ភ្នំពេញៈ ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បង្ហាញ​​ក្តីបារម្ភ​ចំពោះ​ការកកស្ទះ​សំណុំ​រឿង​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅពេល​បញ្ជូន​ទៅ​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពី​សមាជិក​គណបក្ស​នីមួយៗ​ក្នុង​ស្ថាប័ន​នេះ​បាន​បញ្ចប់​ការសិក្សា​អង្កេត​​រួចរាល់​។

ការលើកឡើង​ពី​ក្តីបារម្ភ​នេះ​បាន​ធ្វើ​ឡើង​នៅ​កិច្ចប្រជុំ​ប្រចាំ​ខែ​តុលា​ដែល​ដឹកនាំ​ដោយ​ប្រធាន​ប្តូរ​វេន​លោក កែម រិទ្ធិសិត ដោយមាន​សមាសភាព​ចូលរួម​​ពី​គណបក្ស​ចំនួន​ ១៦ ​ដើម្បី​តាមដាន​បន្ត និង​វាយតម្លៃ​លើ​ប្រសិទ្ធភាព​ការងារ​របស់​ខ្លួន​​នៅ​វិមាន​សន្តិភាព​កាលពី​ចុង​សប្ដាហ៍​មុន ។

លោក គុជ លី អនុប្រធាន​គណបក្ស​ខ្មែរ​តែមួយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា រយៈពេល​ ១ ​ឆ្នាំ​កន្លងមក ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ចេញ សជណ ប្រមាណ​តែ​​ ១០ ​ករណី​ប៉ុណ្ណោះ​ ដើម្បី​ដោះស្រាយ​ក្នុងចំណោម​សំណុំរឿង​ប្រមាណ​ ២០០ ​ករណី​​ ដែល​គណបក្ស​នានា​បាន​បញ្ជូន​ទៅ​ដែល​ប្រការនេះ​ហាក់​មិនទាន់​ឆ្លើយតប​នឹង​ការ​ខំប្រឹងប្រែង​របស់​ឧត្តម​ក្រុមប្រឹក្សា​នៅឡើយ​ទេ​។

លោក​បន្តថា​៖ «​យើង​កំពុង​បារម្ភ​ពី​ប្រសិទ្ធភាព​ព្រោះ​ឥឡូវនេះ យើង​កំពុង​ដាក់​របាយការណ៍​ច្រើន​ដែល​យើង​បាន​ចុះ​សិក្សា​អង្កេត ហើយ​វា​បានគរ​ជើង​គ្នា​នៅ​លេខាធិការដ្ឋាន​ដែល​ឯកឧត្តម ឈឹម ផលវរុណ កំពុង​ពិនិត្យ​ដើម្បី​ដាក់ជូន​សម្តេច​តេជោ​។ ​ការដាក់​ទៅ​ខុទ្ទកាល័យ​​សម្តេច ដើម្បី​ពិនិត្យ​មើល​រហូត​ឈាន​មាន​យន្តការ​ (​លើក​ពាក្យបណ្តឹង​) ​ទាំងអស់​ហ្នឹង​»​។

លោក​បញ្ជាក់ថា ក្នុង​រយៈពេល​ ១ ​ឆ្នាំ​នេះ ទាំង​គណបក្ស និង​​ពលរដ្ឋ​កំពុង​រង់ចាំ​ដំណោះស្រាយ​តាមរយៈ​ការស្វែងរក​កិច្ចអន្តរាគមន៍​នេះ​។

លោក​បន្ថែមថា​៖ «​កំពុង​ទន្ទឹង​​រង់ចាំ សជណ និង​ការអនុវត្ត​ សជណ នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផល​មាន​ន័យថា ការជឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​មកលើ​ឧត្តមក្រុមប្រឹក្សា​ដែល​គាត់​កំពុង​រងគ្រោះ ហើយ​រត់​មក​ពឹង​យើង ប៉ុន្តែ​លទ្ធផល​របស់​គាត់​កំពុងតែ​រង់ចាំ​ដូចគ្នា​។ មិនមែន​តែ​ប្រជាពលរដ្ឋ​ទេ សម្រាប់​យើង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ក៏​រង់ចាំ​ដូចគ្នា​ដែល​យើង​ខំប្រឹង​ធ្វើ គឺ​ចង់​បាន​លទ្ធផល »​។

