ភ្នំពេញៈ អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា ​លោក ​នេត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​មិន​មាន​ប្រវត្តិ​រត់​ចោល​ស្រុក​ដូច​លោក ​សម រង្ស៊ី ​ទេ ហើយ​ក្នុង​នាម​ពលរដ្ឋ​ថ្លៃថ្នូរ ​លោក​មិន​ឆ្លើយ​ជាមួយ​លោក​ សម រង្ស៊ី ​ឡើយ។

ការ​អះអាង​បែប​នេះ ​គឺ​ជា​ការ​បំភ្លឺ​ដល់​សាធារណជន​ និង​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​​របស់​លោក ​សម រង្ស៊ី ​ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​ ដែល​បាន​បង្ហោះសារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា ​លោក ​នេត សាវឿន ​និង​ក្រុម​គ្រួសារ ​រួម​មាន​ភរិយា ​និង​កូន​ស្រី ​៣ នាក់ ​បាន​ទៅ​ទិញ​សញ្ជាតិ​ពី​ប្រទេស​ចំនួន ​២​ គឺ​ប្រទេស ​សេនគ្រីស្តុហ្វឺ​អេនណេវីស ​នៅ​ទ្វីប​អាមេរិក​ និង​ប្រទេស ​ស៊ីប ​នៅ​ទ្វីប​អឺរ៉ុប។

ក្រៅ​ពី​ការ​លើក​ឡើង​រឿង​ទិញ​សញ្ជាតិ ​លោក ​សម រង្ស៊ី ​បាន​ចោទ​ប្រកាន់​ថា ​លោក ​នេត សាវឿន​ ត្រៀម​រត់​ទៅ​ក្រៅ​ប្រទេស​ដោយសារ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ជិត​ដួល​រលំ ​ហើយ​ថា ​លោក ​នេត សាវឿន ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មាន​ប្រាក់​រាប់​លាន​ដុល្លារ​ហើយ​យក​ទៅ​ទុក​នៅ​បរទេស។

លិខិត​បំភ្លឺ​ចុះ​ថ្ងៃទី ​១០ សីហា ​របស់​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ លោក ​ឆាយ គឹមខឿន ​បាន​បំភ្លឺ​ថា ​ការ​លើក​ឡើង​របស់​លោក ​សម រង្ស៊ី ​ដែល​អគ្គស្នងការ​នគរបាល​ជាតិ​ហៅ​ថា ​«មេ​ដឹកនាំ​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់» នោះ​បាន​ព្យាយាម​បង្ហោះ​ព័ត៌មាន​ប្រឌិត ​បំផ្លើស​ និង​បំភ្លៃ​ការ​ពិត ​ដើម្បី​ញុះញង់​មួល​បង្កាច់ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក​ ​នេត សាវឿន ​ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​អគ្គស្នងការ​ថ្លែង​ថា ​លោក ​នេត សាវឿន «ជា​មេ​ដឹកនាំ​ខ្ពង់ខ្ពស់​នៃ​កង​កម្លាំង​នគរបាល​ជាតិ​ ដែល​តែងតែ​នៅ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ​និង​ខ្វាយខ្វល់​ជានិច្ច​ពី​សន្តិសុខ ​និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប ​ហើយ​មិន​ដែល​មាន​ប្រវត្តិ​រត់​ចោល​ស្រុក ​និង​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ក្បត់​ប្រជាពលរដ្ឋ​ ឬ​ធ្វើ​សកម្មភាព​ញុះញង់ បង្ក​ចលាចល​ដល់​សង្គម​ជាតិ ​ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ក្នុង​គោលដៅ​បំផ្លិច​បំផ្លាញ​ជាតិ ​និង​សេចក្ដី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ ដូច​ទណ្ឌិត ​សម រង្ស៊ី ​និង​បក្ខពួក​ទេ»។

អ្នក​នាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ថ្លែង​បន្ត​ថា​ ក្នុង​ឋានៈ​ជា​ពលរដ្ឋ​ថ្លៃថ្នូរ​មួយ​រូប លោក ​នេត សាវឿន ​មិន​មាន​ចេតនា​ធ្វើ​ការ​តបត​ជាមួយ​​លោក ​សម រង្ស៊ី ​និង​បក្ខពួក​ទេ។

បើ​ទោះ​បី​ជា​ចោទ​ប្រកាន់​លោក ​នេត សាវឿន ​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក៏​ដោយ ក៏​លោក​ សម រង្ស៊ី ​បាន​ស្នើ​ឲ្យ​លោក​ នេត សាវឿន ​ចូលរួម​ដៃ​ជាមួយ​ពលរដ្ឋ​ដើម្បី​ចាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

ជា​ការ​ឆ្លើយ​តប​នឹង​អគ្គស្នងការ​នគរបាល​ជាតិ ​លោក សម រង្ស៊ី ​កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ថ្លែង​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ ថា ​លោក ​នេត សាវឿន​ មិន​ហ៊ាន​ឆ្លើយ​តប​ជាមួយ​រូប​លោក​ ដោយសារ​លោក​មាន​ឯកសារ​ជាក់​ស្ដែង​រួម​មាន​លិខិត​ឆ្លង​ដែន ​និង​អត្តសញ្ញាណ​ប័ណ្ណ​ប្រទេស ​ដែល ​លោក ​នេត សាវឿន ​បាន​ទៅ​ទិញ​សញ្ជាតិ។

លោក ​រង្ស៊ី ​អះអាង​ថា​ លោក​បាន​ស្រាវជ្រាវ​ឃើញ​ថា ​ប្រទេស​ទាំង ​២ ខាង​លើ​លក់​សញ្ជាតិ​ក្នុង​តម្លៃ ​៥០ ​ម៉ឺន​ដុល្លារ​ តែ​បើ​ចង់​បាន​លឿន​អាច​មាន​តម្លៃ​រហូត​ដល់​ ៣​ ឬ​ ៤ លាន​ដុល្លារ។

លោក​​បន្ត​ថា ​បើ​លោក​ នេត សាវឿន ​បដិសេធ​ថា​ មិន​បាន​ទិញ ​លោក​ត្រូវ​ប្រកាស​ថា ​លោក​ឈប់​យក​សញ្ជាតិ​ទាំង​នោះ។

លោក ឯម សុវណ្ណារ៉ា ​អ្នក​វិភាគ​នយោបាយ​​ថ្លែង​ថា ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ​គឺ​ជា​នយោបាយ​អុជអាល ឬ​បំបែក​បំបាក់​ ដែល​ពី​មុន​បក្ស​ប្រឆាំង​ធ្លាប់​រងគ្រោះ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ បក្ស​ប្រឆាំង​យក​ការ​បំបែក​បំបាក់​មក​ប្រើ​ម្ដង ​ហើយ​អ្នក​នយោបាយ​ខ្មែរ​បាត់បង់​សីលធម៌​។

លោក​ថ្លែង​ថា​៖​ «គាត់​ធ្វើ​អ៊ីចឹង​គឺ​ដើម្បី​ញុះញង់​ឲ្យ​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច​ប្រេះឆា ​ប្រឈម​ដាក់​គ្នា ​និង​បាត់​សេចក្ដី​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»៕