កំពង់ឆ្នាំងៈ អភិបាលស្រុករលាប្អៀរ លោក យ៉ង់ សៅវុឌ្ឍី បានឲ្យដឹងថា លំនៅឋានប្រជាពលរដ្ឋចំនួន ១៤៧ គ្រួសារ ស្ថិតនៅក្នុងភូមិប៉ាតឡាង ឃុំ ក្រាំងលាវ ស្រុករលាប្អៀរ ដែលកងទ័ពអាកាសបានធ្វើរបងហ៊ុមព័ទ្ធនោះគឺជាដីសាធារណៈរបស់រដ្ឋស្ថិតនៅក្នុងគម្រោងសម្រាប់ការអភិវឌ្ឍព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។
លោក សៅវុឌ្ឈី បានថ្លែងឲ្យដឹងថា៖ «ការនាំគ្នាទៅដាក់ញត្តិសុំឲ្យក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ចេញបណ្ណកម្មសិទ្ធិរបស់អ្នកភូមិទាំងនោះគឺមិនអាចទៅរួចនោះទេ ព្រោះកន្លងមកអ្នកភូមិទាំងនោះទទួលបានដំណោះស្រាយដីធ្លីពីរាជរដ្ឋាភិបាលម្ដងរួចមកហើយ»។
លោក សៅវុឌ្ឍី បានបន្តថាកាលពីថ្ងៃ ២៧ តុលា ឆ្នាំ ២០១២ ប្រមុខរាជរដ្ឋាភិបាលបានចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋក្នុងតំបន់ជុំវិញព្រលានយន្តហោះរួចហើយ និងបានប្រកាសរក្សាទុកផ្ទៃដីទំហំ ១ ៤១៥ ហិកតា សម្រាប់អភិវឌ្ឍព្រលានយន្តហោះ ក្រាំងលាវនាពេលអនាគត ប៉ុន្តែពលរដ្ឋមួយចំនួននៅតែបន្តចូលរស់នៅអាស្រ័យផលក្នុងទីតាំងដីព្រលានយន្តហោះនោះបន្តទៀតក្នុងគោលបំណងកាន់កាប់ជាលក្ខណៈឯកជន ដែលបង្កឲ្យមានភាពរាំងស្ទះដល់ដំណើរការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។
ទោះជាបែបណាក៏ដោយអ្នកស្រី អ៊ុង ឡុំ អាយុ ៥០ ឆ្នាំ ដែលអះអាងថា ផ្ទះដែលគាត់កំពុងរស់នៅសព្វថ្ងៃស្ថិតក្នុងភូមិប៉ាតឡាង ឃុំក្រាំងលាវនោះ ត្រូវបានក្រុមទាហានកងទ័ពអាកាសធ្វើរបងព័ទ្ធផងដែរនោះបានឲ្យដឹងតាមរយៈទូរស័ព្ទថា ពួកគាត់គ្មានដីស្រែនៅកន្លែងផ្សេងទៀត សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ ប្រសិនបើដីស្រែ និងដីលំនៅឋានរបស់ពួកគាត់ត្រូវបានអាជ្ញាធរដកហូតទៅវិញទាំងអស់នោះ។
អ្នកស្រីថ្លែងថា៖ «គ្រួសារខ្ញុំរស់នៅ និងអាស្រ័យផលលើទីតាំងដីនេះតាំងពីឆ្នាំ ១៩៨៦ មកម្ល៉េះ ហើយគ្មានដីស្រែឯណាផ្សេងទៀត ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិតទេ ប្រសិនបើអាជ្ញាធរដកហូតទាំងអស់នោះ»។
ចំណែកលោក គឹម ចាន់ថន អាយុ ៤៩ ឆ្នាំ ដែលដីស្រែ និងដីលំនៅឋានរបស់គាត់ក៏ត្រូវបានកម្លាំងកងទ័ពអាកាស ដែលប្រចាំការក្នុងតំបន់ព្រលានយន្តហោះក្រាំងលាវធ្វើរបងហ៊ុមព័ទ្ធដែរនោះ បានថ្លែងឲ្យដឹងតាមរយៈទូរស័ព្ទដែរថា ដើម្បីសុវត្ថិភាពនៃការរស់នៅសម្រាប់កូនចៅជំនាន់ក្រោយ គាត់ស្នើសុំឲ្យក្រសួងដែនដីចុះមកពិនិត្យដោយផ្ទាល់ ហើយផ្ដល់ដំណោះស្រាយ និងផ្ដល់បណ្ណកម្មសិទ្ធិស្របច្បាប់ដល់ពួកគាត់។
លោកថ្លែងថា៖ «កន្លងមកអាជ្ញាធរបានផ្ដល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋមួយចំនួននៅក្នុងឃុំក្រាំងលាវរួចរាល់ហើយ ប៉ុន្តែសម្រាប់ពួកយើងដែលរស់នៅក្នុងតំបន់ព្រលានយន្តហោះនេះមិនទាន់បានចេញបណ្ណកម្មសិទ្ធិឲ្យទេ»។
លោក ចាន់ថន បានបន្តថា កន្លងមកអាជ្ញាធរបានប្រាប់ពួកគាត់ដែលបានរស់នៅ និងអាស្រ័យផលក្នុងតំបន់នេះថាអាចរស់នៅ និងអាស្រ័យផលបន្តទៀតបានរហូតមានការសម្រេចថ្មីពីរដ្ឋាភិបាល អាជ្ញាធរនឹងរៀបចំដំណោះស្រាយជូនតាមភាពជាក់ស្ដែង។
លោក លី សុភា ប្រធានមន្ទីរដែនដី នគរូបនីយកម្ម និង សំណង់ខេត្តកំពង់ឆ្នាំងបានថ្លែងថា អាជ្ញាធរខេត្តកំពង់ឆ្នាំងកាលពីថ្ងៃអង្គារបានចាត់ឲ្យមន្ត្រីជំនាញពាក់ព័ន្ធចុះធ្វើការស្រាវជ្រាវ និងពិនិត្យមើលស្ថានភាពរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋទាំងនោះ ដើម្បីសម្របសម្រួលដំណោះស្រាយលើករណីនេះ។
លោកថ្លែងថា៖ «ដីលំនៅឋាន និងដីស្រែដែលអ្នកភូមិកំពុងរស់នៅ និងអាស្រ័យផលនោះ គឺពិតជាស្ថិតនៅក្នុងទីតាំងដីសាធារណៈរបស់រដ្ឋ ដែលរក្សាទុកសម្រាប់អភិវឌ្ឍព្រលានយន្តហោះក្រាំងលាវ។ ករណីនេះអាជ្ញាធរមូលដ្ឋានកំពុងដំណើការដំណោះស្រាយតាមនីតិវិធីហើយ»៕