ភ្នំពេញ: មន្ត្រី​ក្រសួង​បរិស្ថាន​បាន​អះអាង​ថា ក្រសួង និង​ផ្នែក​ពាក់ព័ន្ធ​នៅតែ​បន្ត​អនុវត្ត​វិធានការ​ការពារ​ព្រៃឈើ និង​អភិរក្ស​ដោយ​​ការទទួល​ខុសត្រូវ ស្រប​ពេល​មាន​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​សម្តែង​ការខកចិត្ត ចំពោះ​ការគ្មាន​លទ្ធភាព​ចុះ​ល្បាត​ព្រៃ​​បន្តទៀត ដោយសារ​មាន​ការរារាំង ខណៈ​បាន​ដឹង​ពី​ការកាប់​​ឈើ​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ចំនួន​ ២ ​។

កាលពី​ម្សិលមិញ​មាន​ព្រះសង្ឃ សកម្មជន សហគមន៍ សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ជាង​ ៦០ ​នាក់​/​អង្គ​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមគ្នា​ថា ការហាមឃាត់​មិន​ឲ្យ​ពួកគេ​ចុះ​ល្បាត​ព្រៃ​បាន​ផ្តល់​ឱកាសល្អ សម្រាប់​ឧក្រិដ្ឋជន​ព្រៃឈើ​​ពិសេស​ក្រុមហ៊ុន​អាជីវកម្ម​ឈើ​ឲ្យ​សម្រុក​កាប់ និង​ដឹកឈើ​ចេញ​ពី​តំបន់​ការពារ​ដោយ​រលូន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​​ថា​៖ «​ទឹកភ្នែក​របស់​យើងខ្ញុំ​បាន​ហូរ​ស្រក់​ដោយ​មិនដឹង​ខ្លួន និង​មាន​ការឈឺចាប់​យ៉ាងខ្លាំង​នៅ​​ពេល​បាន​ឃើញ​ដើមឈើ​ធំៗ​គ្រប់​​ប្រភេទ​ពិសេស​ដើម​ច្បោះ​ត្រូវ​បាន​គេ​កាប់​យ៉ាង​រង្គាល និង​ដឹកជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​នៅ​នឹង​មុខ​យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd ដើម្បី​ធ្វើ​អាជីវកម្ម​នាំ​ឈើ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​បន្តទៀត​តាមរយៈ​ក្រុមហ៊ុន​ដៃគូ​ឈ្មោះ AngkorPlywood Co., Ltd»​។

សេចក្ដី​ប្រកាស​បាន​បន្ថែម​ថា​​ទោះបី​គ្រឿងចក្រ​រោងចក្រ​អារឈើ និង​ផលិត​ក្តារបន្ទះ​នៃ​ក្រុមហ៊ុន​ទាំង​ ២ ​នេះ​បាន​រុះរើ​បញ្ឈប់​សកម្មភាព​ផលិត​ឈើ​នៅ​ដើមឆ្នាំ​នេះ​ក្ដី ក៏​ការដឹកឈើ​ពី​ព្រៃ​ធម្មជាតិ​នៅតែ​មាន​បន្ត​។ ក្រុមហ៊ុន​ទាំង​នេះ​នៅតែ​បន្ត​អាជីវកម្ម​ក្នុង​ពេល​មាន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ ស្របពេល​សកម្មជន​ព្រៃឈើ ពិសេស​បណ្តាញ​ព្រៃឡង់​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​ព្រៃ​ក្នុង​តំបន់​ស្នូល​កន្លងមក​។

លោក ហេង ស្រស់ សកម្មជន​ម្នាក់​ក្នុង​ចំណោម​ ៦០ ​នាក់​/​អង្គ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ក្នុងពេល​ហាមឃាត់​ពី​អាជ្ញាធរ​នេះ ពួកលោក​បាន​រកឃើញ​មាន​​ការកាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​មាន​ដូចជា បេង សុក្រំ ផ្តៀក កកោះ ជាពិសេស​ឈើ ត្រសេក ឈើទាល ស្រឡៅ ដែល​ជា​តម្រូវការ​របស់​ក្រុមហ៊ុន ត្រូវបាន​គេ​ដឹក​ដោយ​គោយន្ត​រាប់រយ​គ្រឿងក្នុង​ ១ ​ថ្ងៃៗ​។

លោក​បន្តថា ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ដោយ​មិនមាន​រោងចក្រ​អារឈើ មិនមាន​ដេប៉ូ ឬ​គំនរ​ឈើ និង​ឃ្លាំង​ស្តុក​ឈើ​ទៀត​ទេ ដើម្បី​កុំ​ឲ្យ​ឃើញ​ភ័ស្តុតាង​ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន​ទាំងនេះ​។

