីថ្ងៃទី ៩ កុម្ភៈ នៅសណ្ឋាគារភ្នំពេញ ដែលមានតំណាងក្រសួងពាក់ព័ន្ធតំណាងអង្គការសង្គមស៊ីវិល និងជនពិការជិត ២០០ នាក់។
លោក យៀប ម៉ាលីណូ ប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ និងតំណាងឱ្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងក្នុងឱកាសនោះថា៖ «បងៗដែលអញ្ជើញមកពីខេត្តទាំង ៨ ពេលត្រឡប់ទៅវិញ កុំភ្លេចជំរុញក្រុមប្រឹក្សាឃុំ ឬបងប្អូនជនមានពិការភាពនៅសាលាឃុំ។
ប៉ុន្តែជាទូទៅ មន្ត្រីបង្គោលនៅតាមឃុំសង្កាត់ចំនួន ២ នាក់នឹងចុះទៅតាមភូមិនីមួយៗដើម្បីប្រាប់ពីព័ត៌មាននេះ។ សូមកុំឱ្យបងប្អូនមានពិការភាពណាម្នាក់នៅក្នុងឃុំ សង្កាត់របស់លោក លោកស្រីមិនបានចុះឈ្មោះក្នុងប្រព័ន្ធ (app) នេះ ព្រោះប្រព័ន្ធនេះនឹងចាប់យកទិន្នន័យ បងប្អូនមានពិការភាពទូទាំងប្រទេស»។
បើតាមលោក យៀប ម៉ាលីណូ កម្មវិធីអត្តសញ្ញាណកម្មសម្រាប់ប្រមូលទិន្នន័យជនពិការនៅទូទាំងប្រទេសបានចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ ២០១៩ នៅក្នុងខេត្តចំនួន ៨ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដោយបានចុះឈ្មោះជនមានពិការភាពជាស្ថាពរប្រមាណ ១៤ ០២៨ នាក់។
លោកបានបន្តថា កម្មវិធីនេះក៏កំពុងបន្តការបណ្តុះបណ្តាលមន្ត្រីនៅទូទាំងរាជធានី-ខេត្តចំនួន ១៧ បន្ថែមទៀត ដើម្បីអនុវត្តក្នុងពេលខាងមុខនេះដោយធ្វើយ៉ាងណាប្រមូលទិន្នន័យរបស់ជនមានពិការភាពទាំងអស់នៅក្នុងប្រទេស។
លោកបញ្ជាក់ថា៖ «យើងនឹងផ្តល់បណ្ណសម្គាល់ជនពិការនេះឱ្យពួកគាត់ដែលបានចុះឈ្មោះហើយឆាប់ៗហើយក្រោមការដឹកនាំរបស់រដ្ឋាភិបាលក៏បានប្រឹងប្រែងដែរ។ ពិតហើយបណ្ណសម្គាល់ពិការភាពនៅពេលនេះមិនមានតម្លៃខ្ពស់ណាស់ណាទេ ក៏ប៉ុន្តែអនាគតបណ្ណនេះនឹងមានតម្លៃខ្លាំងណាស់សម្រាប់ឱ្យការចូលរួមរបស់លោក លោកស្រី ក្នុងសកម្មភាពសង្គម វប្បធម៌ និងសេដ្ឋកិច្ច ការងារ និងនយោបាយ»។
បន្ថែមពីនេះ លោក យៀម ម៉ាលីណូ បានលើកឡើងទៀតថា អ្នកមានបណ្ណនេះ ទៅថ្ងៃអនាគតអាចនឹងទទួលបានសិទ្ធិពិសេសក្នុងការទទួលបានសេវានានាពីរដ្ឋដោយមិនគិតថ្លៃព្រមទាំងទទួលបានកញ្ចប់ថវិកាគាំទ្រសង្គមផ្នែកណាមួយ រហូតដល់ការលើកលែងពន្ធទៀតផង។
អ្នកស្រី មិន សុផល អាយុ ៦១ ឆ្នាំដែលជាជនមានពិការភាពមកពីខេត្តកំពង់ស្ពឺបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ៩ កុម្ភៈថា ក្រសួងសង្គមកិច្ចគួរតែផ្សព្វផ្សាយអំពីការចុះឈ្មោះក្នុងកម្មវិធីនេះឱ្យបានទូលំទូលាយបន្ថែមទៀតព្រោះជនមានពិការភាពភាគច្រើនមិនទាន់ទទួលបានព័ត៌មានពីការចុះឈ្មោះនេះទេ។
អ្នកស្រីបានបញ្ជាក់ថា៖ «ពួកយើងទាំងអស់គ្នា ចង់បានបណ្ណសម្គាល់ខ្លួននេះ យូរហើយតាំងពីឆ្នាំ ២០១៤ ហើយមកឥឡូវចង់ ៦ ទៅ ៧ ឆ្នាំហើយ គឺឆ្នាំនេះ ទទួលបានលទ្ធផលខ្លះដែលពួកយើងចង់បាន។ ប៉ុន្តែលទ្ធផលជាក់ស្តែងបណ្ណនេះមកនៅដល់ដៃគឺអត់ទេ»។
លោកស្រី ម៉ាក់ ម៉ូនីកា នាយិកាប្រតិបត្តិអង្គការជនពិការកម្ពុជាបានថ្លែងថា ក្រសួងសង្គមកិច្ច គួរបើកចំហកិច្ចសហការជាមួយដៃគូអភិបាល និងម្ចាស់ជំនួយដើម្បីជំរុញការចុះឈ្មោះជនមានពិការភាពឱ្យបានទូទាំងប្រទេស។ លោកស្រីបន្តថា ជនមានពិការភាពបានប្រឈមនឹងបញ្ហាជាច្រើន ហើយតាមការសង្កេតក្នុងអំឡុងពេលកូវីដ ១៩ នេះ ពួកគេក៏កំពុងបារម្ភពីសុវត្ថិភាព និងហានិភ័យនានាផងដែរ ខណៈមានជនពិការមួយចំនួនមិនដែលទទួលបានការគាំទ្រពីរដ្ឋាភិបាល ដោយសារពួកគេមិនមានបណ្ណទាំងនេះ។
លោកស្រីបញ្ជាក់ថា៖ «ឥឡូវនេះរឿងកូវីដនេះ គឺជារឿងថ្មីទាំងអស់ ស្រាប់តែកំពុងៗធ្វើអាកូវីដនេះមកល្មម ។ ចុះលោតែបន្តិចទៀត យើងមើលមិនឃើញរឿងគ្រោះមហន្តរាយហ្នឹងស្រាប់តែសុខៗទឹកជំនន់មក ហើយមានអីទៀតទៅ ដូច្នេះដំណើរការធ្វើរបស់យើងក៏ស្ទះ ហើយជនមានពិការភាពក៏មិនបានទទួលនូវអត្ថប្រយោជន៍នានាក្នុងអំឡុងពេលដែលចាំបាច់ដែរ»។
បើតាមលោកស្រី ម៉ាក់ ម៉ូនីកា កម្ពុជាមានជនពិការប្រមាណ ៩ ភាគរយនៃចំនួនប្រជាជនសរុបទូទាំងប្រទេស ប៉ុន្តែលោកស្រីរំពឹងថា ការប្រមូលទិន្នន័យតាមរយៈកម្មវិធីអត្តសញ្ញាណកម្មរបស់ក្រសួងសង្គមកិច្ចនេះនឹងធ្វើឡើងឱ្យបានឆាប់រហ័ស និងផ្តល់ជូនដល់ជនពិការគ្រប់រូប៕