មណ្ឌលគិរីៈ នៅក្នុងរយៈពេល ៩ ខែក្នុងឆ្នាំ ២០១៩ នេះ មន្ត្រីឧទ្យានុរក្សសហការជាមួយនគរបាល និងកងរាជអាវុធហត្ថប្រចាំនៅដែនជម្រកសត្វព្រៃកែវសីមាបានបង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន ៦៦ ករណីដោយឃាត់ខ្លួនជនសង្ស័យបាន ៣៤ នាក់ក្នុងនោះមាន ៣៥ ករណីត្រូវបានបញ្ជូនទៅតុលាការ និង ៣១ ករណីត្រូវបានពិន័យជាអន្តរកាល។
របាយការណ៍បូកសរុបរបស់មន្ត្រីដែនជម្រកសត្វព្រៃកែវសីមាដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីម្សិលមិញឱ្យដឹងថា ក្នុងរយៈពេល ៩ ខែនេះវត្ថុតាងដែលបង្ក្រាបពីបទល្មើសក្នុងដែនជម្រកសត្វព្រៃកែវសីមាគឺមានរថយន្តមិនកែច្នៃ និងកែច្នៃ ៣៩ គ្រឿង ម៉ូតូ ៥៥ គ្រឿង រណារយន្ត ១០០ គ្រឿង និងឈើសរុប ៩៣៦ កំណាត់ ស្មើនឹងជិត ៥០ ម៉ែត្រគុប។ របាយការណ៍បន្តថាក្នុងពេល ៩ ខែនេះគឺសកម្មភាពកាប់រានព្រៃជាកម្មសិទ្ធិឯកជននៅតែបន្តកើតមាន ដែលមានទាំងការលួចដុតព្រៃ និងការដាំដំណាំពីពលរដ្ឋចំណាកស្រុក និងក្នុងមូលដ្ឋាន ហើយក៏នៅមានសកម្មភាពដឹកជញ្ជូនឈើតាមម៉ូតូ និងរថយន្តផងដែរដោយជនល្មើសភាគច្រើនប្រើគ្រឿងញៀនហើយតែងតដៃជាមួយសមត្ថកិច្ច។
លោក ពិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីទទួលបន្ទុកការងារគ្រប់គ្រងដែនជម្រកកែវសីមាបានថ្លែងពីម្សិលមិញថា ចាប់តាំងពីមានប្រតិបត្តិការចុះបង្ក្រាបដោយគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិជិត ៣ ខែមកនេះបានធ្វើឱ្យបទល្មើសក្នុងដែនជម្រកកែវសីមាថយចុះគឺលែងមានបទល្មើសដឹកជញ្ជូនឈើទ្រង់ទ្រាយធំតាមរថយន្តទៀតហើយ។ លោកថា៖ «ការដឹកជញ្ជូនឈើគឺថយចុះពី ៨០ ទៅ ៩០% »។
មន្ត្រីរូបនេះបន្តថានៅក្នុងដែនជម្រកកែវសីមាគឺមានមន្ត្រីឧទ្យានុរក្សចំនួន ២២ នាក់ដែលតែងចុះល្បាតដោយសហការជាមួយនគរបាលចំនួន ១១ នាក់ និងមានមន្ត្រីកងរាជអាវុធហត្ថ ១៥ នាក់។ លោកថា៖ «យើងពង្រឹងសកម្មភាពល្បាតក្នុងព្រៃគឺធ្វើយ៉ាងម៉េចឱ្យពួកគាត់ដេកយប់ក្នុងព្រៃឱ្យបានច្រើនបន្តិចកាលណាយើងចូលព្រៃច្រើន (ក្រុមជនប្រព្រឹត្ត) បទល្មើសក៏អត់ហ៊ានចូលដែរ»។
ខេត្តមណ្ឌលគិរីមានដែនជម្រកសត្វព្រៃចំនួន ៥ គឺដែនជម្រកសត្វព្រៃភ្នំព្រេច ភ្នំណាមលៀរ ស្រែពក លំផាត់ និងដែនជម្រកសត្វព្រៃកែវសីមា។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានថ្លែងថា មកដល់ពេលនេះលោកមិនទាន់ទទួលបានរបាយការណ៍ដែលបង្ហាញអំពីការបង្ក្រាបបានបទល្មើសក្នុងដែនជម្រកទាំងនោះនៅឡើយទេ។ លោកថា៖ «ខាងដែនគេធ្វើ (បូកសរុបលទ្ធផលបង្ក្រាប) រៀងៗខ្លួន ហើយបានមកបូកសរុបនៅមន្ទីរ»។
លោក យិន ឈឹង សមាជិកសហគមន៍ការពារព្រៃឈើក្នុងភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា បានថ្លែងថាក្នុងរយៈពេលមានការចុះបង្ក្រាបពីគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគឺពិតជាសង្កេតឃើញបទល្មើសក្នុងដែនជម្រកកែវសីមាថយចុះច្រើនមែន ដោយស្ងប់ស្ងាត់លែងមានរថយន្តដឹកជញ្ជូនឈើចេញពីព្រៃដូចមុន។
លោកបន្តថា កាលពីមិនទាន់មានការប្រតិបត្តិការពីគណៈកម្មាធិការជាតិនេះគឺក្នុងដែនជម្រកសត្វព្រៃកែវសីមាគឺមានទាំងរថយន្ត និងម៉ូតូបានដឹកជញ្ជូនឈើចេញពីព្រៃបន្តកន្ទុយគ្នា។
លោកថា៖ «ឥឡូវសកម្មភាពដឹកឈើទ្រង់ទ្រាយធំ គឺមិនមានដឹកទៀតទេ។ ប៉ុន្តែគឺមានដឹកតែលក្ខណៈគ្រួសារតិចតួច គឺ ១ ម៉ូតូ ឬ ២ ម៉ូតូដែល ២-៣ ថ្ងៃកើតឡើង ១ ជើងអីទេ គឺដើម្បីគ្រាន់តែដោះដូរអំបិលប៊ីចេងអីហ្នឹង»៕