ប៉ុន្ដែ​ក្រុមហ៊ុន​បាន​ពង្រាយ​កម្មករ​ចូលក្នុង​ព្រៃ ហើយ​នាំ​ឈ្មួញ​ជា​ដៃគូ​ទិញ-លក់ ចូលទៅ​វាស់​ឈើ​ក្នុង​ព្រៃ​រួច​ដឹកចេញ​ទៅ​ក្រៅ​ប្រទេស​តែម្ដង​។

លោក​ ស្រស់ បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​ត្រូវតែ​បើក​ឱកាស​ឲ្យ​​យើង​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​តំបន់​ការពារ​ដើម្បី​បន្ត​ល្បាត​ព្រៃ និង​ស៊ើបអង្កេត​ស្រាវជ្រាវ​បទល្មើស​ព្រៃឈើ​ឡើងវិញ ដែល​ជា​ការបង្ហាញ​ពី​កិច្ចសហការ ​ជាពិសេស​យើងខ្ញុំ​ទទូច​ម្តង​ហើយ​ម្តងទៀត សូម​ឲ្យ​រាជរដ្ឋាភិបាល​បិទ​អាជីវកម្ម​ឈើ​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​ជា​ស្ថាពរ​ដើម្បី​បញ្ជាក់​ជំហរ​ឲ្យ​បាន​ច្បាស់លាស់​​អំពី​ឆន្ទៈ​ការពារ និង​អភិរក្ស​ព្រៃឈើ​ពិតប្រាកដ​មែន​»​។

យ៉ាងណាក្ដី​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ពី​​ម្សិលមិញ​ថា ក្រសួង​បរិស្ថាន​ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បន្ត​អនុវត្ត​វិធាន​ការពារ និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ដែល​ខ្លួន​គ្រប់គ្រង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ និង​ចាត់​វិធានការ​លើ​រាល់​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​បាន​កើតឡើង​។

លោក​បាន​បញ្ជាក់ថា​៖ «​ចំពោះ​បញ្ហា​ដែល​ទាក់ទង​នឹង​ការចេញ​ licence ឲ្យ​ទៅ​ក្រុមហ៊ុន​គួរតែ​ទាក់ទង​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។ លើស​ពីនេះ​ខ្ញុំ​អត់​អាច​បកស្រាយ​អ្វី​បន្ថែម​បានទេ​»​។

លោក ស្រី វុឌ្ឍី អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មិនអាច​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​កាលពី​ម្សិលមិញ​។ ចំណែក​លោក កែវ អូម៉ាលីស្ស ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​នេះ​ក៏​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បានដែរ​។

លោក​ ឡៃ ហៀង ជា​បុគ្គលិក​ក្រុមហ៊ុន Think Biotech (Cambodia) Co., Ltd បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​លោក​មិនបាន​កាប់​ឈើ​ដូច​ការចោទប្រកាន់​របស់​សកម្ម​ជន​ព្រៃឈើ​ទាំងនេះ​ទេ ខណៈ​កំពុង​ដាំ​ដើម​កាស្យា និង​ដើម​ប្រេងខ្យល់​រាប់ម៉ឺន​ដើម​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​។

លោក​បន្តថា ក្រុមហ៊ុន​មាន​សិទ្ធិ​កាប់​កូនឈើ​ដែល​បាន​ដាំ​ក្នុង​ដី​ដែល​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ពី​រាជរដ្ឋាភិបាល ហើយ​ក៏​មិនបាន​ឆ្លៀតឱកាស​កាប់​ឈើ​នៅ​ទីតាំង​ក្រៅពី​ដី​ក្រុមហ៊ុន​ដែរ​។

លោក​ថា​៖ «​សព្វថ្ងៃនេះ​យើង​កំពុង​ដាំ​កូនដើម​កាស្យា ប្រេងខ្យល់​លើ​ផ្ទៃដី​ជិត​ ១ ០០០ ហិកតា​ហើយ តែ​ឥឡូវ​ផ្អាក​តិច​សិន​ព្រោះ​រាំង​គ្មាន​ភ្លៀង​ទេ បើ​យើង​ដាំ​ទៅ​វា​ងាប់​។ ​រឿង​កាប់​ឈើ​ហ្នឹង​​ពួក​ខ្ញុំ​កាប់​តែ​កូនឈើ​តូចៗ​ក្នុង​ដី​ក្រុមហ៊ុន​ទេ​។​ការចោទប្រកាន់​នេះ​មិន​ត្រឹមត្រូវ​សោះ​»៕