មណ្ឌលគិរី: កូន​សត្វទន្សោង ១ ​ក្បាល ​ត្រូវបាន​មន្ត្រី​ឧទ្យានុរក្ស​នៃ​ដែនជម្រក​សត្វព្រៃ​លំផាត់​ឃុំរយ៉ ស្រុក​កោះញែក​បាន​ប្រទះឃើញ​ជាប់អន្ទាក់​ងាប់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់​នៅ​ថ្ងៃទី​ ៣ ខែមិថុនា ក្នុង​អំឡុងពេល​ចុះ​ល្បាត​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​ពី​ម្សិលមិញ​ថា កូន​ទន្សោង​នេះ​បាន​ដាច់​ជើង​ក្រោយ​ ១ ដោយសារ​ជាប់អន្ទាក់​របស់​ព្រានព្រៃ ហើយ​ក្រុម​ការងារ​បាន​ដុត​បំផ្លាញចោល​នៅ​នឹង​កន្លែង​។ លោក​បន្តថា ទោះបី​ជា​មាន​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់ បង្កើន​សកម្មភាព​អប់រំ​ស្តីពី​ច្បាប់​តំបន់​ការពារ​ធម្មជាតិ​ពី​​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់​ក៏ដោយ ប៉ុន្ដែ​បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​តូច​ដូចជា​ការលួច​កាប់​ឈើ ការ​បរបាញ់ និង​ការដាក់​អន្ទាក់​សត្វព្រៃ​នៅតែ​បន្ដ​កើតមាន​នៅក្នុង​តំបន់​ការពារធម្មជាតិ​ដែល​ចាំបាច់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ចាំបាច់​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ទាំងនេះ​បន្ត​ថែមទៀត​។

លោក ភក្ត្រា បញ្ជាក់​ថា​៖ «​យើង​មាន​ការសោកស្ដាយ​ដែល​សត្វ​កម្រ​របស់​យើង ត្រូវ​បាន​គេ​សម្លាប់​ជា​បន្តបន្ទាប់ ហើយ​កិច្ចខិតខំ​របស់​យើង​គឺ​ប្រឹង​ទប់ស្កាត់ ប៉ុន្ដែ​ជនខិលខូច​នៅតែ​បន្ត​បំផ្លាញ​ជា​ហូរហែ​។ យើង​សូម​ជំរុញ​បន្ថែម​ប្រជាពលរដ្ឋ​ចូលរួម​ឲ្យ​កាន់តែ​សកម្ម និង​ប្រកប​ដោយ​ភាព​ជា​ដៃគូ ស្មោះត្រង់​បន្ថែម​ទៀត​នៅក្នុង​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​។

លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​ថ្លែង​ពី​ម្សិលមិញ​ថា កូន​សត្វ​ទន្សោង​នេះ​ត្រូវ​បាន​ងាប់​ ៣ ​ឬ​ ៤ ​ថ្ងៃ​មកហើយ​ដោយ​ហើម​ និង​រលួយ​នៅ​កន្លែង​ខ្លះ​នៃ​ដងខ្លួន​។ លោក​ថា​៖ «​ក្រៅពី​ប្រទះឃើញ​កូន​ទន្សោង​ងាប់​មួយ​ក្បាល​នេះ យើង​បាន​រកឃើញ​ប្រហែល ៥០ ​អន្ទាក់​ដែល​ក្រុម​ជនល្មើស បានដាក់​ពង្រាយ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់​។ យើង​ចុះ​ល្បាត​ជាប្រចាំ​ដែរ​ប៉ុន្ដែ​ព្រានព្រៃ​គាត់​ធ្វើ​សកម្មភាព​នៅពេល​យប់ អ៊ីចឹង​យើង​ពិបាក​ក្នុង​ការទប់ស្កាត់​»​។

លោក ប្រុង ណច ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​លំផាត់​ថ្លែង​ពី​ម្សិលមិញ​ថា លោក​សោកស្ដាយ​ចំពោះ​ការបាត់បង់​កូន​សត្វ​ទន្សោង​មួយ​ក្បាល​នេះ ព្រោះ​វា​ជា​សត្វ​កម្រ និង​កំពុង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការផុត​ពូជ​។ លោក​បន្តថា នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់​នេះ​មិន​សូវ​មាន​បទល្មើស​ព្រៃឈើ​ទេ ប៉ុន្ដែ​មាន​ការដាក់​អន្ទាក់​សត្វ​មួយចំនួន​ដែរ ដោយ​ព្រានព្រៃ​តែងតែ​ធ្វើ​សកម្មភាព​ពេលយប់​ស្ងាត់​។ មួយរយៈ​ចុងក្រោយ​នេះ​ពលរដ្ឋ​សហគមន៍​មិនសូវ​បាន​ចូល​ល្បាត​ទេ ដោយសារ​ដល់​រដូវ​ធ្វើស្រែ​ចម្ការ​ហើយ​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនដឹង​ធ្វើ​យ៉ាងម៉េច បើ​ព្រានព្រៃ​គាត់​ធ្វើ​សកម្មភាព​លួចលាក់​អ៊ីចឹង ហើយ​សត្វ​ទន្សោង​ហ្នឹង​មិនមែន​យើង​ចិញ្ចឹម​បាន​ដូច​គោ ដូច​ក្របី​ឯណា វា​រស់​ខ្លួន​វា រកស៊ី​ខ្លួន​វា ហើយ​យើង​ចេះតែ​ទៅ​បាញ់ ទៅ​សម្លាប់​វា អ៊ីចឹង​ហិនហោច​អស់​ហើយ បើ​យើង​មិន​ការពារ​វា​ទេ វា​ជិត​ផុត​ពូជ​អស់ហើយ​»​។

បើ​តាម​លោក នេត្រ ភក្ត្រា ក្នុង​រយៈពេល ៤ ខែ​ដើម​ឆ្នាំនេះ មន្ត្រី​ឧទ្យានុរក្ស បាន​បង្ក្រាប​​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ចំនួន​ ២ ៣៣៣ ករណី​៕