ភ្នំពេញៈ ក្រោយពី​ការធ្វើ​កោសល្យ​វិនិច័យ​លើ​សាកសព​នារី​ទេសចរ​ជនជាតិ​អង់គ្លេស​អាយុ ២១ ​ឆ្នាំ​ ឈ្មោះ​ Amelia Bambridge ដែល​បាន​រកឃើញ​សាកសព​អណ្តែត​នៅលើ​ទឹកសមុទ្រ​គឺ​មិនបាន​រកឃើញ​ចំណុច​ណាមួយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ និង​តាម​ការវិភាគ​បញ្ជាក់ថា គឺ​ស្ដ្រី​រូបនេះ​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​។ នេះ​បើតាម​មន្ត្រី​នគរបាល​ជាន់ខ្ពស់​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា តាម​ការវិភាគ​របស់​មន្ត្រី​ជំនាញ​គឺ​ស្ដ្រី​ជនជាតិ​អង់គ្លេស​អាច​ផឹកស្រា​ស្រវឹង​ខ្លាំង​នៅក្នុង​កម្មវិធី​ជប់លៀង ហើយ​ក្រោយមក​បាន​ដើរទៅ​ទុក​កាបូប​នៅលើ​ថ្ម ជាប់​មាត់ទឹក ដើម្បី​ចុះ​ងូតទឹក នៅពេល​ត្រឡប់​ពី​កន្លែង​ជប់លៀង​ទៅកាន់​កន្លែង​ស្នាក់នៅ​វិញ​។

លោក​បន្តថា​៖ «​គាត់​ចេញពី​កន្លែង​ជប់លៀង​វិញ​ហើយ ហើយ​ប្រហែល​កន្លែង​ដែល​គាត់​ចុះ​ងូតទឹក​ហ្នឹង​ទឹក​វា​ជ្រៅ​មិនដឹង​ និង​ស្រប​ពេល​គាត់​ស្រវឹង​ផង​។ អានេះ​យើង​ក៏​មិនដឹង​ដែរ ប៉ុន្តែ​វា​ជា​ការវិភាគ​របស់​សមត្ថកិច្ច​ជំនាញ​។ អត់​មាន​(​រកឃើញ​ចំណុច​សង្ស័យ​) ចាប់រំលោភ និង​ចាប់​វ៉ៃ​ទេ គឺ​អត់​មាន​ទេ​»​។

ស្ដ្រី​ជនជាតិ​អង់គ្លេស​ឈ្មោះ Amelia Bambridge មកពី​ក្រុង Worthing ដែលជា​ក្រុង​មួយ​ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស ត្រូវ​បាន​បាត់​ខ្លួន​នៅ​កោះរ៉ុង​កាលពី​ថ្ងៃទី​ ២៤ ​តុលា បន្ទាប់ពី​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព​បង្ហាញថា នាង​ធ្វើដំណើរ​ជាមួយ​មិត្តភក្តិ​ទៅ​ចូលរួម​កម្មវិធី​ជប់លៀង​នៅក្នុង​ភោជនីយដ្ឋាន​ឈ្មោះ Police Beach នៅ​កោះរ៉ុង​ខេត្ត​ព្រះសីហនុ​។

ក្រោយពី​នាង​បាន​បាត់​ខ្លួន​ ៧ ​ថ្ងៃ​ ត្រូវ​បាន​ក្រុម​អ្នករុករក​ប្រទះឃើញ​សាកសព​អណ្ដែត​នៅ​ជិត​ដល់​ព្រំ​ដែនទឹក​ប្រទេស​ថៃ​កាលពី​វេលា​ម៉ោង​ប្រហែល ១១ ថ្ងៃទី​ ៣១ ខែ​តុលា និង​មាន​ចម្ងាយ​ពី​កន្លែង​បាត់​ខ្លួន​ប្រហែល​ ៥៧ ​ម៉ាយល៍​ ឬ​ស្មើ​ចម្ងាយ​ ៩១ ​គីឡូម៉ែត្រ​។

ក្រុម​អ្នករុករក​បាន​ដឹក​សាកសព​មក​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​មុន​នឹង​ប្រគល់​សាកសព​ទៅឱ្យ​ក្រុមគ្រួសារ​ដឹក​តាម​យន្តហោះ​ត្រឡប់​ទៅកាន់​ប្រទេស​ អង់គ្លេស ​វិញ​។

លោក​ នួន ប៊ុនថុល អភិបាលក្រុង​កោះរ៉ុង​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា ពី​ភោជនីយដ្ឋាន Police Beach និង​កន្លែង​ដែល​រកឃើញ​កាបូប​របស់ Amelia Bambridge នៅ​មាត់ទឹក​គឺមាន​ចម្ងាយ​ប្រហែល ៣០ ​ម៉ែត្រ​។ ប៉ុន្តែ​លោក​ថ្លែងថា​លោក​មិនអាច​បញ្ជាក់​លម្អិត​អំពី​ការធ្វើ​កោសល្យវិច័យ​បានឡើយ ដោយសារ​ករណីនេះ​វា​បាន​ចប់​ភារកិច្ច​របស់​លោក​បន្ទាប់ពី​សាកសព​ត្រូវបាន​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​។

មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​ពី​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានទេ ដោយ​មន្ត្រី​របស់​លោក​បាន​ប្រាប់ថា លោក​ទើប​តែ​បានធ្វើ​ដំណើរ​ចាកចេញ​ទៅ​ប្រទេស​ ថៃ ដើម្បី​ពិនិត្យ​សុខភាព​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​។

ប៉ុន្តែ​យោងតាម​សារព័ត៌មាន Mirror បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​ ២ ​វិច្ឆិកា​ ថា គ្រួសារ​របស់ Amelia Bambridge បាន​សម្ដែង​ក្ដី​តក់ស្លុត និង​ខឹងសម្បា ចំពោះ​ការបន្ត​ផ្សព្វផ្សាយ​រូបភាព​សាកសព​របស់​នាង Amelia Bambridge នៅតាម​ទំព័រ​​ហ្វេសប៊ុក និង Instagram បន្ទាប់ពី​ការរកឃើញ​សាកសព​ភ្លាម​។

មិត្តភក្ដិ​មួយចំនួន​ក៏​បាន​លើកឡើងថា ការបង្ហាញ​រូបភាព​សាកសព​បែបនេះ គឺជា​ការមិន​គោរព​ចំពោះ​ភាព​ឯកជន និង​ការចង់​បាន​របស់​គ្រួសារ​ជនរងគ្រោះ​ឡើយ​។

បងប្រុស​ម្នាក់​របស់ Amelia Bambridge ឈ្មោះ Harry Bambridge បាន​អំពាវនាវ​ដល់​អ្នក​ប្រើ​បណ្តាញ​សង្គម​ឲ្យ​បញ្ឈប់​ការចែករំលែក និង​បង្ហោះ​រូបភាព​សាកសព​ប្អូនស្រី​របស់​លោក​តទៀត​៕