លោក ឈឹម ផលវរុណ ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា​ការចុះ​បេសកកម្ម​របស់​សមាជិក​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្តល់យោបល់​កន្លង​មក​នេះ​មាន​លក្ខណៈ​សកម្ម ដែល​ធ្វើឲ្យ​មាន​បណ្តឹង​កើនឡើង​ជា​ហេតុ​ធ្វើឲ្យ​សំណុំរឿង​ជាច្រើន​មាន​ការកកស្ទះ​ដោយសារ​ត្រូវ​ការសិក្សា​លម្អិត និង​ឆ្លង​ច្រើន​ដំណាក់កាល ។

លោក​បញ្ជាក់​ថា​៖ «​ការកកស្ទះ ទី​ ១ ដោយសារ​ខ្លួន​យើង​​ត្រូវ​ចំណាយពេល​ក្នុង​ការធ្វើ​របាយការណ៍​សង្ខេប ហើយ​រឿង​កកស្ទះ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី អាហ្នឹង​យើង​មិន​ដឹង​ទេ ព្រោះ​នេះ​ជា​វិធានការ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​យើង​មិន​អាច​និយាយ​បានទេ​ចំពោះ​ការកកស្ទះ​នៅក្នុង​ស្ថាប័ន​ដទៃ​»​។

ទោះបី​យ៉ាងណា​លោក​ ឈឹម ផលវរុណ បាន​អះអាង​ថា​ក្នុង​នាម​ឧត្តមក្រុមប្រឹក្សា​បាន​ព្យាយាម​រក​ដំណោះស្រាយ​ផ្ទៃក្នុង ដើម្បី​សិក្សា​ពី​ធាតុ​ផ្សំ​នៃ​សំណុំ​រឿង​នីមួយៗ​ដែល​ត្រូវ​មាន​អង្គហេតុ និង​អង្គច្បាប់​ឲ្យ​ត្រឹមត្រូវ​។

លោក ឯក ថា អនុប្រធាន​ប្រចាំការ​នៃ​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា គណៈរដ្ឋមន្ត្រី​មាន​កិច្ចការ​ច្រើន​ត្រូវ​​ដោះស្រាយ​។ ដូច្នេះ​មន្ត្រី​ទទួលបន្ទុក​លើ​កិច្ចការ​ទាំងនេះ​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ដោយ​ផ្អែកលើ​ទិដ្ឋភាព​ផ្លូវច្បាប់ និង​​បចេ្ចកទេស​។

លោក​បន្តថា​៖ «​អ្នក​ត្រូវការ​​ពិចារណា​គ្រប់យ៉ាង និង​ទិដ្ឋភាព​ទាក់ទង​គ្នា​ស្តីពី​បញ្ហា​ខ្លះ​។

និយាយ​ម្យ៉ាងទៀត​នៅពេល​អ្នក​និយាយ​រឿង​ងាយស្រួល តែ​ពេល​អ្នក​អនុវត្ត​រឿង​នោះ​​គឺ​វា​មិន​ងាយស្រួល​ដូច​ការគិត​ទេ​។ ដូច្នេះ​សូម​យល់ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុង​ធ្វើ​កិច្ចការ​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​កម្ពុជា និង​ប្រទេស​ទាំងមូល​»​។

តាម​របាយការណ៍​រយៈពេល​ ១២ ​ខែ ​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ដែល​បាន​ដាក់ជូន​លោក​នាយក​រដ្ឋមន្ត្រី​ក្នុង​អង្គប្រជុំ​កាលពី​ខែ​តុលា​បាន​ឱ្យ​ដឹងថា មាន​របាយការណ៍​ចំនួន​ ៩០ ​ត្រូវ​បានដាក់​តាមរយៈ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ក្នុង​នោះ​មាន​ចំនួន​ ២៥១ ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​ការរំលោភ​យក​ដី​រដ្ឋ​ដែល​ជា​ដី​គម្រប​ព្រៃឈើ បទល្មើស​ព្រៃឈើ បទល្មើស​ជលផល បញ្ហា​បរិស្ថាន ការរំលោភ​អំណាច និង​បញ្ហា​ចាក់​លុប​ឆ្នេរ បឹង ព្រែក អូរ​ជាដើម​៕