
គំនរសំរាមនៅក្រុងព្រះសីហនុដែលមន្ត្រីថាគេដុតខុសច្បាប់។ សហការី
ព្រះសីហនុៈ កាលពីយប់ថ្ងៃទី ២២ ខែ មេសា គេបានប្រទះឃើញគំនរសំរាមដ៏ធំមួយនៅតាមចិញ្ចើមផ្លូវកៅស៊ូ ១ ខ្សែក្នុងភូមិ ២ សង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានភ្លើងឆេះ ជាឧប្បតិ្តហេតុដែលមន្ត្រីអះអាងថា មានគេលួចដុត រីឯក្រុមហ៊ុនប្រមូលសំរាមវិញបញ្ជាក់ថា ការឆេះនេះគឺមិនមែនបណ្ដាលមកពីភាពយឺតយ៉ាវក្នុងការចុះប្រមូលសំរាមឡើយ។
លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការដុតសំរាមលើចិញ្ចើមផ្លូវគឺជាសកម្មភាពខុសច្បាប់ ហើយអាជ្ញាធរកំពុងតាមរកជនប្រព្រឹត្តនោះដើម្បីយកមកអប់រំ និងផាកពិន័យដោយលោកបានចាត់ទុកការដុតសំរាមបែបនេះថា អាចធ្វើឱ្យខូចខាតផ្លូវថ្នល់ និងអាចរាលដាលអណ្ដាតភ្លើងឆេះដល់ផ្ទះពលរដ្ឋ។
លោកថា៖ «ប្រសិនបើក្រុមហ៊ុនមានការយឺតយ៉ាវ យើងទាក់ទងមកអាជ្ញាធរនៅតាមមូលដ្ឋានមកប្រសិនបើមានការយឺតយ៉ាវដោយប្រការណាមួយ។ កាលណាគាត់ដុតអ៊ីចឹង! វាមានបញ្ហាខូចទាំងផ្លូវថ្នល់ និងអាចរាលដាលខ្យល់បក់មកចូលផ្ទះសំបែងរបស់ប្រជាពលរដ្ឋ។ ឥឡូវយើងកំពុងសហការឱ្យអាជ្ញាធរចុះទៅអប់រំប្រជាពលរដ្ឋ និងពង្រឹងការអនុវត្តច្បាប់»។
ចំណែកលោក ហេង ប៉េងហាក់ តំណាងក្រុមហ៊ុនប្រមូលសំរាម KSWM ក្នុងក្រុងព្រះសីហនុបានលើកឡើង ដែរថា ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ សកម្មភាពចុះប្រមូលសំរាមក្នុងក្រុងព្រះសីហនុមិនបានផ្អាកឡើយ។
លោកថាមានបុគ្គលិកខ្លះបន្តយកគ្រឿងចក្រចុះទៅប្រមូលសំរាម ប៉ុន្តែបានធ្វើតែតាមដងផ្លូវសំខាន់ៗមួយចំនួនប៉ុណ្ណោះ ហើយលុះដល់ថ្ងៃទី ១៧ ខែ មេសា ដែលជាថ្ងៃចូលធ្វើការងារវិញគឺក្រុមបុគ្គលិក និងគ្រឿងចក្រសម្រាប់ចូកសំរាមបានចុះទៅប្រមូលសំរាមនៅតាមដងផ្លូវទាំងអស់ដូចសព្វដង ទាំងទីតាំងដែលមានការដុតនោះផង។ លោក ប៉េង ហាក់ បានអះអាងថា សំរាមដែលគេដុតនោះមិនមែនដោយសារធុំក្លិនស្អុយឡើយ តែជាសំរាមថ្មីដែលគេទើបយកមកបោះចោលហើយអាចមានអ្នករពឹសដៃទៅដុតវា។
លោកថា៖ «គ្រឿងចក្រខ្ញុំ ៣ គ្រឿង នៅក្រុងព្រះសីហនុ គឺដើរចូកជាប្រចាំរហូតមកដល់ថ្ងៃនេះ ខ្ញុំទិញ ២ គ្រឿងមកទៀត សម្រាប់ចូកសំរាមជំនួសកម្លាំងពលកម្ម Stand by ចាំ អ៊ីចឹង! ក្រោយពីចូលឆ្នាំ ១ ថ្ងៃ ២ ថ្ងៃ អាចស្ទះ មិនមែនមានន័យថា មិនស្ទះទេ ប៉ុន្តែក្រុមហ៊ុនបានព្យាយាមដោះស្រាយទាន់ពេលហើយ ព្រោះមកទល់ថ្ងៃនេះ នៅភ្នំពេញមានកន្លែងខ្លះមិនទាន់ដោះស្រាយចេញផង»។
ការលើកឡើងនេះ បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថាកាលពីយប់ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ មានករណីភ្លើងឆេះគំនរសំរាមលើចិញ្ចើមផ្លូវជិតពហុព្យាបាល សេតេ ឬនៅក្បែរសាលាបឋមសិក្សាជាស៊ីម ក្នុងក្រុងព្រះសីហនុ។
សារព័ត៌មាននេះបន្តថា «ភ្លើងដែលឆេះខាងលើនេះទំនងជាអាចឆេះដល់ខ្សែភ្លើង ខូចផ្លូវថ្នល់កៅស៊ូ ព្រោះគំនរសំរាមដែលឆេះនេះនៅលើថ្នល់កៅស៊ូ ប្រសិនបើអាជ្ញាធរមិនមកពន្លត់ឱ្យបានទាន់»។
ជុំវិញបញ្ហានេះ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុបានថ្លែងថា លោកពុំទាន់ទទួលដំណឹងអំពីករណីដុតសំរាមលើដងផ្លូវនេះទេ។
លោកថា៖ «វាមិនមែនជាទូទៅទេ ហើយរឿងអ៊ីចឹងៗ មិនមែនជារឿងថ្មី សម្រាប់ប្រទេសយើងទេ ប្រជាពលរដ្ឋយើងជាទូទៅនៅជនបទខ្លះ ប្រមូលស្លឹកឈើស្លឹកអីដុតដូចតែគ្នាហ្នឹង។ សរុបខ្លីមកមិនមានអីអាក្រក់ពេកពាក់ព័ន្ធនឹងសំរាម យើងបានប្រមូលរៀងរាល់ថ្ងៃហ្នឹង ពេលខ្លះពេលចូលឆ្នាំឬក្រោយចូលឆ្នាំ ១-២ ថ្ងៃហ្នឹង ខ្វះបុគ្គលិកទៅ អាចថាសំរាមហ្នឹងប្រមូលពុំទាន់ ប៉ុន្តែក្រោយពីចូលឆ្នាំរួច អ្វីៗទៅជាប្រក្រតីវិញហើយ»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជាប្រចាំខេត្តព្រះសីហនុ កាលពីម្សិលមិញសុំមិនបកស្រាយជុំវិញបញ្ហាសំរាមនៅក្នុងក្រុងព្រះសីហនុនេះ៕