មណ្ឌលគិរីៈ សត្វ​ពពូល​រស់​ជាង ១០០ ក្បាល ​ត្រូវបាន​ក្រុមមន្ត្រី​ឧទ្យានុរក្ស​ដែនជម្រក​សត្វព្រៃ​កែវសីមា និង អង្គការ WCS ដោះលែង​ឲ្យ​មាន​សេរីភាព​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ​វិញ បន្ទាប់ពី​សត្វ​ស្លាប​ទាំងនោះ​ត្រូវបាន​ក្រុម​ព្រាន វាយ​លុប​ចាប់​ពួកវា​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​ស្ថិតក្នុង​ឃុំ​ស្រែឈូក ស្រុក​កែវសីមា កាលពី​រសៀល​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១។

លោក ញឹម ញៀន នាយក្រុម​ល្បាត​នៃ​កម្លាំង​កងរាជ​អាវុធហត្ថ​ដែល​ត្រូវបាន​ចាត់​ឲ្យ​ជួយ​អន្តរាគមន៍​ដល់​កម្លាំង​ឧទ្យានុរក្ស ស្នាក់​ការរង​រហ៊ូត​នៃ​ដែនជម្រក​សត្វព្រៃ​កែវ​សីមា ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា ក្នុង​ប្រត្តិបត្តិការ​ចុះ​ល្បាត​ព្រៃ​ការពារ និង ស្រាវជ្រាវ​បង្ក្រាប​បទល្មើស សត្វព្រៃ​ និង​ព្រៃឈើ នា​រសៀល​ថ្ងៃទី ១០ ខែឧសភា ក្រុម​អ្នក​អភិរក្ស​បាន​ប្រទះឃើញ បុរស​ម្នាក់​កំពុង​ប្រើ​ធ្នាក់ និង​វាយ​លុប ចាប់​សត្វ​ពពូល​នៅ​ចំណុច​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ដែល​ស្ថិតក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា។

លោក​បាន​ថ្លែងថា៖ «នៅពេលនោះ ជនសង្ស័យ​ក៏បាន​ប្រទះឃើញ​ក្រុម​ល្បាត​យើង​ដែរ ហើយ​បាន​រត់គេចខ្លួន​ចូលទៅ​ក្នុងព្រៃ​បាត់ទៅ​បន្សល់ទុក​វត្ថុតាង​នៅនឹងកន្លែង​កើតហេតុ ដែល​ក្នុងនោះ​រួមមាន​មង​ទាក់​សត្វ និង សត្វ​ពពូល​រស់​ចំនួន ១១៦ ក្បាល និង សត្វ​ពពូល​ងាប់​ចំនួន ២៥ ក្បាល»។

បើតាម លោក ញៀន សត្វ​ពពូល​ដែល​ងាប់​ទាំង ២៥ ក្បាល​នោះ​ត្រូវ​បាន​ក្រុមមន្ត្រី​ឧទ្យានុរក្ស​សម្រេច​ដុតបំផ្លាញ​ចោល​នៅនឹង​កន្លែង​កើតហេតុ ។ ចំណែក​សត្វ​ពពូល ១១៦ ក្បាល​ទៀត ត្រូវបាន​នាំយក​ទៅ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ នៅក្នុង​ព្រៃ​ធម្មជាតិ​នៃ​ដែនជម្រក​សត្វព្រៃ​កែវសីមា។

លោក ហាន សុខន ប្រធាន​ដែនជម្រក​សត្វព្រៃ​កែវសីមា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅពេលនេះ ក្រុមមន្ត្រី​ឧទ្យានុរក្ស​កំពុង​បន្ត​កិច្ចសហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ និង នគរបាល​មូលដ្ឋាន​ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាណ​បុរស​ជា​ព្រាន ដែល​ប្រើ​ធ្នាក់​ទាក់​ចាប់​សត្វ​ស្លាប​នៅក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា ដើម្បី​ចាប់​ឃាត់ខ្លួន​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឲ្យ​តុលាការ ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់។

លោក សុខន បញ្ជាក់ថា៖ «បើតាម​ការប៉ាន់ប្រមាណ​នូវ​ចំនួន​សត្វ​ស្លាប ដែល​ក្រុម​ល្បាត​យើង​បង្ក្រាបបាន ករណី​ប្រើ​មង និង សំណាញ់ ដោយ​ភ្ជាប់​ជាមួយ​ធ្នាក់ ដែលជា​ឧបករណ៍​បំពង​សំឡេង​ទាក់​សត្វព្រៃ​នេះ គឺ​ជន​ប្រព្រឹត្ត​បទល្មើស​មាន​គ្នា​ជា​ក្រុម ដែល​មាន​ចំនួន​លើស​ពី ៣ នាក់»។

លោក​ឲ្យ​ដឹងផង​ដែរ​ថា សត្វ​ពពូល​មាន​ច្រើន​ប្រភេទ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​កែវសីមា ប៉ុន្តែ​សត្វ​ពពូល ដែល​ក្រុម​ព្រាន​វាយ​លុប​ចាប់បាន​នោះ គឺជា​សត្វ​ពពូល​បំពង់ក​លឿង​គឺជា​ប្រភេទ​បក្សី ដែល​ចូលចិត្ត​រស់នៅក្នុង​ព្រៃស្រោង និង​ព្រៃ​ពាក់កណ្ដាល​ស្រោង។

បក្សី​នេះ​មាន​លក្ខណៈ​ស្រដៀង​សត្វ​កំប្លុក​ដែរ​តែ​ចំពុះ​វា​ពណ៌​ប្រផេះ និង​តូច​ស្រឡូន​ជាង​ បំពង់ក​មាន​ដៅ​ពណ៌​លឿង​ និង​ទ្រូង​ពណ៌​ទឹកក្រូច គ្មាន​វ័ណ្ណ​បៃតង​ជុំវិញ​ភ្នែក​ទេ។

លោក​បាន​បន្តថា​ជាទូទៅ​បក្សី​នេះ​ច្រើន​រកស៊ី​ផ្លែឈើ​ និង​រស់នៅ​ជា​ហ្វូង។ ពពូល​បំពង់ក​លឿង​តែងតែ​បង្ហាញ​វត្តមាន​ពេញ​មួយឆ្នាំ​ និង​មាននៅ​គ្រប់​ទីកន្លែង​តាម​តំបន់​ខាងលើ ហើយ​ធ្វើ​ការបន្ត​ពូជ​ចាប់ពី​ខែមេសា ដល់​ខែឧសភា៕